បាតុកម្មអាវកាក់លឿង៖ រដ្ឋាភិបាលបារាំងចាប់បញ្ចេញទាហានដើម្បី ពង្រឹងសន្តិសុខ
មួយសប្តាហ៍ក្រោយ អំពើហិង្សា ដុតបំផ្លាញ ហាងទំនិញ នៅលើមហាវិថីសង់អេលីហ្សេ អាជ្ញាធរបារាំង ចាប់អនុវត្តវិធានការដៃដែក ដើម្បីទប់ស្កាត់បង្កា អំពើហិង្សា ដែលអាចកើតមាន នៅក្នុងបាតុកម្ម នៅថ្ងៃសៅរ៍ នេះ ដែលជាបាតុកម្មលើកទី ១៩របស់ក្រុមអាវកាក់លឿង។ ក្រៅតែពីពង្រាយទាហាន និងក្រុមពិសេសដើម្បី ប្រឆាំង ក្រុមជ្រុលនិយម រដ្ឋាភិបាលបារាំងបានហាមផងដែរ មិនឲ្យមានបាតុកម្មរបស់ក្រុមអាវកាក់លឿង នៅក្នុងសង្កាត់ដែលធ្លាប់រងការដុតបំផ្លាញ កាលពីក្នុងអំឡុងបាតុកម្មរបស់ក្រុមនេះ កាលពី ថ្ងៃសៅរ៍សប្តាហ៍មុន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៤
បាតុកម្មរបស់ក្រុមអាវកាក់លឿងដែលរាលដាល រហូតកើតមានអំពើហិង្សា ដុតបំផ្លាញ អគារហាងទំនិញ នៅទីក្រុងប៉ារីស បានជំរុញឲ្យរដ្ឋាភិបាលចាប់ពង្រាយជាលើកទី១ កម្លាំងទាហាន នៅថ្ងៃបាតុកម្មគម្រប់លើកទី១៩របស់ក្រុមអាវកាក់លឿង នៅថ្ងៃសៅរ៍នេះ។ ជារួម កម្លាំងរក្សាសន្តិសុខ ដែលមានតាំងពី ទាហាន និងប៉ូលិសពិសេស សម្រាប់ប្រឆាំងក្រុមដើរបំផ្លាញ ចំនួន ៦ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងសង្កាត់សំខាន់ៗជាច្រើន ដែលអាចកើតមានបាតុកម្មរបស់ក្រុមអាវកាក់លឿង។ នេះបើតាមប្រធានប៉ូលិស ក្រុងប៉ារីសថ្មី លោកDidier Lallement។
សូមអាន៖ បារាំង៖ ហិង្សាធ្ងន់ធ្ងរកណ្តាលប៉ារីស ជាមួយនឹងបាតុកម្មលើកទី១៨ របស់ក្រុមអាវកាក់លឿង
ឆ្លើយតបនឹងរលករិះគន់របស់មហាជន អាជ្ញាធរបារាំងបានចេញមុខអះអាងថា ទាហានមានបេសកកម្មតែមួយគត់ គឺ ឈរយាម ការពារអគារសាធារណៈ ហើយនិងទីតាំងសំខាន់ៗមួយចំនួន ពោលគឺដើម្បី ជួយសម្រាលបន្ទុករបស់ប៉ូលិសតែប៉ុណ្ណោះ។ នៅក្នុងរឿងពង្រាយទាហាន នៅក្នុងបាតុកម្មរបស់ក្រុមអាវកាក់លឿងនៅថ្ងៃសៅរ៍នេះ ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល ម៉ាក្រុង បានបរិហារក្រុមញុះញង់ បង្កើតព័ត៌មានក្លែងក្លាយ ដើម្បី បំភិតបំភ័យប្រជាជន។ តាមលោកម៉ាក្រុង កម្លាំងទាហានគ្មានសិទ្ធិចូលរួមក្នុងបង្រ្កាប ដើម្បី រក្សាសន្តិសុខឡើយ។
ក្រៅតែពីពង្រាយក្រុមទាហាន រដ្ឋាភិបាលបារាំងបានប្រកាសផងដែរ ហាមមិនឲ្យមានបាតុកម្មរបស់ក្រុមអាវកាក់លឿង នៅក្នុងតំបន់ដែលមានវិមានប្រធានាធិបតី សភាជាតិ ហើយនិង នៅលើមហាវិថីសង់អេលីហ្សេ ដែលធ្លាប់កើតមានអំពើហិង្សា ដុតបំផ្លាញ ភោជនីយដ្ឋាន និងអគារហាងលក់ទំនិញ ប្រណិតៗ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ដូចទីក្រុងប៉ារីស និងទីក្រុងនីស ដែលរៀបចំត្រៀម ទទួលប្រធានាធិបតី ចិន នៅថ្ងៃអាទិត្យ ស្ងែក នេះ វិធានការបិទ ហាមឃាត់មិនឲ្យមានការជួបជុំធ្វើបាតុកម្មរបស់ក្រុមអាវកាក់លឿង ត្រូវបានអនុវត្តនៅតាមទីក្រុង១៥ ផ្សេងទៀត នៅទូទាំងប្រទេស។ សម្រាប់ចលនាអាវកាក់លឿង រដ្ឋាភិបាលបានប្រកាសធ្វើសង្រ្គាមហើយ។ នៅលើបណ្តាញសង្គមហ្វេសប៊ុក ចលនាអាវកាក់លឿង បានសរសេរ ប្រកូកប្រកាសឲ្យរៀបចំបាតុកម្ម ឲ្យខាងតែបាន នៅថ្ងៃសៅរ៍ ទោះជាមានការហាមឃាត់ពីរដ្ឋាភិបាលក៏ដោយ។ តើនឹងមានមនុស្សប៉ុន្មាននាក់នឹងចូលរួមក្នុងបាតុកម្មរបស់ក្រុមអាវកាក់លឿង នៅថ្ងៃសៅរ៍នេះ? ទៅតាមវិធានការថ្មីរបស់រដ្ឋាភិបាល អ្នកដែលល្មើស ផ្គើនចូលរួមក្នុងបាតុកម្មខុសច្បាប់ ត្រូវប្រឈមនឹងការបង់ប្រាក់ពិន័យ ១៣៥អឺរ៉ូ គឺមិនមែន ៣៨អឺរ៉ូដូចមុនទៀតហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ