អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំងចង់​​ឱ្យ​ចិន​មាន​តម្លាភាព​ក្នុងរឿង​ផ្តល់​ប្រាក់​ឱ្យ​ប្រទេស​​ក្រីក្រ​ខ្ចី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ឆ្នាំ​២០១៩​នេះ បារាំង​ជា​ប្រធាន​ផ្លាស់​វេន​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ ហៅកាត់​ថា G៧។ ក្នុង​នាម​ជា​ប្រធាន​ បារាំង​ចង់ឃើញ​​ពិភពលោកចេះ​ជួយ​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍​ប្រកប​ដោយ​​​​​តម្លាភាព​ ជាពិសេសទាក់ទងនឹង​ការ​សម្រេច​​ផ្តល់​ប្រាក់​ឱ្យ​ពួកគេខ្ចី។ ជំនួយ​អភិវឌ្ឍន៍​ដែល​ពេល​ខ្លះ​បាន​​ក្លាយ​ជា​បំណុល​វ័ណ្ឌក​ សង​ជា​លុយ​លែង​​រួច ទាល់​តែ​​បង់​អធិបតេយ្យភាព​ជា​សំណងទើប​បាន។ ​បារាំង​ចង់​សំដៅ​លើ​ប្រទេស​ចិន តែ​មិន​បាន​និយាយ​ដោយ​ចំ​ឈ្មោះ​ទេ។

ទង់ជាតិ​បារាំង​និង​ចិន
ទង់ជាតិ​បារាំង​និង​ចិន ©pixabay
ផ្សាយពាណិជ្ជកម្ម

សម្រាប់​បារាំង ខ្ចីគេ​ហើយ​ត្រូវ​តែ​សង​វិញ ! ឱ្យ​ខ្ចី​បាន​ទាល់​តែ​អាច​សង​វិញ​រួច ! ប៉ុន្តែ នៅ​លើ​ភព​ផែនដីយើង​នេះ ​មាន​ប្រទេស​ខ្លះ ក្រុមខ្លះ មនុស្ស​ខ្លះ​មិន​គិត​ដូច្នេះ​ឡើយ ! មាន​ប្រទេស​ខ្លះ​ចិត្ត​ល្អ​ខ្លាំងណាស់​ ហ៊ាន​ឱ្យ​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍​ខ្ចី​លុយ​យ៉ាង​ច្រើន ដោយ​មិន​បានខ្វល់​​សោះ​ថា​តើ​ប្រទេស​នោះ​មាន​លទ្ធភាព​សងវិញ​រួច​​​ឬក៏​អត់​ទេ។ ការ​ឱ្យ​ខ្ចី​បែប​នេះ​ ​អាចជា​តំណាង​គ្រោះ​ថ្នាក់​ សម្រាប់​ប្រទេស​ក្រីក្រ​ជា​កូន​បំណុល​ទៅ​វិញ​ទេ។ នេះ​ជាប្រសាន៍​​របស់​លោក​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បារាំង នា​ឱកាស​បង្ហាញ​អំពី​ទិសដៅ​នយោបាយ ​ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ​ក្រសួង​​​​ហិរញ្ញវត្ថុ​របស់​ហ្សេ៧​ ដោយ​មិន​បាន​ដៅ​ឈ្មោះ​ប្រទេស​ ឬ​ក្រុមហ៊ុនពហុជាតិ​​មួយណា​ឡើយ។

ប៉ុន្តែ​គ្រប់​គ្នា​សុទ្ធ​តែអាច​​ដឹងនិង​យល់​ថា​ បារាំង​ចង់​សំដៅ​លើ​ប្រទេស​ណា​ហើយ។ ការ​និយាយមិន​​ចំ​ឈ្មោះ គឺ​ដើម្បី​កុំ​ឱ្យ​​ចិន​រង្គៀសចិត្តរើស​ដាក់​ខ្លួន​​តែ​ប៉ុណ្ណោះ ព្រោះ​បារាំង​ដែល​ចង់​យក​សំណុំ​រឿង​តម្លាភាព​នៃ​ការ​ផ្តល់​ប្រាក់​ជំនួយ​​ដល់​ប្រទេសក្រីក្រ ទៅ​ដាក់​ជូន​​ជំនួប​កំពូល​ហ្សេ៧ ​កំពុង​ចង់​បញ្ចុះ​បញ្ចូល​ចិន ឱ្យ​មក​ចូលរួម​ក្នុង​ក្លឹប​ជម្រើស​ខ្ពស់​​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ក្រុមម្ចាស់​បំណុល​សាធារណៈ​ធំៗ​។ ​បើ​ចិនចង់​ក្លាយ​ជា​សមាជិក​​ក្រុម​នេះ ចិន​​ត្រូវ​មាន​កាតព្វកិច្ច​ចាំបាច់គោរព​​តម្លាភាព​ក្នុង​ការ​ផ្តល់​កម្ចីដល់​ក្រុមប្រទេស​ក្រីក្រកំពុង​អភិវឌ្ឍន៍​។

បញ្ហា​តម្លាភាពនៃ​ការ​ផ្តល់​ប្រាក់​កម្ចី​នេះ ក៏​ជា​ប្រធានបទ​ដ៏​​សំខាន់​សម្រាប់​ក្រុម​​ហ្សេ២០​ ដែល​ចិន​ជា​សមាជិក​ម្នាក់​ដែរ។ ក្រុម​ហ្សេ​២០​បាន​សន្យា​កាលពី​ឆ្នាំ​២០១៧ គោរពតាម​សេចក្តី​ណែនាំ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ស្តី​ពី​ភាព​ចាំ​បាច់​នៃ​ការ​វិភាគ​អំពី​លទ្ធភាព​សង​បំណុល​សិន មុន​នឹង​ព្រម​ឱ្យ​ខ្ចី។ ជប៉ុន​តែ​ជា​ប្រធានផ្លាស់​វេន ហ្សេ ២០ ត្រូវ​ផ្តល់​សេចក្តី​សន្និដ្ឋាន​នៅ​ឆ្នាំ​នេះ​ហើយ។

ហេតុ​អ្វី​បាន​ជា​បារាំង​គិត​គូរ​ខ្លាំង​នឹង​តម្លាភាព​នៃ​ការ​ខ្ចី​ប្រាក់​របស់​ប្រទេស​ក្រីក្រ ?

បើ​តាម​អ្នក​ជំនាញ​សេដ្ឋកិច្ច​និង​ធានារ៉ាប់រង នៅ​ក្នុង​​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន ចិន​ដើរ​តួនាទី​ជាម្ចាស់​ជំនួយ​ ម្ចាស់​ហិប​ ដែលអាច​​ផ្តល់​ហិរញ្ញវត្ថុ​ឱ្យពួកគេខ្ចី​​ ជំនួសមុខងារ​របស់​​អង្គការ​អន្តរជាតិដូច​យ៉ាង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI ឬ​ធនាគារ​ពិភពលោក​ តែ​ម្តង។ តែ​លក្ខខណ្ឌ​នៃការ​ខ្ចី​របស់​ចិន​ មិន​ដូច​លក្ខខណ្ឌ​ទាមទារ​របស់​FMI ឬ​ធនាគារ​ពិភពលោកឡើយ។ ដើម្បី​អាច​ទទួល​ប្រាក់​កម្ចី​ពី​FMI បាន ប្រទេស​កំពុងអភិវឌ្ឍន៍​ត្រូវ​តែ​ធ្វើ​កំណែទម្រង់​រចនា​សម្ព័ន្ធ​ប្រទេស​របស់​ខ្លួន កាត់​បន្ថយ​ចំណាយ​រដ្ឋ។​ ចំណែក​ចិន មិន​សូវ​មាន​លក្ខខណ្ឌអ្វី​ទេ។

ប៉ុន្តែករណី​ខ្ចី​ស្រួល កំពុង​ក្លាយ​ជា​រឿង​អាស្រូវ​ និង​អាសន្ន ដាស់​មតិ​សាធារណៈ​។ ​អសមត្ថភាព​ក្នុង​ការ​សង​បំណុល​ចិន​ បន្ទាប់​ពី​​សាង​សង់​កំពង់ផែ Hambantotaរួច ស្រីលង្កា​បាន​សម្រេច​ចិត្ត​នៅចុង​ឆ្នាំ​២០១៧ ឱ្យ​ចិន​គ្រប់គ្រង​ហេដ្ឋារចនា​សម្ព័ន្ធ​នោះ​​រយៈ​ពេល​៩៩​ឆ្នាំ។ មានប្រទេស​ជា​ច្រើន​ទៀត​​នៅ​ទ្វីបអាហ្វ្រិក ដែល​ប្រទេស​ខ្លះ​ស្ថិត​ក្រោម​គ្រប់គ្រង​ថវិកា​ពី​​បារាំង​ផង ក៏​កំពុង​ប្រឈម​នឹង​បញ្ហាខ្ចី​លុយ​ហួស​មាឌ​ដូច​គ្នា និង​ក្នុង​ទម្រង់​មួយ​បែប​ផ្សេង​ទៀត។ ឧទាហរណ៍​ អង់ហ្គោឡា។ អង់ហ្គោឡា​ជាប្រទេសនៅ​អាហ្វ្រិក​ដំបូង​គេ​​ដែល​បាន​ទទួល​កម្ចី​ប្រាក់​យ៉ាង​ធូររលុង​ពី​ចិន​ សម្រាប់​ស្តារ​ហេដ្ឋារចនា​សម្ព័ន្ធ​ជាតិ ប៉ុន្តែ​ថវិកា​នោះ​ត្រូវ​បាន​ចិន​បង់​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ផ្ទាល់​ ដោយ​មិន​ឆ្លង​កាត់​ប្រទេស​ឡើយ។ ឯ​សំណង​ គឺ​ចិន​បាន​ទទួល​សិទ្ធិ​ធ្វើ​ផលិតកម្ម​ធនធាន​ធម្មជាតិ។ ប្រទេស​អាហ្វ្រិក ឬ​ប្រទេស​ក្រីក្រ​ខ្លះ​ទៀត ត្រូវ​សង​បំណុល​តាម​រយៈ​ការ​ព្រម​ឱ្យ​ចិន​បូម​ប្រេង​យក ឬ​ទាញ​យក​វត្ថុធាតុដើម​​ ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ​ដែល​ភាគី​ម្ចាស់​និង​កូន​បំណុល​បាន​ព្រមព្រៀង​គ្នា។

គឺ​ទម្រង់​នៃ​កម្ចី​បែបនេះ​ហើយ​ដែល​បារាំង​អត់​ទ្រាំ​មិន​ព្រួយ​បារម្ភ​មិន​បាន ព្រោះបំណុល​បែបនេះ​ នឹងកើន​ធ្ងន់ឡើងៗ ហើយ​​បន្ត​កើន​ឥត​ឈប់។ កើន​កាន់​តែ​ខ្ពស់ ​នោះ​ប្រទេស​នឹង​ត្រូវ​ប្រឈមនឹង​វិបត្តិ​ បាត់​បង់​អធិបតេយ្យភាព​ជាតិ​ ទៅ​ឱ្យ​ចិន​ កាន់​តែ​ខ្លាំង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បារាំងចង់​ល្បួង​​ចិន​ឱ្យ​មក​ចូល​ក្នុងក្រុម​​ គោរព​ច្បាប់ ផ្តល់​តម្លាភាព​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ក្រុម​ប្រទេស​ក្រីក្រ​នោះ។

តែ​សម្រាប់​អ្នក​វិភាគ នេះក៏​បណ្តាល​មក​ពី​ចិន​គ្មាន​មធ្យោបាយ​ដូច​ក្រុម​ប្រទេស​លោក​ខាង​លិច និ​ងអង្គការ​មូលនិធិ​រូបិយវត្ថុ​ ហើយ​ម្យ៉ាង​ទៀត​មក​ពី​ចិននិង​ក្រុមមហាអំណាច​ទើប​លូត​ថ្មី ​ពុំមាន​តំណាង​គ្រប់គ្រាន់​ក្នុង​ស្ថានប័នអន្តរជាតិ សម្រាប់​ផ្តល់សំឡេង​បញ្ចេញ​សកម្មភាព​ឱ្យ​បាន​សក្តិសមនឹង​សមត្ថភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ