អានតួអត្ថបទ
អូតង់

អង្គការ​អូតង់​បារម្ភ​ពី​គ្រោះថ្នាក់​របស់​Huawei ទៅលើ​សន្តិសុខ​នៃ​បណ្តាញ​ទូរស័ព្ទជំនាន់ទី ៥

តើ​ក្រុមហ៊ុន​Huawei ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏ធំ​របស់​ចិន អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ សុវត្ថិភាព របស់​អនាគត​បណ្តាញ​ទាក់ទង​របស់​ទូរស័ព្ទ​ជំនាន់​ទី​៥ដែរឬទេ?នេះ​ជា​សំណួរ​ដែល​ប្រទេស​សមាជិក​ទាំង​២៩ របស់​អូតង់​កំពុង​ចោទសួរ និង​លើក​យក​ទៅ​ពិភាក្សា នៅទីស្នាក់ការ​របស់​អង្គការ​អូតង់ នៅ​ទីក្រុង​ព្រុចស៊ែល ប្រទេស​បែលហ៊្សិក។ នេះបើតាម អគ្គលេខាធិការ​របស់​អូតង់ នៅក្នុង​សន្និសីទកាសែត​​នៅថ្ងៃ​ម្សិលមិញ។ 

ក្រុមហ៊ុន​Huawei និង​ទង់ជាតិ​អាមេរិកាំង
ក្រុមហ៊ុន​Huawei និង​ទង់ជាតិ​អាមេរិកាំង ©REUTERS/Dado Ruvic
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទ​កាសែត នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​អូតង់ លោក​អគ្គលេខាធិការ​Jens Stoltenberg បាន​លើកឡើង​ពី​កង្វល់​របស់​ប្រទេស​សមាជិក​មួយចំនួន ពីរឿង​ក្រុមហ៊ុយន​Huawei ហើយនិង​តួនាទី​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ នៅក្នុង​ការកសាង​បណ្តាញ​ទូរគមនាគមន៍ ជាពិសេស គឺបណ្តាញ​ទូរស័ព្ទ ជំនាន់​ទី​៥ នៅ​ក្នុង​ទឹកដី​របស់​ប្រទេស​សមាជិក អូតង់។

អាមេរិក​ដែល​បាន​ចាត់ទុក​ក្រុមហ៊ុន​ Huawei ថា ជា​គ្រោះថ្នាក់ គំរាមកំហែង​អឺរ៉ុប ធ្លាប់​បាន​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​សម្ព័ន្ធមិត្ត នៅក្នុង​អង្គការ​អូតង់ កុំ​ឲ្យ​ប្រគល់​គម្រោង​វិនិយោគ​ទៅលើ​បណ្តាញ​ទូរស័ព្ទ ជំនាន់​ទី​៥​របស់​ខ្លួន ទៅ​ក្រុមហ៊ុន​ចិន Huawei។ ក្រុមហ៊ុន​Huawei​ដែល​អាមេរិក​ចោទថា ប្រើ​ឧបករណ៍ និង​បច្ចេកវិទ្យា​របស់ខ្លួន នៅក្នុង​ទឹកដី​បរទេស ដើម្បី​លួច​យក​ការណ៍​សម្ងាត់​ទៅ​ឲ្យ​កងទ័ព ចិន។

នៅ​អង្គារ​កន្លងទៅ នៅក្នុង​សវនាការ​ដេញដោល​របស់​គណៈកម្មការ​ការពារ​ជាតិ នៅ​ព្រឹទ្ធសភា​អាមេរិក មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​នៅ​អង្គការ​អូតង់​បាន​លើកឡើង​ពី​កង្វល់​របស់​អាមេរិក ស្តីពីគ្រោះថ្នាក់​នៃ​បច្ចេកវិទ្យា​ចុងក្រោយ ឬ​ហៅថា ប្រព័ន្ធ ៥G​របស់​ Huawei។ មេបញ្ជាការ​អាមេរិក​បាន​គំរាមដែរថា អាមេរិក​នឹងផ្តាច់​ផ្លូវ ឈប់​ទាក់ទង​ជាមួយ ប្រទេស​ណា ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ Huawei ចូល​វិនិយោគ បង្កើត បណ្តាញ​ទូរស័ព្ទ​ជំនាន់​ទី ៥ នៅក្នុង​បណ្តាញ​គមនាគមន៍​របស់​កងទ័ព។

សម្រាប់​មេបបញ្ជាការ​កងទ័ព​អាមេរិក​នៅ​អូតង់ ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរស័ព្ទ ជំនាន់​ទី ៥ របស់​ក្រុមហ៊ុន​ Huawei មាន​សមត្ថភាព​ខ្លាំង​អស្ចារ្យ ដែល​អាច​លួច​ចាប់យក​ទិន្នន័យ នៅក្នុង​បណ្តាញ​ឆ្លើយឆ្លើយ បាន​យ៉ាងលឿន​បំផុត។

ការគំរាម​របស់​មេបញ្ជាការ​អាមេរិក ធ្វើឡើង​នៅក្រោយ​កាសែត​អាមេរិក Wall Street Journal ចុះផ្សាយ​កាលពី​ថ្ងៃចន្ទ បទសម្ភាសន៍ ជាមួយ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ ទីក្រុង​ប៊ែរឡាំង​ដែល​នៅក្នុង​នោះ លោក​បាន​ព្រមាន​ពីការកាត់បន្ថយ ការដោះដូរ ព័ត៌មាន​សម្ងាត់​ជាមួយ​អាល្លឺម៉ង់ បើសិន​អាល្លឺម៉ង់ យល់ព្រម ឲ្យ​ក្រុមហ៊ុន​ Huawei ចូល​វិនិយោគក្នុង​បណ្តាញ​ទូរស័ព្ទ ប្រព័ន្ធ​៥G។

នៅថ្ងៃ​អង្គារ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​វិញ បាន​ប្រកាស​ថា អាល្លឺម៉ង់​នឹង​ពិភាក្សា​ជាមួយ វ៉ាស៊ីនតោន​ស្តីពីការប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ Huawei។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ