ថៃ៖តើអ្នកណាខ្លះជាបេក្ខជននាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតនាថ្ងៃទី២៤ មីនា?
ចុះផ្សាយនៅថ្ងៃ៖
នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវដល់ថ្ងៃបោះឆ្នោតថៃ។ បេក្ខជន និងគណបក្សនយោបាយកំពុងតែសម្រុកធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងដំណាក់កាលចុងក្រោយ ជាពិសេស គឺការជជែកដេញដោលគ្នាជាសាធារណៈ ដែលត្រូវគេរៀបចំធ្វើឡើង ស្ទើរតែជាប់ជាប្រចាំរៀងរាល់ថ្ងៃ។ តើអ្នកណាខ្លះជាបេក្ខជនសំខាន់ៗ ដែលឈរឈ្មោះជានាយករដ្ឋមន្រ្តី នៅក្នុងការបោះឆ្នោតនេះ ? តើបេក្ខជននីមួយៗមានគោលនយោបាយយ៉ាងណាខ្លះ ?។
គណបក្សដែលចូលរួមក្នុងការបោះឆ្នោតនេះមានច្រើន គឺមានរហូតដល់ទៅប្រហែលជា ៨០គណបក្សឯណោះ។ ក៏ប៉ុន្តែ គណបក្សធំៗ ដែលគេចាប់អារម្មណ៍ខ្លាំង មានតែ ៤ ឬ ៥ ក្នុងនោះមានគណបក្សនយោបាយពីរដែលជាកម្លាំងនយោបាយចាស់ ហើយដែលធ្លាប់ជាគូប្រជែងនយោបាយនឹងគ្នា នៅក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ គឺគណបក្សភឿថៃដែលជាគណបក្សស្និទ្ធនឹងលោកថាក់ស៊ីន និងគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងនឹងលោកថាក់ស៊ីន ហើយដែលធ្លាប់គាំទ្រក្រុមអាវលឿង ក្នុងការធ្វើបាតុកម្មទម្លាក់លោកថាក់ស៊ីន កាលពីឆ្នាំ២០០៦។ គណបក្សប្រជាធិបតេយ្យនេះធ្លាប់បានគ្រប់គ្រងរដ្ឋាភិបាល កាលពីឆ្នាំ២០០៨ ក្រោយពីតុលាការធម្មនុញ្ញរំលាយគណបក្សស្និទ្ធនឹងលោកថាក់ស៊ីន ហើយនាយករដ្ឋមន្រ្តីមកពីគណបក្សប្រជាធិបតេយ្យនៅពេលនោះ គឺលោកអាភិស៊ីត វេចាជីវ៉ា។
ចំណែកគណបក្សសំខាន់ចំនួន២ទៀត ដែលទើបនឹងបង្កើតថ្មីគឺគណបក្សផាឡាំងប្រាឆារ៉ាត់ដែលជាគណបក្សដែលបង្កើតឡើងដោយកងទ័ព ហើយគាំទ្ររដ្ឋាភិបាលនៃរបបសឹកបច្ចុប្បន្ន និងគណបក្សអណាខុតម៉ៃដែលជាគណបក្សដែលទើបនឹងបង្កើតថ្មី។ ក៏ប៉ុន្តែ កំពុងតែមានសន្ទុះខ្លាំង ហើយដែលគេមើលទៅឃើញថាជាគណបក្សដែលអាចជាកម្លាំងនយោបាយថ្មីនៅថៃ ព្រោះជាគណបក្សដែលទទួលបានការគាំទ្រច្រើនពីសំណាក់យុវជនថៃ និងក៏ជាគណបក្សដែលមាននិន្នាការប្រឆាំងនឹងរបបសឹក។ គណបក្សអនាខុតម៉ៃនេះ ជាគណបក្សថ្មីក៏ពិតមែន តែស្ថិតក្នុងចំណោមគណបក្សតែពីរគត់ រួមជាមួយនឹងគណបក្សភឿថៃដែលដាក់បេក្ខជនឲ្យឈរឈ្មោះនៅគ្រប់មណ្ឌលទាំង ៣៥០មណ្ឌល នៅទូទាំងប្រទេស។
ចុងក្រោយ គឺមានគណបក្សមួយទៀតឈ្មោះថា គណបក្សភូមិចៃថៃ ដែលជាគណបក្សបង្កើតឡើងតាំងពីឆ្នាំ២០០៨ ហើយធ្លាប់បានចូលរួមក្នុងការបោះឆ្នោតម្តងកាលពីឆ្នាំ២០១១ ដែលកាលណោះទទួលបាន ៣៤អាសនៈ ក្នុងចំណោមអាសនៈសរុបទាំង ៥០០។
តើអ្នកណាខ្លះជាបេក្ខជននាយករដ្ឋមន្រ្តី?
កាលពីមុនពេលមានរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែលតាក់តែងឡើងដោយរបបសឹក អ្នកណាក៏ដោយ ឲ្យតែបានជាប់ឆ្នោតជាតំណាងរាស្រ្ត គឺសុទ្ធតែអាចធ្វើជានាយករដ្ឋមន្រ្តីបានទាំងអស់។ តែចំណុចនេះត្រូវបានកែប្រែដោយរដ្ឋធម្មនុញ្ញរបបសឹកដែលតម្រូវឲ្យគណបក្សទាំងអស់ត្រូវចាត់តាំងឈ្មោះបេក្ខជននាយករដ្ឋមន្រ្តីជាមុន ពោលនៅមុនពេលបោះឆ្នោតដោយគណបក្សនីមួយៗអាចបញ្ជូនឈ្មោះបេក្ខជននាយករដ្ឋមន្រ្តីបានយ៉ាងច្រើនត្រឹម ៣នាក់។ ពេលនេះ ពោលនៅពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតឈានចូលដល់ដំណាក់កាលចុងក្រោយ មានបេក្ខជននាយករដ្ឋមន្រ្តី ៤រូប ដែលគេកំពុងតែយកចិត្តទុកតាមដានមើលខ្លាំងគឺ។
លោកស្រី ស៊ុដារ៉ាត់ កេយុរ៉ាផាន់ (สุดารัตน์ เกยุราพันธ์) អតីតរដ្ឋមន្រ្តីក្នុងរដ្ឋាភិបាលរបស់លោកថាក់ស៊ីនដែលជាបេក្ខនារីសម្រាប់គណបក្សភឿថៃ។ ជាគណបក្សដែលទំនងជានឹងអាចទទួលបានសំឡេងឆ្នោតច្រើនជាងគេ ពោលអាចបានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា។ ក៏ប៉ុន្តែ ប្រហែលជាមិនអាចបង្កើតរដ្ឋាភិបាល និងធ្វើជានាយករដ្ឋមន្រ្តីបានទែ ព្រោះតាមរដ្ឋធម្មនុញ្ញរបស់របបសឹក ដើម្បីអាចបង្កើតរដ្ឋាភិបាល និងតែងតាំងនាយករដ្ឋមន្រ្តីបាន គឺទាមទារឲ្យមានសំឡេងភាគច្រើននៅក្នុងសភាទាំងពីររួមគ្នា គឺរដ្ឋសភា និងព្រឹទ្ធសភា។ ដោយសារតែសមាជិកព្រឹទ្ធសភាទាំង ២៥០រូប សុទ្ធតែត្រូវតែងតាំងឡើងដោយរបបសឹក ដូច្នេះ ដើម្បីអាចបង្កើតរដ្ឋាភិបាលបាន គណបក្សភឿថៃត្រូវឈ្នះទទួលបានអាសនៈរហូតដល់ទៅ ៣៧៦ ដែលបើតាមមើលទៅ គឺជារឿងដែលពិបាកនឹងអាចធ្វើបាន។
លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃរបបសឹកបច្ចុប្បន្នដែលជាបេក្ខជនសម្រាប់គណបក្សផាឡាំងប្រាឆារ៉ាត់។ ជាគណបក្សដែលមានប្រជាប្រិយភាពចាញ់គណបក្សភឿថៃច្រើន។ ក៏ប៉ុន្តែ មានប្រៀបខ្លាំងនឹងអាចដឹកនាំរដ្ឋាភិបាលថ្មីបាន ព្រោះរបបសឹកមានសំឡេងគាំទ្រ ២៥០ នៅក្នុងព្រឹទ្ធសភារួចជាស្រេច។ ដូច្នេះនៅក្នុងការបោះឆ្នោតថ្ងៃអាទិត្យ ទី២៤ មីនា លោកប្រាយុទ្ធត្រូវការឈ្នះទទួលបានអាសនៈតែត្រឹម ១២៦ទៀតប៉ុណ្ណោះដើម្បីអាចបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី។
លោកអាភិស៊ីត វេចាជីវ៉ា អតីតនាយករដ្ឋមន្រ្តីដែលជាបេក្ខជនសម្រាប់គណបក្សប្រជាធិបតេយ្យ។ រហូតមកទល់ពេលនេះ លោកអាភិស៊ីតតែងតែបានអះអាងថា លោក និងគណបក្សប្រជាធិបតេយ្យមិនគាំទ្រលោកប្រាយុទ្ធនោះទេ ហើយក៏មិនចង់ឲ្យរបបសឹកនៅបន្តកាន់អំណាចនោះដែរ គឺចង់បង្កើតរដ្ឋាភិបាលថ្មីដែលមាននយោបាយតាមបែបប្រជាធិបតេយ្យសេរី។ ក៏ប៉ុន្តែ ដោយសារតែកន្លងមក គេធ្លាប់ឃើញគណបក្សប្រជាធិបតេយ្យជាអ្នកប្រឆាំងខ្លាំងទល់នឹងក្រុមលោកថាក់ស៊ីន ហើយធ្លាប់មានជំហរនៅខាងកងទ័ព គេក៏មិនប្រាកដ ១០០% ថា នៅក្រោយការបោះឆ្នោត លោកអាភិស៊ីតនឹងមិនទៅចាប់ដៃជាមួយលោកប្រាយុទ្ធដើម្បីបង្កើតរដ្ឋាភិបាលចម្រុះជាមួយគ្នានោះទេ។
លោកថាណាថុន ជឹងរុងរឿងគិត (ธนาธร จึงรุ่งเรืองกิจ) ជាសេដ្ឋីវ័យ ៤០ឆ្នាំ រកស៊ីខាងលក់គ្រឿងឡាន មានលុយវាល់លានដុល្លារ និងជាបេក្ខជនសម្រាប់គណបក្សអណាខុតម៉ៃដែលទើបនឹងបង្កើតថ្មី។ គណបក្សនេះមានប្រជាប្រិយភាពខ្ពស់នៅថ្នាក់ជាតិ តែដោយសារជាគណបក្សទើបនឹងបង្កើតថ្មី ដូច្នេះ គេពិបាកនឹងប៉ាន់ស្មានអំពីកម្លាំងនយោបាយនៅតាមមណ្ឌលនីមួយៗ ហើយពិបាកនឹងព្យាករថា តើនឹងអាចឈ្នះបានអាសនៈនៅក្នុងការបោះឆ្នោតថ្ងៃអាទិត្យ ទី២៤ មីនា។ ប៉ុន្តែទូទៅគេប្រមើលទុកថា លោកថាណាថុន និងគណបក្សរបស់លោកអាចនឹងដើរតួនាទីសំខាន់នៅក្នុងការចរចាបង្កើតរដ្ឋាភិបាលចម្រុះ។ តែដោយសារលោកមានជំហរប្រឆាំងដាច់ខាតនឹងរបបសឹក គេកំពុងសំឡឹងមើលអំពីលទ្ធភាពដែលគាត់អាចនឹងទៅចាប់ដៃគូជាមួយនឹងគណបក្សភឿថៃ និងគណបក្សផ្សេងទៀតដែលមាននយោបាយប្រឆាំងនឹងរបបសឹកដូចគ្នាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ឬយ៉ាងហោចណាស់បង្កើតជាកម្លាំងនយោបាយប្រឆាំងខ្លាំងមួយ ប្រសិនបើលោកប្រាយុទ្ធធ្វើជានាយករដ្ឋមន្រ្តី។
តើបេក្ខជននីមួយៗបានដាក់ចេញនូវគោលនយោបាយយ៉ាងណាខ្លះ?
គេសង្កេតឃើញជាទូទៅថា បេក្ខជនភាគច្រើនមានគោលនយោបាយផ្តោតទៅលើប្រជាជនក្រីក្រ និងការកាត់បន្ថយវិសមភាពសង្គម។ តែវិធានការដែលបេក្ខជនចង់ដាក់ចេញ គឺវាខុសៗគ្នា។ លោកប្រាយុទ្ធ និងគណបក្សផាឡាំងប្រាឆារ៉ាត់របស់លោកចង់ពង្រីកវិសាលភាពនៃជំនួយសង្គមកិច្ចរបស់រដ្ឋ មានន័យថា ចង់បង្កើនចំនួនប្រជាជនដែលមានសិទ្ធិទទួលជំនួយសង្គមកិច្ចប្រចាំខែពីរដ្ឋឲ្យបាន ១លាន ឬ២លាននាក់បន្ថែមទៀត ពោលថែមពីលើ១៤លាននាក់ដែលមានស្រាប់។ បន្ថែមពីលើនេះទៀត គណបក្សផាឡាំងប្រាឆារ៉ាត់សន្យាបន្តគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលរបបសឹកបានចាប់ផ្តើមធ្វើរួចហើយកាលពីពេលកន្លងមកដើម្បីជំរុញវិស័យសេដ្ឋកិច្ច។
គណបក្សភឿថៃវិញបានប្រឆាំងនឹងគម្រោងហេដ្ឋារនាសម្ព័ន្ធមួយចំនួនរបស់របបសឹក ហើយចង់ផ្តោតអាទិភាពទៅលើវិស័យកសិកម្ម ដូចជាការសន្យាធ្វើឲ្យផលិតផលកសិកម្មមានទីផ្សារ និងតម្លៃកើនឡើងដើម្បីបង្កើនចំណូលដល់ប្រជាកសិករ និងគ្រោងបង្កើតមូលនិធិជួយដល់កសិករឲ្យបង្កើនការដាំដុះផលិតផលសរីរាង្គដែលអាចមានតម្លៃខ្ពស់ និងទទួលប្រាក់ចំណេញច្រើនទៅថ្ងៃអនាគត។ លោកអាភិស៊ីត និងគណបក្សប្រជាធិបតេយ្យវិញចង់ជួយប្រជាជនក្រីក្រ និងកាត់បន្ថយវិសមភាពសង្គមតាមរយៈការដំឡើងប្រាក់ឈ្នួលអប្បបរមា។ ក្រៅពីនេះ គណបក្សប្រជាធិបតេយ្យចង់បង្កើនការធ្វើវិមជ្ឈការនៅតាមទីក្រុងធំៗដើម្បីបង្កើនអំណាចដល់ថ្នាក់មូលដ្ឋាន។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀត គណបក្សប្រជាធិបតេយ្យជាគណបក្សដ៏កម្រមួយនៅក្នុងការបោះឆ្នោតថៃពេលនេះដែលបង្ហាញពីនយោបាយច្បាស់លាស់ទាក់ទងនឹងវិស័យការបរទេស។
នយោបាយការបរទេសរបស់គណបក្សប្រជាធិបតេយ្យ គឺចង់ផ្តល់តម្លៃលើអាស៊ាន ចង់ឲ្យប្រទេសសមាជិកអាស៊ានបង្កើននូវការរួបរួមគ្នា ហើយចង់ឲ្យអាស៊ានធ្វើការចរចាជាប្លុកតែមួយនៅក្នុងការចរចាមួយចិន ឬចរចាជាមួយក្រុមហ៊ុនអន្តរជាតិធំៗផ្សេងទៀតដើម្បីឲ្យអាស៊ានមានឥទ្ធិពល និងអាចមានកម្លាំងក្នុងការចរចា ជាជាងការចរចាដាច់តែឯងដោយប្រទេសសមាជិកនីមួយៗ។ ចំពោះលោកថាណាថុន និងគណបក្សអាណាខុតម៉ៃវិញ នយោបាយផ្តោតអាទិភាពតែលើចំណុចមួយគត់ គឺប្រឆាំងនឹងកងទ័ព ប្រឆាំងនឹងរបបសឹកបច្ចុប្បន្ននេះ ហើយប្រឆាំងនឹងតួនាទីរបស់កងទ័ពនៅក្នុងឆាកនយោបាយជាទូទៅដែលបង្កើតឲ្យមានជារដ្ឋប្រហារមិនចេះឈប់នាពេលកន្លងមក។ វិធានការជាក់ស្តែងដែលគណបក្សអាណាខុតម៉ៃចង់ដាក់ចេញ គឺកាត់បន្ថយថវិកាវិស័យការពារជាតិ កាត់បន្ថយចំនួនមន្រ្តីដឹកនាំកងទ័ពឲ្យនៅត្រឹមពាក់កណ្តាលនៃចំនួនបច្ចុប្បន្ន និងសើរើមើលឡើងវិញនូវកិច្ចសន្យាទិញរថក្រោះពីចិន។
ចំណុចសំខាន់មួយទៀតដែលគណបក្សអាណាខុតម៉ៃចង់ធ្វើ តែមិនដឹងថាអាចនឹងធ្វើយ៉ាងម៉េចបាននោះ គឺចង់ឲ្យអំណាចទ័ពត្រូវស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីវិលដើម្បីកុំឲ្យកងទ័ពចេះតែមានអំណាចមកផ្តួលរំលំរដ្ឋាភិបាលស៊ីវិលតាមតែចិត្តចង់ដូចពេលកន្លងមក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ