ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT
អាស៊ី

ប្រធានាធិបតី​ចិន​លោកស៊ី ជីនពីង​ផ្តើម​ទស្សនកិច្ច​នៅ​អឺរ៉ុប​ចាប់​ពី​ថ្ងៃទី២១ មីនា

media  
ប្រធានាធិបតី​ចិន​លោកស៊ី ជីនពីង​ផ្តើម​ទស្សនកិច្ច​នៅ​អឺរ៉ុប​ចាប់​ពី​ថ្ងៃទី២១ មីនា REUTERS/Mark Schiefelbein/Pool

ក្រសួង​ការបរទេស​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី១៨ មីនា​នេះ​ពី​គម្រោង​ទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ចំនួន ៣ គឺ​អ៊ីតាលី ម៉ូណាកូ និង​ប្រទេស​បារាំង​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២១ មីនា។ ជម្រើស​ទៅ​កាន់​ប្រទេស​អ៊ីតាលី​មុន​គេ ព្រោះ​ទីក្រុង​រ៉ូម​ត្រូវ​ចូលរួម​ជាមួយ​ទីក្រុង​ប៉េកាំង​នៅ​ក្នុង​គម្រោង​របស់​ចិន​ស្តីពី​ការ​សង់ « ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ »។ គឺ​ជា​គម្រោង​មួយ​ដែល​កំពុង​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​នៅ​អឺរ៉ុប​កណ្តាល។

ដំណឹង​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​លូ កាង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដែល​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រមុខរដ្ឋ​ចិន​លោក​ស៊ី ជីនពីង​នៅ​ក្នុង​ប្រទេស​អ៊ីតាលី ម៉ូណាកូ និង​ប្រទេស​បារាំង​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ដល់​ថ្ងៃ​អង្គារ ទី២៦ មីនា។ តែ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​មិន​បាន​លំអិត​បន្ថែម​ទេ​ពី​កាលវិភាគ កម្មវិធី ឬ​មួយ​ក៏​រយៈពេល​ទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង​នៅ​ក្នុង​ប្រទេស​នីមួយៗ។ អ្វី​ដែល​គេ​ដឹង​នៅ​ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីតាលី ក្រុង​ប៉េកាំង​ត្រូវ​ចុះ​ហត្ថលេខា​ជាមួយ​ក្រុង​រ៉ូម​លើ​ពិធីសា​មួយ​នៃ​​កិច្ចព្រមព្រៀង​ទាក់ទង​នឹង​គម្រោង​សង់ « ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ » របស់​ចិន។

ក្នុង​ករណី​នេះ អ៊ីតាលី​អាច​នឹង​ក្លាយ​ជា​ប្រទេសទី១ នៅ​ក្នុង​ក្រុម ប្រទេស​មហាអំណាច​ឧស្សាហកម្ម G៧ ដែល​បាន​ចូលរួម​ជាមួយ​គម្រោង​របស់​ចិន។ គួរ​រម្លឹក​ថា គម្រោង « ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ » ត្រូវ​បាន​ចិន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ ២០១៣ មាន​គោលដៅ​បង្កើន​ការ​តភ្ជាប់​រវាង​ទ្វីប​អាស៊ី និង​ទ្វីប​អឺរ៉ុប និង​គ្រោង​ចំណាយ​ប្រាក់​ដល់​ទៅ ១ ០០០ ០០០លានដុល្លារ​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវគោក និង​ផ្លូវសមុទ្រ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ គម្រោង​មួយ​នេះ​របស់​ចិន​កំពុង​ពុះ​ចែក​អឺរ៉ុប​ជា​ពីរ នៅ​ម្ខាង ក្រុម​ប្រទេស​ដែល​ចូលរួម​ជាមួយ​ចិន ដូច​យ៉ាង​ក្រិក និង​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត ចំណែក​នៅ​ម្ខាង​ទៀត ក្រុម​ប្រទេស​ដែល​បារម្ភ​ខ្លាច​ចិន​បង្កើន​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​ឆ្ពោះ​ទៅ​អឺរ៉ុប​ខាងលិច។

បន្ទាប់​ពី​អ៊ីតាលី លោក​ស៊ី ជីនពីង​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ូណាកូ​ដែល​ជា​ទស្សនកិច្ច​លើកទី១ របស់​ប្រមុខរដ្ឋ​ចិន​ម្នាក់​កំពុង​កាន់​អំណាច។ ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៨ ស្តេច​ម៉ូណាកូ Albert ទី២ ត្រូវ​បាន​លោក​ស៊ី​ទទួល​ក្នុង​ទីក្រុង​ប៉េកាំង។ បន្ទាប់​ពី​ម៉ូណាកូ ប្រមុខរដ្ឋ​ចិន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង​ដើម្បី​ចូលរួម​ខួបគម្រប់ ៥៥ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​ប៉ារីស។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា គម្រោង​ដាក់​ជើង​ជាន់​ទឹកដី​បារាំង​របស់​លោក​ស៊ី​ជីនពីង​កើត​ឡើង​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​បារាំង​កំពុង​ចោទ​សួរ​ខ្លួន​ឯង​ពី​ហានិភ័យ​ទាក់ទង​នឹង​ការ​ពង្រាយ​បណ្តាញ​ប្រព័ន្ធ​ទូរគមនាគមន៍​ជំនាន់​ថ្មី ៥G របស់​មហា​ក្រុមហ៊ុន​ចិន Huawei៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ