ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT

ថៃ៖​គណបក្សរ៉ាក់សាឆាត​ដែល​ស្និទ្ធនឹង​​លោកថាក់ស៊ីន​កំពុង​ប្រឈម​នឹង​ការ​រំលាយ​ពី​តុលាការធម្មនុញ្ញ?

ថៃ៖​គណបក្សរ៉ាក់សាឆាត​ដែល​ស្និទ្ធនឹង​​លោកថាក់ស៊ីន​កំពុង​ប្រឈម​នឹង​ការ​រំលាយ​ពី​តុលាការធម្មនុញ្ញ?
 
មេដឹកនាំ​របបសឹក​នៅ​ថៃ លោក​​ប្រាយុទ្ធ ចាន់អូចា Reuters

នៅ​ក្នុង​ប្រទេស​ថៃ ចំ​ពេល​ដែល​ការ​រៀបចំ​បោះឆ្នោតសភា​ខិត​ចូល​កាន់​តែ​ជិត កម្តៅ​នយោបាយ​ហាក់​កំពុង​បន្ត​កើន​ឡើង​ជា​លំដាប់ ពិសេស​សម្ពាធ​លើ​គណបក្ស​នយោបាយ​ណា​ដែល​មាន​សមានចិត្ត និង​ចង​សម្ព័ន្ធ​ជាមួយ​អតីត​នាយករដ្ឋមន្រ្តី​លោក​ថាក់ស៊ីន។ ក្នុង​ថ្ងៃ​ពុធ ទី១៣ កុម្ភៈ គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​រំលាយ​គណបក្ស​រ៉ាក់​សាឆាត​ទៅ​កាន់​តុលាការធម្មនុញ្ញ។

គជប​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា មក​ពី​គណបក្ស​រ៉ាក់សាឆាត​បាន​ស្នើ​ព្រះអង្គម្ចាស់ក្សត្រិយ៍​អ៊ុបុនរ៉ាត់​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខនារី​នាយករដ្ឋមន្រ្តី។ គេ​ត្រូវ​រង់ចាំ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ កុម្ភៈ​ទើប​ដឹង​ថា តើ​តុលាការធម្មនុញ្ញ​សម្រេច ឬ​មិន​សម្រេច​ចាត់​ការ​លើ​បណ្តឹង​មួយ​នេះ។

គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) បាន​យល់​ឃើញ​ថា ការ​ដែល​គណបក្ស​រ៉ាក់សាឆាត​បាន​ស្នើ​ព្រះអង្គម្ចាស់ក្សត្រិយ៍​អ៊ុបុនរ៉ាត់​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខនារី​នាយករដ្ឋមន្រ្តី គឺ​ជា​ការ​ប្រមាថ​លើ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ គេ​មិន​ដឹង​ថា តើ​ហេតុផល​លើកឡើង​ដោយ​គជប​ពេល​នេះ​បាន​ផ្អែក​លើ​ច្បាប់រដ្ឋធមនុញ្ញ ឬ​មួយ​លើ​ច្បាប់​ការពារ​ក្រុមគ្រួសារ​រាជវង្សសានុវង្ស​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​ជា​ច្បាប់​តឹងតែង​ជាង​គេ​បង្អស់​នៅ​ក្នុង​លោក។ តែ​បើ​តាម​មើល​ទៅ ប្រហែល​ជា​គជប​សំអាង​លើ​ច្បាប់​ការពារ​ក្រុមគ្រួសារ​រាជវង្សសានុវង្ស ព្រោះ​គជប​បាន​បន្ថែម​ថា ព្រះអង្គម្ចាស់ក្សត្រិយ៍​អ៊ុបុនរ៉ាត់​ក៏​ជា​សមាជិក​រាជវង្សសានុវង្ស​មួយ​អង្គ​ដែល​ត្រូវ​ការពារ​ដោយ​ច្បាប់​ដែរ។

ឥឡូវ​នេះ បណ្តឹង​សុំ​រំលាយ​គណបក្ស​រ៉ាក់សាឆាត​ត្រូវ​បាន​គជប​បញ្ជូន​ទៅ​កាន់​តុលាការ​ធម្មនុញ្ញ​នា​ថ្ងៃ​ពុធ ទី១៣ កុម្ភៈ ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ កុម្ភៈ តុលាការ​ធម្មនុញ្ញ​នឹង​ត្រូវ​ប្រកាស​ពី​ការ​សម្រេច ឬ​មិន​សម្រេច​ចាត់​វិធានការ​លើ​បណ្តឹង​មួយ​នេះ។ មួយ​វិញ​ទៀត​ក៏​គេ​នៅ​មិន​ទាន់​ដឹង​ថា បើ​តុលាការធម្មនុញ្ញ​យល់ព្រម​យក​បណ្តឹង​មួយ​នេះ​ទៅ​ពិនិត្យ តើ​តុលាការ​ត្រូវ​ប្រើ​ពេល​ប៉ុន្មាន​សប្តាហ៍ ប៉ុន្មាន​ខែ​ដើម្បី​សម្រេច​រំលាយ ឬ​មិន​រំលាយ​គណបក្ស​រ៉ាក់សាឆាត​នោះ។ ឧបមា​ថា តុលាការធម្មនុញ្ញ​សម្រេច​រំលាយ​គណបក្ស​រ៉ាក់សាឆាត​ភ្លាមៗ ពោល​នៅ​មុន​ការ​បោះឆ្នោត​ថ្ងៃទី២៤ មីនា គណបក្ស​ដែល​ស្និទ្ធ និង​មាន​សមានចិត្ត​ជាមួយ​លោក​អតីត​នាយករដ្ឋមន្រ្តី​ថាក់ស៊ីន​មួយ​នេះ​នឹង​មិន​អាច​ចូលរួម​បោះឆ្នោត​បាន​ទេ ហើយ​ថ្នាក់ដឹកនាំ​គណបក្ស​មួយ​នេះ​អាច​នឹង​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ១០ឆ្នាំ។

ព្រះអង្គម្ចាស់ក្សត្រិយ៍​អ៊ុបុនរ៉ាត់​សោកស្តាយ​ដែល​មិន​បាន​ជួយ​ប្រទេស និង​ប្រជារាស្រ្ត

លោក​ព្រីឆាផុន ផុងផានីត ប្រធាន​គណបក្ស​រ៉ាក់សាឆាត​បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប​នឹង​នីតិវិធី​របស់​គជប។ ចំណាប់​អារម្មណ៍​មុន​គេ គឺ​ភ្ញាក់ផ្អើល​ខ្លាំង និង​នឹកស្មាន​មិន​ដល់​ដែល​គជប​បាន​ផ្តើម​នីតិវិធី​មួយ​នេះ​យ៉ាង​លឿង​ដល់​ម្លឹង។ តែ​ពេល​រង់ចាំ​ចម្លើយ​ពី​តុលាការធម្មនុញ្ញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ កុម្ភៈ លោក​ព្រីឆាផុន ផុងផានីត​បាន​ត្រឹម​បញ្ជាក់​ថា គណបក្ស​របស់​លោក​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ តែ​ប្រតិកម្ម​ដែល​គ្រប់​គ្នា​ហាក់​មិន​បាន​រង់​ចាំ គឺ​ប្រតិកម្ម​របស់​ព្រះអង្គម្ចាស់ក្សត្រិយ៍​អ៊ុបុនរ៉ាត់​នៅ​យប់​ថ្ងៃ​អង្គារ ទី១២ កុម្ភៈ។ ព្រះអង្គម្ចាស់ក្សត្រិយ៍​បាន​មាន​ព្រះបន្ទូល​សោកស្តាយ​ខ្លាំង​ដែល​បំណង​ប្រាថ្នា​របស់​​ព្រះអង្គ​ចង់​ជួយ​ប្រទេស និង​ប្រជារាស្រ្ត​ថៃ​បែរ​ជា​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ទៅ​វិញ។

ព្រះអង្គម្ចាស់ក្សត្រិយ៍​បាន​យល់ឃើញ​ថា រឿងរ៉ាវ​មួយ​នេះ​មិន​គួរ​ណា​នឹង​បន្ត​កើត​មាន​នៅ​ក្នុង​សម័យ​នេះ​ទៀត​ឡើយ។ រឿងរ៉ាវ​ដែល​ព្រះអង្គម្ចាស់ក្សត្រិយ៍​ចង់​មាន​បន្ទូល​នោះ គឺ​ការ​សម្រេចចិត្ត​ឈរ​ឈ្មោះ​ជា​បេក្ខនារី​នាយករដ្ឋមន្រ្តី​របស់​ព្រះអង្គបាន​សម្រាប់​គណបក្ស​រ៉ាក់សាឆាត។ ទោះ​បី​ព្រះអង្គម្ចាស់ក្សត្រិយ៍​មិន​បាន​លំអិត​អ្វី​បន្ថែម​ក៏​ដោយ​ក៏​គេ​អាច​យល់​បាន​ថា ព្រះអង្គម្ចាស់ក្សត្រិយ៍​ចង់​ស្តី​បន្ទោស​លើ​ទំនៀមទម្លាប់​របស់​ប្រទេស​ថៃ​ដែល​សមាជិក​រាជវង្សសានុវង្ស​មិន​គួរ​ប្រឡូកប្រឡាក់​នៅ​ក្នុង​ឆាក​នយោបាយ​ឡើយ។ គួរ​រម្លឹក​ថា​ក្នុង​ថ្ងៃ​សុក្រ ទី៨ កុម្ភៈ គណបក្ស​ថៃរ៉ាក់សាឆាត​ដែល​ជា​គណបក្ស​សម្ព័ន្ធមិត្ត​របស់​លោក​ថាក់ស៊ីន​បាន​ប្រកាស​បេក្ខភាព​ជា​នាយករដ្ឋមន្រ្តី​របស់​ព្រះម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​ដែល​ជា​បុត្រីច្បង​របស់​អតីត​ព្រះមហាក្សត្រ។

តែ​ក្រោយ​ពី​មាន​ប្រតិកម្ម​ខ្លាំងៗ​ពី​ព្រះមហាក្សត្រ​សព្វថ្ងៃ​មក ថា ព្រះអង្គម្ចាស់ក្សត្រិយ៍​អ៊ុបុនរ៉ាត់​ក៏​សម្រេច​ព្រះទ័យ​ដក​បេក្ខភាព​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្រ្តី​ចេញ​វិញ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្រប់​គ្នា​បាន​មើល​ឃើញ​ថា បើ​គណបក្ស​រ៉ាក់សាឆាត​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​រំលាយ​តាម​សំណើ​របស់​គជប​មែន នោះ​ព្រះអង្គម្ចាស់ក្សត្រិយ៍​អ៊ុបុនរ៉ាត់​ក៏​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ដែរ។

វិបត្តិនយោបាយ​ថៃ​រវាង​ក្រុមអាវក្រហម និង​ក្រុមអាវលឿង​គ្មាន​ថ្ងៃ​បញ្ចប់ ?

ក្រុមអ្នកវិភាគ​បាន​មើល​ឃើញ​ថា ចំណាត់ការ​របស់​គជប​លើ​គណបក្ស​រ៉ាក់សាឆាត​ពេល​នេះ​ជា​យុទ្ធនាការ​បោស​សំអាត​ឥទ្ធិពល​របស់​អតីត​នាយករដ្ឋមន្រ្តី​លោក​ថាក់ស៊ីន។ សេណារីយ៉ូ​មួយ​នេះ​ក៏​ត្រូវ​បាន​សម្លឹង​ឃើញ​ដោយ​មតិជាតិ និង​អន្តរជាតិ​ទូទៅ​ដែរ។ សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃទី២៤ មីនា មាន​គណបក្ស​ចំនួន ៤៥ បាន​ចុះ​ឈ្មោះ និង​មាន​អ្នក​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​សរុប ៦៩នាក់។ ក្នុង​ចំណោម​គណបក្ស​ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​បោះឆ្នោត គេ​ឃើញ​មាន​គណបក្ស​គាំទ្រ​របប​សឹក និង​គណបក្ស​គាំទ្រ​លោក​ថាក់ស៊ីន។ តែ​គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា កុំ​ថា​ឡើយ​តែ​គណបក្ស​នយោបាយ​ដែល​ស្និទ្ធ និង​មាន​សមានចិត្ត​ខ្លាំង​ជាមួយ​លោក​ថាក់ស៊ីន​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ពី​របបសឹក សូម្បី​តែ​កិច្ចការ​ជំនួញ​ធំ តូច​របស់​គ្រួសារ​ត្រកូល​ថាក់ស៊ីន​ក៏​ត្រូវ​រង​គំនាប​ដែរ។

ជាក់ស្តែង​នៅ​ថ្ងៃ​ពុធ ទី១២ កុម្ភៈ កាណាល់​ទូរទស្សន៍ Voice TV របស់​កូន​លោក​ថាក់ស៊ីន​ត្រូវ​បាន​គណៈកម្មការ​សោតទស្សន៍​សម្រេច​ផ្អាក​ការ​ផ្សាយ​រយៈពេល ១៥ថ្ងៃ។ មូលហេតុ មក​ពី​កម្មវិធី​មួយ​ចំនួន​របស់ Voice TV មាន​មាន​លក្ខណៈ​ញុះញង់​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​ប្រទេស​ចំ​ពេល​ដែល​ការ​រៀបចំ​បោះឆ្នោត​កាន់​តែ​ខិត​ចូល​ជិត​មក​ដល់។ តាម​ពិត និង​អ្វី​ដែល​របបសឹក​បារម្ភ​ខ្លាំង គឺ​ការ​វិលត្រឡប់​មក​កាន់​អំណាច​ជា​ថ្មី​របស់​ក្រុម​អ្នកគាំទ្រ​លោក​ថាក់ស៊ីន។ គួរ​រម្លឹក​ថា របបសឹក​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ត្រកូល​ថាក់ស៊ីន​ចេញ​ពី​អំណាច​ចំនួន​ពីរ​ដង គឺ​ទម្លាក់​លោក​ថាក់ស៊ីន​ក្នុង​ឆ្នាំ ២០០៦ និង​ទម្លាក់​ប្អូនស្រី​គាត់​លោកស្រី​យីងឡាក់​ក្នុង​ឆ្នាំ ២០១៤។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ពោល​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ឈាន​មក​ដល់ ភាព​តានតឹង​បាន​កើត​មាន​កាន់​តែ​ខ្លាំង​រវាង​ក្រុម​អ្នកគាំទ្រ​លោក​ថាក់ស៊ីន និង​ក្រុម​យោធា​រហូត​លេច​ពាក្យ​ចរ៉ាមអារ៉ាម​ថា ក្រុម​យោធា​បាន​ត្រៀម​រៀបចំ​ធ្វើ​រដ្ឋប្រហារ​ជា​ថ្មី បើ​ពួក​គេ​ចាញ់​ឆ្នោត។ តែ​មេ​របបសឹក​លោក​ប្រាយុទ្ធ ចាន់អូចា​បាន​ចេញ​មុខ​បដិសេធ​លើ​ពាក្យ​ចចាមអារ៉ាម​មួយ​នេះ​វិញ។ ពិត​ណាស់ បើ​គណបក្ស​រ៉ាក់សាឆាត​ត្រូវ​រំលាយ ហើយ​មិន​អាច​ចូលរួម​បោះឆ្នោត​បាន វា​ជា​រឿង​លំបាក​សម្រាប់​ក្រុម​អ្នកគាំទ្រ​លោក​ថាក់ស៊ីន​ដែល​សង្ឃឹម​វិល​ត្រឡប់​ចូល​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ។ តែ​បើ​ក្រុម​យោធា​ឈ្នះ​ឆ្នោត​បន្ត​កាន់​អំណាច វិបត្តិ​នយោបាយ​ថៃ​ដែល​ប្រទាញប្រទង់​រវាង​ក្រុម​អាវក្រហម និង​ក្រុម​អាវលឿង​ក៏​មិន​អាច​ចប់​ត្រឹម​នេះ​ដែរ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ថៃ

    ថៃ៖គណៈកម្មការសោតទស្សន៍ផ្អាកការផ្សាយទូរទស្សន៍ Voice TV របស់កូនលោកថាក់ស៊ីន

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    មេ​ដឹកនាំ​​សឹកថៃ​​ ថា​​គម្រោង​ធ្វើ​រដ្ឋប្រហារ​សាជាថ្មី​ជា​ "ព័ត៌មាន​មិនពិត​"

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ថៃ៖ មិនបាន​មួយថ្ងៃ​ផង ម្ចាស់ក្សត្រី​អ៊ុប៊ុនរ៉ាត់ ដក​​បេក្ខភាព​ឈរឈ្មោះ​ជា​នាយករដ្ឋមន្រ្តី​វិញ​

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    បេក្ខនារី​នាយករដ្ឋមន្រ្តី​របស់​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​កំពុង​ធ្វើ​ឲ្យ​រញ្ជួយ​នយោបាយ​ថៃ?

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ