ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/03 12h00 GMT
អាស៊ី

ប៉ាគីស្ថាន​ត្រៀមខ្លួន​ចរចា​ប៉ុន្តែ​ព្រមានថា​នឹង​តបត​បើ​ឥណ្ឌា​ប្រើ​កម្លាំងទ័ព​

media  
ប្រជាពលរដ្ឋឥណ្ឌាដែលជាអ្នកកាន់សាសនាហិណ្ឌូនាំគ្នាដុតរូបរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាអ៊ីមរ៉ាន ខាន់ អំឡុងពេលប្រឆាំងតវ៉ាទៅនឹងការវាយប្រហារដែលបានសម្លាប់ទាហានឥណ្ឌា ៤១ នាក់ កាលពីថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៩។ REUTERS/Anushree Fadnavis

នៅថ្ងៃអង្គារ​ ទី១៩ កុម្ភៈ​ ប៉ាគីស្ថាន​ថាត្រៀមខ្លួន​រួចរាល់ហើយ​ ដើម្បី​ជួយគាំទ្រ​ឥណ្ឌា​ ក្នុងការ​ស៊ើបអង្កេត​ លើ​ករណី​ភេរវកម្ម​អត្តឃាត​ ដែល​បាន​សម្លាប់​ទាហាន​ឥណ្ឌា​ជាង៤០ នាក់​ នៅតំបន់​កាស្មៀរ​ កាលពី​សប្តាហ៍​កន្លងទៅ​។ ទន្ទឹមគ្នានេះ​ ប៉ាគីស្ថាន​ ក៏បាន​បញ្ជាក់ទៀត​ថា​ខ្លួន​នឹងតបត​វិញ​ ប្រសិនណាបើ​ឥណ្ឌា​បើក​ការវាយប្រហារ​ណាមួយ​ មកលើ​ប្រទេសខ្លួន​នោះ​។

ថ្លែង​នៅក្នុង​ទូរទស្សន៍ជាតិ​ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោកអ៊ីមរ៉ាន ខាន់​បានទាមទារ​ឲ្យ​ឥណ្ឌា​ បង្ហាញ​ភ័ស្តុតាង​ ចំពោះ​ការ​ចោទប្រកាន់​ដែលថា​ រដ្ឋាភិបាល​ទីក្រុង​អ៊ីស្លាម៉ាបាដ​ ជាអ្នក​នៅ​ពីក្រោយ​ការបំផ្ទុះ​គ្រាប់បែក​អត្ដឃាត​ កាលពី​ថ្ងៃទី១៤​ កុម្ភៈ​ សបា្ដហ៍មុន​ ដែល​បានសម្លាប់​ទាហាន​ឥណ្ឌា​ចំនួន​ ៤១ នាក់​ នៅឯ​តំបន់​កាស្មៀរ​។

កាស្មៀរ​ ជាតំបន់​បែងចែក​ព្រំប្រទល់​ដែន​ រវាង​ប្រទេស​ឥណ្ឌា​ និង​ប៉ាគីស្ថាន​ ចាប់តាំងពី​ទទួល​បានឯករាជ្យភាព​ ពីចក្រភព​អង់គ្លេស​នៅឆ្នាំ​ ១៩៤៧​ និងជា​តំបន់​ដែល​មាន​ជម្លោះ​រុំារ៉ៃ​ រវាង​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​។

ជាក់ស្តែង​ ការវាយប្រហារ​ភេរវកម្មអត្តឃាត​ថ្មីនេះ បានបង្កជា​ភាពតានតឹង​ថែម​មួយ​កម្រិត​ទៀត​ រវាងឥណ្ឌា​ និងប៉ាគីស្ថាន​។ មួយវិញទៀត​ ហេតុការណ៍នេះ​ ក៏បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋឥណ្ឌា​នៅ​ទូទាំង​ប្រទេស​ ផ្ទុះកំហឹង​យ៉ាងខ្លាំង​ ជាពិសេស​នៅលើ​បណ្តាញ​សង្គម​ នៅពេល​ដែល​ក្រុមសកម្មប្រយុទ្ធ ​Jaish-e-Mohammed​ ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការវាយ​ប្រហារ​ខាងលើ​។ ក្រុម​សកម្មប្រយុទ្ធ​ Jaish-e-Mohammed មានមូលដ្ឋានទ័ព​នៅក្នុង​ប្រទេសប៉ាគីស្ថាន​ ហើយ​សម្រាប់​ប្រទេស​ឥណ្ឌា​ និង​ក្រុមប្រទេស​លោក​ខាងលិច​ ពួកគេ​គឺជា​ក្រុម​ភេរវកម្ម​។

បន្ទាប់ពី​ការចេញមុខ​ទទួល​ខុសត្រូវ​ ​ឥណ្ឌា​បាន​បើក​ការវាយប្រយុទ្ធ​ និង​បាន​សម្លាប់​កងទ័ព​ក្រុមសកម្មប្រយុទ្ធ​ Jaish-e-Mohammed ចំនួន​បី​នាក់​។ មិនតែ​ប៉ុណ្ណោះ​ អាជ្ញាធរ​ឥណ្ឌា​ថែមទាំង​លើកឡើង​ទៀតថា​ នឹង​សងសឹក​ចំពោះ​ រាល់អ្នក​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ​ ដែលឥណ្ឌាគិតថា ​វា​ជា​ទង្វើ​ដ៏យង់ឃ្នង​បំផុតមួយ​ ។ ជា​ពាក្យសំដី​ ដែល​គេដឹងថា​ប៉ូលិស​ឥណ្ឌា​ចង់​សំដៅ​ដល់​ប៉ាគីស្ថាន​។

សូមជម្រាបជូនថា​ រហូតមកដល់ពេលនេះ​ រដ្ឋាភិបាល​ទីក្រុង​អ៊ីស្លាមម៉ាបាដ​ នៅតែ​បដិសេធ​ថា​ មិនមាន​ជាប់ពាក់ព័ន្ធនឹង​ការវាយប្រហារ​ភេរវកម្ម​ខាងលើ​ឡើយ​។ នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោកអ៊ីរ៉ាន ខាន់ សង្កត់ធ្ងន់​ថាវាជា​រឿងងាយទេ​ក្នុងការ​ធ្វើសង្គ្រាម​ ប៉ុន្តែ​លោក​សង្ឃឹម​ថា​ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ​នឹង​មាន​ភាពធូរស្រាល​ជាមិនខាន​ ដោយ​ផ្នែកទៅលើ​ហេតុផល​ពិត​ជាក់ស្តែង​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ