នៅថៃ ក្រុមគណបក្សដែលមានទំនោររកលោកថាក់ស៊ីនរៀបចំមហាបាតុកម្មដើម្បីគាំទ្រគណបក្សថៃរ៉ាក់សាឆាត
នៅក្នុងប្រទេសថៃ ក្រុមគណបក្សដែលមានទំនោររកអតីតនាយករដ្ឋមន្រ្តីធ្លាក់ពីអំណាចលោកថាក់ស៊ីនបានរៀបចំមហាបាតុកម្មមួយនាថ្ងៃសៅរ៍ ទី២ និងថ្ងៃអាទិត្យ ទី៣ មីនា។ កម្មវត្ថុនៃបាតុកម្ម គឺដើម្បីគាំទ្រគណបក្សថៃរ៉ាក់សាឆាតដែលអាចប្រឈមនឹងការរំលាយពីតុលាការធម្មនុញ្ញនៅថ្ងៃទី៧ មីនាខាងមុខ ពោលនៅតែជាង ២សប្តាហ៍មុនការរៀបចំបោះឆ្នោតនៅថ្ងៃទី២៤ មីនា។ គួររម្លឹកថា គណបក្សថៃរ៉ាក់សាឆាតត្រូវបានគណៈកម្មការជាតិរៀបចំការបោះឆ្នោតប្តឹងទៅតុលាការធម្មនុញ្ញពីបទបានយកព្រះម្ចាស់ក្សត្រីអ៊ុបុនរ៉ាត់ដែលជាបុត្រីច្បងរបស់អតីតព្រះមហាក្សត្រឲ្យឈរឈ្មោះជាបេក្ខនារីនាយករដ្ឋមន្រ្តី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៦
ក្បួនបាតុកម្ម និងការជួបជុំរៀបចំដោយក្រុមគណបក្សគាំទ្រលោកថាក់ស៊ីនត្រូវបានធ្វើឡើងនៅសឹងគ្រប់ខេត្ត ក្រុងធំៗទូទាំងប្រទេស រួមទាំងខេត្តឈៀងម៉ៃដែលជាស្រុកកំណើតរបស់អតីតនាយករដ្ឋមន្រ្តីធ្លាក់ពីអំណាច និងកំពុងភៀសខ្លួនរស់នៅបរទេសលោកថាក់ស៊ីនផង។ ក្នុងទីក្រុងបាងកក មានមនុស្សជាច្រើនពាន់នាក់បានជួបជុំគ្នាតាំងពីព្រលប់ថ្ងៃសុក្រ ទី១ មីនាដើម្បីគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សថៃរ៉ាក់សាឆាតដែលជាគណបក្សសម្ព័ន្ធមិត្តមួយរបស់លោកថាក់ស៊ីន។ គោលបំណងរបស់ក្រុមគណបក្សគំាំទ្រលោកថាក់ស៊ីន គឺដាក់គំនាបលើតុលាការធម្មនុញ្ញដែលគ្រោងនឹងចេញសេចក្តីសម្រេចរំលាយ ឬមិនរំលាយគណបក្សថៃរ៉ាក់សាឆាតនៅថ្ងៃទី៧ មីនាខាងមុខ។
គួររម្លឹកថា គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គជប) បានប្តឹងគណបក្សថៃរ៉ាក់សាឆាតទៅកាន់តុលាការធម្មនុញ្ញ បន្ទាប់ពីគណបក្សមួយនេះបានប្រកាសឲ្យដឹងក្នុងថ្ងៃសុក្រ ទី៨ កុម្ភៈនូវបេក្ខភាពជានាយករដ្ឋមន្រ្តីរបស់ព្រះម្ចាស់ក្សត្រីអ៊ុបុនរ៉ាត់ដែលជាបុត្រីច្បងរបស់អតីតព្រះមហាក្សត្រ។ តែទោះបីជាម្ចាស់ក្សត្រីអ៊ុបុនរ៉ាត់បានសម្រេចដកបេក្ខភាពចេញវិញនៅមួយថ្ងៃក្រោយមកក៏ដោយ ក៏គជបចង់ដឹងថា តើការយកសមាជិករាជវង្សសានុវង្សមួយអង្គឲ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីអាចខុសនឹងច្បាប់រដ្ឋធម្មនុញ្ញឬអត់?។ តុលាការធម្មនុញ្ញនឹងផ្តល់ចម្លើយចំពោះសំណួរនេះនៅថ្ងៃទី៧ មីនាខាងមុខ។ តែក្នុងពេលរង់ចាំចម្លើយ ក្រុមបាតុករបានបន្តដាក់គំនាបលើតុលាការធម្មនុញ្ញដោយស្រែកថា អនាគតប្រជាធិបតេយ្យក្នុងប្រទេសថៃកំពុងស្ថិតក្នុងកណ្តាប់ដៃតុលាការធម្មនុញ្ញ។
ដោយឡែក ក្នុងពេលដែលអនាគតរបស់គណបក្សថៃរ៉ាក់សាឆាតកំពុងបន្តស្រពិចស្រពិល គណបក្សអនាគតទៅមុខ (Future Forward) ដែលជាគណបក្សមួយទៀតប្រឆាំងនឹងរបបសឹកដែរនោះកំពុងលេចធ្លោយ៉ាងខ្លាំង និងកំពុងក្លាយជាកម្លាំងនយោបាយប្រជែងទល់នឹងគណបក្សរបស់លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា។ គណបក្សអនាគតទៅមុខ (Future Forward) ដឹកនាំដោយសេដ្ឋីថៃម្នាក់ឈ្មោះ ថាណាថនមានអាយុ ៤០ឆ្នាំ និងដែលកំពុងទទួលបានការគាំទ្រពីក្រុមយុវវ័យអាយុពី ១៨ ទៅ ២៥ឆ្នាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ