អានតួអត្ថបទ
ភូមា

ភូមា៖​លោកស្រី​អ៊ុង សានស៊ូជី​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​ក្នុង​ស្រុក និង​បរទេស​ទៅ​អភិវឌ្ឍ​ក្នុង​រដ្ឋ​រ៉ាក់ឃីន

នៅ​ក្នុង​ប្រទេស​ភូមា លោកស្រី​អ៊ុង សានស៊ូជី​ដែល​មាន​តួនាទី​ជា​ទីប្រឹក្សារដ្ឋាភិបាល និង​ជា​រដ្ឋមន្រ្តី​ការបរទេស​បាន​អំពាវនាវ​ដល់​ក្រុម​អ្នកវិនិយោគ​​ក្នុង​ស្រុក និង​បរទេស​ឲ្យ​ចូល​ទៅ​បោះទុន​អភិវឌ្ឍន៍​ក្នុង​រដ្ឋ​រ៉ាក់ឃីន។ រដ្ឋ​រ៉ាក់ឃីន​ដែល​ជា​តំបន់​សម្បូរ​ដោយ​ធនធាន​ប្រេង និង​ហ្គាស់​ក្រោម​ដី។ ការ​អំពាវនាវ​របស់​លោកស្រី​ស៊ូជី​យ៉ាង​ដូច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​រៀបចំ​នៅ​តំបន់​ប៉ែក​ខាងត្បូង​រដ្ឋ​រ៉ាក់ឃីន​នា​ថ្ងៃ​សុក្រ ទី២២ កុម្ភៈ។ គួរ​រម្លឹក​ថា​មក​ដល់​ពេល​នេះ រដ្ឋ​រ៉ាក់ឃីន​ត្រូវ​បាន​គេ​ស្គាល់​ជា​រដ្ឋ​ដែល​កំពុង​គ្របដណ្តប់​ដោយ​វិបត្តិ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។

ភូមា៖​លោកស្រី​អ៊ុង សានស៊ូជី​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​ក្នុង​ស្រុក និង​បរទេស​ទៅ​អភិវឌ្ឍ​ក្នុង​រដ្ឋ​រ៉ាក់ឃីន
ភូមា៖​លោកស្រី​អ៊ុង សានស៊ូជី​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​ក្នុង​ស្រុក និង​បរទេស​ទៅ​អភិវឌ្ឍ​ក្នុង​រដ្ឋ​រ៉ាក់ឃីន Reuters
ផ្សាយពាណិជ្ជកម្ម

ដោយ​មិន​បាន​និយាយ​ចំៗ​លើ​វិបត្តិ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​អ្នក​កាន់​សាសនា​អ៊ីស្លាម លោកស្រី​អ៊ុង សានស៊ូជី​បាន​លើក​ឡើង​ពី​សក្តានុពល​ធនធាន​ធម្មជាតិ ពិសេស​ប្រេង និង​ឧស្ម័ន​ហ្គាស់​ដែល​រដ្ឋ​រ៉ាក់ឃីន​មាន​នៅ​ក្នុង​ដី និង​ដែល​នៅ​មិន​ទាន់​បាន​ធ្វើ​អាជីវកម្ម​នៅ​ឡើយ​ទេ។ នៅ​ក្នុង​ន័យ​នេះ លោកស្រី​ស៊ូជី​ហាក់​ចង់​ស្តី​បន្ទោស​សហគមន៍​អន្តរជាតិ​ដែល​បាន​ផ្តោត​តែ​លើ​ទិដ្ឋភាព​អវិជ្ជមាន​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន ពោល​មិន​បាន​សម្លឹង​ឃើញ​ពី​ទិដ្ឋភាព​វិជ្ជមាន​ដែល​រដ្ឋ​មួយ​នេះ​កំពុង​មាន​ឡើយ។ ទិដ្ឋភាព​វិជ្ជមាន​ដែល​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​រូប​នេះ​ចង់​សំដៅ គឺ​ត្រូវ​ប្រែ​ក្លាយ​រដ្ឋ​រ៉ាក់ឃីន​ទៅ​ជា​តំបន់​អភិវឌ្ឍន៍។

ដើម្បី​អាច​ឈាន​ទៅ​ដល់​គោលដៅ​នេះ​បាន លោកស្រី​ស៊ូជី​បាន​អំពាវនាវ​ឲ្យ​មាន​ក្រុម​អ្នកវិនិយោគ​ក្នុង​ស្រុក និង​បរទេស ពិសេស​លោកស្រី​បាន​សម្តែង​ស្វាគមន៍​ចំពោះ​អ្នកវិនិយោគ​មក​ពី​ប្រទេស​ចិន ឥណ្ឌា ជប៉ុន កូរ៉េ និង​ពី​ប្រទេស​ថៃ ពោល​គ្មាន​បាន​និយាយ​ដល់​ប្រទេស​លោក​ខាង​លិច​ណា​មួយ​ឡើយ។ លោកស្រី​ស៊ូជី​សង្ឃឹម​ឃើញ​វត្តមាន​ស្ថានីយ៍បូមប្រេង​ជា​ច្រើន​កន្លែង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។ ប្រទេស​ចិន​ដែល​ជា​អ្នកវិនិយោគ​បរទេស​ទី១ នៅ​ភូមា​បាន​សង់​កំពង់ផែទឹកជ្រៅ​មួយ និង​បណ្តាញ​បំពង់​បង្ហូរប្រេង​នៅ​តំបន់​ប៉ែក​ខាង​ត្បូង​រដ្ឋ​រ៉ាក់ឃីន។

គួរ​រម្លឹក​ថា​រហូត​មក​ទល់​ពេល​នេះ គេ​បាន​ស្គាល់ និង​បាន​នាំ​គ្នា​និយាយ​ច្រើន​ពី​រដ្ឋ​រ៉ាក់ឃីន​ក៏​ដោយសារ​តែ​វិបត្តិ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។ តាំង​ពី​ឆ្នាំ ២០១៧ កងទ័ព​ភូមា​បាន​បើក​ការ​វាយប្រហារ​ជា​បន្តបន្ទាប់​ដើម្បី​សងសឹក​ទល់​នឹង​ការ​វាយប្រហារ​ពី​ចលនា​ឧទ្ទាម​គាំទ្រ​ពួក​រ៉ូហ៊ីងយ៉ាដោយ​​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អ្នកកាន់សាសនា​អ៊ីស្លាម​មួយ​នេះ​ជាង ៧៤ម៉ឺននាក់​រត់ភៀសខ្លួន​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​បង់ក្លាដែស​ក្បែរខាង។ អង្គការ​សហប្រជាជាតិ​បាន​ចាត់​ទុក​យុទ្ធនាការ​របស់​កងទ័ព​ភូមា​ថា​ជា​អំពើ​ប្រល័យពូជសាសន៍​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា។ រូបភាព​ទាំង​អស់​នេះ​បាន​ធ្វើ​ឲ្យ​លោកស្រី​ស៊ូជី​ដែល​ជា​ជ័យលាភី​រង្វាន់ណូបែលសន្តិភាព និង​ជា​អតីត​អ្នកប្រឆាំង​របបសឹក​បាក់មុខ បាក់មាត់​មិន​តិច​ទេ។

ក្នុង​សប្តាហ៍​នេះ​ទៀត ការ​ប្រយុទ្ធ​គ្នា​រវាង​ទ័ពភូមា និង​ពួកឧទ្ទាម​បាន​កើត​មាន​នៅ​ប៉ែក​ខាង​ជើង​រដ្ឋរ៉ាក់ឃីន។ ទន្ទឹម​គ្នា​នេះ ការ​ប្រយុទ្ធ​គ្នា​ក៏​បាន​កើត​មាន​ដែរ​រវាង​ទ័ពភូមា និង​ចលនា​ឧទ្ទាម​ផ្សេង រួម​ទាំង​ពួក​អ្នកកាន់សាសនា​ព្រះពុទ្ធ​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ណៃពីដ៏៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ