អានតួអត្ថបទ
អាមេរិក-ចិន

អាមេរិក និង​ចិន​បាន​ប៉ះសម្តី​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ

នៅ​ថ្ងៃ​សុក្រ ទី១៥ មីនា ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការ​បន្ត​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ក្នុង​កិច្ចប្រជុំ ភាគី​អាមេរិក និង​ចិន​បែរ​ជា​បាន​ដំឡើង​សម្លេង​ដាក់​គ្នា​នៅ​ក្នុង​សំណុំរឿង​ផ្សេង​ទៅ​វិញ ពិសេស​ពាក់ព័ន្ធ​នឹង​គម្រោង​របស់​ចិន​ក្នុង​ការ​សង់​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​ដោយ​ឆ្លង​កាត់​ប្រទេស​ជា​ច្រើន​ក្នុង​លោក​នៅ​ទ្វីបអាស៊ី ទ្វីបអាហ្រ្វិក ទ្វីបអាមេរិកខាងត្បូង និង​ទ្វីបអាមេរិកកណ្តាល។ អាមេរិក​បាន​ច្រឡោត​ដាក់​ចិន​ដែល​ចង់​ឲ្យ​ដាក់​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ខ្លួន​នៅ​ក្នុង​សេចក្តីសម្រេច​ស្តីពី​អាហ្វហ្កានីស្ថាន។

ឯកអគ្គរដ្ឋទូតរងចិន​​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Wu Haitao
ឯកអគ្គរដ្ឋទូតរងចិន​​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Wu Haitao AFP
ផ្សាយពាណិជ្ជកម្ម

តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ត្រូវ​អនុម័ត​លើ​សេចក្តីសម្រេច​ថ្មី​បន្ត​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​រយៈពេល ១ឆ្នាំ។ តែ​ទីបំផុត ការ​ដំឡើង​សរសៃ ក ដាក់​គ្នា​រវាង​ភាគី​អាមេរិក និង​ចិន​បាន​បង្ខំ​ឲ្យ​បន្ត​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​តែ​រយៈពេល ៦ខែ​ប៉ុណ្ណោះ។ តាម​ពិត​ទៅ ការ​ប៉ះសម្តី​គ្នា​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​មិន​បាន​ផ្តោត​ចំ​លើ​រឿង​បន្ត​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ទេ តែ​ក្នុង​សំណុំរឿង​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន​ដែល​ចិន​បាន​ស្នើ​ឲ្យ​សរសេរ​នៅ​ក្នុង​សេចក្តីសម្រេច​ស្តីពី​អាហ្វហ្កានីស្ថាន។

អាមេរិក​តាម​រយៈ​ឯកអគ្គរដ្ឋទូត​ស្តីទី​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Jonathan Cohen បាន​ស្តី​បន្ទោស​ចិន​ដែល​បាន​ដាក់​សំណើ​នេះ​ឡើង និង​បាន​ចោទ​ចិន​ពី​បទ​យក​វេទិកា​អង្គការ​សហប្រជាជាតិ​ដើម្បី​ផ្តោត​សំខាន់​លើ​អាទិភាព​នៃ​នយោបាយ​ចិន​ជា​ជាង​និយាយ​ពី​បញ្ហា​របស់​ពលរដ្ឋ​អាហ្វហ្កានីស្ថាន។ ជា​ការ​ឆ្លើយ​តប​វិញ​ភ្លាមៗ ចិន​តាម​រយៈ​ឯកអគ្គរដ្ឋទូតរង​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Wu Haitao បាន​ចាត់​ទុក​ការ​ចោទ​របស់​អាមេរិក​ថា ផ្ទុយ​នឹង​ការ​ពិត និង​ពោរពេញ​ដោយ​ការ​រើសអើង។ តាម​លោក Wu អ្វី​ដែល​ចិន​កំពុង​ធ្វើ​ជា​គំនិត​ផ្តួចផ្តើម​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​គោលដៅ​អភិវឌ្ឍ និង​ភាព​សម្បូររុងរឿង ពោល​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​មហិច្ឆតាភូមិសាស្រ្ត​នយោបាយ​ទេ។

គួរ​រម្លឹក​ថា គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​ដែល​មាន​រូបភាព​ជា​ផ្លូវ ផ្លូវដែក និង​កំពង់ផែ​មាន​ជាប់​ពាក់ព័ន្ធ​នឹង ១២៣ប្រទេស​ក្នុង​លោក​តាំង​ពី​នៅ​ទ្វីបអាស៊ី ទ្វីបអាហ្រ្វិក ទ្វីបអាមេរិកខាងត្បូង និង​ទ្វីបអាមេរិកកណ្តាល។ តាំង​ពី​ឆ្នាំ ២០១៦ សេចក្តីសម្រេច​ស្តីពី​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​នៅ​អាហ្វហ្កានីស្ថាន​បាន​លើក​ឡើង​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន។ តែ​ឃ្លា​ដែល​ចែង​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ចិន​នៅ​អាហ្វហ្កានីស្ថាន​នេះ​ត្រូវ​បាន​រដ្ឋបាល​អាមេរិក​ស្នើ​ឲ្យ​ដក​ចេញ​វិញ​ក្នុង​ឆ្នាំ ២០១៨។ ក្រុង​វ៉ាស៊ីនតោន​យល់​ឃើញ​ថា កម្មវិធី​មួយ​នេះ​របស់​ចិន​បាន​បង្ក​ឲ្យ​មាន​ប្រទេស​ជា​ច្រើន​ជាប់​បំណុល​ចិន​វ័ន ក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ