អានតួអត្ថបទ
ចិន-អាមេរិក

សង្រ្គាមពាណិជ្ជកម្ម៖​លោកត្រាំ​លើក​ពេល​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក និង​សង្ឃឹម​មាន​ជំនួប​ជាមួយ​លោកស៊ី

នៅ​ថ្ងៃ​អាទិត្យ ទី២៤ កុម្ភៈ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រកាស​លើក​ពេល​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក និង​សង្ឃឹម​មាន​ជំនួបកំពូល​ជាមួយ​សមភាគី​ចិន​លោក​ស៊ី ជីនពីង។ ការ​សម្រេច​យ៉ាង​ដូច​នេះ​មក​ពី​លោក​ត្រាំ​បាន​មើល​ឃើញ​ថា កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​កំពុង​ចម្រើន​ទៅ​មុខ និង​អាច​ទទួល​បាន​កិច្ចព្រមព្រៀង​ល្អ​មួយ​នា​ពេល​ឆាប់ៗ។ គួរ​រម្លឹក​ជូន​ថា លោក​ដូណាល់ ត្រាំ​បាន​ទុក​ពេល​ឲ្យ​ចិន​ត្រឹម​ថ្ងៃទី១ មីនា​ដើម្បី​រក​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​អាមេរិក។ បើ​មិន​ដូច្នោះ​ទេ លោក​នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​ពី ១០ ទៅ ២៥%។

ជំនួប​​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​​ក្នុង​ឱកាស​ជំនួបកំពូល G២០ កាល​ពី​ខែ​ធ្នូ ២០១៨​ក្នុង​ប្រទេស​អាហ្សង់ទីន
ជំនួប​​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​​ក្នុង​ឱកាស​ជំនួបកំពូល G២០ កាល​ពី​ខែ​ធ្នូ ២០១៨​ក្នុង​ប្រទេស​អាហ្សង់ទីន SAUL LOEB / AFP
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​សប្បាយចិត្ត​នឹង​ប្រកាស​ថា សហរដ្ឋអាមេរិក​បាន​ចរចា​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​ចិន​ស្តីពី​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​រួម​មាន ការ​ការពារ​កម្មសិទ្ធិបញ្ញា ការ​ផ្ទេរបច្ចេកវិទ្យា វិស័យ​កសិកម្ម សេវ៉ា​ផ្សេងៗ អត្រា​ប្តូរ​រូបិយប័ណ្ណ និង​ប្រធានរឿង​ជា​ច្រើន​ផ្សេង​ទៀត » នេះ​ជា​សេចក្តីប្រកាស​របស់​លោក​ត្រាំ​នៅ​ក្នុង​បណ្តាញសង្គម Twitter នា​ថ្ងៃ​អាទិត្យ ទី២៤ កុម្ភៈ។ គឺ​តាម​រយៈ​សេចក្តីប្រកាស​នេះ​ហើយ​ដែល​លោក​ត្រាំ​បាន​បញ្ជាក់​ពី​ការ​លើក​ពេល​ដំឡើង​ពន្ធ​ពី ១០ ទៅ ២៥% លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក​ដែល​គ្រោង​អនុវត្ត​ចាប់​ពី​ថ្ងៃទី១ មីនា​ខាង​មុខ​ទៅ។ ឆ្លើយ​តប​នឹង​ការ​បោះដៃ​របស់​លោក​ត្រាំ​នេះ ទីភ្នាក់ងារ​ផ្លូវការ​របស់​ចិន​ឈ្មោះ​ស៊ីនហួរ​បាន​បញ្ចេញ​ប្រតិកម្ម​ដូច​គ្នា​នឹង​ការ​លើកឡើង​របស់​លោក​ត្រាំ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី សង្រ្គាមពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក​នៅ​មិន​ទាន់​បិទបញ្ចប់​ជា​ស្ថាពរ​នៅ​ឡើយ​ទេ ព្រោះ​អ្វី​ដែល​លោក​ត្រាំ​បាន​ប្រកាស គឺ​គ្រាន់​ជា​ការ​លើក​ពេល​ប៉ុណ្ណោះ។ លោក​ត្រាំ​ដែល​តែង​ប្រកាន់​យក​គោលការណ៍​ស្មើភាព​នៅ​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​ចិន​មិន​បាន​បញ្ជាក់​ទេ​ថា តើ​លោក​នឹង​ទុក​ពេល​ប៉ុន្មាន​ថ្ងៃ ឬ​ប៉ុន្មាន​សប្តាហ៍​ទៀត​ដើម្បី​ឲ្យ​ភាគី​អាមេរិក និង​ចិន​បន្ត​កិច្ចចរចា​រហូត​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​នោះ។ បើ​គិត​តាំង​ពី​ដើម​ឆ្នាំ ២០១៩ នេះ ក្រុម​អ្នកចរចា​អាមេរិក និង​ចិន​ធ្លាប់​បាន​ជួប​ជជែក​គ្នា​ចំនួន ៤ដង​ដោយ​លើកទី៣ បាន​ធ្វើ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង និង​លើកទី៤ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ពេញ​មួយ​សប្តាហ៍​កន្លង​ទៅ។

ទាំង​នេះ​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ថា ចិន និង​អាមេរិក​សុទ្ធ​តែ​មាន​សុឆន្ទៈ​ចង់​ដោះស្រាយ​បញ្ហា​តាម​ផ្លូវ​សន្តិវិធី។ នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​ឲ្យ​លោក​ត្រាំ​តាម​រយៈ​ប្រមុខ​ដឹកនាំ​ចរចា​ចិន​លោក​លីវ ហេ លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​បាន​សរសេរ​ដោយ​សង្ឃឹម​ថា កិច្ចចរចា​រវាង​ចិន និង​អាមេរិក​នឹង​បន្ត​ធ្វើ​នៅ​ក្នុង​បរិយាកាស​នៃ​ការ​គោរព​គ្នា​ទៅ​វិញ ទៅ​មក កិច្ចសហប្រតិបត្តិការ និង​ក្នុង​ស្មារតី​ឈ្នះ ឈ្នះ។ ទោះ​បី​ជា​ប្រធានបទ​នៃ​កិច្ចចរចា​បាន​ផ្តោត​លើ​វិស័យ​កសិកម្ម អត្រា​ប្តូរ​ប្រាក់ ឬ​ការ​ផ្ទេរបច្ចេកវិទ្យា​ក៏​ដោយ​ក៏​គេ​មិន​សូវ​ទទួល​បាន​ព័ត៌មាន​លំអិត​ស្តីពី​លទ្ធផល​សម្រេច​បាន​នៅ​ក្នុង​កិច្ចចរចា​ដែរ។

លោក​ដូណាល់ ត្រាំ​បាន​បញ្ជាក់​នៅ​ក្នុង​បណ្តាញសង្គម Twitter ថា លោក​នឹង​ជួប​ជាមួយ​សមភាគី​ចិន​លោក​ស៊ី ជីនពីង​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម បើ​កិច្ចចរចា​រវាង​ចិន និង​អាមេរិក​មាន​ភាព​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត​នោះ។ តាម​គម្រោង លោក​ត្រាំ​នឹង​ទទួល​ជួប​លោក​ស៊ី​នៅ​ក្នុង​រដ្ឋ Florida តែ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ ខែ​នៅ​ឡើយ​ទេ។ ចំណែក​លោក​ស៊ី​ក៏​នៅ​មិន​ទាន់​បាន​បញ្ជាក់​ពី​ការ​យល់ព្រម​តាម​ការ​អញ្ជើញ​របស់​លោក​ត្រាំ​នៅ​ឡើយ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ