អានតួអត្ថបទ
ចិន-អាមេរិក

សង្រ្គាមពាណិជ្ជកម្ម៖​ចិន និង​អាមេរិក​យល់ព្រម​ពន្យារពេល​ចរចា​ដើម្បី​បន្ត​ដោះស្រាយ​សំណុំរឿង​ស្មុគស្មាញ​ខ្លាំង

នៅ​ថ្ងៃ​សុក្រ ទី១៥ កុម្ភៈ កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​រយៈពេល ២ថ្ងៃ​ក្នុង​ទីក្រុង​ប៉េកាំង​បាន​បិទបញ្ចប់​ដោយ​មិន​បាន​ទទួល​លទ្ធផល​អ្វី​ទាំង​អស់។ តែ​ភាគី​ទាំង​ពីរ​នៅ​តែ​មាន​សុទិដ្ឋិនិយម និង​បាន​បាន​ឯកភាព​គ្នា​បន្ត​កិច្ចចរចា​នៅ​សប្តាហ៍​ក្រោយ​ទៀត។ គួរ​រម្លឹក​ថា លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ទុក​ពេល​ឲ្យ​ចិន​រហូត​ដល់​ថ្ងៃទី១ មីនា​ដើម្បី​រក​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​អាមេរិក។ បើ​មិន​ដូច្នោះ​ទេ អាមេរិក​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​ពី ១០ ទៅ ២៥%។ តែ​លោក​ត្រាំ​ធ្លាប់​បាន​បញ្ជាក់​ថា លោក​អាច​នឹង​បង្ខិត​ពេល​វេលាកំណត់​បន្ថែម​ទៀត ប្រសិន​បើ​មាន​កិច្ចព្រមព្រៀង​ល្អ​មួយ​អាច​សម្រេច​បាន​ពិតប្រាកដ។

លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ក្នុង​ពេល​ទទួលជួបក្រុមអ្នកចរចាពាណិជ្ជកម្ម​អាមេរិក​ក្នុង​ទីក្រុង​ប៉េកាំង ថ្ងៃទី១៥ កុម្ភៈ ២០១៩
លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ក្នុង​ពេល​ទទួលជួបក្រុមអ្នកចរចាពាណិជ្ជកម្ម​អាមេរិក​ក្នុង​ទីក្រុង​ប៉េកាំង ថ្ងៃទី១៥ កុម្ភៈ ២០១៩ Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​រយៈពេល ២ថ្ងៃ​ក្នុង​ទីក្រុង​ប៉េកាំង​បាន​បិទបញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ទាំង​អស់។ តែ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នឹង​បន្ត​ការ​ចរចា​នៅ​សប្តាហ៍​ក្រោយ​ទៀត តែ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ម្តង។ ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ដោយ​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​នា​ឱកាស​ទទួល​ជួប​ក្រុមអ្នកចរចា​អាមេរិក​ចូលរួម​ដោយ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​លោក Steven Mnuchin និង​អ្នកតំណាង​ក្រសួង​ពាណិជ្ជកម្ម​លោក Robert Lighthizer ក្នុង​ទីក្រុង​ប៉េកាំង។ នៅ​ចំពោះ​មុខ​លោក​ស៊ី ជីនពីង លោក Lighthizer បាន​លើក​ឡើង​ពី​សំណុំរឿង​សំខាន់ និង​ពិបាកៗ​ដែល​ត្រូវ​ចរចា​គ្នា​បន្ថែម និង​ថា លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម។

ចំណែក​លោក Mnuchin បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter របស់​លោក​ដោយ​ចាត់​ទុក​កិច្ចចរចា​រយៈពេល ២ថ្ងៃ​មាន​លក្ខណៈ​ស្ថាបនា និង​ចម្រើន​ទៅ​មុខ តែ​មិន​បាន​លំអិត​អ្វី​បន្ថែម​ទេ។ ប្រតិកម្ម​ពី​ទីក្រុង​វ៉ាស៊ីនតោន សេតវិមាន​បាន​សាទរ​ពី​ភាព​ចម្រើន​ទៅ​មុខ​នៃ​កិច្ចចរចា​រយៈពេល ២ថ្ងៃ​ក្នុង​ទីក្រុង​ប៉េកាំង និង​បាន​បញ្ជាក់​ពី​ការ​បន្ត​កិច្ចចរចា​នៅ​សប្តាហ៍​ក្រោយ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ដូច​ដែល​លោក​ស៊ី ជីនពីង​បាន​ប្រកាស។ មាន​ប្រធានបទ​ជា​ច្រើន​ដែល​ចិន និង​អាមេរិក​បាន​លើក​ទៅ​ជជែក តែ​សេតវិមាន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ប្រធានរឿង​ដែល​ភាគី​អាមេរិក​បាន​លើក​ទៅ​ចរចា​ជាមួយ​ចិន រួម​មាន ការ​ផ្ទេរបច្ចេកវិទ្យា សិទ្ធិ​នៃ​កម្មសិទ្ធិបញ្ញា ចោរ​ព័ត៌មានវិទ្យា កសិកម្ម សេវាផ្សេងៗ របាំង​គ្មាន​ពន្ធ និង​រូបិយប័ណ្ណ។

គួរ​រម្លឹក​ថា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ទុក​ពេល​ឲ្យ​ចិន​ត្រឹម​ថ្ងៃទី១ មីនា​ដើម្បី​រកឲ្យ​​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​អាមេរិក។ បើ​មិន​ដូច្នោះ​ទេ លោក​ត្រាំ​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​ពី ១០ ទៅ ២៥%។ គេ​មិន​ដឹង​ថា តើ​ការ​បន្ត​កិច្ចចរចា​នៅ​សប្តាហ៍​ក្រោយ​ទៀត​នឹង​ទទួល​បាន​កិច្ចព្រមព្រៀង​ឬ​អត់​ទេ។ តែ​លោក​ត្រាំ​ធ្លាប់​បាន​បញ្ជាក់​ថា លោក​អាច​នឹង​បង្ខិត​ពេល​វេលា​កំណត់​រយៈពេល ៦០ថ្ងៃ​បន្ថែម​ទៀត ប្រសិន​បើ​មាន​កិច្ចព្រមព្រៀង​ល្អ​មួយ​អាច​សម្រេច​បាន​ពិតប្រាកដ​មែន​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ