វៀតណាម៖« រំសាយនុយក្លេអ៊ែរ » ជាប្រធានបទស្នូលនៃជំនួបកំពូលលើកទី២ រវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២២
បន្ទាប់ពីបានជួបគ្នាជាប្រវត្តិសាស្រ្តលើកទី១ កាលពីថ្ងៃទី១២ មិថុនា ឆ្នាំ ២០១៨ ក្នុងប្រទេសសិង្ហបុរី លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនផ្តើមមានជំនួបលើកទី២ រយៈពេល ២ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី២៧ កុម្ភៈក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ នៅក្នុងជំនួបកំពូលលើកទី២ ពេលនេះ លោកត្រាំសង្ឃឹមនឹងទទួលបានការប្រកាស និងកិច្ចសន្យាពិតប្រាកដពីលោកគីមស្តីពីការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និយាយជារួម និងនៅកូរ៉េខាងជើង និយាយដោយឡែក។ តែក្រុមអ្នកជំនាញខ្លះហាក់មានមន្ទិលសង្ស័យលើឆន្ទៈពិតរបស់កូរ៉េខាងជើង។ ចំណែកក្រុមអ្នកជំនាញខ្លះទៀតបានមើលឃើញថា លោកត្រាំ និងលោកគីមអាចសម្រេចបាននូវសន្ធិសញ្ញាសន្តិភាពជាជាងសន្ធិសញ្ញារំសាយនុយក្លេអ៊ែរ។
លោកត្រាំ និងលោកគីមបានទៅដល់ទីក្រុងហាណូយនៅថ្ងៃអង្គារ ទី២៦ កុម្ភៈដូចគ្នា គ្រាន់តែលោកគីមបានទៅដល់ពេលថ្ងៃតាមរថភ្លើង ហើយលោកត្រាំបានទៅដល់ពេលយប់តាមយន្តហោះ Air Force One របស់លោក។ តាមកម្មវិធីដែលបានគ្រោងទុក ជំនួបលើកទី២ រវាងលោកត្រាំ និងលោកគីមប្រព្រឹតតិទៅរយៈពេល ២ថ្ងៃ គឺថ្ងៃពុធ ទី២៧ និងថ្ងៃព្រហស្បតិ៍ ទី២៨ កុម្ភៈ។ មានការកត់សម្គាល់ចំនួនពីរ ទី១ ទី លោកគីម និងលោកត្រាំបានទទួលជួបដោយប្រធានាធិបតី និងនាយករដ្ឋមន្រ្តីវៀតណាមដាច់ដោយឡែកពីគ្នានៅថ្ងៃអង្គារ ទី២៦ កុម្ភៈ និងទី២ ទីកន្លែងជំនួបក៏ដូចជាប្រធានរឿងជំនួបត្រូវបានលាក់ជាសម្ងាត់។
គណៈប្រតិភូកូរ៉េខាងជើងស្នាក់នៅសណ្ធាគារ Mélia ហើយគណៈប្រតិភូអាមេរិកាំងស្នាក់នៅសណ្ឋាគារ Marriot។ នៅក្នុងជំនួបថ្ងៃទី១ លោកត្រាំ និងលោកគីមបានជួបគ្នាលើកទី១ រយៈពេល ២០នាទីនៅម៉ោង ៦ និង៣០នាទីល្ងាចម៉ោងក្នុងប្រទេសវៀតណាមក្នុងសណ្ឋាគារ Metropole។ បន្ទាប់មក ឥស្សរជនទាំងពីរបន្តស្រស់ស្រូបអាហារពេលយប់ជាមួយគ្នា។ ជំនួបនិយាយគ្នាជាសាច់ការនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៨ កុម្ភៈ តែគេគ្មានព័ត៌មានស្តីពីទីកន្លែងជួប។ តាមគម្រោង លោកត្រាំ និងលោកគីមអាចជួបគ្នាពី ៥ ទៅ ៦ដងនាឱកាសជំនួបកំពូលលើកទី២ រយៈពេល ២ថ្ងៃក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
ពិនិត្យលើសេចក្តីថ្លែងការណ៍ចុះហត្ថលេខាក្នុងប្រទេសសិង្ហបុរី
នៅក្នុងជំនួបកំពូលលើកទី១ ក្នុងប្រទេសសិង្ហបុរីកាលពី ៨ខែមុន លោកត្រាំ និងលោកគីមបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយដែលផ្តោតសំខាន់លើ ៤ ចំណុច ទី១ អាមេរិក និងកូរ៉េខាងជើងសន្យាស្ថាបនាទំនាក់ទំនងថ្មីរវាងគ្នាដោយអនុលោមតាមឆន្ទៈសន្តិភាព និងភាពរុងរឿងរបស់ពលរដ្ឋនៃប្រទេសទាំងពីរ ទី២ អាមេរិក និងកូរ៉េខាងជើងនឹងរួបរួមគ្នាប្រឹងប្រែងកសាងរបបសន្តិភាពមួយយូរអង្វែង និងមានស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េ ទី៣ បញ្ជាក់ជាថ្មីពីសេចក្តីថ្លែងការណ៍ Panmunjom ចុះហត្ថលេខាថ្ងៃទី២៧ មេសា ឆ្នាំ ២០១៨ ដែលកូរ៉េខាងជើងសន្យាបំបាត់នុយក្លេអ៊ែរចោលទាំងស្រុងនៅក្នុងឧបទ្វីបកូរ៉េ និងទី៤ អាមេរិក និងកូរ៉េខាងជើងសន្យាបន្តស្វែងរកអដ្ឋិធាតុអ្នកទោសសង្រ្គាម និងអ្នកបាត់ខ្លួនក្នុងសម័យសង្រ្គាម ហើយបញ្ជូនចេញភ្លាមៗចំពោះអដ្ឋិធាតុ ឬអ្នកបាត់ខ្លួនដែលបានស្គាល់អត្តសញ្ញាណ។
គេអាចនិយាយបានថានៅជំនួបកំពូលលើកទី២ ពេលនេះ លោកត្រាំ និងលោកគីមអាចលើកយកទៅពិនិត្យរួមគ្នាលើចំណុចមួយៗដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ចុះហត្ថលេខានៅសិង្ហបុរី ពោលមើលថា តើមានភាពរីកចម្រើន ឬក៏អត់នៅក្នុងការអនុវត្តលើចំណុចនីមួយៗ។ បើពិនិត្យជារួម មានបញ្ហាអាទិភាពតែមួយគត់ដែលហាក់មិនចម្រើនទៅមុខ និងហាក់កំពុងបន្តក្លាយជាភាពចម្រូងចម្រាសខ្លាំង គឺរឿងរំសាយនុយក្លេអ៊ែរ។ ៨ខែក្រោយជំនួបនៅសិង្ហបុរី ពាក្យសន្យាបន្តមានតែនៅលើក្រដាស ហើយការអនុវត្តជាក់ស្តែងមានតិចតួច។ ដូច្នេះកម្មវត្ថុរបស់លោកត្រាំលើកនេះក៏មិនខុសពីលើកមុនដែរ គឺជំនះលោកគីមឲ្យរំសាយនុយក្លេអ៊ែរ។
វិធីសាស្រ្តរបស់លោកត្រាំ គឺធានាសន្តិសុខ និងអនាគតរុងរឿងរបស់កូរ៉េខាងជើង
ដើម្បីបញ្ចុះបញ្ចូល និងជំនះលោកគីមឲ្យរំសាយនុយក្លេអ៊ែរ លោកត្រាំបានបន្តព្យាយាមនិយាយធានាសន្តិសុខ និងលួងលោមលោកគីមនូវអនាគតរុងរឿងរបស់កូរ៉េខាងជើង ប្រសិនបើលោកគីមយល់ព្រមរំសាយនុយក្លេអ៊ែរនោះ។ វិធីសាស្រ្តមួយនេះត្រូវបានលោកត្រាំប្រើតាំងពីជិត ១ឆ្នាំ ហើយនៅមុនជំនួបទល់មុខជាមួយលោកគីមថ្ងៃពុធ ទី២៧ កុម្ភៈនេះ លោកត្រាំក៏បានប្រើវិធីសាស្រ្តនេះដដែលដោយសរសេរនៅក្នុងបណ្តាញសង្គម Twitter របស់លោកជាមួយនឹងលើកសរសើររបបកុម្មុយនិស្តក្រុងហាណូយ និងបានចាត់ទុកវៀតណាមជាប្រទេសគំរូមួយល្អឥតខ្ជោះសម្រាប់កូរ៉េខាងជើង។
លោកត្រាំហ៊ានទាំងបញ្ជាក់ដោយធានាថា បើកូរ៉េខាងជើងបំបាត់ចោលនុយក្លេអ៊ែរ កូរ៉េខាងជើងនឹងស្គាល់ការអភិវឌ្ឍលឿនរហ័សជាងវៀតណាមទៅទៀត។ សឹងតែគ្រប់ពាក្យ លោកត្រាំតែហៅលោកគីមថា មិត្តគីមរបស់ខ្ញុំ។ តែទន្ទឹមគ្នានេះ លោកត្រាំបាននិយាយនៅមុនឡើងយន្តហោះទៅកាន់ប្រទេសវៀតណាមថា លោកមិនប្រញិបប្រញាប់ទេ ហើយលោកក៏មិនចង់បង្ខំនរណាម្នាក់ដែរ។ បន្ទាប់មក លោកត្រាំបានបញ្ជាក់ពីការសប្បាយចិត្តរបស់លោកដែលបានឃើញកូរ៉េខាងជើងផ្អាកការសាកល្បងនុយក្លេអ៊ែរ និងផ្អាកការសាងល្បងគ្រាប់មីស៊ីលបាលីស្ទិក។ តាមពាក្យសម្តីទាំងនេះនាំឲ្យគេយល់ថា លោកត្រាំហាក់មានមន្ទិលសង្ស័យលើឆន្ទៈរបស់លោកគីម ពោលហាក់គ្មានជំនឿនឹងអាចនិយាយជំនះលោកគីមបានទេ។
សន្ធិសញ្ញាសន្តិភាព ឬសន្ធិសញ្ញារំសាយនុយក្លេអ៊ែរ?
គ្រប់គ្នាបានមើលឃើញ និងឯកភាពដូចគ្នាថា ការចង់បានរបស់លោកត្រាំឲ្យលោកគីមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការរំសាយនុយក្លេអ៊ែរ គឺប្រហែលជាយ៉ាប់បន្តិច ឬថាប្រហែលមិនទាន់អាចទៅរួចផង។ ពិតណាស់ លោកត្រាំបានធានាគ្រប់យ៉ាងចំពោះលោកគីម ពិសេសសន្តិសុខ និងអនាគតរុងរឿងរបស់កូរ៉េខាងជើង បើលោកគីមយល់ព្រមរំសាយនុយក្លេអ៊ែរពិតប្រាកដ។ លោកគីមក៏យល់មិនខុសពីលោកត្រាំដែរ តែលោកគីមមានការប្រយ័ត្នប្រយែងខ្លាំងណាស់ ពោលមិនចេះតែជឿស៊ុបតាមការបញ្ចុះបញ្ចូល លួងលោមរបស់លោកត្រាំទេ។ ត្រង់ចំណុចនេះ លោកត្រាំខ្លួនឯងក៏ដឹងដែរ។
ទាំងនេះស បញ្ជាក់ឲ្យឃើញជាថ្មីថា ឧបសគ្គចម្បងរវាងភាគីទាំងពីរ គឺការបន្តមិនទុកចិត្តគ្នា ព្រោះចូរកុំភ្លេចថាសម្រាប់របបក្រុងព្យុងយ៉ាង នុយក្លេអ៊ែរ និងគ្រាប់មីស៊ីលជាដង្ហើមជីវិតរបស់ខ្លួន និងដែលបានធ្វើឲ្យខ្លួនក្លាយជារដ្ឋស្មើមុខ ស្មើមាត់មួយដូចរដ្ឋផ្សេងទៀតក្នុងលោក និងអាចអង្គុយនិយាយស្មើភាពជាមួយអាមេរិកពេលនេះ។ លោកគីមយល់មិនច្រឡំទេថា កូរ៉េខាងជើងកំពុងមានសេដ្ឋកិច្ចត្រដរខ្យល់ និងត្រូវការឲ្យមានការអភិវឌ្ឍន៍ដូចប្រទេសកុម្មុយនិស្តផ្សេងទៀតដែលមានវៀតណាមជាគំរូស្រាប់។ តែអ្វីដែលលោកគីមត្រូវការនៅចំពោះមុខ គឺការធានាសន្តិសុខពិតប្រាកដចំពោះខ្លួន មុននឹងឈានដល់ដំណាក់ការរំសាយនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល។
នៅក្នុងន័យនេះ លោកគីមចង់ឲ្យមានការអនុវត្តនីតិវីធិផ្សេងៗមួយចំនួនជាមុន មុននឹងនិយាយដល់រឿងរំសាយនុយក្លេអ៊ែរ។ និតិវិធីផ្សេងទាំងនោះរួមមាន ការភ្ជាប់ទំនាក់ទំនងផ្លូវការរវាងកូរ៉េខាងជើង និងអាមេរិក ឬមួយការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនៅឧបទ្វីបកូរ៉េ។ គួរបញ្ជាក់ថា ទោះបីសង្រ្គាមកូរ៉េបានបិទបញ្ចប់តាំងពីឆ្នាំ ១៩៥៣ ក៏ដោយក៏កូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅបន្តមានសង្រ្គាមរវាងគ្នា។ អ្វីដែលបងប្អូនបង្កើតគូសត្រូវទាំងពីរបានចុះហត្ថលេខា គឺត្រឹមយុទ្ធសន្តិភាព។ លទ្ធផលដែលគ្រប់គ្នាកំពុងសម្លឹងឃើញនៅក្នុងជំនួបកំពូលលើកទី២ រវាងលោកត្រាំ និងលោកគីមពេលនេះ គឺសន្ធិសញ្ញាសន្តិភាពច្រើនជាងសន្ធិសញ្ញារំសាយនុយក្លេអ៊ែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ