អានតួអត្ថបទ
បង់ក្លាដែស

នៅ​បង់ក្លាដែស អគ្គីភ័យ​ឆាបឆេះ​អាគារ​ក្នុង​ទីក្រុង​ដាកា​បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាងតិច ៧០នាក់

នៅ​ប្រទេស​បង់ក្លាដែស មាន​ព្រឹត្តិការណ៍​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​លើ​អាគារលំនៅដ្ឋាន​ជា​ច្រើន​នា​យប់​ថ្ងៃ​ពុធ ទី២០ កុម្ភៈ។ អគ្គិភ័យ​មួយ​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សង្កាត់ Chawkbazar ដែល​ជា​សង្កាត់​មាន​វ័យ​ចំណាស់​ជាង​គេ​មួយ​ក្នុង​ទីក្រុង​ដាកា ហើយ​តុល្យការ​បណ្តោះអាសន្ន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៧០នាក់ និង​របួស​យ៉ាង​តិច ៥៥នាក់​ដែល ១០នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្ទើរ​ស្លាប់ ស្ទើររស់។ ជាមួយ​នឹង​អន្តរាគមន៍​របស់​ក្រុម​អ្នកពន្លត់​អគ្គិភ័យ​ប្រមាណ​ជា ២០០នាក់ ស្ថានការណ៍​ទូទៅ​ហាក់​បាន​ស្ងប់ស្ងាត់ តែ​ភ្លើង​នៅ​មិន​ទាន់​រលត់​ទាំង​ស្រុង​ទេ។ ទន្ទឹម​គ្នា​នេះ ប្រតិបត្តិការ​ស្វែង​រក​សាកសព​ក្នុង​គំនរ​ភ្នក់ភ្លើង​កំពុង​បន្ត​មាន។

នៅ​បង់ក្លាដែស អគ្គីភ័យ​ឆាបឆេះ​អាគារ​ក្នុង​ទីក្រុង​ដាកា​បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាងតិច ៧០នាក់
នៅ​បង់ក្លាដែស អគ្គីភ័យ​ឆាបឆេះ​អាគារ​ក្នុង​ទីក្រុង​ដាកា​បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាងតិច ៧០នាក់ Reuters
ផ្សាយពាណិជ្ជកម្ម

អគ្គិភ័យ​បាន​ចាប់​ផ្តើម​នៅ​វេលា​ម៉ោង ១០ និង ៤០នាទី​យប់​ម៉ោង​ក្នុង​ប្រទេស​បង់ក្លាដែស​ត្រូវ​ជា ១១ និង​៤០នាទី​យប់​ម៉ោង​ក្នុង​ប្រទេស​កម្ពុជា​នា​ថ្ងៃ​ពុធ ទី២០ កុម្ភៈ។ តាម​រដ្ឋអំណាច​ក្នុង​ស្រុក ប្រភព​អគ្គិភ័យ​បាន​ផ្តើម​ចេញ​ពី​ការ​ឆេះ​ធុងហ្កាស​មួយ រួច​ក៏​បាន​ឆាបឆេះ​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​អាគារ​ទាំង​មូល​តែ​ម្តង។ ល្បឿន​ឆាបឆេះ​យ៉ាង​លឿន​នេះ​ក៏​ដោយសារ​តែ​នៅ​ក្នុង​អាគារ​នោះ​មាន​ស្តុកទុក​សារធាតុ​គីមី​គ្រប់​ប្រភេទ។ សាក្សី​ជា​ច្រើន​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ឮ​ស្នូរ​ផ្ទុះ​យ៉ាង​ខ្លាំង​មក ពួក​គេ​បាន​ឃើញ​សន្ទុះ​អណ្តាតភ្លើង​ឆេះ​ឡើង​សន្ធោសន្ធៅ​ឆ្លង​ពី​ជញ្ជាំង​មួយ​ទៅ​ជញ្ជាំង​មួយ​ទៀត​យ៉ាង​ឆាប់​រហ័ស។

ម្យ៉ាង​ទៀត​ក្នុង​ពេល​ផ្ទុះ​អគ្គិភ័យ​ភ្លាម ចរាចរណ៍​នៅ​តាម​ផ្លូវ​កំពុង​កកស្ទះ​ណែនតាន់តាប់​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​រត់គេច​ពី​អណ្តាតភ្លើង​ដែល​ឆាបឆេះ​រាលដាល​យ៉ាង​លឿន។ បន្ទាប់​មក សង្កាត់​នោះ​ក៏​តូច​ចង្អៀត ហើយ​នៅ​តាម​ច្រក​អាគារ​នីមួយៗ​ក៏​មាន​ស្តុក​អីវ៉ាន់​ជា​ច្រើន​ដែរ។ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី២១ កុម្ភៈ និង​ដោយ​មាន​អន្តរាគមន៍​ពី​ក្រុមអ្នកពន្លត់​អគ្គិភ័យ​ប្រមាណ​ជា ២០០នាក់ ស្ថានការណ៍​ទូទៅ​ហាក់​បាន​ស្ងប់ស្ងាត់ និង​គ្រប់គ្រង​បាន តែ​គេ​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ដើម្បី​អាច​ពន្លត់​កំដៅ​ភ្លើង​ទាំង​ស្រុង​បាន ពិសេស​គំនរ​ភ្នក់ភ្លើង​មាន​សារធាតុគីមី។ ទន្ទឹម​គ្នា​នេះ បេសកកម្ម​ស្វែង​រក និង​ទាញ​យក​សាកសព​ ក៏​កំពុង​បន្ត​ធ្វើ​ដែរ។

នៅ​ឯ​មន្ទីរពេទ្យ ក្រុម​គ្រួសារ​កំពុង​បន្ត​ស្វែង​រក​សមាជិក ឬ​មនុស្ស​ជំនិត​របស់​ខ្លួន តែ​ពួក​ពិបាក​ស្គាល់​នរណា​ជា​នរណា​ដោយសារ​តែ​សាកសព​ភាគច្រើន​ត្រូវ​បាន​ឆេះរោល​ខ្មៅ​ដូច​ធ្យូង។ ក្នុង​ចំនួន​អ្នក​ស្លាប់ មាន​អ្នករស់នៅ​ក្នុង​អាគារ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ រួម​ទាំង​អ្នក​ដែល​កំពុង​ទទួល​ទាន​អាហារ​នៅ​តាម​ភោជនីយដ្ឋាន​ក្បែរ​នោះ​ផង នេះ​បើ​តាម​ស្នងការរង​ប៉ូលិស​ក្នុង​ទីក្រុង​ដាកា។ គួរ​រម្លឹក​ថា បង់ក្លាដែស​បាន​ទទួល​រង​គ្រោះ​អគ្គិភ័យ​លើ​អាគារ​លំនៅដ្ឋាន​មាន​ស្តុក​សារធាតុគីមី​ដូច​គ្នា​នេះ​ក្នុង​ឆ្នាំ ២០១០ ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ប្រមាណ​ជា ១២០នាក់។

ក្រោយ​សោកនាដកម្ម​ឆ្នាំ ២០១០ នោះ​មក រដ្ឋអំណាច​បាន​ចេញ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ស្តុក​សារធាតុគីមី​នៅ​តាម​អាគារ និង​តាម​តំបន់​ឧស្សាហកម្ម​ជា​ច្រើន។ តែ​ការ​ប្រឹងប្រែង​មួយ​នេះ​ហាក់​ត្រូវ​បាន​បំភ្លេច ឬ​ទុកចោល​មួយ​កន្លែង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ។ ម្យ៉ាង​ទៀត​នៅ​បង់ក្លាដែស សំណង់​ជា​ច្រើន​មិន​បាន​គ្រោង​វិធានការ​សន្តិសុខ​ប្រឆាំង​នឹង​អគ្គិភ័យ​ជា​យថាហេតុ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ