អានតួអត្ថបទ
ថៃ

នៅថៃ ក្រុម​គណបក្ស​ដែល​មាន​ទំនោរ​រក​លោក​ថាក់ស៊ីន​រៀបចំ​មហាបាតុកម្ម​ដើម្បី​គាំទ្រ​គណបក្ស​ថៃរ៉ាក់សាឆាត

នៅ​ក្នុង​ប្រទេស​ថៃ ក្រុម​គណបក្ស​ដែល​មាន​ទំនោរ​រក​អតីត​នាយករដ្ឋមន្រ្តី​ធ្លាក់​ពី​អំណាច​លោក​ថាក់ស៊ីន​បាន​រៀបចំ​មហាបាតុកម្ម​មួយ​នា​ថ្ងៃ​សៅរ៍ ទី២ និង​ថ្ងៃ​អាទិត្យ ទី៣ មីនា។ កម្មវត្ថុ​នៃ​បាតុកម្ម គឺ​ដើម្បី​គាំទ្រ​គណបក្ស​ថៃរ៉ាក់សាឆាត​ដែល​អាច​ប្រឈម​នឹង​ការ​រំលាយ​ពី​តុលាការ​ធម្មនុញ្ញ​នៅ​ថ្ងៃ​ទី៧ មីនា​ខាង​មុខ ពោល​នៅ​តែ​ជាង ២សប្តាហ៍​មុន​ការ​រៀបចំ​បោះឆ្នោត​នៅ​ថ្ងៃទី២៤ មីនា។ គួរ​រម្លឹក​ថា គណបក្ស​ថៃរ៉ាក់សាឆាត​ត្រូវ​បាន​គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត​ប្តឹង​ទៅ​តុលាការ​ធម្មនុញ្ញ​ពី​បទ​បាន​យក​ព្រះម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​ដែល​ជា​បុត្រីច្បង​របស់​អតីត​ព្រះមហាក្សត្រ​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខនារី​នាយករដ្ឋមន្រ្តី។

នៅថៃ ក្រុម​គណបក្ស​ដែល​មាន​ទំនោរ​រក​លោក​ថាក់ស៊ីន​រៀបចំ​មហាបាតុកម្ម​ដើម្បី​គាំទ្រ​គណបក្ស​ថៃរ៉ាក់សាឆាត
នៅថៃ ក្រុម​គណបក្ស​ដែល​មាន​ទំនោរ​រក​លោក​ថាក់ស៊ីន​រៀបចំ​មហាបាតុកម្ម​ដើម្បី​គាំទ្រ​គណបក្ស​ថៃរ៉ាក់សាឆាត AFP
ផ្សាយពាណិជ្ជកម្ម

ក្បួនបាតុកម្ម និង​ការ​ជួបជុំ​រៀបចំ​ដោយ​ក្រុម​គណបក្ស​គាំទ្រ​លោក​ថាក់ស៊ីន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សឹង​គ្រប់​ខេត្ត ក្រុង​ធំៗ​ទូទាំង​ប្រទេស រួម​ទាំង​ខេត្ត​ឈៀងម៉ៃ​ដែល​ជា​ស្រុកកំណើត​របស់​អតីត​នាយករដ្ឋមន្រ្តី​ធ្លាក់​ពី​អំណាច និង​កំពុង​ភៀសខ្លួន​រស់នៅ​បរទេស​លោក​ថាក់ស៊ីន​ផង។ ក្នុង​ទីក្រុង​បាងកក មាន​មនុស្ស​ជា​ច្រើន​ពាន់នាក់​បាន​ជួបជុំ​គ្នា​តាំង​ពី​ព្រលប់​ថ្ងៃ​សុក្រ ទី១ មីនា​ដើម្បី​គាំទ្រ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ថៃរ៉ាក់សាឆាត​ដែល​ជា​គណបក្ស​សម្ព័ន្ធមិត្ត​មួយ​របស់​លោក​ថាក់ស៊ីន។ គោលបំណង​របស់​ក្រុម​គណបក្ស​គំាំទ្រ​លោក​ថាក់ស៊ីន គឺ​ដាក់​គំនាប​លើ​តុលាការ​ធម្មនុញ្ញ​ដែល​គ្រោង​នឹង​ចេញ​សេចក្តី​សម្រេច​រំលាយ ឬ​មិន​រំលាយ​គណបក្ស​ថៃរ៉ាក់សាឆាត​នៅ​ថ្ងៃទី៧ មីនា​ខាង​មុខ។

គួរ​រម្លឹក​ថា គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) បាន​ប្តឹង​គណបក្ស​ថៃរ៉ាក់សាឆាត​ទៅ​កាន់​តុលាការ​ធម្មនុញ្ញ បន្ទាប់​ពី​គណបក្ស​មួយ​នេះ​បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​សុក្រ ទី៨ កុម្ភៈ​នូវ​បេក្ខភាព​ជា​នាយករដ្ឋមន្រ្តី​របស់​ព្រះម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​ដែល​ជា​បុត្រីច្បង​របស់​អតីត​ព្រះមហាក្សត្រ។ តែ​ទោះ​បី​ជា​ម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​បាន​សម្រេច​ដក​បេក្ខភាព​ចេញ​វិញ​នៅ​មួយ​ថ្ងៃ​ក្រោយ​មក​ក៏​ដោយ ក៏​គជប​ចង់​ដឹង​ថា តើ​ការ​យក​សមាជិក​រាជវង្សសានុវង្ស​មួយ​អង្គ​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​អាច​ខុស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​ឬ​អត់?។ តុលាការ​ធម្មនុញ្ញ​នឹង​ផ្តល់​ចម្លើយ​ចំពោះ​សំណួរ​នេះ​នៅ​ថ្ងៃទី៧ មីនា​ខាង​មុខ។ តែ​ក្នុង​ពេល​រង់​ចាំ​ចម្លើយ ក្រុម​បាតុករ​បាន​បន្ត​ដាក់​គំនាប​លើ​តុលាការ​ធម្មនុញ្ញ​ដោយ​ស្រែក​ថា អនាគត​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ថៃ​កំពុង​ស្ថិត​ក្នុង​កណ្តាប់ដៃ​តុលាការធម្មនុញ្ញ។

ដោយឡែក ក្នុង​ពេល​ដែល​អនាគត​របស់​គណបក្ស​ថៃរ៉ាក់សាឆាត​កំពុង​បន្ត​ស្រពិចស្រពិល គណបក្ស​អនាគតទៅមុខ (Future Forward) ដែល​ជា​គណបក្ស​មួយ​ទៀត​ប្រឆាំង​នឹង​របបសឹក​ដែរ​នោះ​កំពុង​លេច​ធ្លោ​យ៉ាង​ខ្លាំង និង​កំពុង​ក្លាយ​ជា​កម្លាំង​នយោបាយ​ប្រជែង​ទល់​នឹង​គណបក្ស​របស់​លោក​នាយករដ្ឋមន្រ្តី​ប្រាយុទ្ធ ចាន់អូចា។ គណបក្ស​អនាគតទៅមុខ (Future Forward) ដឹកនាំ​ដោយ​សេដ្ឋី​ថៃ​ម្នាក់​ឈ្មោះ ថាណាថន​មាន​អាយុ ៤០ឆ្នាំ និង​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​យុវវ័យ​អាយុ​ពី ១៨ ទៅ ២៥ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ