អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបកំពូល​លើក​ទីពីរ រវាង​លោកត្រាំ និង​លោក គីម បរាជ័យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួប​កំពូល​លើក​ទី​ពីរ រវាង​លោក​ ប្រធានាធិបតី​អាមេរិក​ និង​ ប្រមុខដឹកនាំ​កូរ៉ខាង​ជើង​ បាន​បិទ​បញ្ចប់​ យ៉ាង​ឆាប់​រហ័ស​ ដោយ​គ្មាន​សម្រេច​បាន​កិច្ចព្រមព្រៀង​អ្វី​ទាំង​អស់។ ប្រមុខ​ដឹកនាំ​ទាំង​ពីរ បានចែក​ផ្លូវ​គ្នា ដើរ​​ចាក​ចេញ​ពីកន្លែង​ប្រជុំ តាំងពី​មុន​កម្មវិធី​បាយ​ថ្ងៃ​ត្រង់។ កម្មវិធី​ចុះ​ហត្ថលេខា​ ត្រូវ​បាន​លុប​ចោល​ទៅ​វិញ។ មូលហេតុ​មក​ពីអាមេរិក​ពុំ​ព្រម​លើក​ទណ្ឌកម្ម​តាម​សំណើ​របស់​ព្យុងយ៉ាង ​ប៉ុន្តែ​បើ​តាម​លោក​ដូណាល់ ត្រាំ ដដែល ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​ជា​បាន​សន្យា​មិន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ឬ​មីស៊ីល​ទៀត​ឡើយ។

លោកដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅក្នង​ជំនួបកំពូល​ថ្ងៃទី ព្រហស្បតិ៍​ទី ២៨ កុម្ភៈ ២០១៩
លោកដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅក្នង​ជំនួបកំពូល​ថ្ងៃទី ព្រហស្បតិ៍​ទី ២៨ កុម្ភៈ ២០១៩ Saul LOEB / AFP
ផ្សាយពាណិជ្ជកម្ម

​“គ្មានការ​សម្រេច​កិច្ចព្រមព្រៀង​អ្វី​ទេ សម្រាប់​ពេល​នេះ ប៉ុន្តែ​ក្រុមការងារ​អាមេរិក​និង​កូរ៉េខាង​ជើង នឹង​ប្រញាប់ប្រញាល់​ជួប​ជជែក​គ្នា​ជា​ថ្មី”។ នេះ​ជា​សេចក្តី​ថ្លែងការណ៍​ថារបស់សេតវិមាន​ក្រោយ​ពី​ប្រមុខ​ដឹកនាំ​នៃ​ភាគី​ទាំងពីរ​បានបំ​​បែក​ផ្លូវ​គ្នាចេញ​ពី​កន្លែង​ប្រជុំ​រៀងខ្លួនៗ។

ជំនួប​កំពូល​ដែលជា​ការ​រង់ចាំ​ដ៏​ធំ​មួយ បាន​បិទ​បញ្ចប់​មុន​កាល​កំណត់ ដល់​ទៅ​ពីរម៉ោង។ ជា​ទិដ្ឋភាព ដែល​​ផ្ទុយ​ស្រឡះពី​សេចក្តី​ថ្លែងការណ៍​​ ​​​កាលពី​ព្រឹក​ ​ ដ៏​គួរសង្ឃឹមនិង​​ ​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា​។ លោក ដូណាល់ ត្រាំ បាន​ឆ្លើយ​ឆ្លង​ជាមួយ​អ្នក​កាសែត​ដូច​ទម្លាប់ ការ​ពារ​ដៃគូ​សន្ទនា។ លោក គីម ជុងអ៊ុន ក៏​បាន​ឆ្លើយ​ឆ្លង​​ទៅ​នឹង​​សំណួរ​របស់​អ្នក​កាសែតបរទេស ជា​លើក​ទី​មួយ​ ជុំ​វិញ​បញ្ហា​រំសាយ​នុយក្លេអ៊ែរ​ថា “ប្រសិន​បើ​លោក​គ្មាន​ចេតនា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ លោក​មិន​ធ្វើ​ដំណើរ​មក​ហាណូយ​នេះ​ទេ”។ ជា​ចម្លើយ​ដែលផ្តល់​សុទិដ្ឋនិយម​ មែន​ទែន។

ជា​ពាក្យ​ថ្លែង​ដ៏​ពិរោះ ប៉ុន្តែ គ្មាន​ទេ កិច្ចព្រមព្រៀង​ ! សហរដ្ឋ​អាមេរិក​ហាក់​ត្រៀម​ខ្លួន​នឹង​ធ្វើ​សម្បទាន​ខ្លះ​​ ដោយ​ចង់​ទៅ​បើក​ការិយាល័យ​ទំនាក់ទំនង​នៅ​ព្យុងយ៉ាង និង​ប្រហែល​ចង់ព្រម​ចេញ​មាន​សេចក្តី​ថ្លែងការណ៍​បិទ​បញ្ចប់​សង្គ្រាម​ក្នុង​ឧបទ្វី​បកូរ៉េផង ប៉ុន្តែ​នៅ​តែ​មិន​គ្រប់គ្រាន់​​សម្រាប់​ប្រកាស​កិច្ចព្រមព្រៀង​ជាមួយកូរ៉េខាង​ជើងបាន​ទៀត។

​លោក​ត្រាំ មិន​ប្រញាប់ ...

ជំនួបដ៏​រលូន​ ត្រូវ​ជំពប់​ដួល នៅ​ពេល​ត្រូវ​លម្អិត​​អំពី​បញ្ហា​​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ ដែល​ប្រមុខ​ដឹកនាំ​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍រួមគ្នា​រួច​ហើយ នៅ​ក្នុង​ជំនួប​លើក​ដំបូង​នៅ​ប្រទេស​សិង្ហបុរី។ ​ ពាក្យ​ ​​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ដែល​ ​ប្រមុខ​ដឹកនាំ​អាមេរិក និង​កូរ៉េខាង​ជើង យល់​អត្ថន័យនៃខុស​គ្នា។

នៅ​ក្នុង​សន្និសីទ​កាសែតតែ​ម្នាក់ឯង ក្រោយ​បិទ​បញ្ចប់​ជំនួប​កំពូល លោក​ដូណាល់ ត្រាំ បាន​ពន្យល់​ថា ប្រមុខ​ដឹកនាំ​ក្រុង​ព្យុងយ៉ាង ចង់​បាន​ការ​លើក​ទណ្ឌកម្ម​ទាំង​ស្រុង​ពី​កូរ៉េខាង​ជើង ប៉ុន្តែ​លោក​​មិន​អាច​ព្រម​បាន​ឡើយ ព្រោះ​គីម ជុងអ៊ុន​ មិន​អាច​ផ្តល់​អ្វី​ជា​ថ្នូរ​ដែល​យើង​ចង់​បាន​មក​វិញ​ផង។

​ដូច្នេះ​ទើប​លោក ​ត្រូវ​ដើរ​ចេញ​ពី​តុចរចា​សិន ព្រោះ​លោក​ត្រូវ​ការ​សម្រេចកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មួយ​ដែល​ល្អ​ លោក​មិន​ប្រញាប់​ទេ។ សម្រាប់​លោក​ត្រាំ ជំនួប​កំពូល​គ្មាន​លទ្ធផល​​ ​បាន​បិទ​បញ្ចប់​ទៅ​ដោយ​មិត្តភាព ដោយ​​​កូរ៉េខាង​ជើង​បាន​សន្យា​មិន​ធ្វើការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ និង​មីស៊ីល​ជា​ថ្មី​ទៀតឡើយ។ ដូច្នេះ​​លោក​គ្មាន​ហេតុផល​អ្វី​​ត្រូវ​ស្វែង​មក​រក​​​ទណ្ឌកម្ម​មក​ដាក់​បន្ថែមលើក​កូរ៉េខាង​ជើងដែរ តែ​លោក​ត្រាំ ក៏​គ្មាន​គម្រោង​នឹង​ជួប​លោក គីម ជុងអ៊ុន​ជា​ថ្មីទៀតទេ។

​បរាជ័យ​របស់​លោកត្រាំ​?

​បើទោះ​បី​ជា​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថា​នឹង​គ្មាន​អភិនិហា កើត​ចេញ​ពី​ជំនួប​កំពូល​នៅទីក្រុង​ហាណូយ​នេះទេ បើ​ទោះ​បី​ជា​ដឹង​ថា​សំណុំ​រឿងកូរ៉េខាង​ជើង ជា​រឿង​ដ៏​ស្មុគស្មាញ ដំណើរការ​ចរចា​ត្រូវ​​ប្រើ​ពេល​យូរ និង​ជំនួប​ជា​ច្រើន​លើកក៏​ដោយ ក៏​មតិ​ទូទៅ​បាន​សម្តែងការ​​ភ្ញាក់ផ្អើលនិង​​សោកស្តាយ​ខ្លាំង ​ចំពោះ​ជំនួប​គ្មាន​លទ្ធផល​នេះ​ ជាពិសេស​គឺ​កូរ៉េខាង​ត្បូង។

ហើយដោយ​ផ្ទាល់​ឬ​ប្រយោល ទោះ​លោក​ដូណាល់ ត្រាំ អះអាង​ការពារ​ខ្លួនយ៉ាង​ណា​ក្តី ក៏​ជំនួប​គ្មាន​លទ្ធផល​នេះ នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បរាជ័យ​​របស់​លោក ត្រាំ។ ភាគី​ទាំងពីរពិត​ជា​បាន​​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​​ជាមួយ​គ្នា​នៅ​ថ្ងៃ​នេះ។ កម្មវិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដោយ​ប្រធានាធិបតី​ទាំង​ពីរ​រូប ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ពេល​រសៀល ក្រោយ​​ពី​ពិធី​ទទួល​ទាន​អាហារ​ការងារ​នៅ​ពេល​ថ្ងៃ​ត្រង់​រួច មាន​ចែង​យ៉ាង​ច្បាស់​ក្នុង​របៀបវារៈ។ ប៉ុន្តែ​កម្មវិធី​ទាំង​ពីរ​នេះ មិន​បាន​កើត​ឡើង​ដូច​ការ​រៀប​ចំទុក​ទេ។ សូម្បី​តែ​សេចក្តី​ថ្លែងការណ៍​រួម​​ជា​តំណាងតូច​​មួយ ដូច​ជំនួបកំពូល​នៅ​សិង្ហបុរី ក៏​គ្មាន​ផង។ សេតវិមាន​បាន​ត្រឹម​តែ​ចេញ​សេចក្តី​ថ្លែងការណ៍​បា្រប់​ថា​ ភាគី​ទទួល​បន្ទុក​ចរចា​ទាំង​សង​ខាង ត្រៀម​នឹង​ជួប​ជជែក​គ្នា​នៅពេល​ខាង​មុខ។

សម្រាប់​អ្នក​ជំនាញ​ខ្លះ​ទៀត គេ​យល់​ថា បរាជ័យ​នៃ​ជំនួប​កំពូល​នេះ ជា​និម្មិត្តរូប​នៃ​នយោបាយការទូត​ប្រហោង​ក្នុង​របស់​លោក​ត្រាំ។ នៅពេល​ព្យុងយ៉ាង​ប្រឆាំង​នឹង​វិធានការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ លោកដូណាល់ ត្រាំ​ គ្នា​ជម្រើស​អ្វី​ផ្សេងយក​មក​ស្នើ​​សម្រាប់សម្របសម្រួល​គ្នា​រកការ​ព្រមព្រៀង​តូច​មួយ​ទុក​ជា​ឈ្នាន់​លោត​ទៅ​មុខសោះ។ គឺ​ជា​នយោបាយ​សុខ​ចិត្ត​អត់​បើ​មិនបាន​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ