ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អាស៊ី

ឃាតកម្ម​លោកគីម ជុងណាម៖ តុលាការម៉ាឡេស៊ី បដិសេធ​មិន​ដោះលែង​ស្រ្តីជាប់ចោទ​វៀតណាម

media  
ស្រ្តីជាប់ចោទ​វៀតណាម ត្រូវ​បាន​ព្រះរាជអាជ្ញា​ម៉ាឡេស៊ី​នៅ​បន្ត​ចោទប្រកាន់​ក្នុង​បទ​ឃាតកម្ម​លើ​លោក​គីម ជុងណាមនៅ​ថ្ងៃទី ១៤ មីនា ២០១៩ ©REUTERS/Lai Seng Sin

តុលាការ​ម៉ាឡេស៊ី​មិន​ព្រម ដោះលែង​ស្រ្តីវៀតណាម ដែល​ជាប់ចោទ​ពីបទឃាតកម្ម​លើ​លោក​គីម ជុងណាម បងប្រុស​របស់​មេដឹកនាំ​កូរ៉េខាងជើង។ នៅក្នុង​សវនាការ​បើក​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ នៅ​ជាយក្រុង​គូឡាឡាំពួរ ព្រះរាជអាជ្ញា​ម៉ាឡេស៊ី បាន​បដិសេធ​សំណើ​សុំ​ឲ្យដោះលែង ពីមេធាវី​របស់​ជនជាប់ចោទ។ តើ​តុលាការ​ម៉ាឡេស៊ី​មាន​ជំហរ​លំអៀង​ឬ​យ៉ាងណា ព្រោះថា កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍នេះ​សោះ ចៅក្រម​ម៉ាឡេស៊ី ទើប​បាន​ប្រកាស​ដោះលែង​ឲ្យ​មាន​សេរីភាព ស្រ្តី​ជាប់ចោទ​ឥណ្ឌូណេស៊ី ដែល​តាមពិត រង​ការចោទប្រកាន់​ដូចគ្នា​នឹង​នារី​វៀតណាម ពី​បទឃាតកម្ម លើ​បងប្រុស​របស់​លោក​គីម ជុងអ៊ុន។

 

សំណុំរឿង​តែមួយ បទចោទប្រកាន់​ដូចគ្នា គឺ​ឃាតកម្ម​លើ​លោក​គីម ជុងណាម នៅ​ព្រលានយន្តហោះ​ម៉ាឡេស៊ី ប៉ុន្តែ ស្រ្តីជាប់ចោទ​ជាតិ វៀតណាម និង​ឥណ្ឌូណេស៊ី គ្មាន​ជោគវាសនា​ដូចគ្នា​នោះទេ។ ខុសពី​នាង​ស៊ីទី អៃយ៉ាស Siti Aisyah ដែល​ត្រូវ​បាន​ចៅក្រម​ប្រកាស​ដោះលែង​ឲ្យ​មាន​សេរីភាព និង​វិល​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ តាំង​ពី​ថ្ងៃ​ចន្ទ ស្រ្តីជាប់ចោទ​វៀតណាម នាង ឌ័ន ធីហឿង វិញ ត្រូវបាន​ព្រះរាជអាជ្ញា​ម៉ាឡេស៊ី បន្ត​ការចោទប្រកាន់​ពីបទឃាតកម្ម​លើ​បងប្រុស​របស់​មេដឹកនាំ​កូរ៉េខាងជើង។

អាច​និយាយ​បាន​ថា នៅក្នុង​សំណុំរឿង​ធ្វើឃាត ដ៏សាហាវ​ដោយប្រើ​អាវុធ​គីមី ដ៏សាហាវ ដូចជំនាន់​សង្រ្គាម​ត្រជាក់ មាន​តែ​នាង ឌ័ន ធីហឿង​ម្នាក់​ប៉ុណ្ណោះ ដែល​ស្ថិតនៅ​ក្នុង​រង្វង់ក្រចក​សេះ​របស់​តុលាការ​ម៉ាឡេស៊ី។ នៅក្នុង​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ព្រះរាជអាជ្ញា​ម៉ាឡេស៊ី​មិនបាន​បញ្ជាក់​ហេតុផល​ថា ហេតុអ្វី​បាន​ជា​មិនព្រម​ដោះលែង ស្រ្តី​ជាប់ចោទ​វៀតណាម ដូច​ករណី នាង​ស៊ីទី អៃយ៉ាស​ជាតិ​ឥណ្ឌូណេស៊ី។

ប៉ុន្តែ នៅក្នុង សវនាការ​នៅថ្ងៃ​នេះ គេ​ឃើញ​មាន​វត្ថុតាង​ជាច្រើន​ដែល​អាច​ដាក់បន្ទុក​ទៅលើ​នាង ឌ័ន ធីហឿង។ តាម​អ្នកកាសែត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP រូបភាព​វីដេអូ​ដែល​ចាក់បញ្ចាំង​នៅក្នុង​អង្គ​សវនាការ​បាន​បង្ហាញ រូប​ស្រ្តីជាប់ចោទ​វៀតណាម ដាក់​ដៃ​ទៅលើ​មុខ​របស់​គីម ជុងណាម មុន​នឹង​រត់គេច​ខ្លួន ចំណែក រូបភាព នាង ស៊ីទី អៃយ៉ាស​វិញ គឺ មិន​សូវ​ច្បាស់ នៅពេល​នាង​គេចចេញ​ពី​កន្លែង​មាន​ឃាតកម្ម។

នៅក្រោយ​លឺ​ព្រះរាជអាជ្ញា​ប្រកាស​មិន​ព្រមដោះលែង​នាង​ឲ្យមាន​សេរីភាព នាង ឌ័ន ធីហឿង ស្រែក​ទ្រហោយំ និង​បានស្រែក​សុំ​ឲ្យ​ឯកអគ្គរដ្ឋទូត​វៀតណាម ដែល​មាន​វត្តមាន​នៅក្នុង​សវនាការ​ជួយ​អន្តរាគម​ឲ្យ​នាង​មាន​សេរីភាព។

នៅក្រោយ​តុលាការ​សម្រេច​ដោះលែង​ខ្លួន កាលពី​ថ្ងៃ​ចន្ទ ស្រ្តី​ឥណ្ឌូណេស៊ី អៃយ៉ាស​បាន​ទទួល​ស្គាល់​ថា នាង​បាន​សុំឲ្យ​មន្រ្តីរដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ជួយ​អន្តរាគម​ឲ្យ​នាងមាន​សេរីភាព។ នៅក្រោយ​ការដោះលែង​ស្រ្តី​ឥណ្ឌូណេស៊ី ក្រសួង​ការបរទេស​វៀតណាម តាំង​ពី​ថ្ងៃ​អង្គារ​បាន​ទាក់ទង​ទៅ​សមភាគី​ម៉ាឡេស៊ី ដើម្បី ទាមទារ​ឲ្យ​មាន​ការដោះលែង​ជនជាតិ​របស់ខ្លួន​ជាបន្ទាន់។

មេធាវី​របស់​នាង ធីហឿង វិញ​បាន​អះអាងថា នឹង​ដាក់​ពាក្យ​សុំ​ឲ្យ​ដោះលែង​មាន​សេរីភាព​កូនក្តី​របស់​លោក​ម្តងទៀត នៅក្រោយ​ការសម្រេច​របស់​តុលាការ​ម៉ាឡេស៊ី ដែល​លោកចាត់ទុក​ថា លំអៀង មិន​យុត្តិធម៌ និង​មិន​ស្តែង​ពី​ប្រព័ន្ធ​ច្បាប់​របស់​ម៉ាឡេស៊ី។ ដោយមើល​ទៅលើ​ស្ថានភាព​សុខភាព​របស់​ស្រ្តីជាប់ចោទ​វៀតណាម តុលាការ​ស្ហា អាឡាម​នៅ​ថ្ងៃ​នេះ បាន​លើក​ពេល​សវនាការ​ប្រឆាំង​នាង ឌ័ន​ធីហឿង ទៅ​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍ក្រោយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ