ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/06 12h00 GMT

ហ្វីលីពីន​ជា​​ប្រទេស​ទី២​ដែល​បាន​ដក​សមាជិកភាព​ចេញ​ពី​​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ក្រុង​ឡាអេ​

ហ្វីលីពីន​ជា​​ប្រទេស​ទី២​ដែល​បាន​ដក​សមាជិកភាព​ចេញ​ពី​​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ក្រុង​ឡាអេ​
 
លោក​​ប្រធានាធិបតី​​ហ្វីលីពីន ឌុយទែរតេ ©Czar Dancel

នៅ​ថ្ងៃ​អាទិត្យ ទី១៧ មីនា ប្រទេស​ហ្វីលីពីន​ដក​សមាជិកភាព​ពី​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ជា​ផ្លូវការ។ មូលហេតុ មក​ពី​រដ្ឋអំណាច​ក្រុង​ម៉ានីល​មិន​សប្បាយចិត្ត​នឹង​ស្ថាប័ន​​អន្តរជាតិ​មួយ​នេះ​ដែល​បាន​បើក​ការ​ស៊ើបអង្កេត​លើ​ប្រធានាធិបតី​ហ្វីលីពីន​លោក​ឌុយទែរតេ។ គួរ​រម្លឹក​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ចាប់​កំណើត​ក្នុង​ឆ្នាំ ២០០២ ហើយ​មក​ដល់​ពេល​នេះ ហ្វីលីពីន​ជា​ប្រទេស​សមាជិកទី២ ដែល​បាន​ដក​ខ្លួន​ចេញ​វិញ បន្ទាប់​ពី​ការ​ដកខ្លួន​របស់​ប្រទេស​ប៊ូរុនឌី​ក្នុង​ឆ្នាំ ២០១៧។

ទន្ទឹម​នឹង​ការ​ដក​ខ្លួន និង​ការ​ព្រមាន​ដក​ខ្លួន​ចេញ​ពី​ប្រទេស​សមាជិក តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ក្រុង​ឡាអេ​ក៏​កំពុង​បន្ត​ទទួល​រង​ការ​វាយប្រហារ​ពី​ក្រុម​ប្រទេស​មិន​សមាជិក​ដែរ។

រឿងរ៉ាវ​រវាង​ហ្វីលីពីន និង​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ទើប​កើត​មាន​នៅ​ក្នុង​ជំនាន់​ប្រធានាធិបតី​ហ្វីលីពីន​លោក​ឌុយទែរតេ។ ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៨ តុលាការព្រហ្មទណ្ឌអន្តរជាតិ​បាន​បើក​ការ​ស៊ើបអង្កេត​បឋម​លើ​លោក​ឌុយទែរតេ​ស្តីពី​យុទ្ធនាការ​បោសសំអាត​ការ​ជួញដូរ​គ្រឿងញៀន​ក្នុង​ស្រុក។ គួរ​រម្លឹក​ថា យុទ្ធនាការ​កំចាត់​គ្រឿងញៀន​មួយ​នេះ​ត្រូវ​បាន​លោក​ឌុយទែរតេ​ផ្តើម​អនុវត្ត​តាំង​ពី​លោក​ជាប់​ឆ្នោត​ក្នុង​ឆ្នាំ ២០១៦ ហើយ​នៅ​ក្នុង​យុទ្ធនាការ​នោះ លោក​ឌុយទែរតេ​បាន​បើក​ដៃ​ឲ្យ​កម្លាំង​ប៉ូលិស​បាញ់​សម្លាប់​មិន​រើសមុខ​លើ​ជនសង្ស័យ និង​ជន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​នឹង​ការ​ជួញដូរ​គ្រឿងញៀន។

តាម​តួលេខ​ផ្តល់​ដោយ​ប៉ូលិស​ហ្វីលីពីន មាន​អ្នកប្រើប្រាស់ ឬ​អ្នកជួញដូរ​គ្រឿងញៀន​ចំនួន ៥ ១៧៦នាក់​ត្រូវ​បាន​សម្លាប់ តែ​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​អាច​មាន​ច្រើន​ជាង​នេះ​ដល់​ទៅ ៣ ឬ ៤ដង។ ទន្ទឹម​គ្នា​នេះ ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ថែម​ទាំង​បាន​រិះគន់​នយោបាយ​របស់​លោក​ឌុយទែរតេ​ដោយ​បាន​ចាត់​ទុក​ជា​សង្រ្គាមប្រឆាំង​អ្នកក្រីក្រ។ តែ​លោក​ឌុយទែរតេ​បាន​បន្ត​ធ្វើ​គ ធ្វើ​ថ្លង់​នៅ​ចំពោះ​មុខ​ការ​រិះគន់​ពី​បរទេស និង​នៅ​តែ​យល់​ឃើញ​ថា នយោបាយ​មួយ​នេះ​ជា​ផ្លូវ​ដ៏​ល្អ​សម្រាប់​ប្រទេស​របស់​លោក ហើយ​នយោបាយ​មួយ​នេះ​ក៏​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ក្នុង​ស្រុក​ដែរ។

បន្ទាប់​មក លោក​ឌុយទែរតេ​ដែល​គេ​ស្គាល់​ជា​ប្រធានាធិបតី​មាត់ដាច​រូប​នេះ​បាន​វាយប្រហារ​ត្រង់​លើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ថា​គ្មាន​សមត្ថភាព​ក្នុង​ការ​កាត់ទោស​លើ​លោក​ទេ។ គួរ​រម្លឹក​ថា ក្រោយ​ពី​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ប្រកាស​បើក​ការ​ស៊ើបអង្កេត​បឋម​លើ​លោក​ឌុយទែរតេ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៨ លោក​ឌុយទែរតេ​ក៏​បាន​ប្រកាស​ក្នុង​ថ្ងៃទី១៧ មីនា ឆ្នាំ ២០១៨ ដក​សមាជិកភាព​ហ្វីលីពីន​ចេញ​ពី​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ។ តែ​ហ្វីលីពីន​ត្រូវ​រង់ចាំ ១ឆ្នាំ គឺ​ថ្ងៃទី១៧ មីនា ឆ្នាំ ២០១៩ ទើប​អាច​ចាក​ចេញ​ជា​ផ្លូវការ​បាន។

តួនាទី និង​សមត្ថកិច្ច​របស់​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ

តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់​បាន​ផ្តើម​ចេញ​ជា​រូបរាង​តាម​រយៈ​លក្ខន្តិក​ទីក្រុង​រ៉ូម​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ ១៩៩៨ និង​បាន​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ​២០០២។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មាន​តួនាទី និង​សមត្ថកិច្ច​ជំនុំជម្រះ​លើ​បទល្មើស​ចំនួន ៣ គឺ​អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។ មាន​ប្រទេស​សមាជិក ២ក្រុម គឺ​ក្រុម​ប្រទេស​ដែល​បាន​ចុះ​ហត្ថលេខា​លើ​លក្ខន្តិក​ទីក្រុង​រ៉ូម តែ​មិន​បាន​ឲ្យ​សច្ចាប័ន និង​ក្រុម​ប្រទេស​​ដែល​បាន​ចុះ​ហត្ថលេខា​លើ​លក្ខន្តិក​ទីក្រុង​រ៉ូម តែ​បាន​ឲ្យ​សច្ចាប័ន។ ក្នុង​ករណី​នេះ គេ​ហៅ​ជា​ក្រុម​ប្រទេស​សមាជិក​ពេញសិទ្ធិ។ ទន្ទឹម​គ្នា​នេះ ក៏​នៅ​មាន​ក្រុម​ប្រទេស​ដែល​មិន​បាន​ចុះ​ហត្ថលេខា​លើ​លក្ខន្តិក​ទីក្រុង​រ៉ូម តែ​បាន​ទទួល​ស្គាល់​សមត្ថកិច្ច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

វិបត្តិ​រវាង​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ និង​ក្រុម​ប្រទេស​សមាជិក​ពេញ​សិទ្ធិ​បាន​ផ្ទុះ​ដំបូង​ក្នុង​ឆ្នាំ ២០១៦ ពោល​ក្នុង​ពេល​ដែល​ប្រទេស​ប៊ូរុនឌី​បាន​ប្រកាស​ដក​សមាជិកភាព​ចេញ​វិញ។ កាល​ណោះ រដ្ឋអំណាច​ប៊ូរុនឌី​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ជា​ឧបករណ៍​សម្ពាធ​គាប​តែ​លើ​រដ្ឋាភិបាល​នៃ​ប្រទេស​ក្រក្រី ឬ​មាន​គោលដៅ​បង្ក​អស្ថិរភាព​ក្នុង​ប្រទេស​ទាំង​នេះ​តាម​ការ​ញាក់​របស់​ក្រុម​ប្រទេស​មហាអំណាច។ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក គេ​ឃើញ​មាន​ប្រទេស​អាហ្រ្វិក​ផ្សេង​ទៀត ដូច​ជា​អាហ្រ្វិកខាងត្បូង កេនយ៉ា ហ្កំប៊ី និង​សំប៊ី​ក៏​បាន​ប្រកាស​ព្រមាន​ដក​ខ្លួន​ចេញ​ពី​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ។

សម្រាប់​ក្រុម​ប្រទេសអាហ្រ្វិក តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជា​តុលាការ​ប្រកាន់​ពូជសាសន៍

ប្រទេស​អាហ្រ្វិក​សឹង​ទាំង​អស់​មិន​ញញើត​នឹង​ចោទ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ថា ជា​តុលាការ​ប្រកាន់​ពូជសាសន៍។ តំាង​ពី​បាន​ចាប់​កំណើត​ក្នុង​ឆ្នំា ២០០២ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​កាត់ទោស​តែ​មេដឹកនំា​ស្បែកខ្មៅ។ ជាក់ស្តែង​ក្នុង​ថ្ងៃទី១០ កញ្ញា ឆ្នាំ ២០១៣ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ផ្តើម​ដំណើរការ​កាត់ទោស​ប្រធានាធិបតី និង​អនុប្រធានាធិបតី​នៃ​ប្រទេស​កេនយ៉ា​ពី​បទឧក្រិដ្ឋ​ប្រឆំាង​មនុស្សជាតិ។ កាយវិការ​នេះ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​អាច​ថា​ជា​លើកទី១ មិន​ធ្លាប់​មាន ព្រោះ​ជា​ការ​កាត់ទោស​លើ​មេដឹកនាំ​ដែល​កំពុង​កាន់​អំណាច​ពេញ​ដៃ។

បន្ទាប់​មក​ទៀត នៅ​ក្នុង​សវនាការ​កាត់ទោស​ទាំង ១០ ដែល​តុលាការ​ព្រហ្មទណ្ឌ​បាន​បើក​ធ្វើ​មក​ទល់​ពេល​នេះ មាន​ដល់​ទៅ ៩សវនាការ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ប្រទេស​អាហ្រ្វិក។ ប្រជាជន​អាហ្រ្វិក និង​ប្រជាជន​ទូទៅ​នៅ​ក្នុង​ពិភពលោក​សុទ្ធ​តែ​បាន​យល់​ឃើញ​ដូច​គ្នា​ថា ជន​ប្រព្រឹត្តិ​បទឧក្រិដ្ឋកម្ម​សង្រ្គាម ឬ​ឧក្រិដ្ឋកម្ម​ប្រឆំាង​នឹង​មនុស្សជាតិ​ត្រូវ​តែ​ទទួល​ទោស​ដោយ​ចៀសមិន​រួច។ តែ​អ្វី​ដែល​ប្រទេស​អាហ្រ្វិក​ទូទៅ​បាន​ចោទ​សួរ​នោះ​គឺ​ថា ហេតុអ្វី​បាន​ជា​មាន​តែ​អតីត​ថ្នាក់ដឹកនំា​អាហ្រ្វិក​ដែល​បាន​ជាប់​ក្នុង​សំណាញ់​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ តើ​វា​គ្មាន​ទេ​ឬ អ្នកដឹកនំា​ស្បែក ស​ដែល​ប្រព្រឹត្តិ​បទឧក្រិដ្ឋកម្ម​សង្រ្គាម ឬ​មួយ​ក៏​ប្រឆំាង​នឹង​មនុស្សជាតិ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ហ្វីលីពីន ប្រកាស​ដកខ្លួន​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

    ស្វែងយល់បន្ថែម

  • ហ្វីលីពីន-តុលាការព្រហ្មទណ្ឌអន្តរជាតិ

    មេធាវី​ហ្វីលីពីន​មួយ​រូប​​​ដាក់ពាក្យ​​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌអន្ត​រជាតិ​​ប្រឆាំង​លោក​ Duterte ​ពី​បទ​ឧក្រឹដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    តុលាការ​ក្រុងឡាអេ​ដំណើរការ​កាត់ទោស​អនុប្រធានាធិបតី​កេនយ៉ា ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ

    ស្វែងយល់បន្ថែម

  • ហ្វីលីពីន

    លោក​ឌុយទែរតេ​​ចង់​យក​គំរូ​​តាម​​រុស្ស៊ី​ ដើរ​ចេញពី​​​តុលាការ​ព្រហ្មទណ្ឌ​​អន្តរជាតិ​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ