អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង

Washington Post៖​ក្រុម​ប្រឆាំង​នឹង​របប​ក្រុងព្យុងយ៉ាង​ដែល​បាន​ចូល​ក្នុង​ស្ថានទូត​កូរ៉េខាងជើង​នៅ​អេស្ប៉ាញ

កាសែត​អាមេរិក​ឈ្មោះ Washington Post ទើប​បាន​ទម្លាយ​ព័ត៌មាន​ថ្មី​ស្តីពី​ព្រឹត្តិការណ៍​នៃ​ការ​ចូល​ក្នុង​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​ប្រទេស​អេស្ប៉ាញ​ពី​សំណាក់​មនុស្ស​មួយ​ក្រុម​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។ តាម Washington Post ចេញ​ផ្សាយ​ក្នុង​យប់​ថ្ងៃ​សុក្រ ទី១៥ មីនា ក្រុម​មនុស្ស​មួយ​ក្រុម​នោះ​ជា​ពួក​ប្រឆាំង និង​មាន​គោលដៅ​ផ្តួល​រំលំ​របបដឹកនាំ​ក្រុង​ព្យុងយ៉ាង​របស់​លោក​គីម ជុងអ៊ុន។ ព័ត៌មាន​របស់ Washington Post បាន​ធ្លាក់​មក បន្ទាប់​ពី​កាសែត​អេស្ប៉ាញ​មួយ​ឈ្មោះ El Pais បាន​បញ្ជាក់​ក្នុង​សប្តាហ៍​នេះ​ថា មាន​មនុស្ស​ពីរ​នាក់​ក្នុង​ក្រុម​នោះ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ ហើយ​អ្នក​ទាំង​ពីរ​ថែម​ទាំង​មាន​ទំនាក់ទំនង​ជាមួយ​ក្រសួង​ស៊ើបការណ៍​អាមេរិក CIA ទៀត​ផង។ តែ CIA ធ្លាប់​បាន​ច្រានចោល​ពី​ការ​រួមដៃ​ជាមួយ​ក្រុម​នេះ។

ទីស្នាក់ការ​របស់​កាសែត Washington Post
ទីស្នាក់ការ​របស់​កាសែត Washington Post AFP
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ចាប់​ផ្តើម​ក្នុង​ថ្ងៃទី២២ កុម្ភៈ​កន្លង​ទៅ ដោយ​មាន​មនុស្ស ១០នាក់​ប្រដាប់​ដោយ​កាំភ្លើង​ក្លែងក្លាយ​បាន​ចូល​ក្នុង​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ។ នៅ​ពេល​នោះ ពួក​គេ​បាន​ចាប់​បុគ្គលិក​ក្នុង​ស្ថានទូត​ចង និង​ចុកមាត់​អស់​ជា​ច្រើន​ម៉ោង មុន​នឹង​ចាក​ចេញ​ដោយ​នាំ​ទៅ​ជាមួយ​នូវ​ម៉ាស៊ីនកុំព្យូទ័រ ឯកសារ និង​ទូរស័ព្ទ​ជា​ច្រើន​គ្រឿង​តាម​រថយន្ត​ចំនួន ២គ្រឿង​របស់​ស្ថានទូត។ ព្រឹត្តិការណ៍​មួយ​នេះ​បាន​កើត​មាន​ឡើង​នៅ ៥ថ្ងៃ មុន​ជំនួបកំពូលលើកទី២ រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

ក្រោយ​ហេតុការណ៍​នោះ​ភ្លាម កាសែត​ប្រចាំថ្ងៃ​អេស្ប៉ាញ​មួយ​ឈ្មោះ El Pais ដែល​ដកស្រង់​ប្រភព​ប៉ូលិស និង​ស្ថាប័ន​ប្រឆាំង​ចារកម្ម​អេស្ប៉ាញ​បាន​បញ្ជាក់​ក្នុង​សប្តាហ៍​នេះ​ថា មាន​មនុស្ស​ពីរ​នាក់​ក្នុង​ចំណោម ១០នាក់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ ហើយ​អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ជាមួយ CIA អាមេរិក។ បន្ទាប់​មក រដ្ឋអំណាច​អេស្ប៉ាញ​ក៏​បាន​សុំ​ការ​បំភ្លឺ​ពី CIA តែ CIA បាន​បដិសេធ​ពី​ការ​ចូលរួម​ជាមួយ​ក្រុម​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី រដ្ឋអំណាច​ក្រុង​ម៉ាឌ្រីដ​មិន​សូវ​ជឿ​លើ​ចម្លើយ​របស់ CIA និង​បាន​យល់​ឃើញ​ថា CIA ប្រហែល​ជា​បាន​សហការណ៍​ជាមួយ​កូរ៉េខាងត្បូង​នៅ​ក្នុង​រឿងរ៉ាវ​មួយ​នេះ។

តែ​បើ​តាម​កាសែត​អាមេរិក Washington Post វិញ ក្រុម​ដែល​ចូល​ក្នុង​ស្ថានទូត​កូរ៉េខាងជើង​នៅ​អេស្ប៉ាញ​ជា​ក្រុម​ប្រឆាំង​នៅ​បរទេស​ដែល​មាន​បំណង​ផ្តួលរំលំ​របបដឹកនាំ​កូរ៉េខាងជើង​របស់​លោក​គីម ជុងអ៊ុន ហើយ​ពួក​គេ​បាន​បើក​ប្រតិបត្តិការ​ខ្លួន​ឯង​ដោយ​គ្មាន​សហការណ៍​ជាមួយ​រដ្ឋាភិបាល​បរទេស​ណា​មួយ​ទេ។ តាម Washington Post ដដែល ក្រុម​មួយ​នេះ​បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​កូរ៉េខាងជើង​នៅ​បរទេស​ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ​ដោយ​ដាក់​ឈ្មោះ​ថា « Joseon libre »។ ព័ត៌មាន​របស់ Washington Post ពេល​នេះ​ជា​ព័ត៌មាន​ចុង​ក្រោយ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ចូល​ស្ថានទូត​កូរ៉េខាងជើង​នៅ​ប្រទេស​អេស្ប៉ាញ​ពី​មនុស្ស​មួយ​ក្រុម​កាល​ពី​ថ្ងៃទី២២ កុម្ភៈ។ តែ​ខណៈ​នេះ ប៉ូលិស និង​រដ្ឋាភិបាល​អេស្ប៉ាញ​មិន​បាន​បញ្ជាក់​ជា​ផ្លូវការ​លើ​ព័ត៌មាន​លើកឡើង​ដោយ Washington Post ពេល​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ