អានតួអត្ថបទ

នៅ​ចិន មេធាវី​សិទ្ធិមនុស្ស​ម្នាក់​បាត់ខ្លួនវិញ​ក្នុង​ថ្ងៃ​រួច​ទោស

ដល់​ថ្ងៃ​ចេញ​ហើយ​តែ​មិន​ឃើញ ! មេធាវី​ជំនាញ​​សិទ្ធិមនុស្ស​ចិន​ម្នាក់ ដែល​ត្រូវ​បាន​ទទួល​សេរីភាព​វិញ នៅ​ថ្ងៃព្រហស្បតិ៍​ទី ២៨​កុម្ភៈនេះ​ បន្ទាប់​ពី​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ពីរ​ឆ្នាំ​ពី​បទ​ញុះញង់​ធ្វើ​វិទ្ធង្សនា​ ស្រាប់​តែ​បាត់​ខ្លួន​ទៅ​វិញ​ និង​មិនអាច​ទាក់​ទង​បាន​ឡើយ។ នេះ​​បើ​តាម​គូស​បញ្ជាក់​របស់​ក្រុម​គ្រួសារ​សាច់​ញាតិ ដែល​មក​រង់​ចាំ​ទទួល​នៅ​មុខ​ពន្ធនាគារ។

លោក Jiang Tianyong ក្នុងចំពោះ​មុខ​តុលាការ​Changsa​ថ្ងៃទី ២២​សីហា ២០១៧
លោក Jiang Tianyong ក្នុងចំពោះ​មុខ​តុលាការ​Changsa​ថ្ងៃទី ២២​សីហា ២០១៧ AFP PHOTO / CHANGSHA INTERMEDIATE PEOPLE'S COURT/Handout
ផ្សាយពាណិជ្ជកម្ម

កើត​នៅ​ឆ្នាំ​១៩៧១ Jiang Tianyong ជា​មេធាវី ដែល​​ធ្លាប់​ទទួល​បន្ទុក​កាន់​សំណុំ​រឿង​រសើបៗ​ជា​ច្រើន​ដូច​ជា សំណុំ​រឿងក្តី​​ការពារ​ចលនា​សាសនា​Falung Gong ការពារ​សកម្មជន​ទីបេ ឬ​ជនរងគ្រោះ​ក្នុង​រឿង​អាស្រូវ​ទឹកដោះគោ​ពុល ... ប៉ុន្តែ​អាជ្ញាធរ​ចិន​បាន​ដក​សិទ្ធិ​និ​ងអាជ្ញាប័ណ្ណអាជីព​ជា​មេធាវី​ពី​លោក​តាំង​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ។ បន្ទាប់​មក​នៅ​ឆ្នាំ​២០១៦ ដោយ​គ្មាន​មូលហេតុ​ លោក Jiang Tianyong បាន​បាត់​ខ្លួន ក្នុង​មួយ​ពព្រិច​ភ្នែក​ មិន​ដឹង​ទៅ​ទីណា ស្រាប់​តែនៅ​​ខែ​សីហា ឆ្នាំ​២០១៧ តុលាការ​បើក​សវនាការ​កាត់​ទោស​អតីត​មេធាវី​រូប​នេះតែ​ម្តង។

នៅ​ថ្ងៃព្រហស្បតិ៍​ទី ២៨​កុម្ភៈ​នេះ ​លោក Jiang Tianyong ​ត្រូវ​បញ្ចប់​និទណ្ឌភាព និង​មាន​សេរីភាព​ឡើង​វិញ​ ប៉ុន្តែ​ពេល​អ្នក​គាំទ្រ​មក​ទទួល​នៅមុខ​ពន្ធនាគារ ប៉ូលិសបែរ​ជា​ប្រាប់​ថា គេនាំ​រូប​មេធាវី​ទៅ​បាត់​ហើយ។ តើ​ទៅ​ទីណា ? គ្មាន​ចម្លើយ​បញ្ជាក់​ទេ ! ហើយ​គេ​ក៏​ពុំ​អាច​ទាក់ទង​អាជ្ញាធរ​ដើម្បី​បាន​ព័ត៌មាន​លម្អិត​ឡើយ។

គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជាង​នេះ​ទៀត បងស្រី​និង​ម្តាយ​របស់​លោក​មេធាវី ដែល​គ្រោង​មក​ទទួល​ប្អូន​និង​កូន​នៅ​មុខ​ពន្ធនាគារ ​ក៏​បាន​បាត់​ខ្លួន និង​ពុំ​អាច​ទាក់ទង​បាន​ដូច​គ្នា។ នេះ​បើ​តាម​ការ​ពន្យល់​របស់​អ្នក​ស្រី Jiang ជា​ភរិយា ពី​សហរដ្ឋ​អាមេរិក។

ការ​បាត់​ខ្លួន​របស់​លោក​មេធាវី​ Jiang Tianyong និង​គ្រួសារ បានកើត​ឡើង​ក្នុង​ខណៈ​ដែល​ប៉េកាំង​កំពុង​បើក​យុទ្ធនាការ​បង្ក្រាប​មេធាវី​ផ្នែក​សិទ្ធិមនុស្ស។ គិត​ចាប់​ពី​ខែកក្កដា ២០១៥​មក មាន​មេធាវី​ អ្នក​ច្បាប់ សកម្មជន​គ្រប់គ្រង​សំណុំ​រឿង​រសើបៗ​ ជាង​២០០​នាក់​ ត្រូវ​ចាប់​ខ្លួន។ ភាគ​ច្រើន​ត្រូវ​បាន​ដោះលែង​មក​វិញ ប៉ុន្តែ​មួយ​ចំនួន​តូច​ទៀត រង​ការ​កាត់​ទោស​យ៉ាង​ធ្ងន់ធ្ង​រ​នៅ​ក្នុង​ពន្ធនាគារ។

កាលពី​ខែ​មុន​ មេធាវី ការពារ​កសិករ​បាត់​ដី​ម្នាក់ ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ៤​ឆ្នាំ​កន្លះ​ពី​បទ​វិទ្ធង្សនា។ មេធាវី​ដែល​មាន​សេរីភាព​ ត្រូវ​ជាប់​បម្រាម​អាជ្ញាធរ​ក្នុង​ការ​ប្រកប​អាជីព​ខ្លួន។ នេះ​បើ​តាម​អ្នកស្រាវជ្រាវ​របស់​អង្គការ​Amnesty International ដែល​ជឿជាក់​ថា​អាជ្ញាធរ​ប៉េកាំង​គ្មាន​ឆន្ទៈ​ដោះលែង​ Jiang Tianyongទេ ទោះបី​លោក​អនុវត្ត​ទោស​ចប់​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ