អានតួអត្ថបទ
ប្រែប្រួល​អាកាសធាតុ

សិស្សសាលា​ក្នុង​ប្រទេស​ជាង​១០០​ដង្ហែក្បួន​ដើម្បី​បញ្ហា​អាកាសធាតុ

“អ្នកកំពុង​បំផ្លាញ​អនាគត​របស់​ពួកយើង”។ នេះ​ជា​ឃ្លា​ដែល​គេ​ឃើញ នៅ​លើ​បដា​របស់​សិស្សសាលា ដែល​បាន​ធ្វើ​កូដកម្ម មិន​ចូល​សាលារៀន ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ជា​បន្ទាន់​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ។ ដូចនៅ​រៀងរាល់​ថ្ងៃ​សុក្រ សិស្ស​សាលា រាប់ម៉ឺននាក់ នៅក្នុង​ប្រទេស​ជាង ១០០ ពិភពលោក បាន​ជួបជុំគ្នា និង​ដើរ​ដង្ហែក្បួន​ទាមទារ ទៅតាម​ការអំពាវនាវ​របស់​ចលនា​ដែល​មាន​ឈ្មោះថា ថ្ងៃសុក្រ​ដើម្បីអនាគត។ 

សិស្សសាលា​នៅ​ប្រទេស​ប៊ែលហ្ស៊ិក ដង្ហែក្បួន​ដើម្បី​អាកាសធាតុ នៅថ្ងៃសុក្រ​ទី ១៥ មីនា ២១០៩
សិស្សសាលា​នៅ​ប្រទេស​ប៊ែលហ្ស៊ិក ដង្ហែក្បួន​ដើម្បី​អាកាសធាតុ នៅថ្ងៃសុក្រ​ទី ១៥ មីនា ២១០៩ ©REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​អូស្ត្រាលី ជប៉ុន បារាំង ដាណឺម៉ាក នៅ​អឺរ៉ុប រហូត​ដល់​អាហ្វ្រិក យុវជន​សិស្សសាលា​ និង​និស្សិត រាប់ម៉ឺន​នាក់ បាន​ដង្ហែក្បួន លើក​បដា ទៅតាម​ការអំពាវនាវ​របស់​ចលនា​ថ្ងៃ​សុក្រ ដើម្បី អនាគត។ “យើង​ទើប​នឹង​កើត នៅក្នុង​ពិភពលោក​មួយ ដែល​កំពុង​ជួបវិបត្តិ​អាកាសធាតុ។ យើង កូន និង​ចៅៗ​របស់​ពួកគេ​នឹង​ត្រូវ​រស់នៅ​ជាមួយ​វិបត្តិ​មួយនេះ។ ដូច្នេះ យើង​មិនអាច​ទទួល​យកបានទេ »។ នេះ​ជា​សំដី​របស់​យុវតី ស៊ុយអ៊ែត Grieta Thunberg ដែល​ជា​ស្ថាបនិក​លេចមុខ​ជាងគេ​របស់​ចលនា​ថ្ងៃ​សុក្រ​ដើម្បី​អនាគត។

គិត​ត្រឹម​រសៀល​ថ្ងៃ​សុក្រ យុវតី​ស៊ុយអ៊ែត ដែល​គេ​ទើប​ស្នើឈ្មោះ​សម្រាប់ រង្វាន់ណូបែល​សន្តិភាព បាន​សរសេរ សារ​Twitter របស់នាងថា ក្បួន​កូដកម្ម​របស់​យុវជន​ដើម្បី​អាកាសធាតុ បាន​រៀបចំ​ធ្វើ នៅក្នុង​ប្រទេស​ចំនួន​១២៣ នៅក្នុង​ពិភពលោក។ តាម​វិបសៃតិ៍​របស់​ចលនា​យុវជន​ខាងលើ ក្រុមយុវជន​គ្រប់ទិសទី ដែល​មាន​ភាគច្រើន នៅ​ទឹកដី​អឺរ៉ុប ដូចជា​បារាំង អ៊ីតាលី អាល្លឺម៉ង់​បាន​កំណត់​កន្លែងណាត់ជួប ដង្ហែក្បួន ដើម្បី​អាកាសធាតុ ដល់​ទៅ ២ពាន់​កន្លែង នៅក្នុង​ពិភពលោក។

នៅ​ទីក្រុង​ហុងកុង បាងកក ដែល​កំពុង​ប្រឈម​នឹង​ផ្សែងពុល យុវនិស្សិត​រាប់ពាន់​នាក់​បាន​ស្រែក​ថា បើសិន​រដ្ឋាភិបាល មិនធ្វើការងារ ដូចជា​មនុស្សធំទេ នោះក្មេងៗ នឹង​ធ្វើវិញ។ សម្រាប់​យុវ​សិស្ស​នៅ​ប្រទេស​អ៊ូហ្កង់ដា ដែល​ឃើញ ជំនន់​ជន់លិច​សាលារៀន​របស់ពួកគេ ហើយ​និង​ការឡើង​កំដៅខ្លាំង រហូត​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​ប្រមូល​អារម្មណ៍​រៀន​បាននោះ ការប្រែប្រួល​អាកាសធាតុ​កំពុង​បំផ្លាញ​ប្រទេស​របស់​ពួកគេ។ «មេដឹកនាំ​សព្វថ្ងៃ​នឹង​ចាស់​ស្លាប់ ហើយ​បន្សល់ទុក តែ​ពិភពលោក​មួយ ដែល​ខូចអស់​ខ្ទេចខ្ទីរ”។

“យើង​ធ្វើ​កូដកម្ម​មិន​ចូល​សាលារៀន នៅ​រាល់​ថ្ងៃ​សុក្រ ដើម្បី ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន។ រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ភស្តុតាង​ថា ពិតជា​បាន​ធ្វើ​ការងារ​ពិតមែន ដើម្បី អាកាសធាតុ ពោល​គឺចាត់វិធានការ​ដើម្បី ទប់ស្កាត់​កុំ​ឲ្យ​កំដៅ​លើ​ផែនដី កើន​ឡើង ២អង្សារ បន្ថែមទៀត”។ នេះ​ជា​សេចក្តី​អំពាវនាវ​របស់​ចលនា​យុវជន ថ្ងៃ​សុក្រ​ដើម្បី​អនាគត។

ចលនា​ថ្ងៃសុក្រ ដើម្បី អនាគត កើតមាន​តាំង​ពី​រដូវក្តៅ​ឆ្នាំមុន នៅ​ពេល​យុវជន​នៅ ប្រទេស​អឺរ៉ុប នាំគ្នា គេចសាលា មិន​ទៅ​រៀន​នៅ​ថ្ងៃ​សុក្រ​ដើម្បី ប្រមូលផ្តុំ​តវ៉ា​ពី​ភាពអសកម្ម​របស់​រដ្ឋាភិបាល ក្នុង​រឿង​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។ យុវជន​កាន់តែច្រើន​កាន់តែ​ប្រលូក​ចូល​ក្នុង​ចលនា​ពលរដ្ឋ ធ្វើ​សកម្មភាព តវ៉ា​ប្រឆាំង​នឹង​រដ្ឋអំណាច ដែល​គេ​វាយតម្លៃ​ថា មិន​សូវ​អើពើ ឬ​ចាត់វិធានការ​យឺតយ៉ាវ ទាក់ទង​នឹងបញ្ហា​អាកាសធាតុ។ កូដកម្ម របស់​សិស្សសាលា​មិនទៅ​រៀន នៅ​ថ្ងៃសុក្រ មិន​សូវ​បាន​ការគាំទ្រ​ពី​អ្នកនយោបាយ​នោះទេ។ រដ្ឋមន្រ្តី​អប់រំ​អូស្ត្រាលី​ជាដើម បាន​ថ្លែងថា គេ​មិន​គួរ​លើកទឹកចិត្ត​ឲ្យ​សិស្ស​គេច មិន​ចូលរៀន​នៅថ្ងៃ​សុក្រ​នោះទេ។ សម្រាប់​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាល្លឺម៉ង់ ក្បួនដង្ហែ​របស់​សិស្ស​សាលា​នៅ​ថ្ងៃ​ចុងសប្តាហ៍​រឹតតែ​មានន័យ។

យ៉ាងណាក៏ដោយ ចលនា​ថ្ងៃសុក្រ​របស់​សិស្ស​សាលា​ដើម្បី​អាកាសធាតុ បាន​ទទួលការគាំទ្រ​ពីនាយករដ្ឋមន្រ្តី​នូវែលសេឡង់​ដែលថា យុវជន​មិនត្រូវ​មើលស្រាល​អំណាច​សំលេង​របស់ពួកគេ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ