អានតួអត្ថបទ
ឥណ្ឌូណេស៊ី-អូស្រ្តាលី

ឥណ្ឌូណេស៊ី និង​អូស្រ្តាលី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មាន​ទឹកប្រាក់​រាប់ពាន់លានដុល្លារ

នៅ​ថ្ងៃ​ចន្ទ ទី៤ មីនា ប្រទេស​ឥណ្ឌូណេស៊ី និង​អូស្រា្តលី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​មាន​ទឹកប្រាក់​រាប់ពាន់លានដុល្លារ។ គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នេះ​ត្រូវ​បាន​ភាគី​ទាំង​ពីរ​បាន​ផ្តើម​ចរចា​តាំង​ពី​ឆ្នាំ ២០១០ និង​គ្រោង​ចុះ​ហត្ថលេខា​នៅ​មុន​ដំណាច់​ឆ្នាំ ២០១៨។ តែ​ត្រូវ​បាន​ពន្យារ​ពេល​មក​ដល់​ថ្ងៃ​នេះ​ដោយសារ​ថា ឥណ្ឌូណេស៊ី​មិន​សប្បាយចិត្ត​នឹង​អូស្រា្តលី​ដែល​បាន​សម្រេច​ទទួល​ស្គាល់​ហ្សេរ៉ុយសាឡិមខាងលិច​ជា​ទីក្រុង​របស់​ប្រទេស​អ៊ីស្រាអែល និង​គ្រោង​រើ​ស្ថានទូត​អូស្រា្តលី​ពី​ទីក្រុង​តេឡាវី​ទៅ​ដាក់​នៅ​ទីក្រុង​ហ្សេរ៉ុយសាឡិមខាងលិច។

ឥណ្ឌូណេស៊ី និងអូស្រ្តាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ថ្ងៃទី៤ មីនា ២០១៩
ឥណ្ឌូណេស៊ី និងអូស្រ្តាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ថ្ងៃទី៤ មីនា ២០១៩ Reuters
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ឥណ្ឌូណេស៊ី និង​អូស្រ្តាលី​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ទីក្រុង​ហ្សាការតា។ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អូស្រ្តាលី​បាន​ថ្លែង​សាទរ​ដោយ​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​នេះ​ថា ជា​ការ​រំកិលខិត​ចូល​កាន់​តែ​ជិត​រវាង​ប្រទេស​ជិតខាងទាំង​ពីរ​ដែល​មិន​ធ្លាប់​មាន​ពី​ពេល​មុន​ទេ។ ផ្អែក​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ទឹកប្រាក់​រាប់សិបពាន់លានដុល្លារ ឥណ្ឌូណេស៊ី​ដែល​មាន​ពលរដ្ឋ​រស់នៅ​ចំនួន ២៦០លាននាក់​នឹង​បើក​ទីផ្សារ​ឲ្យ​កាន់​តែ​ទូលាយ​ថែម​ទៀត​សម្រាប់​វិស័យ​ចិញ្ចឹម​សត្វគោ និង​សត្វចៀម​អូស្រ្តាលី។ បន្ទាប់​មក ឥណ្ឌូណេស៊ី​នឹង​ជួយ​សម្រួល​បែបបទ​ដល់​ក្រុម​អ្នកជំនាញសុខភាព និង​បុគ្គលិក​ផ្នែក​រ៉ែធ្យូងថ្ម​របស់​អូស្រា្តលី​ដែល​ចង់​ចូល​ទៅ​បំពេញ​ការងារ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

ពី​ខាង​អូស្រ្តាលី​វិញ អូស្រ្តាលី​នឹង​បើក​ទីផ្សារ​របស់​ខ្លួន​ឲ្យ​កាន់​តែ​ទូលាយ​ថែម​ទៀត​សម្រាប់​វិស័យ​ឧស្សាហកម្ម​រថយន្ត និង​វិស័យ​វាយនភ័ណ្ឌ​ដូច​ជា​ការ​នាំ​ឈើ​ចេញ ផលិតផល​អេឡិចត្រូនិច និង​ឱសថ។ គេ​សង្ឃឹម​ថា​ជាមួយ​នឹង​កិច្ចព្រមព្រៀង​នេះ ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ឥណ្ឌូណេស៊ី និង​អូស្រា្តលី​ដែល​មាន​ទឹកប្រាក់​ជិត ១២ ០០០លានដុល្លារ​ក្នុង​ឆ្នាំ ២០១៧ នឹង​កើន​ទ្វេដង​សម្រាប់​ឆ្នាំ​ខាង​មុខ។ គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ទើប​បាន​ចុះ​ហត្ថលេខា​ពេល​នេះ​ត្រូវ​បាន​ក្រុង​ហ្សាការតា និង​ក្រុង​កង់បេរ៉ា​ផ្តើម​ចរចា​តាំង​ពី​ឆ្នាំ ២០១០ និង​គ្រោង​ចុះ​ហត្ថលេខា​នៅ​មុន​ដំណាច់​ឆ្នាំ ២០១៨។

តែ​ត្រូវ​បាន​អាក់ខាន និង​អូសបន្លាយ​ដោយសារ​តែ​រដ្ឋាភិបាល​អូស្រា្តលី​បាន​សម្រេច​ទទួល​ស្គាល់​ហ្សេរ៉ុយសាឡិមខាងលិច​ជា​ទីក្រុង​របស់​ប្រទេស​អ៊ីស្រាអែល និង​គ្រោង​រើ​ស្ថានទូត​របស់​ខ្លួន​ពី​ទីក្រុង​តេឡាវី​ទៅ​ដាក់​នៅ​ទីក្រុង​ហ្សេរ៉ុយសាឡិមខាងលិច។ ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៨ នាយករដ្ឋមន្រ្តី​អូស្រ្តាលី​លោក Scott Morrison បាន​ប្រកាស​ជា​ផ្លូវការ​ដូច​សហរដ្ឋអាមេរិក និង​ប្រទេស​ខ្លះ​ទទួល​ស្គាល់​ហ្សេរ៉ុយសាឡិមខាងលិច​ជា​ទីក្រុង​របស់​ប្រទេស​អ៊ីស្រាអែល តែ​បាន​សម្រេច​មិន​រើ​ស្ថានទូត​អូស្រា្តលី​ទៅ​ដាក់​នៅ​ហ្សេរ៉ុយសាឡិមខាងលិច​ទេ។ លោក Scott Morrison បាន​លើក​ហេតុផល​ទៅ​ពន្យល់​ថា ដរាប​ណា​គ្មាន​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ស្ថានទូត​អូស្រ្តាលី​ប្រចាំ​អ៊ីស្រាអែល​នឹង​មិន​ប្តូរ​ទីតាំង​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ