អានតួអត្ថបទ

ឥណ្ឌា​ប្រកាសរក្សា​ទ័ព​ក្នុង​ស្ថានភាព​ត្រៀម​ប្រយុទ្ធ​​​ខ្ពស់បំផុត ដដែល

ឥណ្ឌា​មិន​ទុក​ចិត្ត​នឹង​ដំណឹង​ស្តី​ពី​ការ​ចាប់​ខ្លួន​ក្រុមប្រដាប់​អាវុធ​ប្រកាស​ដោយ​ប៉ាគីស្ថាន​ឡើយ។ នៅ​ថ្ងៃ​សៅរ៍​នេះ ឥណ្ឌា​បាន​គូសបញ្ជាក់​ថា​រក្សា​ទ័ព​ឱ្យ​ស្ថិ​តនៅក្នុង​ស្ថានភាព​ត្រៀម​ប្រយុទ្ធ​ ខ្ពស់​បំផុត ទល់​នឹង​ការ​វាយប្រហារ​ថ្មីមកពី​ខាង​ប៉ាគីស្ថាន​ជា​យថាហេតុ​មួយ​ដដែល។ មិន​តែ ប៉ុណ្ណោះ ឥណ្ឌា​បាន​ឆ្លៀត​ប្រកាស​ព្រមាន​ឱ្យ​ប៉ាគីស្ថាន​ចាត់​វិធានការ​ជាក់លាក់​ប្រឆាំង​នឹង​ក្រុម​ប្រដាប់អាវុធអ៊ីស្លាមជ្រុលនិយម។

ឆ្មាំ​ព្រំដែន​ឥណ្ឌា កំពុង​ឈរ​ជើង​នៅ​ Amritsar ថ្ងៃទី ១​មីនា ២០១៩
ឆ្មាំ​ព្រំដែន​ឥណ្ឌា កំពុង​ឈរ​ជើង​នៅ​ Amritsar ថ្ងៃទី ១​មីនា ២០១៩ REUTERS/Danish Siddiqui
ផ្សាយពាណិជ្ជកម្ម

​ឥណ្ឌា ​ទទួលស្តាប់​ដំណឹង​​មក​ពី​ខាង​ប៉ាគីស្ថាន​ ស្តី​ពី​ការ​​ចាប់​បាន​​ក្រុមប្រដាប់​អាវុធ​ជ្រុលនិយម ​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត ! ព្រោះ​ប៉ាគីស្ថាន​មិន​ដែល​ទទួល​ថា​ខ្លួន​គាំទ្រ​ក្រុម​ជ្រុល​និយមដែល​មក​វាយប្រហារ​លើ​ឥណ្ឌា​ទេ។ នេះ​ជា​ប្រសាសន៍​​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស នៅ​ក្នុង​សន្និសីទ​កាសែត​គ្មាន​ការ​ព្រាង​ទុក​នា​ថ្ងៃ​សៅរ៍​នេះ ដោយ​អះអាង​ទៀត​ថា ប៉ាគីស្ថាន​ជា​ជម្រក​របស់​ពួកភេរវជន សាធារណជនទូទៅ ទាំង​ក្នុង​និង​ក្រៅ​ប៉ាគីស្ថាន​ដឹង​គ្រប់​គ្នា​ ហើយ​ប៉ាគីស្ថាន​មិន​ដែលសម្រេច​ធ្វើ​សកម្មភាព​អ្វី​មួយ​ គួរ​ឱ្យ​ទុក​ចិត្ត​និង​ជឿជាក់ ​​ប្រឆាំងនឹង​ក្រុមប្រដាប់​អាវុធ​ ​Jaish e Mohammed ឬ​​ពួក​អង្គការ​ភេរវនិយមផ្សេងៗទៀត​ទេ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ឥណ្ឌា សម្រេច​ថា​រក្សា​កង​កម្លាំង​ទ័ព​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​ខ្ពស់​បំផុត​ដដែល​ ដើម្បីការពារ​ប្រជាពលរដ្ឋ​និង​ប្រទេស។ ឥណ្ឌា​បាន​ធ្វើ​ និង​បន្ត​ធ្វើ​គ្រប់យ៉ាង ប្រកប​ដោយ​​ទំនួល​ខុស​ត្រូវ​ និង​ការ​ពិចារណា។ នេះ​បើ​តាម​អ្នក​នាំពាក្យ​ឥណ្ឌា​ដដែល។

សូម​បញ្ជាក់​ថា ប្រតិកម្ម​របស់​ឥណ្ឌា​នៅ​ថ្ងៃ​នេះ ធ្វើឡើង​ក្រោយ​ពីក្រសួង​មហាផ្ទៃ​ប៉ាគីស្ថាន បាន​ប្រកាស​ចាប់​ខ្លួន​ជន​ជ្រុល​និយម​ បាន​ប្រមាណ​១៦៥ នាក់ ក្នុង​រយៈ​ពេល​ពេញ​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ ក្នុង​នោះ​មាន​ម្នាក់​ជា​ប្អូន​ប្រុស​របស់​មេដឹកនាំ​ចលនា​Jaish e Mohammed​ ដែល​បាន​ដឹកនាំ​ធ្វើ​ភេរវកម្ម​អត្តឃាត​ នៅ​តំបន់​កាស្មៀរ​ឥណ្ឌា កាលពី​ថ្ងៃទី ១៤ កុម្ភៈ សម្លាប់​ជីវិត​មនុស្ស​អស់ ជាង​៤០​នាក់ និង​ដែល​ជា​ដើម​ហេតុ​នាំ​ឱ្យតំបន់​កាស្មៀរជួប​​ភាព​តាន​តឹង​ប្រដាប់​អាវុធ​ជា​​ថ្មី​ រហូត​មក​ទល់​ថ្ងៃ​នេះ។

ក្រោយ​ហេតុការណ៍​ភេរវកម្ម​ភ្លាម ប៉ាគីស្ថាន​បាន​បដិសេធ​​គ្មាន​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​នោះ​ឡើយ។ រដ្ឋមន្ត្រីការបរទេស​ប៉ាគីស្ថាន បាន​ថែម​ទាំង​អះអាង​មេដឹកនាំ​ចលនា​ កំពុង​មានជំងឺ​ធ្ងន់​ និង​មិន​អាច​ចាក​ចេញ​ពី​ផ្ទះ​បាន​ទេ។ ចំណែក​​ឥណ្ឌា​វិញ ​បាន​បើក​ប្រតិបត្តិការ​ផ្លូវ​អាកាស​វាយ​លើ​ជំរំ​របស់​ពួក​Jaish e Mohammed នៅ​ថ្ងៃទី ២៦​កុម្ភៈ។ នៅ​ថ្ងៃទី ២៧ កុម្ភៈ ឥណ្ឌា​និង​ប៉ាគីស្ថាន​ បាន​ប្រយុទ្ធ​គ្នាមួយ​ប្រាវ​​នៅ​លើ​អាកាស​​។ ​​​ជា​មហាអំណាច​នុយក្លេអ៊ែរ​ដូច​គ្នា ឥណ្ឌា​និង​ប៉ាគីស្ថាន​ ធ្លាប់​ធ្វើ​សង្គ្រាម​នឹងគ្នា​​ចំនួន​បី​ដង​គិត​ចាប់​ពី​ឆ្នាំ​១៩៤៧​មក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ