អានតួអត្ថបទ
ថៃ

បោះឆ្នោតថៃ៖ តើ​គណបក្ស​នយោបាយ​នីមួយៗ​មាន​គោលនយោបាយ​អ្វីខ្លះ ?

នៅសល់តែ១ថ្ងៃ​ទៀតប៉ុណ្ណោះ ថៃ​នឹង​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត​ជា​លើកទីមួយ ចាប់តាំង​ពី​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ២០១៤​កន្លងទៅ។ កាលពី​យប់ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បណ្តា​គណបក្ស​នយោបាយ​ធំៗ​បាន​នាំគ្នា​បើក​ធ្វើ​មិទ្ទិញ​ទ្រង់ទ្រាយ​ធំ​រៀងៗខ្លួន ដើម្បី​ជា​ការ​បិទបញ្ចប់​យុទ្ធនាការឃោសនា​បោះឆ្នោត។ គិត​ជា​សរុ​ប​សង្ខេប​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ តើ​គណបក្ស​នយោបាយ​នីមួយៗ​មាន​គោលនយោបាយ​យ៉ាងណាខ្លះ?   

អ្នកគាំទ្រ​គណបក្ស​​ផាឡាំង​ប្រាឆារ៉ាត់របស់​លោក​ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី ១៥ មីនា ២០១៩
អ្នកគាំទ្រ​គណបក្ស​​ផាឡាំង​ប្រាឆារ៉ាត់របស់​លោក​ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី ១៥ មីនា ២០១៩ © REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

ជាទូទៅ គេ​សង្កេតឃើញ​ថា នៅ​ក្នុង​ការ​បោះឆ្នោត​ថៃ​លើកនេះ គេ​នាំ​គ្នា​ផ្តោត​​ខ្លាំង​ទៅលើ​ចំណុច​សំខាន់​តែមួយ គឺ​បន្ត ឬ​បិទបញ្ចប់​អំណាច​មេដឹកនាំ​យោធា? ហេតុដូច្នេះហើយ​បាន​ជា​ គេ​ហាក់ដូចជា​មិន​សូវ​ជាមាន​ការ​ចាប់អារម្មណ៍​ច្រើន​ អំពី​គោលនយោបាយ​របស់​គណបក្ស​នយោបាយ។ ​

និយាយ​អំពី​គោលនយោបាយ​នេះ បើ​យើង​សង្កេត​មើល​ជា​រួម​ទៅ យើងឃើញ​ថា មាន​ចំណុច​រួមមួយ ដែល​គណបក្ស​នយោបាយ​ធំៗ សុទ្ធតែ​​ផ្តោត​ជា​អាទិភាព គឺ​ម្នាក់ៗ​សុទ្ធតែ​បាន​សន្យា​ថា​នឹង​លើក​កម្ពស់​ជីវភាព​របស់​ប្រជាជន, ​​​ជួយ​​ប្រជាជន​ក្រីក្រ និង​​កាត់បន្ថយ​វិសមភាព​សង្គម គ្រាន់តែ​ថា វិធានការ​ដែល​បេក្ខជន និង​គណបក្ស​នីមួយៗ​​ចង់​ដាក់ចេញ គឺ​វា​ខុសៗគ្នា។

លោកប្រាយុទ្ធ និង​គណបក្ស​ផាឡាំង​ប្រាឆារ៉ាត់​រ​បស់​លោក ចង់​ពង្រីក​វិសាលភាព​នៃ​ជំនួយ​សង្គម​កិច្ច​របស់​រដ្ឋ មានន័យថា ចង់​បង្កើន​ចំនួន​ប្រជាជន​ដែល​មាន​សិទ្ធិ​ទទួល​ជំនួយ​សង្គមកិច្ចប្រចាំខែ​ពីរដ្ឋ ឲ្យ​បាន ១លាន ឬ​២លាន​នាក់​បន្ថែម​ទៀត ថែម​ពីលើ​ ១៤លាននាក់​ដែល​មាន​ស្រាប់។ បន្ថែម​ពីលើ​នេះទៀត គណបក្ស​ផាឡាំង​ប្រាឆារ៉ាត់​សន្យា​បន្ត​គម្រោង​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ ដែល​រ​​បបសឹក​បាន​ចាប់ផ្តើម​ធ្វើ​រួចមកហើយ​កាល​ពី​ពេល​កន្លងមក ដោយ​អះអាង​ថា វា​ជា​គម្រោង​សំខាន់ ដើម្បី​ជំរុញ​វិស័យ​សេដ្ឋកិច្ច។

គណបក្ស​ភឿថៃ​វិញ ដែល​ស្និទ្ធ​នឹង​លោក​ថាក់ស៊ីន បាន​បង្ហាញ​ពី​ជំហរ​ប្រឆាំង​នឹង​គម្រោង​ហេដ្ឋារនាសម្ព័ន្ធមួយ​ចំនួន​របស់​របបសឹក ហើយ​ចង់​ផ្តោត​អាទិភាព​ខ្លាំង​​ទៅលើ​វិស័យកសិកម្ម រួមមាន​ដូចជា​ការ​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​មាន​ទីផ្សារ និង​តម្លៃ​កើនឡើង ដើម្បី​បង្កើន​ចំណូល​ដល់​ប្រជាកសិករ និង​​គ្រោង​បង្កើត​មូលនិធិ ជួយ​ដល់​កសិករ​ឲ្យ​បង្កើន​ការ​ដាំដុះ​ផលិតផល​សរីរាង្គ ដែល​អាច​មាន​តម្លៃ​ខ្ពស់ និង​ទទួល​ប្រាក់​ចំណេញច្រើន ទៅថ្ងៃ​អនាគត។

លោក​អាភិស៊ីត និង​គណបក្ស​ប្រជាធិបតេយ្យ​វិញ ចង់​ជួយ​ប្រជាជន​ក្រីក្រ និង​កាត់បន្ថយ​វិសមភាព​សង្គម តាមរយៈការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា។ ក្រៅពីនេះ គណបក្ស​ប្រជាធិបតេយ្យ​ចង់​បង្កើន​ការធ្វើ​វិមជ្ឈការ​នៅតាម​ទីក្រុង​ធំៗ ដើម្បី​បង្កើន​អំណាច​ដល់​ថ្នាក់មូលដ្ឋាន។ នៅ​មាន​ចំណុច​មួយទៀត ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ គណបក្ស​ប្រជាធិបតេយ្យ គឺ​ជា​គណបក្ស​ដ៏កម្រ​មួយ នៅ​ក្នុងការ​បោះឆ្នោត​ថៃ​ពេលនេះ ដែល​បង្ហាញ​ពី​នយោបាយ​ច្បាស់លាស់ ទាក់ទង​នឹង​វិស័យ​ការបរទេស។ នយោបាយ​របស់​គណបក្ស​ប្រជា​ធិបតេយ្យ គឺ​ចង់​ផ្តល់​តម្លៃ​លើ​អាស៊ាន ចង់​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​បង្កើន​នូវ​ការ​រួបរួមគ្នា ហើយ​ចង់​ឲ្យ​អាស៊ាន​ធ្វើការ​ចរចា​ជា​ប្លុក​តែមួយ នៅ​ក្នុង​ការ​ចរចា​មួយ​ចិន ឬ​ចរចាជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ផ្សេងទៀត ដើម្បី​ឲ្យ​អាស៊ាន​មាន​ឥទ្ធិពល​ និង​អាច​មាន​កម្លាំង​ក្នុងការ​ចរចា ជាង​ការ​ចរចា​ដាច់តែឯង ដោយ​ប្រទេស​សមាជិក​នីមួយៗ។

ចំពោះ​​​គណបក្ស​អាណាខុតម៉ៃ​វិញ លោក​ថាណាថុន ដែល​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​ ធ្លាប់​បាន​លើកឡើង​ជារឿយៗ​ថា អាទិភាព​ចម្បង​បំផុត​របស់​លោក និង​គណបក្ស​អាណាខុតម៉ៃ នៅ​ក្នុង​ការ​​បោះឆ្នោត​នេះ គឺ​មិនចង់​ធ្វើការ​សន្យា​អំពី​គោលនយោបាយ​ណាមួយ​នោះទេ តែ​ចង់​ផ្តោត​ទៅលើ​ចំណុច​មួយ ដែល​លោក​គិតថា ជា​ចំណុច​សំខាន់​បំផុត នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន គឺ “ការផ្លាស់ប្តូរ”។ ហេតុដូច្នេះហើយ​បាន​ជា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រ​បស់​លោកផ្តោតអាទិភាព​តែលើ​ចំណុច​មួយ​គត់ គឺ​ប្រឆាំង​នឹង​កងទ័ព៖ ​ប្រឆាំង​នឹង​របបសឹក​បច្ចុប្បន្ន​នេះ​ផង ហើយ​ប្រឆាំង​នឹង​តួនាទី​របស់​កងទ័ព នៅ​ក្នុង​ឆាក​នយោបាយ​ជាទូទៅ ដែល​បង្កើត​ឲ្យ​មាន​ជា​រដ្ឋប្រហារ​មិនចេះឈប់ កាល​ពី​ពេល​កន្លងមក។ វិធានការ​ជាក់ស្តែង ដែល​គណបក្ស​អាណាខុតម៉ៃ​ចង់​ដាក់ចេញ គឺ​កាត់បន្ថយ​ថវិកា​វិស័យ​ការពារជាតិ កាត់បន្ថយ​ចំនួន​មន្រ្តី​ដឹកនាំ​កងទ័ព​ឲ្យ​នៅ​ត្រឹមពាក់កណ្តាល​នៃ​ចំនួន​បច្ចុប្បន្ន និង​សើរើ​មើល​ឡើងវិញ​នូវ​កិច្ចសន្យា​ទិញ​រថក្រោះ​ពីចិន។ ចំណុច​សំខាន់​មួយទៀត ដែល​គណបក្ស​អាណាខុតម៉ៃ​ចង់​ធ្វើ ប៉ុន្តែ គេ​មិនដឹង​ថា តើ​អាច​នឹង​ធ្វើ​យ៉ាងម៉េច​បាន គឺ​ចង់​ឲ្យ​អំណាច​ទ័ព​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ស៊ីវិល ដើម្បី​កុំ​ឲ្យ​កងទ័ព​ចេះតែ​មាន​អំណាច​មក​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីវិល តាម​តែ​ចិត្តចង់ ដូចកាល​កន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ