អានតួអត្ថបទ
អាមេរិក-ប៊ូអ៊ីង

ក្រោយ​ធ្លាក់​យន្តហោះ​នៅ​អេត្យូពី សិង្ហបុរី​ហាម​មិន​ឲ្យ​យន្តហោះ​ប៊ូអ៊ីង ៧៣៧ MAX ហោះ​ឆ្លង​កាត់​ដែនអាកាស​របស់​ខ្លួន

នៅ​ក្នុង​ប្រទេស​សិង្ហបុរី រដ្ឋអំណាច​អាកាសចរណ៍​ស៊ីវិល​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ហាម​មិន​ឲ្យ​យន្តហោះ​ប៊ូអ៊ីង ៧៣៧ MAX ហោះ​ចូល​ដែនអាកាស​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​អង្គារ ទី១២ មីនា។ ការ​សម្រេច​របស់​សិង្ហបុរី​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​យន្តហោះ ៧៣៧ MAX បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​នៅ​ក្នុង​ប្រទេស​អេត្យូពី​កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ មីនា ឆ្នាំ ២០១៩។ ចំណែក​នៅ​សហរដ្ឋអាមេរិក​ឯណោះ ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​មិន​បាន​ហាម​មិន​ឲ្យ​បន្ត​ប្រើប្រាស់​យន្តហោះ​ប៊ូអ៊ីង ៧៣៧ MAX ដូច​ប្រទេស​មួយ​ចំនួន​ទេ តែ​បាន​ជំរុញ​ក្រុមហ៊ុន​ប៊ូអ៊ីង​ឲ្យ​ពិនិត្យមើល និង​កែប្រែ​ឡើង​វិញ​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​មាន​បំពាក់​នៅ​ក្នុង​យន្តហោះ ៧៣៧ MAX។

ក្រោយ​ធ្លាក់​យន្តហោះ​នៅ​អេត្យូពី សិង្ហបុរី​ហាម​មិន​ឲ្យ​យន្តហោះ​ប៊ូអ៊ីង ៧៣៧ MAX ហោះ​ឆ្លង​កាត់​ដែនអាកាស​របស់​ខ្លួន
ក្រោយ​ធ្លាក់​យន្តហោះ​នៅ​អេត្យូពី សិង្ហបុរី​ហាម​មិន​ឲ្យ​យន្តហោះ​ប៊ូអ៊ីង ៧៣៧ MAX ហោះ​ឆ្លង​កាត់​ដែនអាកាស​របស់​ខ្លួន Reuters
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃ​អង្គារ ទី១២ មីនា និង​រហូត​ដល់​មាន​សេចក្តីសម្រេច​ថ្មី គ្រប់​យន្តហោះ​ប៊ូអ៊ីង​ប្រភេទ ៧៣៧ MAX ត្រូវ​បាន​ប្រទេស​សិង្ហបុរី​ហាម​មិន​ឲ្យ​ហោះ​ឆ្លង​កាត់​ដែនអាកាស​របស់​ខ្លួន​ទេ។ វិធានការ​របស់​សិង្ហបុរី​ពេល​នេះ​បាន​ធ្វើ​ឡើង ៤៨ម៉ោង​ក្រោយ​ការ​ធ្លាក់​យន្តហោះ​ប៊ូអ៊ីង ៧៣៧ MAX របស់​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airline ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស ១៥៧នាក់។ នៅ​មុន​សិង្ហបុរី ក៏​មាន​ប្រទេស​កាន់​តែ​ច្រើន​ឡើង ពិសេស​ប្រទេស​ដែល​មាន​យន្តហោះ​ប៊ូអ៊ីង​ប្រភេទ ៧៣៧ MAX ដូច​យ៉ាង​ចិន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ម៉ុងហ្គោលី អាហ្រ្វិកខាងត្បូង ម៉ិកស៊ិច និង​ប្រេស៊ីល​បាន​ហាម​មិន​ឲ្យ​យន្តហោះ​ប្រភេទ​នេះ​ហោះហើរ​មួយ​រយៈ។

នៅ​អាហ្សង់ទីន ក្រុម​អ្នក​បើក​យន្តហោះ​ឲ្យ​ក្រុមហ៊ុនអាកាសចរណ៍ Aerolineas Argentinas បាន​ប្រកាស​ថា ពួក​គេ​មិន​បើក​យន្តហោះ​ប្រភេទ​នេះ​ទេ ដរាប​ណា​គ្មាន​ព័ត៌មាន​គ្រប់គ្រាន់ និង​ការ​ធានា​ពី​ក្រុមហ៊ុន​ប៊ូអ៊ីង​នោះ។ ចំណែក​នៅ​សហរដ្ឋអាមេរិក ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​មិន​បាន​ហាម​មិន​ឲ្យ​បន្ត​ប្រើប្រាស់​យន្តហោះ​ប្រភេទ​ប៊ូអ៊ីង ៧៣៧ MAX ដូច​ប្រទេស​មួយ​ចំនួន​ទេ តែ​បាន​ជំរុញ​ក្រុមហ៊ុន​ប៊ូអ៊ីង​ឲ្យ​ពិនិត្យមើល និង​កែប្រែ​ឡើង​វិញ​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​មាន​បំពាក់​នៅ​ក្នុង​យន្តហោះ ៧៣៧ MAX យ៉ាង​យូរ​បំផុត​ត្រឹម​ខែ​មេសា​ខាង​មុខ។ គួរ​រម្លឹក​ថា យន្តហោះ ៧៣៧ MAX បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​ពីរ​បន្តបន្ទាប់​គ្នា។ លើកទី១ នៅ​ឥណ្ឌូណេស៊ី​កាល​ពី​ថ្ងៃទី២៩ តុលា ឆ្នាំ ២០១៨ ដោយ​បាន​ផ្តាច់​ជីវិត​អ្នកដំណើរ​ចំនួន ១៨៩នាក់ និង​លើកទី២ នៅ​អេត្យូពី​នា​ថ្ងៃ​អាទិត្យ ទី១០ មីនា ឆ្នាំ ២០១៩ ដោយ​ស្លាប់​អ្នក​ដំណើរ​ចំនួន ១៥៧នាក់។

សោកនាដកម្ម​ពីរ​ដង​នេះ​កំពុង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ប៊ូអ៊ីង​ឈឺក្បាល​ខ្លាំង និង​កំពុង​ធ្វើ​ឲ្យ​ក្រុមអ្នកវិនិយោគ​ព្រួយបារម្ភ​ជា​ពន់ពេក។ បច្ចុប្បន្ន​នេះ មាន​យន្តហោះ​ប៊ូអ៊ីង​ប្រភេទ ៧៣៧ MAX ដល់​ទៅ ៣៥០គ្រឿង​កំពុង​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​លោក ហើយ​ការ​ដាក់​ឲ្យ​ដំណើរការ​លើក​ទី១ របស់​វា​ទើប​ចាប់​ផ្តើម​ក្នុង​ឆ្នាំ ២០១៧ ប៉ុណ្ណោះ។ វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​ក្រុមហ៊ុន​ប៊ូអ៊ីង​ត្រូវ​ពិនិត្យមើល និង​ស្វែង​រក​មូលហេតុ​ដើម្បី​កែតម្រូវ​ផ្នែក​បច្ចេកទេស និង​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ប្រភេទ​យន្តហោះ​នេះ​ឡើង​វិញ។ បើ​មិន​ដូច្នោះ​ទេ ផលវិបាក​សេដ្ឋកិច្ច​នឹង​មាន​ទំហំ​ធំ ព្រោះ​សព្វថ្ងៃ ក្រុមហ៊ុន​ប៊ូអ៊ីង​បាន​ប្រើ​មនុស្ស​ជាង ១៥ម៉ឺននាក់​នៅ​អាមេរិក។ គ្រាន់​តែ​ក្នុង​ថ្ងៃ​ចន្ទ ទី១១ មីនា តម្លៃ​ភាគហ៊ុនប៊ូអ៊ីង​នៅ​ផ្សារភាគហ៊ុន Wall Street បាន​ធ្លាក់​ចុះ ៥,៣៦%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ