ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/07 12h00 GMT
អាស៊ី

ឃាតកម្ម​គីម ជុងណាម៖ តុលាការ​ម៉ាឡេស៊ី​ដោះលែង​ស្រ្តីជាប់ចោទ​ឥណ្ឌូណេស៊ី

media  
ស្រ្តីឥណ្ឌូណេស៊ី នាង Siti Aisyah ដែលជាប់ចោទ​ពីបទ​សម្លាប់​បងប្រុស​របស់​មេដឹកនាំ​កូរ៉េខាងជើង កាលពី​ឆ្នាំ ២០១៧ ត្រូវ​បាន​តុលាការ​ម៉ាឡេស៊ី ដោះលែង​ឲ្យ​មាន​សេរីភាពកាលពី​ថ្ងៃ​ចន្ទទី ១១​មីនា ២០១៩ ©REUTERS/Stringer

តុលាការ​ម៉ាឡេស៊ី បាន​បង្ក​ឲ្យ​មាន​ភាពភ្ញាក់ផ្អើល​មួយ នៅ​ថ្ងៃ​ចន្ទនេះ ដោយ​បាន​សម្រេច​ដោះលែង​ស្រ្តី​ឥណ្ឌូណេស៊ី ដែល​ជាប់ចោទ ពី​បទ​ឃាតកម្ម​លើ រូប​លោក គីម ជុងណាម បងប្រុស​របស់​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន។ ការសម្រេច​របស់​ចៅក្រម ធ្វើឡើង​នៅ​ចំ​ថ្ងៃ​ដែល​តុលាការ​ត្រូវ​បើក​សវនាការ​ជំនុំជម្រះ​ស្រ្តី​វៀតណាម ដែល​រង​បទចោទប្រកាន់​ដូចគ្នា ក្នុង​សំណុំរឿង​ធ្វើឃាត​បងប្រុស​របស់​លោកគីម ជុងអ៊ុន។

 

ជាប់ក្នុង​ឃុំ អស់​១ឆ្នាំ​កន្លះ ក្នុង​បទ​ចោទប្រកាន់​ធ្វើ​ឃាត លោកគីម ជុងណាម បងប្រុស​របស់​មេដឹកនាំ​កូរ៉េខាងជើង ស្រ្តី​ជាតិ​ឥណ្ឌូណេស៊ី Siti Aisyah ត្រូវ​បាន​តុលាការ​ម៉ាឡេស៊ី​នៅ ជាយក្រុង​គូឡាឡាំពួរ​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព នៅ​ថ្ងៃ​ចន្ទនេះ។ ការសម្រេច​​របស់​ចៅក្រម​ធ្វើឡើង​ទៅតាម​ការសុំទាមទារ​របស់​ព្រះរាជអាជ្ញា ដែល​បាន​ទម្លាក់​ចោល​ទាំងស្រុង​ការចោទប្រកាន់​ទៅលើ​ស្រ្តី​ឥណ្ឌូណេស៊ី ពី​បទ​ឃាតកម្ម​លើ​លោក​គីម ជុងណាម​កាលពី​២ឆ្នាំ​មុន។

ដើរ​ចេញ​ពី​តុលាការ នៅក្នុង​ទឹកមុខ​ញញឹម​ស្រស់ ស្រ្តី​ឥណ្ឌូណេស៊ី Siti Aisyah បាន​និយាយ​ប្រាប់​អ្នកកាសែតថា ខ្លួន​នាង​សប្បាយចិត្ត និង​មិន​នឹកស្មានដល់​ថា នឹង​មាន​ថ្ងៃនេះនោះ​ទេ។ ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី ​ប្រចាំ​នៅ​ទីក្រុង​គូឡាឡាំពួរ​បាន​សំដែង​ការពេញចិត្ត​នឹង​ការសម្រេច​របស់​តុលាការ​ម៉ាឡេស៊ី និង​ថា ឥណ្ឌូណេស៊ី នឹង​ព្យាយាម​បញ្ជូន​នាង Siti Aisyah​ទៅ​ប្រទេស​កំណើត​វិញ ក្នុង​ពេល​ដ៏​លឿន​បំផុត។

ការសម្រេច​ដោះលែង​ស្រ្តី​ឥណ្ឌូណេស៊ី បាន​ធ្វើ​ឲ្យ​អ្នកតាមដាន​គ្រប់មជ្ឈដ្ឋាន​មាន​ការភ្ញាក់ផ្អើល ព្រោះ​វាធ្វើឡើង​នៅក្រោយ​ការផ្អាក​សវនាការ​អស់​៦ខែ និង​នៅ​ចំ​ថ្ងៃ ដែល​តុលាការ​ម៉ាឡេស៊ី ត្រូវ​ស្តាប់​សក្ខីកម្ម​របស់​នារី​ជនជាតិ​វៀតណាម​ម្នាក់​ទៀត ដែល​ជាប់ចោទ​ដូច​គ្នា​នឹង​ស្រ្តី​ឥណ្ឌូណេស៊ី ពី​បទ​ចូលរួម​ធ្វើ​ឃាត​លោក​គីម ជុងណាម បងប្រុង​របស់មេដឹកនាំ​កូរ៉េខាងជើង។ គេ​នៅ​មិនទាន់​ដឹងថា តើ​ចៅក្រម​ម៉ាឡេស៊ី នឹង​សម្រេច​យ៉ាងណា​លើ​ករណី របស់​ស្រ្តីជាប់ចោទ​វៀតណាម​នោះទេ។ ប៉ុន្តែ នៅ​ម៉ាឡេស៊ី រង​ការផ្តន្ទាទោស​ពី​បទ​ឃាតកម្ម សម្លាប់​មនុស្ស គឺ​ប្រឈម​នឹង​ទោសប្រហារ​ជីវិត។

សូមរំលឹក​ជូនថា លោក​គីម ជុងណាម បងប្រុស​ម្តាយទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង ត្រូវ​បាន​គេ​ធ្វើ​ឃាត នៅ​ព្រលាន​យន្តហោះ ​ក្រុង​គូឡាឡំពួរ កាលពី​ថ្ងៃ​ទី១៣​ កុម្ភៈ ឆ្នាំ ២០១៧ ដោយ​ប្រើ​សារធាតុ​គីមី ពុល ដ៏​សាហាវ​បំផុត​ ដែល​អាច​សម្លាប់​ប្រព័ន្ធ​សរសៃ​ប្រសាទ ​ក្នុង​ពេល​ដ៏​ខ្លី។

សូមអាន៖ អង្គការ​ហាមឃាត់អាវុធ​គីមី​ថ្កោល​ទោស​ការ​ប្រើ​ថ្នាំ​ពុ​លធ្វើ​​ឃាត​​គីមជុងណាម

ស្រ្តី ឥណ្ឌូណេស៊ី និង​វៀតណាម ២​នាក់ ត្រូវ​បាន​ចាប់ខ្លួន នៅក្រោយ​កាម៉េរ៉ា​នៅ​ព្រលាន​យន្តហោះ​បាន​បង្ហាញ​ថា ពួកគេ​បាន​បាញ់​សារធាតុ​ម្យ៉ាង​ទៅលើ​មុខ​របស់​ជនរងគ្រោះ។ នៅក្នុង​សវនាការ កាលពី​ខែ​តុលា​ឆ្នាំមុន ស្រ្តី​ជាប់ចោទ​ទាំងពីរ​បាន​និយាយ​ការពារ​ខ្លួន​ថា គ្មាន​កំហុស និង​ថា ពួកគេ​ត្រូវ​គេ​បោកប្រាស់ ឲ្យ​បាញ់ទឹក​លើ​មុខ​ជនរងគ្រោះ ដែល​ពួក​គេ​ជឿ​ថា ជា​តួសម្តែង ថត​ក្នុង​កម្មវិធី​កម្សាន្ត​របស់​ទូរទស្សន៍។

មេធាវី របស់​ស្រ្តី​ជនជាប់​ទាំងពីរ ធ្លាប់​បាន​ទាមទារ​ឲ្យ​តុលាការ​ម៉ាឡេស៊ី​ដោះលែង ស្រ្តី​ជនសង្ស័យ​ទាំងពីរ និង​ត្រូវ​ចាប់ខ្លួន​ឃាតករ​ពិតប្រាកដ គឺ ក្រុមបណ្តាញ​ភ្នាក់ងារ​សម្ងាត់​កូរ៉េខាងជើង ដែល​បាន​រត់គេចខ្លួន ទៅ​កូរ៉េខាងជើង នៅក្រោយ​ព្រឹត្តិការណ៍​ធ្វើឃាត​លើ​លោក​គីម ជុងណាម។ កន្លងមក កូរ៉េខាងត្បូង​ធ្លាប់​ចោទ​ប្រកាន់​ក្រុង​ព្យុងយ៉ាង​ថា នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោក​គីម ជុងណាម ដែល​ជា​មនុស្ស​ប្រឆាំង​រិះគន់​របប​ដឹកនាំ​របស់​លោក​គីម ជុងអ៊ុន។ ប៉ុន្តែ កូរ៉េខាងជើង​បាន​បដិសេធ ទាត់ចោល​ការចោទប្រកាន់ យ៉ាង​ដាច់​អហង្ការ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ