អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិស័យ​ទេសចរណ៍​ក៏ដូច​ជា​វិស័យ​វិនិយោគ ក្រុម​ឧត្តមសេនីយ​ថៃងាក​រក​ចិន​ជា​ជាង​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ថៃ ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាលស៊ីវិល​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៤ មក រាជាណាចក្រ​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​កំពុង​ត្រៀម​ខ្លួន​រៀបចំ​បោះឆ្នោតសភា​នៅ​ថ្ងៃទី២៤ មីនា​ខាង​មុខ។ គឺ​ជា​ការ​បោះឆ្នោត​លើកទី១ គិត​តាំង​ពី​ឆ្នាំ ២០១១។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​សម្គាល់​ឃើញ​នៅ​ក្នុង​របបសឹក​នា​រយៈពេល​ជិត ៥ឆ្នាំ​កន្លង​ទៅ គឺ​ការ​ដែល​ក្រុម​ឧត្តមសេនីយ​បាន​ដក​ខ្លួន​ចេញ​ពី​អាមេរិក​ទៅ​ឱបចិន ពិសេស​ទាក់ទាញ​អ្នកទេសចរ និង​អ្នកវិនិយោគ​ចិន។ អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​បាងកក​ចង់​បាន និង​សង្ឃឹម គឺ​ការ​ចូលរួម​របស់​ចិន​នៅ​ក្នុង​មហា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​ចំណាយប្រាក់​ជាង ៤៥ ០០០លានដុល្លារ។ តើ​រាត្រី​ទឹកឃ្មុំ​ដែល​ថៃ និង​អាមេរិក​ធ្លាប់​មាន​ជាមួយ​គ្នា​បាន​ក្លាយ​ជា​ទឹកខ្មេះ​ហើយ ឬ?។

លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ
លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី​ថៃ Reuters
ផ្សាយពាណិជ្ជកម្ម

ជា​ការ​បន្ត​រាត្រី​ទឹក​ខ្មេះ ឬ​អាច​នឹង​ប្រែ​​ក្លាយ​ជា​រាត្រី​ទឹក​ឃ្មុំ​ឡើង​វិញ​រវាង​អាមេរិក និង​ថៃ វា​អាស្រ័យ​ទាំង​ស្រុង​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ថ្ងៃទី២៤ មីនា​ខាង​មុខ។ បើ​មេ​រដ្ឋប្រហារ​យោធា​លោក​ប្រាយុទ្ធ ចាន់អូចា​អាច​ជាប់​ឆ្នោត​កាន់​អំណាច​ជា​បន្ត​ទៀត នោះ​ភាព​ល្អូកល្អឺន​ជា​ប្រពៃណី​រវាង​ក្រុង​បាងកក និង​ក្រុង​វ៉ាស៊ីនតោន​នឹង​បន្ត​ជំនួស​ដោយ​រាត្រីទឹកឃ្មុំ​រវាង​ក្រុង​បាងកក និង​ក្រុង​ប៉េកាំង។ ពិត​ណាស់ ការ​បោះឆ្នោត​នៅ​ថ្ងៃទី២៤ មីនា ឆ្នាំ ២០១៩ ជា​ការ​បោះឆ្នោត​លើកទី១ គិត​តាំង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៤ និង​ក៏​ជា​លើកដំបូង​គិត​តាំង​ពី​ឆ្នាំ ២០១១។ តែ​គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា ក្នុង​រយៈពេល​នៃ​ការ​កាន់​អំណាច​របស់​របបសឹក​ជិត ៥ឆ្នាំ​កន្លង​ទៅ ក្រុម​ឧត្តមសេនីយ​បាន​ដោះដៃ​ពី​អាមេរិក​ទៅ​ឱប​ចិន​នៅ​សឹង​គ្រប់​វិស័យ ពិសេស​សេដ្ឋកិច្ច​ដោយ​បើក​ទ្វារ​ចំហ​សម្រាប់​អ្នកទេសចរណ៍ និង​អ្នកវិនិយោគ​ចិន។

ពេញ​មួយ​ឆ្នាំ ២០១៨ អ្នកទេសចរ​បរទេស​ទៅ​លេង​ថៃ​ប្រមាណ​ជា ៤០លាននាក់ មាន​អ្នកទេសចរ​ចិន​ដល់​ទៅ ១០លាននាក់។ គ្រាន់​តែ​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​ពី​ថ្ងៃទី៤ ដល់​ថ្ងៃទី១០ កុម្ភៈ​កន្លង​ទៅ​ថ្មីៗ​នេះ ថៃ​បាន​ទទួល​អ្នកទេសចរ​ចិន​ចំនួន ៣៣ម៉ឺននាក់។ ដើម្បី​អូស​ទាញ​អ្នកទេសចរ​ចិន​ឲ្យ​កាន់​តែ​ច្រើន ក្រសួង​ទេសចរណ៍​ថៃ និង​ក្រសួង​វប្បធម៌​ចិន​បាន​សហការណ៍​គ្នា​បង្កើត​ឲ្យ​មាន​កម្មវិធី​វប្បធម៌​ផ្សេងៗ ដូច​យ៉ាង​ល្ខោនចិន កម្មវិធី​ច្រៀង រាំ ឬ​មួយ​កម្មវិធី​កាយសិល្បករ។ គួរ​រម្លឹក​ថា ថៃ​ក៏​ដូច​ជា​ប្រទេស​ជិត​ខាង​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ដែរ មាន​ជនអន្តោប្រវេសន៍​ចិន​ចូល​ទៅ​តាំង​លំនៅដ្ឋាន​តាំង​ពី​ប៉ុន្មាន​សតវត្ស​មក​ហើយ។ ប្រជាជន​ថៃ​ដើមកំណើត​ចិន​បាន​ក្លាយ​ជា​តួអង្គ​សេដ្ឋកិច្ច​យ៉ាង​សំខាន់​របស់​ប្រទេស ហើយ​កូនចៅ​របស់​ពួក​គេ​ក៏​កំពុង​បន្ត​គ្រប់គ្រង​ក្រុមហ៊ុន​ធំៗ​នា​ពេល​សព្វថ្ងៃ​ទៀត។

ប៉ុន្តែ ទោះ​បី​ជា​មាន​ភាព​ជា​ញាតិសន្តាន​ប្រវត្តិសាស្រ្ត និង​ភូមិសាស្រ្ត​ក៏​ដោយ ក៏​ថៃ​នៅ​មុន​សម័យ​របបសឹក​បច្ចុប្បន្ន​មិន​ញញើត​បង្ហាញ​ខ្លួន​ឯង​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ក្នុង​សតវត្សទី២០ ពិសេស​ក្នុង​សម័យសង្រ្គាម​វៀតណាម​ដែល​ថៃ​បាន​អនុញ្ញាត​ឲ្យ​អាមេរិក​ប្រើ​ទឹកដី​របស់​ខ្លួន​ជា​មូលដ្ឋានទ័ព។ សមយុទ្ធ​ប្រចាំ​ឆ្នាំ​រវាង​ទាហាន​អាមេរិក និង​ថៃ​ឈ្មោះ « Cobra Gold » ជា​សក្ខីកម្ម​មួយ​ដែល​មិន​អាច​ប្រកែក​បាន​នៃ​ទំនាក់ទំនង​ស្អិតរមួត​រវាង​វ៉ាស៊ីនតោន និង​បាងកក។ តែ​គេ​បាន​សម្លឹង​ឃើញ​ថា​ជាមួយ​នឹង​របបសឹក​ក្នុង​អំណាច​លោក​ប្រាយុទ្ធ ចាន៉អូចា​ជិត ៥ឆ្នាំ​កន្លង​ទៅ ក្រុម​ឧត្តមសេនីយ​ហាក់​បាន​ដក​មួយ​ជំហាន​ពី​អាមេរិក​ងាក​ទៅ​រក​ចិន។ អាច​មាន​ហេតុផល​ចំនួន​ពីរ​ដែល​បញ្ជាក់​ពី​ជម្រើស​នេះ ទី១ ថៃ​បាន​ដឹង​ខ្លួន​ឯង​ថា អាមេរិក​ក្នុង​នាម​ជា​បិតាប្រជាធិបតេយ្យ និង​បិតា​សិទ្ធិមនុស្ស​ក្នុង​លោក​មិន​សូវ​សប្បាយចិត្ត និង​ចង់​ឃើញ​ថៃ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ីវិល​វិញ និង​ហេតុផល​ទី២ គឺ​សេដ្ឋកិច្ច ព្រោះ​ខុស​ពី​អាមេរិក ចិន​បាន​បែងចែក​ច្បាស់លាស់​រវាង​នយោបាយ និង​សេដ្ឋកិច្ច​ដោយ​មិន​លូកដៃ​ចូល​ជ្រៀតជ្រែក​ឡើយ។

ចូរ​កុំ​ភ្លេច​ថា លោក​ប្រាយុទ្ធ ចាន់អូចា​បាន​បង្កើត​មហា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​មាន​ឈ្មោះ​ថា « Eastern economic corridor » ឬ​ហៅ​កាត់​ថា EEC។ គឺ​ជា​ផែនការ​មហិច្ឆតា​មួយ​ដែល​របបសឹក​គ្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ដ៏​ធំ និង​គ្រោង​សង់​ផ្លូវ​រត់ភ្លើង​ល្បឿន​លឿន​មួយ​ដែល​ត្រូវ​ចំណាយ​លុយ​សរុប​ជាង ៤៥ ០០០លានដុល្លារ។ មាន​ប្រទេស​អឺរ៉ុប​មួយ​ចំនួន អាមេរិក កូរ៉េខាងត្បូង ឬ​ជប៉ុន​កំពុង​សម្លឹង​ចង់​ទទួល​បាន​មហាគម្រោង​មួយ​នេះ​ដោយ​ស្រក់​ទឹកមាត់។ តែ​ក្រុម​អ្នក​វិភាគ និង​ក្រុង​បាងកក​ខ្លួន​ឯង​បាន​មើល​ឃើញ​ដូច​គ្នា​ថា ផ្អែក​លើ​បរិបទពិភពលោក​សព្វថ្ងៃ ហើយ​ផ្អែក​លើ​គម្រោង​ចំណាយ​ដ៏​ច្រើន​សម្បើម​របៀប​នេះ បើ​គ្មាន​អ្នកវិនិយោគ​គ្រាក់ៗ​មក​ពី​ចិន​ទេ នោះ « Eastern economic corridor » ក៏​ប្រហែល​គ្មាន​ថ្ងៃ​នឹង​លេច​រូបរាង​បាន​ដែរ។

អ៊ីចឹង​ហើយ​បាន​ជា​ក្នុង​ឆ្នាំ ២០១៨ របបសឹក​បាន​និយាយ​ជំនះ​មហាសេដ្ឋី​ចិន​ម្នាក់​លោក Jack Ma ឲ្យ​បោះទុន​វិនិយោគ​ជាង ៣០០លានដុល្លារ​នៅ​ក្នុង​គម្រោង EEC។ ក្នុង​រដូវក្តៅ​ឆ្នាំ ២០១៨ ដដែល ក្រុង​បាងកក​បាន​រៀបចំ​វេទិកា​ទទួល​អ្នក​ទទួល​ខុសត្រូវ​សេដ្ឋកិច្ច​ចិន​ជាង ៥០០នាក់​ដោយ​បាន​នាំ​ទៅ​ពិនិត្យ​ទីតាំង​ដើម្បី​អភិវឌ្ឍ​គម្រោង EEC នោះ។ ក្រៅ​ពី​សេដ្ឋកិច្ច របបសឹក​ថៃ​ក៏​បាន​សម្លឹង​ឃើញ​ក្នុង​វិស័យ​យោធា​ដែរ​តាម​រយៈ​ការ​ទិញ​នាវាមុជទឹក​របស់​ចិន។ ប្រជារាស្រ្ត​ថៃ​ភាគ​ច្រើន​ហាក់​មិន​សូវ​ភ្ញាក់ផ្អើល​ប៉ុន្មាន​ទេ​ចំពោះ​នយោបាយ​បែរ​ផ្អៀង​ទៅ​រក​ចិន​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច តែ​ហាក់​មាន​ក្តី​បារម្ភ និង​មាន​ការ​ប្រយ័ត្នប្រយែង​នៅ​ក្នុង​វិស័យ​យោធា។ សរុប​មក​វិញ ជម្រើស​របស់​របបសឹក​បែរ​ខ្លួន​ចេញ​ពី​អាមេរិក​បន្តិច​ទៅ​រក​ចិន​មិនមែន​ជា​ការ​បញ្ចប់​រាត្រី​ទឹកឃ្មុំ​រវាង​វ៉ាស៊ីនតោន និង​បាងកក​ទេ តែ​ជា​ការ​ផ្តើម​មាន​រាត្រី​ទឹកឃ្មុំ​បន្ថែម​រវាង​ប៉េកាំង និង​បាងកក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ