ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/07 12h00 GMT
អាស៊ី

ការសិក្សា៖ អត្រាមរណភាព ដោយសារ​ខ្យល់​ពុល​បរិយាកាស កើន​ឡើង​ទ្វេដង

media ផ្សែងពុល​បរិយាកាស​នៅទីក្រុង​សេអ៊ូល​ខែ​មីនា ឆ្នាំ ២០១៩ ©REUTERS/Kim Hong-Ji

ខ្យល់ពុល​បរិយាកាស ជា​ដើមហេតុ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​មុន​អាយុ ប្រមាណ ៨លាន ៨សែននាក់ នៅក្នុង​ពិភពលោក នៅ​ឆ្នាំ ២០១៥។ នេះ​បើតាម​ការសិក្សា​របស់​អ្នកស្រាវជ្រាវ​អាល្លឺម៉ង់ និង​ស្ហ៊ីប ដែល​ត្រូវ​បាន​ចុះផ្សាយ នៅក្នុង​ទស្សនាវដ្តី​អឺរ៉ុប​ស្តីពី​បេះដូង នៅ​ដើម​សប្តាហ៍នេះ។ អង្គការ​សុខភាព​ពិភពលោក​វិញ បាន​វាយតម្លៃ​ហើយថា ខ្យល់ពុល​បរិយាកាស​សម្លាប់​មនុស្ស​កាន់តែច្រើន​ជាងមុន គឺ​ច្រើន​ជាង​ផ្សែងបារី ទៅទៀត ព្រោះ​ថា នៅ​ឆ្នាំ ២០១៥​ដដែល មនុស្ស​ស្លាប់​ដោយសារ​ផ្សែងបារី មាន​ប្រមាណ ៧លាន ២​សែន​នាក់។

 

ការសិក្សា​របស់​អ្នកស្រាវជ្រាវ​អាល្លឺម៉ង់ និង​ស្ហ៊ីប បង្ហាញថា ខ្យល់ពុល​បរិយាកាស​ជាដើមហេតុ​ធ្វើ​ឲ្យ​មនុស្ស ក្នុង​ពិភពលោក ចំនួន ៨លាន ៨សែននាក់ ស្លាប់​មុន​អាយុ។ គឺ​ជា​អត្រា​មរណភាព​ទ្វេដង បើប្រៀបធៀប​នឹង​ការស្រាវជ្រាវ​រក​ឃើញ​កន្លងមក ដែល​បាន​ប៉ាន់ប្រមាណ​ថា ខ្យល់ពុល​បរិយាកាស​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ជាង​៤លាននាក់ ប៉ុណ្ណោះ​នៅ​ឆ្នាំ ២០១៥។

នៅក្នុង​ការសិក្សា​ថ្មី​នេះ ជាមួយ​នឹង​តួលេខ​ថ្មី​នៃ​ដង់ស៊ីតេ​របស់​ប្រជាជន អ្នកស្រាវជ្រាវ​ពឹងផ្អែក ទៅលើ​ចំណុច​សំខាន់​បី​ដើម្បី​ធ្វើការ​គណនា​រកឃើញ​អត្រា​មរណភាព​ដោយសារ​ខ្យល់ពុលបរិយាកាស។ ទី១ គឺ​អាយុ កត្តាប្រឈម​នឹង​ជម្ងឺ ហើយ​និង​ដើមហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់។

ប្រទេស​ចិន មាន​មនុស្ស​ស្លាប់​មនុស្ស​ដោយសារ​ខ្យល់ពុល​បរិយាកាស​ច្រើន​ជាងគេ ជាង​២លាន​៨សែន​នាក់ នៅ​ក្នុង​មួយឆ្នាំ។ ចំណែក​នៅ អឺរ៉ុប ខ្យល់ពុល​បរិយាកាស​ជា​ដើមហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជិត ៨សែននាក់ ស្លាប់​មុនអាយុ។ នៅ​អឺរ៉ុប អត្រាមរណភាព​មាន​ច្រើន ដោយសារ​មនុស្ស​រស់នៅ​កកកុញ ច្រើន នៅ​តាម​ទីក្រុង ដែល​មាន​អាប់អួរ​ខ្យល់ពុល​បរិយាកាស បូកផ្សំ​នឹង​ការខ្វះខាត​នៃ​សេវាព្យាបាល​ជម្ងឺ​នៅ​តាម​ប្រទេស​អឺរ៉ុប​មួយចំនួន។

ការសិក្សា​បាន​បង្ហាញ​ថា ចន្លោះ​ពី​៤០ ទៅ​៨០​ភាគរយ​នៃ​មនុស្ស​ស្លាប់ មុន​អាយុ គឺ​ស្លាប់​ដោយសារ​ជម្ងឺ​គាំងបេះដូង ជម្ងឺ​ដាច់សសៃឈាម​ខួរក្បាល ជម្ងឺ​ដាច់សសៃឈាម​បេះដូង ដែល​រហូតមកដល់​ពេលនេះ ត្រូវ​បាន​គេ​គិតស្មាន​ថា មាន​ជាប់ពាក់ព័ន្ធ​តិចតួច ជាមួយ​នឹង​សារធាតុ​ល្អិតឆ្មារ​ក្នុង​ខ្យល់ពុល​បរិយាកាស។

ប៉ុន្តែ​តាមការសិក្សា​ថ្មី​របស់​អ្នកស្រាវជ្រាវ​អាល្លឺម៉ង់ ករណី​មនុស្ស​ស្លាប់​មុន​អាយុ​ភាគច្រើន គឺ​បណ្តាល​មក​ពី​ដកស្រូបយក​ សារធាតុ ល្អិតឆ្មារ ដែល​មាន​នៅក្នុង​ផ្សែង​ពុល​បរិយាកាស និង​ដែល​មាន​ទំហំ​តូចជាង​សសៃសក់​ដល់​ទៅ​៣ដង។ សារធាតុ​នេះ មាន​នៅក្នុង​ផ្សែង​ពុល​ដែល​មាន​ប្រភព​ចេញ​មកពី​រថយន្ត រោងចក្រ​ឧស្សាហកម្ម ហើយ​និង​សកម្មភាព​កសិកម្ម។ តាម​អ្នកស្រាវជ្រាវ អឺរ៉ុប​ដែល​ប្រឈម​ខ្លាំង​នឹង​មនុស្ស​ស្លាប់​មុនអាយុ ច្រើន ត្រូវ​ប្រញាប់​ចាត់​វិធានការ​បន្ទាន់ ពោល​គឺ​ត្រូវ​ស្វែងរក​ប្រភព​ថាមពល​ថ្មី ដែល​គ្មាន​បញ្ចេញ​ផ្សែងពុល៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ