អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បញ្ឈប់​សមយុទ្ធ​ប្រចាំឆ្នាំ​​ជា​សម្បទាន​​ឆ្ពោះ​​ទៅ​​រំសាយ​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ឧបទ្វីបកូរ៉េ សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​បិទបញ្ចប់​សមយុទ្ធ​ប្រចាំឆ្នាំ​រវាង​គ្នា។ ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​សៅរ៍ ទី២ មីនា នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​លោក Jeong Kyeong-doo និង​សមភាគី​អាមេរិក​លោក Patrick Shanahan។ គោលដៅ គឺ​ដើម្បី​ជួយ​គាំទ្រ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង​នៅ​ក្នុង​បញ្ហា​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង។ អ្វី​ជា​ការ​កត់សម្គាល់ ការ​សម្រេច​របស់​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​សេអ៊ូល​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ជំនួបកំពូល​លើកទី២ រវាង​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​ក្នុង​ប្រទេស​វៀតណាម​នា​ថ្ងៃទី២៧ និង ២៨ កុម្ភៈ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទាំង​អស់។

ជំនួប​រវាង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូងមូន ចៃអ៊ីន (រូបឆ្វេង) និង​សមភាគី​អាមេរិក​លោក​ត្រាំនៅ​សេតវិមាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ឆ្នាំ ២០១៨
ជំនួប​រវាង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូងមូន ចៃអ៊ីន (រូបឆ្វេង) និង​សមភាគី​អាមេរិក​លោក​ត្រាំនៅ​សេតវិមាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ឆ្នាំ ២០១៨ AFP
ផ្សាយពាណិជ្ជកម្ម

គេ​អាច​និយាយ​បាន​ទេ​ថា ការ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ប្រកាស​បញ្ឈប់​សមយុទ្ធ​ប្រចាំឆ្នាំ​រវាង​គ្នា​ពេល​នេះ​ជា​ឆន្ទៈ​ដើម្បី​បន្ត​កិច្ចសន្ទនា​រវាង​អាមេរិក និង​កូរ៉េខាងជើង។ ដូច​គ្រប់​គ្នា​បាន​ដឹង​រួច​ហើយ​ថា ជំនួបកំពូលលើកទី២ រយៈពេល ២ថ្ងៃ​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​មិន​ត្រឹម​តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទេ តែ​ជំនួបកំពូល​នោះ​ថែម​ទាំង​ត្រូវ​បាន​បញ្ចប់​មុន​កម្មវិធី​ដែល​បាន​គ្រោង​ទុក ហើយ​លោក​ត្រាំ និង​លោក​គីម​ថែម​ទាំង​បាន​ដើរ​ចេញ​ពី​កន្លែង​ប្រជុំ​នៅ​មុន​បាយ​ថ្ងៃ​ត្រង់​ទៅ​ទៀត។ នេះ​ក៏​ដោយសារ​តែ​ភាគី​ទាំង​ពីរ​មិន​អាច​និយាយ​ចុះ​សម្រុង​គ្នា ហើយ​វា​ក៏​អាច​ជា​រូបភាព​មួយ​ដែល​គេ​អាច​គិត​ថា លោក​ត្រាំ និង​លោក​គីម​អាក់អន់ ស្រពន់​ចិត្ត​នឹង​គ្នា​ក៏​ថា​បាន។

ដូច្នេះ ការ​ដែល​សហរដ្ឋអាមេរិក​បាន​យល់​ព្រម​បញ្ឈប់​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង​ពេល​នេះ​អាច​ជា​សម្បទាន ឬ​កាយវិការ​មួយ​ដែល​អាមេរិក​ចង់​បន្ត​មាន​កិច្ចសន្ទនា​ជាមួយ​កូរ៉េខាងជើង​ជា​បន្ត​ទៀត។ គេ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​ពី​កូរ៉េខាងជើង​នៅ​ឡើយ​ទេ តែ​ប្រហែល​មាន​តែ​ប្រតិកម្ម​វិជ្ជមាន​ព្រោះ​ចូរ​កុំ​ភ្លេច​ថា​ជានិច្ចកាល របប​ក្រុង​ព្យុងយ៉ាង​តែង​បញ្ចេញ​ប្រតិកម្ម​ក្តៅក្រហាយ​នឹង​សមយុទ្ធ​ប្រចាំឆ្នាំ​រវាង​ទ័ពអាមេរិក និង​ទ័ព​កូរ៉េខាងត្បូង។ កូរ៉េខាងជើង​បាន​សម្លឹង​ឃើញ​សមយុទ្ធ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ថា​ជា​ការ​រៀបចំ​ជើងព្រួល​ដើម្បី​ចូល​ឈ្លានពាន​ទឹកដី​កូរ៉េខាងជើង នោះ​បើ​ទោះ​បី​ជា​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​សេអ៊ូល​តែង​ចេញ​មុខ​បដិសេធ​គ្រប់​ពេល​ក៏​ដោយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រសួង​ការបរទេស​កូរ៉េខាងត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក Lee Do-hoon បេសកជន​កូរ៉េខាងត្បូង​ទទួល​បន្ទុក​បញ្ហា​នុយក្លេអ៊ែរ​នឹង​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​នា​សប្តាហ៍​ក្រោយ​ដើម្បី​ជួប​សន្ទនា​ជាមួយ​លោក Stephen Biegun ប្រេសិតពិសេស​របស់​អាមេរិក​ទទួល​បន្ទុក​បញ្ហា​កូរ៉េខាងជើង។

ដក​ទ័ពអាមេរិក​ចេញ​ពី​ទឹកដី​កូរ៉េខាងត្បូង​ជា​សេណារីយ៉ូ​បន្ទាប់​របស់​លោក​ត្រាំ?

បច្ចុប្បន្ន​នេះ សហរដ្ឋអាមេរិក​មាន​ទ័ព​របស់​ខ្លួន​ជិត ៣០ ០០០នាក់​កំពុង​ឈរ​ជើង​លើ​ទឹកដី​កូរ៉េខាងត្បូង ហើយ​គឺ​ជា​មួយ​នឹង​កម្លាំង​ទ័ព​នេះ​ឯង​ដែល​សហរដ្ឋអាមេរិក​បាន​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ជាមួយ​ទ័ពកូរ៉េខាងត្បូង។ បើ​ផ្អែក​តាម​សេចក្តីប្រកាសព័ត៌មាន​រួម​រវាង​ក្រសួងការពារជាតិ​អាមេរិក និង​កូរ៉េខាងត្បូង​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អាទិត្យ ទី៣ មីនា សមយុទ្ធ​រវាង​ភាគី​ទាំង​ពីរ​នៅ​មិន​ទាន់​បញ្ឈប់​ភ្លាម​ទេ ពោល​ត្រូវ​ធ្វើ​ចុង​ក្រោយ​រយៈពេល ៩ថ្ងៃ​ដោយ​ផ្តើម​ពី​ថ្ងៃ​ចន្ទ ទី៤ ដល់​ថ្ងៃទី១២ មីនា។ ក៏​ប៉ុន្តែ សមយុទ្ធ​ដែល​គេ​ឲ្យ​ឈ្មោះ « សម្ព័ន្ធ » ត្រូវ​បាន​ប្តូរ​ទម្រង់ និង​យុទ្ធសាស្រ្ត​ដោយ​បង្រួម​តូច ហើយ​មាន​គោលដៅ​ការពារ​ខ្លួន​សុទ្ធសាធ នេះ​ជា​បញ្ជាក់​របស់​អ្នក​ទទួល​ខុសត្រូវ​យោធា​កូរ៉េខាងត្បូង​ម្នាក់​ដែល​មិន​ព្រម​បញ្ចេញ​ឈ្មោះ។ តែ​គេ​មិន​នៅ​មិន​ទាន់​ដឹង​ពី​ចំនួន​ទាហាន​ចូលរួម​របស់​ភាគី​ម្ខាងៗ​ទេ។

តាម​ពិត​ទៅ រឿង​បញ្ឈប់​សមយុទ្ធ​រវាង​ទ័ពអាមេរិក និង​ទ័ពកូរ៉េខាងត្បូង ឬ​មួយ​រឿង​ដកទ័ព​អាមេរិក​ទាំង​ជិត ៣០ ០០០នាក់​ចេញ​ពី​ទឹកដី​កូរ៉េខាងត្បូង​ត្រូវ​បាន​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​លើក​និយាយ​ច្រើន​ដង។ លោក​ត្រាំ​តែង​លើក​ឡើង​ពី​ការ​ចំណាយ​លុយ​យ៉ាង​ច្រើន​សម្បើម​ក្នុង​ការ​រក្សា​ទ័ពអាមេរិក​នៅ​លើ​ទឹកដី​កូរ៉េខាងត្បូង។ នៅ​ក្នុង​សន្និសីទកាសែត​នា​ជំនួបកំពូលលើកទី២ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​កន្លង​ទៅ​ថ្មីៗ​នេះ លោក​ត្រាំ​ក៏​បាន​លើក​យក​បញ្ហា​​ដដែល​នេះ​ទៅ​និយាយ​ទៀត។

ដូច្នេះ​គេ​អាច​និយាយ​បាន​ថា បន្ទាប់​ពី​សម្រេច​បញ្ឈប់​សមយុទ្ធ​រវាង​ទ័ពអាមេរិក និង​ទ័ពកូរ៉េខាងត្បូង រឿង​ដក​ទ័ពអាមេរិក​ចេញ​ពី​ទឹកដី​កូរ៉េខាត្បូង​អាច​ជា​សេណារីយ៉ូ​បន្ទាប់​របស់​លោក​ត្រាំ។ គួរ​រម្លឹក​ថា រឿង​ដក​ទ័ពអាមេរិក​ចេញ​ពី​ទឹកដី​កូរ៉េខាងត្បូង​ត្រូវ​បាន​កូរ៉េខាងជើង​យក​ធ្វើ​ជា​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ផ្សេង​ទៀត​ក្នុង​ការ​ចរចា​ស្តីពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ។ តែ​បើ​តាម​មើល​ទៅ លោក​ត្រាំ​ក៏​ចង់​បាន​សម្បទាន​ពី​លោក​គីម​មួយ​សិន មុន​នឹង​និយាយ​ដល់​រឿង​ដក​ទ័ពអាមេរិក​ចេញ​ពី​ទឹកដី​កូរ៉េខាងត្បូង។ ឃើញ​ថា ផ្លូវ​ដែល​អាមេរិក និង​កូរ៉េខាងជើង​ត្រូវ​ដើរ​នៅ​វែងឆ្ងាយ មុន​នឹង​ទៅ​ដល់​គោលដៅ។

កូរ៉េខាងត្បូង​ប្រឈម​នឹង​ហានិភ័យ​សន្តិសុខ បើ​គ្មាន​ទ័ពអាមេរិក?

រឿង​ដកទ័ព​អាមេរិក​ចេញ​ពី​ទឹកដី​កូរ៉េខាត្បូង​ជា​រឿង​មួយ រីឯ​រឿង​បញ្ឈប់​សមយុទ្ធ​រវាង​ទ័ពអាមេរិក និង​ទ័ព​កូរ៉េខាងត្បូង​ជា​រឿង​មួយ​ផ្សេង។ តែ​គេ​នាំ​គ្នា​ចាប់​អារម្មណ៍​ខ្លាំង​តែ​លើ​រឿង​សមយុទ្ធ។ មតិ​ខ្លះ​បាន​សម្តែង​ក្តី​បារម្ភ​ថា ការ​បញ្ឈប់​សមយុទ្ធ​រវាង​ទ័ពអាមេរិក និង​ទ័ពកូរ៉េខាងត្បូង​ជា​ការ​ដាក់​ទោស​លើ​កម្លាំង​ទ័ព​ទាំង​ពីរ និង​បាន​ផ្តល់​ផល​ចំណេញ​ឲ្យ​កូរ៉េខាងជើង​ទៅ​វិញ។ ចំណែក​ខ្លះ​ទៀត​យល់​ថា ការ​បញ្ឈប់ ការ​ព្យួរ ឬ​ការ​កម្រិត​ធ្វើ​សមយុទ្ធ​រវាង​ទ័ពអាមេរិក និង​ទ័ព​កូរ៉េខាងត្បូង​នឹង​គ្មាន​ផ្តល់​ផល​ប៉ះពាល់​លើ​កម្លាំងទ័ព​ទាំង​ពីរ ហើយ​ក៏​គ្មាន​បង្ក​ហានិភ័យ​អ្វី​ដល់​សន្តិសុខ​កូរ៉េខាងត្បូង​ប្រឈម​នឹង​កូរ៉េខាងជើង​ដែរ។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​មក​ពី​គេ​យល់​ថា កម្លាំងទ័ព និង​គ្រឿងសព្វាវុធ​ដែល​កូរ៉េខាងត្បូង​ម្នាក់​ឯង​មាន​ក្នុង​ដៃ គឺ​លើស​កូរ៉េខាងជើង​ឆ្ងាយ​ណាស់។

បន្ទាប់​មក និង​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ​ដែល​អាមេរិក​មិន​ទាន់​ដក​ខ្លួន​ចេញ​ពី​ទឹកដី​កូរ៉េខាងត្បូង កូរ៉េខាងជើង​ដែល​កំពុង​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​កំពុង​បន្ទន់​ឥរិយាបទ ហើយ​ព្យាយាម​សម្រុះសម្រួល​ជាមួយ​សហរដ្ឋអាមេរិក​ក៏​ប្រហែល​ជា​មិន​ហ៊ាន​ធ្វើ​អ្វី​ខ្លាំងក្លា​ជាមួយ​នឹង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែរ។ អតីត​មេបញ្ជាការ​កងទ័ព​អាមេរិក​ម្នាក់​ប្រចាំ​កូរ៉េខាងត្បូង​បាន​ប្រដូច​ការ​បញ្ឈប់​សមយុទ្ធ​រវាង​ទ័ពអាមេរិក និង​ទ័ពកូរ៉េខាងត្បូង​ពេល​នេះ​ថា ជា​ការ​យក​ដាវ​ទុក​ក្នុង​ស្រោម​របស់​វា​វិញ តែ​គ្មាន​នរណា​ហាម​មិន​ឲ្យ​ដក​វា​ទៅ​ប្រើ​ឡើង​វិញ​ដែរ ប្រសិន​បើ​ចាំ​បាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ