ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/07 12h00 GMT
អាស៊ី

វៀតណាម​ចុះ​កិច្ចសន្យា​​ជាមួយ​​អាមេរិក​​ក្នុង​​តម្លៃ​​ទឹកប្រាក់ ២១​ពាន់​​លាន​​ដុល្លារ

media  
ប្រធានាធិបតី​អាមេរិក និង​សមភាគី​វៀតណាម Nguyen Phu Trong ក្នុង​ពិធី​ចុះហត្ថលេខាទិញ​យន្តហោះ ថ្ងៃទី ២៧ កុម្ភៈ ២០១៩sidential Palace in Hanoi © Reuters

ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ផ្តោតចក្ខុ​ តាមដាន​ជំនួប​កំពូល​លើកពីរ​ រវា​ងលោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន នៅ​ទីក្រុង​ហាណូយ អាមេរិក​ក៏​បាន​សម្រេច​ប្រយោជន៍​ពាណិជ្ជកម្ម​ធំ​មួយ​ជាមួយ​វៀតណាម​ជា​ម្ចាស់​ផ្ទះ។ នៅ​ថ្ងៃ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​​ ​​បាន​ចុះកិច្ចសន្យា​ទិញ​យន្តហោះប៊ូអ៊ីង អាមេរិក​ក្នុង​តម្លៃ​សរុប ២១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ជាន់​ខ្ពស់​របស់​សេតវិមាន។

ទីផ្សារ​អាកាសចរណ៍​វៀតណាម​រីក​លូត​លាស់​ល្អ​ណាស់ ! ចំនួន​អ្នក​ធ្វើ​ដំណើរ​បាន​​កើន​ឡើង​ពី​២៥​លាន​នាក់​នៅ​ឆ្នាំ​២០១២ ដល់​៦២​លាន​នាក់​នៅ​ឆ្នាំ​២០១៨។ ក្រុមហ៊ុន​ផលិតយន្តហោះ​អ៊ែរប៊ូស​អឺរ៉ុប​បាន​ទទួល​ការ​បញ្ជា​ទិញ​ពី​វៀតណាម​ក្នុង​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​រួច​ហើយ​ ហើយ​នៅ​ថ្ងៃ​នេះ​វៀតណាម​ទិញ​ពី​ប៊ូអ៊ីងម្តង។ ពិធី​ចុះ​ហត្ថលេខា​បាន​ប្រព្រឹត្ត​ទៅ​ ក្រោម​អធិបតីភាព​លោក​ដូណាល់ ត្រាំ និ​ងសមភាគី​វៀតណាម។ លោកប្រធានាធិបតី​ដូណាល់ ត្រាំ ​តែង​ជំរុញ​ឱ្យ​ហាណូយ​ទិញ​ផលិតផល​អាមេរិកឱ្យបាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ព្រោះ​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​វៀតណាមល្អៀង​ខ្លាំងណាស់​​កន្លង​មក​។

ជា​សរុប​ ក្នុង​មួយ​ថ្ងៃ​នេះ វៀតណាម​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទិញ​យន្តហោះនិង​សេវាកម្ម​ជួលជុល​ថែទាំ ​ជាមួយ​អាមេរិក​ក្នុង​តម្លៃ​ដល់​ទៅ ២១​ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន​អាកាសចរណ៍ ​Vietjet ដែលនៅ​ក្នុង​ថ្ងៃ​​បើក​សម្ពោធ​ការ​ហោះហើរ​ជា​លើក​ដំបូង ​អ្នក​បម្រើយន្តហោះ​ស្លៀក​ខោអាវ​មុជ​ទឹក​ជា​​ឯកសណ្ឋាន បាន​ចុះ​កិច្ចសន្យា​​ទិញ​យន្តហោះ​ប្រភេទ​ប៊ូអ៊ីង ​៧៣៧-Max ចំនួន​ ១០០គ្រឿង និង​​ម៉ូទ័រ​ពី​ក្រុមហ៊ុនកូនកាត់​អាមេរិក-បារាំង CFM ចំនួន​២១៥​គ្រឿង ព្រមទាំងសេវាកម្ម​ជួលជុល​ថែទាំយន្តហោះ ក្នុង​តម្លៃ​​១២៧០០​លាន​ដុល្លារ។ ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ស្រឡាង​​របស់​វៀតណាម​មួយ​ទៀត មាន​ឈ្មោះ​ថា Bamboo Airways នឹង​ទិញ​យន្តហោះ​ប៊ូអ៊ីង ៧៨៧-៩ ចំនួន​១០​គ្រឿង។ Bamboo airways នឹងត្រូ​វចាប់​ដំណើរការ​នៅ​ខែ​វិច្ឆិកា ឬ​យ៉ាង​យូរ​នៅ​ដើម​ឆ្នាំ​២០២០។

ក្រុមហ៊ុនអាកាសចរណ៍​ជាតិ Vietnam Airlinesវិញ បាន​ចុះ​កិច្ចព្រមព្រៀង​តម្លៃ​​​១០០​លាន​ដុល្លារ​ ​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ក្នុង​វិស័យ​អាកាសចរណ៍​នេះ​ដែរ តែ​លើ​ផ្នែក​សេវាកម្ម​និង​បច្ចេកវិទ្យា។

​ជាមួយ​នឹង​កិច្ចព្រមព្រៀង​នេះ​ អាមេរិក​នឹង​អាច​ទ្រទ្រង់​ទីផ្សារ​ការងាររបស់ខ្លួន​ បាន​ជាង ៨៣០០០​ការងារ និង​ ​ផ្តល់​ការ​ធានា​សុវត្ថិភាព​ និង​គុណភាព​ដ៏​គួរ​ឱ្យ​ជឿជាក់​សម្រាប់​អ្នក​ដំណើរ​វៀតណាម​ទៅ​បរទស។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក។ ឯវៀតណាម​វិញ សង្ឃឹម​ថា​នឹង​អាច​ភ្ជាប់​ការ​ហោះហើរ​​ទៅ​​សហរដ្ឋ​អាមេរិក​ នា​ពេល​ឆាប់ៗ​ខាង​មុខ។ រហូត​មក​ទល់​ពេល​នេះ វៀតណាម​គ្មាន​ជើង​ហោះហើរ​ទៅ​អាមេរិក ដោយ​ផ្ទាល់​ទេ។​ ប៉ុន្តែទំនង​មិន​យូរទៀត​​ទេ ព្រោះ​​កាលពី​ថ្មីៗ​នេះ រដ្ឋបាល​សហព័ន្ធ​អាកាសចរណ៍​អាមេរិក​ទើប​​បញ្ចូល​ ក្រុមហ៊ុន​អាកាសចរណ៍វៀតណាម​​ ក្នុងចង្ក្រោម​ក្រុមហ៊ុន​អាកាសចរណ៍​​​ប្រភេទ​​ទី​១៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ