ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តថៃ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០១
នៅថ្ងៃអាទិត្យនេះ ពលរដ្ឋថៃបាននាំគ្នាចេញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរបស់ខ្លួនជាលើកទី១ ចាប់តាំងពីមានរដ្ឋប្រហារ កាលពីឆ្នាំ២០១៤។ ការិយាល័យបោះឆ្នោត ដែលបានបើកទ្វារតាំងពីម៉ោង ៨ព្រឹក បានបិទទ្វារ នៅម៉ោង ៥ល្ងាច។
លទ្ធផលអាចដឹងខ្លះៗ នៅយប់ថ្ងៃអាទិត្យនេះ ជាពិសេស លទ្ធផលសម្រាប់បេក្ខជននៅតាមមណ្ឌល ក៏ប៉ុន្តែ លទ្ធផលពេញលេញអាចនឹងត្រូវចំណាយពេលជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ទៀតក៏អាចថាបាន ទម្រាំតែអាចចេញជាផ្លូវការ។ យោងតាមច្បាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានពេលរហូតដល់ថ្ងៃ ៨ ឧសភា ដើម្បីប្រកាសលទ្ធផលជាផ្លូវការ និងជាស្ថាពរ។
តាមមើលទៅ លទ្ធផលបោះឆ្នោតនៅឆ្នាំនេះ ទោះជាលទ្ធផលបឋមក៏ដោយ អាចនឹងត្រូវចំណាយពេលយូរជាងលើកមុនៗ ទើបគេអាចដឹងបាន ម្យ៉ាងដោយសារតែលើកនេះ ការិយាល័យបោះឆ្នោតត្រូវបិទទ្វារ យឺតជាងលើកមុនៗ ១ម៉ោង ហើយម្យ៉ាងទៀត ប្រព័ន្ធបោះឆ្នោតក៏ត្រូវបានគេកែប្រែ ហើយវាមានលក្ខណៈបច្ចេកទេសស្មុគស្មាញជាងមុន។
ប្រព័ន្ធបោះឆ្នោត
ការបោះឆ្នោតនៅថៃនេះ គឺគេធ្វើទៅតាមប្រព័ន្ធចម្រុះ គឺតំណាងរាស្រ្តមួយផ្នែក គឺ ៣៥០រូប ក្នុងចំណោម ៥០០រូប ត្រូវបោះឆ្នោតជ្រើសរើសទៅតាមប្រព័ន្ធឯកត្តនាមគិតតាមមណ្ឌល (ដោយមណ្ឌលមួយត្រូវមានតំណាងរាស្រ្តម្នាក់) ចំណែកសមាជិក ១៥០រូបផ្សេងទៀត ត្រូវបោះឆ្នោតជ្រើសរើសទៅតាមប្រព័ន្ធសមាមាត្រគិតទៅតាមបញ្ជីបេក្ខជនរបស់គណបក្សនយោបាយនៅក្នុងក្របខ័ណ្ឌជាតិ។
កាលពីពេលមុនៗ អ្នកបោះឆ្នោតត្រូវគូសលើសន្លឹកឆ្នោតពីរដាច់ពីគ្នា គឺសន្លឹកឆ្នោតមួយ សម្រាប់បេក្ខជននៅក្នុងមណ្ឌល និងសន្លឹកឆ្នោតមួយទៀត សម្រាប់គណបក្សនយោបាយ។ ក៏ប៉ុន្តែ លើកនេះវិញ ក្រោយពីមានការកែប្រែដោយរបបសឹក អ្នកទៅបោះឆ្នោតថ្ងៃនេះ គូសលើសន្លឹកឆ្នោតតែមួយទេ ហើយសន្លឹកឆ្នោតតែមួយនេះ ត្រូវយកទៅរាប់ពីរដង។ ម្តង រាប់ជាសំឡេង សម្រាប់បេក្ខជន ដែលនៅក្នុងមណ្ឌល និងម្តងទៀត រាប់ជាសំឡេង សម្រាប់គណបក្ស ដែលបេក្ខជននោះឈរតំណាង។ សំឡេងបេក្ខជន ត្រូវយកទៅរាប់ ដើម្បីកំណត់អ្នកឈ្នះ នៅក្នុងមណ្ឌល ដោយបេក្ខជនណាមានសំឡេងច្រើនជាងគេ បេក្ខជននោះឈ្នះ។ ចំណែកឯសំឡេងរបស់គណបក្ស ត្រូវយកទៅបូកបញ្ចូលគ្នាជាមួយមណ្ឌលផ្សេងទៀត ដើម្បីឲ្យបានជាសំឡេងសរុបរបស់គណបក្សនីមួយៗ នៅទូទាំងប្រទេស។ សំឡេងសរុបនេះហើយ ដែលគេត្រូវយកទៅគណនា ដើម្បីធ្វើការបែងចែកអាសនៈ ទាំង ១៥០ ទៅឲ្យគណបក្សនយោបាយ ហើយការគណនាអាសនៈរបស់គណបក្សនៅក្នុងថ្នាក់ជាតិនេះ វាមានលក្ខណៈបច្ចេកទេសស្មុគស្មាញ ពិបាកនឹងពន្យល់។
ការបង្កើតរដ្ឋាភិបាល និងការតែងតាំងនាយករដ្ឋមន្រ្តីថ្មី
លទ្ធផលនៃការបោះឆ្នោតថ្ងៃនេះ មិនអាចកំណត់បានពេញលេញថា តើអ្នកណានឹងអាចបង្កើតរដ្ឋាភិបាល និងធ្វើជានាយករដ្ឋមន្រ្តីបាននោះទេ ពីព្រោះថា យោងតាមរដ្ឋធម្មនុញ្ញថ្មី ដែលតាក់តែងឡើងដោយរបបសឹក នាយករដ្ឋមន្រ្តីត្រូវតែងតាំងឡើង តាមរយៈការបោះឆ្នោត នៅក្នុងសភាទាំងពីររួមគ្នា គឺរដ្ឋសភា និងព្រឹទ្ធសភា។ សមាជិករដ្ឋសភា គឺកើតចេញពីការបោះឆ្នោតនៅថ្ងៃនេះ ចំណែកសមាជិកព្រឹទ្ធសភាវិញ ដែលមានទាំងអស់ ២៥០រូប សុទ្ធតែត្រូវតែងតាំងដោយរបបសឹក។
ដោយសារតែសមាជិកព្រឹទ្ធសភាត្រូវតែងតាំងដោយរបបសឹក ដូច្នេះ គេអាចប្រមើលទុកជាមុនថា សមាជិកព្រឹទ្ធសភាទាំង ២៥០រូបនេះ នឹងបោះឆ្នោតគាំទ្រលោកប្រាយុទ្ធ ចាន់អូចា ដែលជាមេដឹកនាំរបបសឹក និងជាបេក្ខជននាយករដ្ឋមន្រ្តីមកពីគណបក្សផាឡាំងប្រាឆារ៉ាត់។
ដូច្នេះ បើទោះបីជានៅក្នុងការបោះឆ្នោតតំណាងរាស្រ្តនៅថ្ងៃនេះ គណបក្សផាឡាំងប្រាឆារ៉ាត់ មិនឈ្នះឆ្នោតបានសំឡេងភាគច្រើន ក៏លោកប្រាយុទ្ធនៅតែអាចមានឱកាសច្រើនដែរ ថានឹងអាចជាប់ឆ្នោតកាន់តំណែងជានាយករដ្ឋមន្រ្តីតទៅទៀត ព្រោះបើយើងរាប់សំឡេងគាំទ្រនៅព្រឹទ្ធសភា ដែលមានស្រាប់ទាំង ២៥០សំឡេង លោកប្រាយុទ្ធត្រូវការឈ្នះបានអសនៈតែ ១២៦ទៀតប៉ុណ្ណោះ នៅក្នុងការបោះឆ្នោតថ្ងៃនេះ។ ផ្ទុយទៅវិញ ចំពោះគណបក្សផ្សេង គឺចាំបាច់ត្រូវឈ្នះឲ្យបានអាសនៈ រហូតដល់ទៅ ៣៧៦អាសនៈឯណោះ ទើបអាចមានឱកាសបង្កើត និងដឹកនាំរដ្ឋាភិបាលបាន។
វាជារឿងពិបាកនឹងអាចទៅរួចណាស់ នៅក្នុងការបោះឆ្នោតនេះ ដែលគណបក្សណាមួយ អាចយកឈ្នះ រហូតបានដល់ទៅ ៣៧៦តែម្នាក់ឯង
នៅក្នុងប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ននេះ វាជារឿងដែលពិបាក ឬសឹងតែមិនអាចទៅរួច ដែលគណបក្សណាមួយ អាចឈ្នះឆ្នោតបានអាសនៈ ៣៧៦តែម្នាក់ឯង នៅក្នុងចំណោមអាសនៈសរុប ៥០០។ សូម្បីតែគណបក្សភឿថៃ ដែលស្និទ្ធនឹងលោកថាក់ស៊ីន ហើយដែលកន្លងមក ធ្លាប់តែឈ្នះឆ្នោតភ្លូកទឹកភ្លូកដីជារៀងរាល់លើកនោះ ក៏ពិបាកនឹងអាចយកឈ្នះរហូតបានដល់ទៅ ៣៧៦អាសនៈដែរ។
ដូច្នេះ ដើម្បីអាចបង្កើតរដ្ឋាភិបាល គឺចាំបាច់ត្រូវរកគណបក្សផ្សេងមកធ្វើជាដៃគូ ដើម្បីបង្កើតទៅជារដ្ឋាភិបាលចម្រុះ ហើយគណបក្សភឿថៃអាចរកគណបក្សជាដៃគូ ខាងលោកប្រាយុទ្ធក៏អាចធ្វើបានដូចគ្នា ដោយខាងលោកប្រាយុទ្ធនៅតែមានប្រៀប ដោយត្រូវការរកដៃគូ ដើម្បីមកបង្រ្គប់អាសនៈតែ ១២៦ ចំណែកភឿថៃត្រូវប្រមូលឲ្យបាន ៣៧៦។
នៅក្នុងការបង្កើតរដ្ឋាភិបាលចម្រុះនេះ គេនាំគ្នាសំឡឹងមើលទៅ គណបក្សសំខាន់ពីរ ដែលអាចធ្វើឲ្យជញ្ជីងត្រូវផ្អៀងទៅខាងណាមួយ គឺគណបក្សប្រជាធិបតេយ្យរបស់លោកអាភិស៊ីត និងគណបក្សអណាខុតម៉ៃរបស់លោកថាណាថន។ គណបក្សអណាខុតម៉ៃមិនចង់ភ្ជាប់ខ្លួនជាមួយនឹងអ្នកស្និទ្ធនឹងលោកថាក់ស៊ីន ក៏ប៉ុន្តែ ជាគណបក្សដែលប្រឆាំងយ៉ាងដាច់ខាតនឹងរបបសឹក។ ដូច្នេះ បើសិនជាអណាខុតម៉ៃទៅចូលរួមក្នុងរដ្ឋាភិបាលចម្រុះ គឺប្រាកដជាទៅជាមួយខាងអ្នកប្រឆាំងនឹងរបបសឹក។ ចំពោះគណបក្សប្រជាធិបតេយ្យវិញ ថ្វីដ្បិតតែធ្លាប់បានលើកឡើងថា មិនគាំទ្រឲ្យរបបសឹកបន្តកាន់អំណាច ក៏ប៉ុន្តែ យើងដឹងថា គណបក្សនេះ គឺជាគូប្រជែងយ៉ាងធំជាមួយក្រុមលោកថាក់ស៊ីន ហើយកន្លងមក ក៏ធ្លាប់មានជំហរទេទៅខាងកងទ័ពខ្លះដែរ ជាពិសេស នៅក្នុងអំឡុងវិបត្តិនយោបាយ ក្រោយរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីន។ ដូច្នេះ គេនៅតែគិតថា វាអាចទៅរួចដែលគណបក្សប្រជាធិបតេយ្យទៅចាប់ដៃគូជាមួយគណបក្សផាឡាំងប្រាឆារ៉ាត់។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ