អានតួអត្ថបទ
សហរដ្ឋអាមេរិក-រុស្ស៊ី

ការប្រកួតប្រជែង​សព្វាវុធ​ក្នុង​ទី​​អវកាស៖ អាមេរិក​មិនទុកចិត្ត​ចិន និង​រុស្ស៊ី

អាមេរិក នៅថ្ងៃ​អង្គារ​ម្សិលមិញ បាន​ចោទប្រកាន់​ចិន និង​រុស្ស៊ី ថា កំពុង​បង្កើន​ឱកាស​ឲ្យ​កើតមាន​ជម្លោះ នៅក្នុង​ទីអវកាស តាមរយៈ​ការអភិវឌ្ឍ ផលិត​អាវុធ​ប្រឆាំង​ផ្កាយរណប។ នេះ​ជា​ការលើកឡើង​របស់​មន្រ្តី​ការបរទេស​អាមេរិក នៅក្នុង​សន្និសីទ​ស្តីពី​ការលុបបំបាត់អាវុធ ដែល​ត្រូវ​បាន​រៀបចំ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ 

យានអវកាស​រុស្ស៊ី ដែល​បាញ់បង្ហោះ​ចេញពី​ប្រទេស​កាហ្សាក់ស្ថាន នៅថ្ងៃទី ១៥​មីនា ២០១៩
យានអវកាស​រុស្ស៊ី ដែល​បាញ់បង្ហោះ​ចេញពី​ប្រទេស​កាហ្សាក់ស្ថាន នៅថ្ងៃទី ១៥​មីនា ២០១៩ ©REUTERS/Shamil Zhumatov
ផ្សាយពាណិជ្ជកម្ម

“តើ​ឲ្យ​គេ​ជឿ​ទុកចិត្ត​បាន​យ៉ាងម៉េចថា រុស្ស៊ីចូលរួម​បង្ការ​ការប្រកួតប្រជែង​សព្វាវុធ​ក្នុង​ទី​អវកាស? ត្រូវដឹងថា គឺ​ពួកគេ​នោះឯង​ដែល​ជា​អ្នក​ផលិត​អាវុធ​បាញ់​បំផ្លាញ​ផ្កាយរណប?” លោកស្រី Yleem Poblete ជំនួយការ​របស់​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​ចោទប្រកាន់​ភាគី​រុស្ស៊ី នៅក្នុង​ពេល​ដែល​អ្នកជំនាញ​មក​ពី ប្រទេស​២៥ ដែលនៅក្នុង​នោះ មាន​អាមេរិក ចិន​និង​រុស្ស៊ី​ផងដែរ កំពុង ជួប​ពិភាក្សា​(បិទទ្វារ តាំង​ពី​ថ្ងៃ​ចន្ទ​ទី ១៨ មីនា) នៅទីក្រុង​ហ្សឺណែវ ស្តីពី​ការបង្កើត​ឲ្យ​មាន​អនុសញ្ញា​បង្ការ​ការប្រកួតប្រជែង​សព្វាវុធ ក្នុងទីអវកាស។

ទីក្រុង​ប៉េកាំង និង​ម៉ូស្គូ​បាន​គាំទ្រ​ឲ្យ​មាន​ការជួបប្រជុំ​របស់​អ្នកជំនាញ​ថ្នាក់រដ្ឋាភិបាល នៅក្រោម​ការដឹកនាំ​របស់​ឯកអគ្គរដ្ឋទូត​ប្រេស៊ីល សម្រាប់​សន្និសីទ​ស្តីពីការលុបបំបាត់​ចោល​អាវុធ របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​ទីស្នាក់ការ​នៅទីក្រុង​ហ្សឺណែវ។ ប៉ុន្តែ វ៉ាស៊ីនតោន មិន​ជឿទុកចិត្ត បន្ទាប់​ពី​ឃើញ ចិន និង​រុស្ស៊ី បាន​បាញ់​សាកល្បង​ដោយ​ជោគជ័យ មីស៊ីល ដែល​អាច​បាញ់​ពីដី ទៅ បំផ្លាញ​កម្ទេច​ផ្កាយរណប​នៅក្នុង​ទីអវកាស។

លោកស្រី Pobleteដែល​ធ្វើការ​នៅ​ការិយាល័យ​ត្រួតពិនិត្យ​អាវុធ នៅ​ក្រសួងការបរទេស​អាមេរិក បាន​ចោទប្រកាន់​រុស្ស៊ី ផងដែរ​កំពុង​ព្យាយាម​ផលិត​កាំរស្មី​Laser ដែល​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ផ្កាយរណប​ខ្វាក់ភ្នែក ឬ​ត្រូវ​បំផ្លាញ​ទាំងស្រុង។ បន្ទាប់​ពី​រុស្ស៊ី មន្រ្តីអាមេរិក​បាន​ចោទប្រកាន់​ផងដែរ ភាគី​ចិន ដែលកំពុង​ផលិត​មីស៊ីល​ដែល​អាច​បាញ់​កម្ទេច​ផ្កាយរណប ក្នុង​កំពស់​ដ៏ទាប ហើយ​និង​ប្រើ​ឧបករណ៍​សម្រាប់​រំខាន​ការងារ​តាមដាន​របស់​ផ្កាយរណប របស់​គូសត្រូវ។

អាមេរិក​ចោទប្រកាន់​រុស្ស៊ី និង​ចិន ប៉ុន្តែ គឺ​អាមេរិក​ខ្លួនឯង ដែល​ជា​ប្រទេស​សកម្មជាងគេ នៅ​ក្នុងការអភិវឌ្ឍ​កម្មវិធី​អវកាស​ខាង​ផ្នែក​យោធា។ គេ​នៅចាំបានថា នៅ​ពេល​ដែល​មហាសន្និបាត​អ.ស.ប.​អនុម័ត​​សេចក្តីសម្រេច​​ទាមទារ​​ឲ្យ​មាន​ការចរចា​លើ​អនុសញ្ញា​ជាលក្ខណៈ​អន្តរជាតិ ដើម្បី​បង្ការ​ការប្រជែង​សព្វាវុធ​នៅ​ក្នុង​ទីអវកាស គ្រប់ប្រទេស​ទាំងអស់​ដែល​ជា​សមាជិក​អ.ស.ប បាន​បោះឆ្នោត​គាំទ្រ លើកលែង​តែ​ប្រទេស​ពីរ​ដែល​បាន​បោះឆ្នោត​អនុប្បវាទ គឺ​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល។

កាលពី​ឆ្នាំមុន ទៀតសោត ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ធ្លាប់​បាន​ប្រកាស ថា ទី​អវកាស​បាន​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ ដូច​សមរភូមិ​លើ​អាកាស លើ​ដី និង​លើ​ទឹក។ លោក​នៅ​បាន​លើកឡើង​ពី​គម្រោង​បង្កើត​កម្លាំង​ទ័ព អវកាស ដែល​ជា​កម្លាំងទ័ព​ទី៦ របស់​សហរដ្ឋអាមេរិក ចាប់ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ