ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/08 12h00 GMT
អាស៊ី

របាយការណ៍អាមេរិក៖ទន្ទឹម​នឹង​ការ​ចរចា ​កូរ៉េខាងជើង​ក៏កំពុង​បន្ត​ផលិត​អាវុធនុយក្លេអ៊ែរ

media  
របាយការណ៍អាមេរិកថា ទន្ទឹម​នឹង​ការ​ចរចា ​កូរ៉េខាងជើង​ក៏កំពុង​បន្ត​ផលិត​អាវុធនុយក្លេអ៊ែរ REUTERS/KCNA

កូរ៉េខាងជើង​កំពុង​បន្ត​ផលិត​គ្រឿងបញ្ឆេះ​នុយក្លេអ៊ែរ​សម្រាប់​ប្រើ​ក្នុង​វិស័យ​យោធា នេះ​ជា​ខ្លឹមសារ​នៃ​របាយការណ៍​របស់​មជ្ឈមណ្ឌល​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​អាមេរិកាំង Stanford ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អង្គារ ទី១២ កុម្ភៈ។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ របប​ក្រុង​ព្យុងយ៉ាង​អាច​ផលិត​បាន​គ្រាប់បែក​បរមាណូ​ដល់​ទៅ ៧គ្រាប់។ របាយការណ៍​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​គ្រោង​ជួប​គ្នា​លើក​ទី២ ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​របាយការណ៍​មួយ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​អាក់ខាន​ដល់​គម្រោង​ជំនួប​លើកទី២ រវាង​លោក​ត្រាំ និង​លោក​គីម​ក្នុង​ទឹកដី​វៀតណាម​នៅ​ថ្ងៃទី២៧ និង​ទី២៨ កុម្ភៈ​ឬ​អត់​ទេ។ អ្វី​ដែល​គេ​ដឹង និង​បើ​ផ្អែក​លើ​របាយការណ៍​របស់​មជ្ឈមណ្ឌល​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​អាមេរិកាំង Stanford របប​ក្រុង​ព្យុងយ៉ាង​បាន​ជ្រើស​ផ្លូវ​ពីរ​ដើម្បី​ដើរ​ស្រប​គ្នា ទី១ ផ្លូវ​ចរចា​ជាមួយ​អាមេរិក​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ និង​ទី២ ផ្លូវ​បន្ត​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ។ តែ​របាយការណ៍​បាន​ទទួល​ស្គាល់​ថា ការ​ដែល​កូរ៉េខាងជើង​បាន​ព្យួរ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​តាំង​ពី​ដំណាច់​ឆ្នាំ ២០១៧ មក ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង​ក៏​បាន​ធ្លាក់​ចុះ​ដែរ។

លោក Siegfried Hecker អ្នក​និពន្ធ​របាយការណ៍​ម្នាក់​បាន​បញ្ជាក់​ថា ការ​បន្ត​ផលិត​គ្រឿងបញ្ឆេះ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ក្នុង​ឆ្នាំ ២០១៨ ត្រូវ​បាន​បញ្ជាក់​តាម​រយៈ​លទ្ធផល​នៃ​ការ​សិក្សា​លើ​រូបភាព​បាន​មក​ពី​ផ្កាយរណប។ តាម​លោក Siegfried គ្រឿងបញ្ឆេះ​នុយក្លេអ៊ែរ​ប្រើ​រួច​ហើយ​បាន​មក​ពី​ម៉ាស៊ីនប្រតិកម្ម​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Yongbyon ក្នុង​ចន្លោះ​ឆ្នាំ ២០១៦ និង​២០១៨​បាន​អនុញ្ញាត​ឲ្យ​កូរ៉េខាងជើង​ផលិត​បាន​សារធាតុ​អ៊ុយរ៉ាញ៉ូម​ពី ៥ ទៅ ៨គីឡូក្រាម​សម្រាប់​ផលិត​គ្រាប់បែក​បរមាណូ។ សម្រាប់​ក្រុម​ការងារ​របស់​លោក Siegfried កូរ៉េខាងជើង​មាន​គ្រាប់បែក​បរមាណូ​ប្រមាណ​ជា ៣០គ្រាប់​ក្នុង​ឆ្នាំ ២០១៧។

តែ​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​យោធា​អាមេរិក​បាន​លើក​ឡើង​ពី​ចំនួន ៥០គ្រាប់ ហើយ​សម្រាប់​ក្រុមអ្នកវិភាគ​វិញ គឺ​មាន​ប្រមាណ​ពី ២០ ទៅ ៦០គ្រាប់។ យ៉ាង​ណា​ក៏​ដោយ លោក Siegfried Hecker បាន​គូសបញ្ជាក់​ជា​លក្ខណៈ​ទូទៅ​ថា កូរ៉េខាងជើង​សព្វថ្ងៃ​បង្ក​គ្រោះថ្នាក់​តិច​ជាង​កាល​ពី​ដំណាច់​ឆ្នាំ ២០១៧។ តែ​ទន្ទឹម​គ្នា​នេះ លោក Siegfried បាន​យល់​ឃើញ​ថា បើ​គ្រាប់មីស៊ីល​បំពាក់​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​មិន​អាច​គំរាម​ដល់​ទឹកដី​អាមេរិក​ក៏​ដោយ ក៏​វា​នៅ​បន្ត​គំរាម​ពិតៗ​លើ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង។ គួរ​រម្លឹក​ថា​នៅ​ក្នុង​ជំនួបលើកទី១ ជាមួយ​លោក​ដូណាល់ ត្រាំ​ក្នុង​ប្រទេស​សិង្ហបុរី លោក​គីម ជុងអ៊ុន​បាន​សន្យា​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។

តែ​មក​ទល់​ពេល​នេះ ការ​អនុវត្ត​ជាក់ស្តែង​នៅ​មាន​ស្តួចស្តើង ឬ​ហាក់​គ្មាន​តែ​ម្តង។ នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៨ លោក​គីម​បាន​សន្យា​នឹង​ចាត់​វិធានការ​ថ្មីៗ​ទៀត​ក្នុង​ការ​រំសាយ​នុយក្លេអ៊ែរ តែ​ស្រប​គ្នា​នេះ លោក​គីម​ក៏​បាន​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក​ផ្តល់​សម្បទាន​ជា​ថ្នូរ​តប​វិញ​ដែរ ពិសេស​ដកទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​កូរ៉េខាងជើង។ ដូច្នេះ​គេ​ត្រូវ​រង់ចាំ​មើល​ថា តើ​គម្រោង​ជំនួបលើកទី២ រវាង​លោក​ត្រាំ និង​លោក​គីម​នៅ​ថ្ងៃទី២៧ និង​ទី២៨ កុម្ភៈ​ក្នុង​ប្រទេស​វៀតណាម​នឹង​ទទួល​បាន​លទ្ធផល​អ្វី​ខ្លះ?៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ