ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/10 12h00 GMT

ខ្មាន់កាំភ្លើង​បាញ់រះ សម្លាប់​មនុស្ស​៤៩នាក់ នៅ​វិហារអ៊ីស្លាម នៅនូវែលសេឡង់

ខ្មាន់កាំភ្លើង​បាញ់រះ សម្លាប់​មនុស្ស​៤៩នាក់ នៅ​វិហារអ៊ីស្លាម នៅនូវែលសេឡង់
 
អ្នករបួស​នៅក្នុង​ហេតុការណ៍​បាញ់រះ​របស់​ខ្មាន់កាំភ្លើង​ដែល​បាន​សម្លាប់​មនុស្ស​៤៩​នាក់ នៅ​នូវែលសេឡង់ នៅថ្ងៃទី ១៥​មីនា​២០១៩ © REUTERS/SNPA/Martin Hunter

សោកនាដកម្ម​នៅ​វិហារ​អ៊ីស្លាម​នៅ​ប្រទេស​នូវែលសេឡង់។ យ៉ាងហោច មនុស្ស​៤៩នាក់ បាន​ស្លាប់ និង​រង​របួស​ជាច្រើននាក់ ដែលនៅក្នុង ២០នាក់ រងរបួស​ធ្ងន់ នៅក្នុង​ហេតុការណ៍ បាញ់រះ​របស់​ខ្មាន់កាំភ្លើង ទៅលើ​វិហារ​អ៊ីស្លាម ២​កន្លែង នៅទីក្រុង​ក្រៃឈើច ភាគខាងត្បូង​ប្រទេស​នូវែលសេឡង់ នៅ​ថ្ងៃសុក្រ។ ជនសង្ស័យ ៤នាក់ ត្រូវ​បាន​ចាប់ខ្លួន ដែលនៅក្នុង​១នាក់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទឃាតកម្ម។

 

តាម​លោកស្រី នាយករដ្ឋមន្រ្តី នូវែលសេឡង់ ក្នុង​ចំណោម​ជនរងគ្រោះ ដែល​បាត់បង់​ជីវិត​នៅក្នុង​សោកនាដកម្ម នៅក្រៃឈើច មាន​ស្រ្តី និង​កុមារ ចំណែក​មនុស្ស​ជាង​២០នាក់ ទៀត រង​របួស​ធ្ងន់។ មេដឹកនាំ​ក្នុង​ពិភពលោក ជាបន្តបន្ទាប់គ្នា ដែល​មាន​តាំង​ពី​នាយករដ្ឋមន្រ្តី អូស្ត្រាលី ប្រធានាធិបតី បារាំង ប្រធានាធិបតី​តួកគី និង​មេដឹកនាំ​របស់​ប្រទេស​កាន់សាសនា​អ៊ីស្លាម បានចេញមុខ​ថ្កោលទោស សកម្មភាព បាញ់រះ ទៅលើ​វិហារអ៊ីស្លាម​២កន្លែង នៅ​ថ្ងៃ​សុក្រនេះ នៅ​ទីក្រុង​ក្រៃឈើច របស់​ប្រទេស​នូវែលសេឡង់ ដែល​បាន​សម្លាប់​មនុស្ស យ៉ាងហោច ៤៩​នាក់។

ដោយ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​កម្រិត​ខ្ពស់​បំផុត នាយករដ្ឋមន្រ្តី​នូវែលសេឡង់ បានចាត់ទុក​ការបាញ់​រះ​សម្លាប់​មនុស្ស​នៅថ្ងៃ​នេះថា ជា​ការវាយប្រហារ​ភេរវកម្ម ដែល​មាន​គម្រោងការណ៍គិត​ទុក​​ជា​មុន​យ៉ាងច្បាស់លាស់ ហើយ​ថា ជនរងគ្រោះ បើទោះជា​មាន​ដើមកំណើត​មក​ពីណា... ជា​ជនអន្តោប្រវេសន៍ ឬ​ក៏​ជា​ជនភៀសខ្លួន ក៏ប៉ុន្តែ គឺ​សុទ្ធសឹង​ជា​ជនរួមជាតិ​នូវែលសេឡង់។

ប្រសាសន៍​របស់​លោកស្រី Jacinda Ardern

លោកស្រី​នាយករដ្ឋមន្រ្តី នូវែលសេឡង់ 15/03/2019 ស្តាប់

ផ្សាយផ្ទាល់​រូបភាព​បាញ់រះ​ទៅលើ​មនុស្ស​ក្នុង​វិហារអ៊ីស្លាម

នៅក្រោយ​ហេតុការណ៍ ​បាញ់​រះ​លើ​វិហារ​អ៊ីស្លាម ប៉ូលិស​នូវែលសេឡង់​បាន​រឹតបន្តឹង​សន្តិសុខ​ ​ការពារ​រាល់​វិហារ​អ៊ីស្លាម​នៅទូទាំងប្រទេស និង​បាន​អំពាវនាវ​កុំ​ឲ្យ​មាន​ការចែកចាយ​រូបភាព​វីដេអូ​បាញ់រះ​នៅក្នុង​វិហារ ដែល​ជនសង្ស័យ​អាច​ថត និង​បង្ហោះផ្សាយ​ផ្ទាល់​នៅ​លើ​បណ្តាញ​សង្គម ដូចជា ហ្វេសប៊ុក និង​ទ្វីតធ័រ​ជាដើម។ ខ្មាន់​កាំភ្លើង ដែល​បាន​ដាក់កាំម៉េរ៉ា នៅលើ​ក្បាល នៅ​បាន​ថត​បង្ហោះ​ផ្សាយ​ផ្ទាល់ តាមបណ្តាញ​សង្គម រូបភាព​វីដេអូ ដែល​ខ្លួន​កំពុង​បាញ់រះ សម្លាប់​មនុស្ស​ដោយ​មិន​រើសមុខ នៅ​ក្នុង​វិហារ នៅ​ក្រៃឈើច។ ប៉ូលិស​បាន​អំពាវនាវ​ឈប់​ឲ្យ​មាន​ការចែកចាយ​រូបភាព​វីដេអូ​ដ៏ហិង្សា បន្ទាប់ពី​ហ្វេសប៊ុក ទ្វីធ័រ​បានដក​ចោល​ភ្លាម​រូបវីដេអូ​ពី​បណ្តាញ​សង្គម​របស់ខ្លួន។

ការបាញ់រះ សម្លាប់​មនុស្ស​នៅ​វិហារ​អ៊ីស្លាម​២​កន្លែង នៅ​ទីក្រុង​ក្រៃឈើច កើតឡើង នៅពេល អ្នកកាន់​សាសនា​អ៊ីស្លាម​កំពុង​ចូល​ទៅ​សូត្រធម៌ ថ្វាយបង្គំ នៅក្នុង​វិហារ។ គេ​មិន​ដឹងថា តើ​មាន​ខ្មាន់កាំភ្លើង​ប៉ុន្មាន​នាក់​ដែល​បាន​ចូល​ទៅបាញ់​រះ សម្លាប់​មនុស្ស​នៅក្នុង​វិហារ​អ៊ីស្លាម​នៅ​ថ្ងៃ​សុក្រ។ តាម​ស្នងការ​ប៉ូលិស​នូវែលសេឡង់ នៅក្រោយ​ព្រឹត្តិការណ៍​បាញ់រះ គេ​បាន​ចាប់​បាន​ជនសង្ស័យ​៤នាក់ គឺ​ប្រុស​៣នាក់ ស្រ្តី​១នាក់ និង​រឹបអូស​បាន​អាវុធ និង​គ្រឿងផ្ទុះ​ជាច្រើន នៅក្នុង​រថយន្ត​របស់​ជនសង្ស័យ​ម្នាក់។

ប៉ូលិស​នូវែលសេឡង់​វិញ មិន​បាននិយាយ​ថា តើក្នុង​ចំណោម​ជនសង្ស័យ​ដែល​គេ​បាន​ចាប់ឃាត់ខ្លួន មាន​ខ្មាន់កាំភ្លើងដែល​បាញ់រះ​សម្លាប់​មនុស្ស​ដែរឬអត់​នោះទេ ប៉ុន្តែ ប៉ូលិស​គ្រាន់តែ​បញ្ជាក់ ក្នុង​ចំណោម​ជនសង្ស័យ​៤នាក់ មាន​ម្នាក់​ត្រូវ​បាន​ជាប់ចោទ​ពី​បទប្រព្រឹត្ត​ឧក្រិដ្ឋកម្ម និង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ សៅរ៍​ស្អែក។

នាយករដ្ឋមន្រ្តី​នូវែលសេឡង់​វិញ​និយាយ​ថា ជន​សង្ស័យ​ទាំង​៤​នាក់ ស្ថិត​នៅក្នុង​ក្រុមស្តាំ​និយមជ្រុល ប៉ុន្តែ ពួកគេ​មិន​ស្ថិតនៅ​ក្នុង​រ៉ាដា តាមដាន​របស់​ប៉ូលិស​នោះទេ។

លោក​នាយករដ្ឋមន្រ្តី​អូស្ត្រាលី Scott Morrison បាន​និយាយ​ថា ខ្មាន់កាំភ្លើង ដែល​បាញ់​សម្លាប់​មនុស្ស​នៅ វិហារ​ក្រៃឈើច មាន​ដើមកំណើត​អូស្ត្រាលី និង​ជា​ភេរវជន​ស្តាំនិយមជ្រុល។

ប្រព័ន្ធផ្សព្វផ្សាយ ក្នុង​ស្រុក និង​អន្តរជាតិ​ជាច្រើន​បានដឹង និង​កំណត់​អត្តសញ្ញាណ​របស់​ខ្មាន់កាំភ្លើង ថា ជា​ជនជាតិ​អូស្ត្រាលី ឈ្មោះ​Brenton Tarrant អាយុ ២៨ឆ្នាំ។ គេ​បាន​កំណត់​យ៉ាងដូច្នេះ ដោយសារ​តែ​ខ្មាន់​កាំភ្លើង បាន​បង្ហាញមុខ និង​ណែនាំ​ខ្លួន​គេ នៅ​ក្នុង​រូបភាព​វីដេអូ តាម​បណ្តាញ​សង្គម នៅ​ថ្ងៃ​សុក្រ។

ប្រសាសន៍​របស់​លោក សៅ សារី ប្រធាន​សមាគម​ខ្មែរ​នៅ​ទីក្រុង​ក្រៃឈើច 15/03/2019 ស្តាប់

ផ្សាយកំណត់ត្រា ៧៩​ទំព័រ ស្តីពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន នៅមុន​ធ្វើ​សកម្មភាព

នៅ ១ម៉ោង មុន​ពេល​ធ្វើ​សកម្មភាព បាញ់​រះ​សម្លាប់​មនុស្ស ជនសង្ស័យ អូស្ត្រាលី ​បាន​បង្ហោះ អត្ថបទ​ប្តេជ្ញា​ចិត្ត​របស់ខ្លួន នៅក្នុង​បណ្តាញ​ទ្វីតធ័រ  ដែល​អាច​ឲ្យ​គេ​កាត់​យល់​ពី និន្នាការ​ទៅ​រក​ក្រុម​ស្តាំនិយមជ្រុល​របស់​ជនដៃដល់។

នៅក្នុង​សេចក្តី​ប្រកាស​របស់ខ្លួន បុរស​អូស្ត្រាលី ដែល​អាច​ទំនង​ជា​ខ្មាន់កាំភ្លើង​នៅ​ក្រៃឈើច បាន​និយាយ​ថា ខ្លួន​គេ​បានចាប់​ងាកខ្លាំង​ទៅរក​ក្រុម​ស្តាំនិយមជ្រុល ចាប់តាំង​ពី​ឃើញ មេដឹកនាំ​របស់​គណបក្ស​ស្តាំនិយមជ្រុល​នៅ​បារាំង គឺ​លោកស្រី Marine Le Pen បាន​ចាញ់​ឆ្នោត​ប្រធានាធិបតី កាលពី​ឆ្នាំ ២០១៧។ បុរស​រូបនេះ​នៅបាន​លើក​និយាយ​ពី​ទ្រឹស្តី​នៃការឃុបឃិត ដែល​បង្កើតឡើង​ដោយ​ក្រុម​ស្តាំនិយមជ្រុល និង​ដែល​បាន​លើកឡើង​ពី​ការរលាយ​បាត់​សាសន៍​ស្បែក​ស អឺរ៉ុប ដោយសារ​តែ​ការលុកលុយ​របស់​ជនអន្តោប្រវេសន៍ តាមរយៈការបង្កើតកូន​កាន់តែច្រើន នៅក្នុង​ទឹកដី​អឺរ៉ុប។

នេះ​ជាលើក​ទី១ ដែល​មាន​ការបាញ់រះ​សម្លាប់​អ្នកកាន់សាសនា​អ៊ីស្លាម​ដ៏ច្រើន​បំផុត ក្នុង​ទឹកដី​ប្រទេស​លោកខាងលិច។ នូវែលសេឡង់​ជា​ទឹកដី​ស្ងប់ស្ងាត់ កើតមាន​ឧក្រិដ្ឋកម្ម​ដ៏តិចបំផុត គឺ​តែ ៣៧​ករណី​ប៉ុណ្ណោះ នៅ​ឆ្នាំ ២០១៧។ ការបាញ់រះ​សម្លាប់មនុស្ស​ក្នុង​ទ្រង់ទ្រាយ​ធំ នៅ​ឆ្នាំ១៩៩០ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រឹតបន្តឹង ការទិញ និង​ប្រើប្រាស់​អាវុធ​នៅ​នូវែលសេឡង់៕

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • រដ្ឋាភិបាល​អូស្រ្តាលី​ រង​សម្ពាធ​កាន់តែ​ខ្លាំង​ រឿង​ជន​ភៀសខ្លួន​

    ស្វែងយល់បន្ថែម

  • អូស្ត្រាលី-ជនភៀសខ្លួន

    អូស្ត្រាលី​វាយឬក បដិសេធ​មិន​ទទួល​សំណើរ​នូវែល​សេឡង់ ដែល​សុំ​ទទួល​យក​ជន​ភៀសខ្លួន

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ