ហេតុអ្វីលោក គីមជុងអ៊ុន ជ្រើសរើសជិះរថភ្លើង ទៅជួបលោកត្រាំ នៅវៀតណាម ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២៤
ប្រមុខដឹកនាំកូរ៉េខាងជើង បានជ្រើសរើសដើរតាមគន្លងជីតា និងឪពុក ដើម្បីមកចូលរួមក្នុងជំនួបកំពូលលើកទីពីរ ជាមួយលោក ដូណាល់ ត្រាំ នៅទីក្រុងហាណូយ។ បើតាមព័ត៌មានបញ្ជាក់ដោយភ្នាក់ងារផ្លូវការកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានចាកចេញពីទីក្រុងព្យុងយ៉ាង នៅថ្ងៃសោរ៍ទី ២៣កុម្ភៈម្សិលមិញ។ រថភ្លើងពាសដែកដែលដឹកលោក គីម ជុងអ៊ុន ឆ្ពោះទៅប្រទេសវៀតណាម បានឆ្លងចូល និងកំពុងបន្តដំណើរលើទឹកដីប្រទេសចិន នៅព្រឹកថ្ងៃអាទិត្យនេះ។ រយៈពេលធ្វើដំណើរអាចប្រើពេលដល់ទៅ៦០ម៉ោង (ពីរយប់បីថ្ងៃ)។ ជាដំណើរផ្លូវដ៏វែងឆ្ងាយ បើប្រៀបទៅនឹងមធ្យោបាយផ្សេងទៀត ដូចយ៉ាងយន្តហោះ។
ដូចជារៀងរាល់លើក ដើម្បីសន្តិសុខនិងសុវត្ថិភាព រាល់គ្រប់ដំណើរផ្លាស់ទីរបស់ប្រមុខគីម ជុងអ៊ុន មិនត្រូវបានប្រកាសជាផ្លូវការឱ្យដឹងជាមុនឡើយ។ ប៉ុន្តែនៅពេលនេះ បើតាមភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង និងវិបសៃត៍ជំនាញNK New ព្រមទាំងប្រភពព័ត៌មានរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន ពិតជាបានចាកចេញពីក្រុងព្យុងយ៉ាង ដោយជិះរថភ្លើង និងបានឆ្លងចូលដល់ទឹកដីចិន តាមច្រកដង់ដុងហើយនៅល្ងាចមិញ។
ទំនងជារថភ្លើងតែមួយដែលលោកធ្លាប់ជិះទៅក្រុងប៉េកាំង ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង កាលពីឆ្នាំ២០១៨ រថភ្លើងពាសដែក បាញ់មិនធ្លុះ មានពណ៌បៃតងចាស់ ឆ្នូតលឿង កំពុងរត់ឆ្លងកាត់ប្រទេសចិន ! យោងតាមទិដ្ឋភាពនៃការការពារសន្តិសុខ រថភ្លើងលោកគីម ទំនងជាមិនចូលក្រុងប៉េកាំងទេ។
ចំណែកនៅខាងវៀតណាមវិញ តាំងពីថ្ងៃសៅរ៍មក គេឃើញមានការពង្រាយកម្លាំងយោធា យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅស្ថានីយ៍ដុងដង់ជាប់ព្រំដែនជាមួយចិន និងតាមបណ្តោយផ្លូវជាតិ ដែលនាំឆ្ពោះទៅទីក្រុងហាណូយ។ ផ្លូវចម្ងាយ ១៧០គីឡូម៉ែត្រនេះ ត្រូវបានអាជ្ញាធរវៀតណាមប្រកាសបិទ ចាប់ពីថ្ងៃអង្គារទៅ នៅវេលាម៉ោង៦ព្រឹកដល់២រសៀល។ ដូច្នេះគេអាចសន្និដ្ឋានបានថា លោក គីម ជុងអ៊ុន ទំនងជានឹងបន្តដំណើរតាមរថយន្ត ទៅហាណូយ។
ជាសរុប លោក គីម ធ្វើដំណើរតាមរថភ្លើង ក្នុងរយៈចម្ងាយប្រមាណជិត៤០០០គីឡូម៉ែត្រ ដោយត្រូវចំណាយពេល អស់ទៅប្រមាណ៦០ ម៉ោង ព្រោះរថភ្លើងពាសដែកដែលធ្ងន់ខ្លាំង អាចរត់បានតែក្នុងល្បឿន ៦០គីឡូម៉ែត្រក្នុងម៉ោងតែប៉ុណ្ណោះ។
តាមគន្លង ជីតា និងឪពុក
លោក គីមជុងអ៊ីល ជាឪពុក លោក គីម អ៊ីលស៊ុងជាជីតា និងជាបិតាបក្សកុម្មុយនិស្តកូរ៉េខាងជើង ខ្លាចយន្តហោះណាស់ និងធ្វើដំណើរតែតាមរថភ្លើងពាសដែកទេ មិនថានៅក្នុងប្រទេស ឬចេញទៅក្រៅបរទេស ដូចយ៉ាងទៅចិន ឬទៅរុស្ស៊ីឡើយ។ លោក គីមអ៊ីលស៊ុង ធ្វើដំណើរចេញពីប្រទេសច្រើនជាងគេ ហើយជិះតែរថភ្លើងរហូត និងរហូតដល់ម៉ូស្គូ ដែលមានចម្ងាយជាង៦ពាន់គីឡូម៉ែត្រពីព្យុងយ៉ាង។
លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើងជំនាន់ទីបី ជាក្មេងជំនាន់ក្រោយ ធ្លាប់បានទៅសិក្សានៅប្រទេសស្វ៊ីស និងធ្លាប់បានធ្វើដំណើរមកបារាំងនិងអាល្លឺម៉ង់ផងនាអំឡុងពេលនោះ។ ហើយបើតាមព័ត៌មានគ្មានប្រភពជាក់លាក់ លោក គីមជុងអ៊ុន ធ្លាប់បានធ្វើដំណើរទៅតូក្យូម្តង ដោយប្រើលិខិតឆ្លងដែនក្លែងក្លាយផងនៅឆ្នាំ១៩៩១។ នៅឆ្នាំ២០១១ លោក គីមជុងអ៊ុន ទំនងជាបានជូនដំណើរឪពុកទៅប៉េកាំងម្តងដែរ ប៉ុន្តែតាំងពីបានឡើងកាន់តំណែងមក គេមិនដែលឮនិងដឹងអំពីដំណើរទស្សនកិច្ចផ្លូវការរបស់គីម ជុងអ៊ុនសោះ។ គឺទើបតែនៅខែមីនា ឆ្នាំ២០១៨ទេ ដែលលោកគីម ជុងអ៊ុន បានធ្វើដំណើរ ជាលើកដំបូងតាមរថភ្លើងទៅប៉េកាំង និងជិះយន្តហោះមកសិង្ហបុរី នៅខែមិថុនាដើម្បីមានជំនួបកំពូលជាប្រវត្តិសាស្ត្រ ជាមួយលោកត្រាំ។
ប៉ុន្តែជម្រើសជិះរថភ្លើងជាំង៤ពាន់គីឡូម៉ែត្ររបស់លោក គីម ជុងអ៊ុន ថ្ងៃនេះ មិនមែនកំណត់ត្រឹមតែជាការភ័យខ្លាចយន្តហោះដូចឪពុកនិងជីតាទេ។ ការដើរតាមគន្លងរបស់ជីតានិងឪពុកនេះ ទំនងជាមានអត្ថន័យផ្សេង ៖ ទីមួយ គឺការបង្ហាញនិម្មិត្តរូបនៃត្រកូលគីម។ ប្រមុខ គីម ជុងអ៊ុន កំពុងចម្លងប្រពៃណីពីជីតា និងស្នងមរតកឪពុកដែលធ្លាប់ធ្វើដំណើរបានឆ្ងាយ ដល់ម៉ូស្គូ កាលពីឆ្នាំ២០០១ និងចង់ប្រាប់ពលរដ្ឋកូរ៉េខាងជើងថា រជ្ជកាលគីមបន្តខ្លាំងក្លាជាងពេលណាៗទាំងអស់។
ម្យ៉ាងវិញទៀត បើតាមអ្នកជំនាញកូរ៉េខាងត្បូង ការធ្វើដំណើរតាមរថភ្លើងទៅហាណូយ ជាការបង្ហាញឯករាជភាព របស់ប្រមុខកូរ៉េខាងជើង នៅចំពោះមុខប៉េកាំង។ ការធ្វើដំណើរដែលមានរយៈពេលនិងចម្ងាយវែងនេះ ចោទជាបញ្ហាខ្លាំងណាស់ សម្រាប់ចិន ក្នុងការធានាសន្តិសុខនិងផ្នែកសម្ភារៈ ព្រមទាំងភាពរំខានផ្នែកចរាចរណ៍បណ្តាញផ្លូវដែកទូទៅរបស់ប្រទេស។ ប៉ុន្តែចិននៅព្រមទទួលធ្វើ ដើម្បីសម្រួលឱ្យប្រទេសជិតខាងពិបាកគ្រប់គ្រងដូចយ៉ាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក អាចមានទំនាក់ទំនងប្រសើរឡើងបាន។ ព្រោះបើតាមអ្នកវិភាគខ្លះ ចិនចង់ឃើញកូរ៉េខាងជើងរំសាយកម្មវិធីនុយក្លេអ៊ែរណាស់។ហេតុដូច្នេះហើយបានចិនចង់មានចំណែកធ្វើជាតួអង្គសំខាន់ម្នាក់នៃជំនួបចរចាអាមេរិកនិងកូរ៉េខាងជើងនេះ។
ចិនតួអង្គសំខាន់នៃជំនួបកំពូល គីម-ត្រាំ ២
មួយរយៈចុងក្រោយនេះ ពោលគឺតាំងពីលោក គីម ជុងអ៊ុន ឡើងកាន់អំណាចមក ទំនាក់ទំនងចិននិងកូរ៉េខាងជើងបានចុះអន់មិនសូវល្អ ដោយមេដឹកនាំក្មេងខ្ចីព្យុងយ៉ាង ចេះតែសាកល្បងនុយក្លេអ៊ែរនិងមីស៊ីលមិនឈប់ មិនខ្វល់ស្តាប់ការណែនាំរបស់រៀមច្បងជាប្រពៃណីឡើយ។ តែតាំងពីអាមេរិកហុចដៃឱ្យកូរ៉េខាងជើង ព្យុងយ៉ាងនិងប៉េកាំងក៏ចាប់ខិតចូលជិត ល្អនឹងគ្នាឡើងវិញ។
កាលពីមុនជំនួបកំពូលជាប្រវត្តិសាស្ត្រ លើកទីមួយ នៅសិង្ហបុរី លោក គីម បានធ្វើដំណើរទៅប៉េកាំងម្តង។ ក្រោយជំនួបជាលោកត្រាំ លោក គីមជុងអ៊ុនត្រលប់ទៅជួបលោកស៊ីជិនពីងម្តងទៀត។ ជាយុទ្ធសាស្ត្រដែលបញ្ជាក់ថាកូរ៉េខាងជើងត្រូវការខ្នងសម្រាបឮជាបង្អែក ប្រសិនបើនិយាយជាមួយអាមេរិកមិនត្រូវគ្នា។
នៅលើកនេះក៏ដូចគ្នាទៀត គ្រាន់តែប្រកាសថាមានជំនួបជាលើកទីពីរជាមួយលោក ត្រាំ ភ្លាម ប្រមុខគីម បានទៅជួបលោក ស៊ី ជិនពីងម្តងទៀត កាលពីខែមុន ដើម្បីរៀបយុទ្ធសាស្ត្រជាមួយប្រធានាធិបតីចិន។ ហើយនៅក្រោយជំនួបកំពូលលើកទីពីរ លោក គីម ជុងអ៊ុន ក៏ទំនងជាត្រលប់ទៅវិញតាមផ្លូវដដែល និងដោយជិះរថភ្លើងដដែល ប៉ុន្តែដោយឆៀងចូលប៉េកាំង ដើម្បីជួបសន្ទនា និងរាយការណ៍លម្អិត ស្តីអំពីជំនួបជាមួយត្រាំ ប្រាប់លោកប្រធានាធិបតី ស៊ីជីនពីង ជារៀមច្បង។ ការជួបគ្នាញឹកញយនេះ អាចជួយព្យុងយ៉ាងឱ្យ កាន់តែមានប្រៀប ក្នុងការចរចាជាមួយលោកត្រាំ។
ការព្រមធានាឱ្យលោក គីមជុងអ៊ុន ធ្វើដំណើរតាមរថភ្លើងជាច្រើនថ្ងៃឆ្លងកាត់ប្រទេស ជាមធ្យោបាយមួយទៀតដែលបង្ហាញយ៉ាងច្បាស់បន្ថែមទៀតថាចិនមានចំណែកយ៉ាងចំបង នៅក្នុងជំនួបនៅក្រុងហាណូយនេះដែរ។ ចិនមានតួនាទីកាន់តែចំបង សម្រាប់ក្រសែភ្នែកព្យុងយ៉ាង និងអាចគ្រប់គ្រងព្យុងយ៉ាងបាន ព្រោះថា ចិនជាប្រទេសធំតែមួយគត់បានស្តារទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មមួយភាគឡើងវិញជាមួយព្យុងយ៉ាង ដែលកំពុងត្រដរខ្យល់ដោយទណ្ឌកម្មដ៏ធ្ងន់របស់អាមេរិក។ ហើយចិនជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអំពាវនាវឱ្យមានការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចពីកូរ៉េខាងជើង។ កូរ៉េខាងជើងអាចមានគំនិតចង់បន្ថយភាពរំពឹងលើចិនខ្លះ តែដឹងច្បាស់ថាមិនអាចងើយដាក់ចិនបានឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ