អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការបោះឆ្នោតជ្រើសរើស​តំណាងរាស្រ្ត​ថៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃអាទិត្យ​នេះ ពលរដ្ឋ​ថៃ​បាន​នាំគ្នា​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​របស់​ខ្លួន​​ជាលើកទី១ ចាប់តាំង​ពី​មាន​រដ្ឋប្រហារ កាល​ពី​ឆ្នាំ២០១៤។ ការិយាល័យ​បោះឆ្នោត ដែល​បាន​បើក​ទ្វារ​តាំងពី​ម៉ោង ៨ព្រឹក បាន​បិទទ្វារ នៅ​ម៉ោង ៥ល្ងាច។

អ្នកបោះឆ្នោត​ថៃ​កំពុង​រៀបចំ​ទម្លាក់​សន្លឹកឆ្នោត​ក្នុង​ហិប នៅការិយាល័យ​បោះឆ្នោត​មួយ​នៅទីក្រុង​បាងកក ថ្ងៃទី ២៤ មីនា ២០១៩
អ្នកបោះឆ្នោត​ថៃ​កំពុង​រៀបចំ​ទម្លាក់​សន្លឹកឆ្នោត​ក្នុង​ហិប នៅការិយាល័យ​បោះឆ្នោត​មួយ​នៅទីក្រុង​បាងកក ថ្ងៃទី ២៤ មីនា ២០១៩ ©REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​អាច​ដឹង​ខ្លះៗ នៅ​យប់ថ្ងៃអាទិត្យ​នេះ ជាពិសេស លទ្ធផល​សម្រាប់​បេក្ខជន​នៅ​តាម​មណ្ឌល ក៏ប៉ុន្តែ លទ្ធផល​ពេញលេញ​អាច​នឹង​ត្រូវ​ចំណាយ​ពេល​ជាច្រើន​ថ្ងៃ ឬ​ច្រើន​សប្តាហ៍​ទៀត​ក៏​អាច​ថា​បាន ទម្រាំ​តែ​អាច​ចេញ​ជា​ផ្លូវការ។ យោងតាម​ច្បាប់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មាន​ពេល​រហូតដល់​ថ្ងៃ ៨ ឧសភា ដើម្បី​ប្រកាស​លទ្ធផល​ជា​ផ្លូវការ និង​ជា​ស្ថាពរ។

តាមមើល​ទៅ លទ្ធផល​បោះឆ្នោត​នៅឆ្នាំ​នេះ​ ទោះជា​លទ្ធផល​បឋម​ក៏ដោយ អាច​នឹង​ត្រូវ​ចំណាយ​ពេល​យូរ​ជាង​លើកមុនៗ ទើប​គេ​អាច​ដឹង​បាន ម្យ៉ាង​ដោយសារ​តែ​​​លើកនេះ​ ការិយាល័យ​បោះឆ្នោត​ត្រូវ​បិទទ្វារ យឺតជាង​លើកមុនៗ ១ម៉ោង ហើយ​ម្យ៉ាងទៀត ប្រព័ន្ធបោះឆ្នោត​ក៏​ត្រូវ​បាន​គេ​កែប្រែ ហើយ​វា​មាន​លក្ខណៈបច្ចេកទេស​ស្មុគស្មាញ​ជាងមុន។

ប្រព័ន្ធ​បោះឆ្នោត

ការបោះឆ្នោត​នៅថៃ​នេះ គឺ​គេ​ធ្វើ​ទៅតាម​ប្រព័ន្ធ​ចម្រុះ គឺ​តំណាងរាស្រ្ត​មួយ​ផ្នែក គឺ ៣៥០​រូប ក្នុង​ចំណោម ៥០០រូប​ ត្រូវ​បោះឆ្នោត​ជ្រើសរើស​ទៅតាម​ប្រព័ន្ធឯកត្តនាម​គិត​តាម​មណ្ឌល (ដោយ​មណ្ឌលមួយ​ត្រូវ​មាន​តំណាងរាស្រ្ត​ម្នាក់) ចំណែក​សមាជិក​ ១៥០រូបផ្សេងទៀត ត្រូវ​បោះឆ្នោតជ្រើសរើស​ទៅតាម​ប្រព័ន្ធ​សមាមាត្រ​​គិតទៅ​តាម​បញ្ជី​បេក្ខជន​របស់​គណបក្ស​នយោបាយ​នៅ​ក្នុង​ក្របខ័ណ្ឌ​ជាតិ។

កាល​ពី​ពេល​មុនៗ អ្នក​បោះឆ្នោត​ត្រូវ​គូស​លើ​សន្លឹកឆ្នោត​ពីរ​ដាច់ពីគ្នា គឺ​សន្លឹកឆ្នោត​មួយ សម្រាប់​បេក្ខជន​នៅ​ក្នុង​មណ្ឌល និង​សន្លឹកឆ្នោត​មួយ​ទៀត សម្រាប់​គណបក្ស​នយោបាយ។ ក៏ប៉ុន្តែ លើកនេះ​វិញ ក្រោយ​ពី​មាន​ការ​កែប្រែ​ដោយ​របបសឹក អ្នក​ទៅ​បោះឆ្នោត​ថ្ងៃនេះ គូសលើ​សន្លឹកឆ្នោត​តែមួយ​ទេ ហើយ​សន្លឹកឆ្នោត​តែមួយ​នេះ ត្រូវ​យក​ទៅ​រាប់​ពីរដង។ ម្តង រាប់​ជា​សំឡេង សម្រាប់​បេក្ខជន ដែល​នៅ​ក្នុង​មណ្ឌល និង​ម្តងទៀត រាប់​ជា​សំឡេង សម្រាប់​គណបក្ស ដែល​បេក្ខជន​នោះ​ឈរតំណាង។ សំឡេង​បេក្ខជន ត្រូវ​យក​ទៅ​រាប់ ដើម្បី​កំណត់​អ្នក​ឈ្នះ នៅ​ក្នុង​មណ្ឌល ដោយ​បេក្ខជន​ណា​មាន​សំឡេង​ច្រើន​ជាងគេ បេក្ខជន​នោះឈ្នះ។ ចំណែក​ឯ​សំឡេង​របស់​គណបក្ស ត្រូវ​យក​ទៅ​បូក​​បញ្ចូល​គ្នា​ជាមួយ​មណ្ឌល​ផ្សេងទៀត ដើម្បី​ឲ្យ​បាន​ជា​សំឡេង​សរុប​របស់​គណបក្សនីមួយ​ៗ ​នៅ​ទូទាំង​ប្រទេស។ សំឡេង​សរុប​នេះហើយ ដែល​គេ​ត្រូវ​យក​ទៅ​គណនា​ ដើម្បី​ធ្វើការ​បែងចែក​អាសនៈ ទាំង ១៥០ ទៅ​ឲ្យ​គណបក្ស​នយោបាយ ហើយ​ការ​គណនា​អាសនៈ​របស់​គណបក្ស​​នៅ​ក្នុង​ថ្នាក់​ជាតិ​នេះ ​វា​មាន​លក្ខណៈបច្ចេកទេស​ស្មុគស្មាញ​ ពិបាក​នឹង​ពន្យល់។

ការបង្កើត​រដ្ឋាភិបាល និង​ការតែងតាំង​នាយករដ្ឋមន្រ្តី​ថ្មី

លទ្ធផល​នៃ​ការ​បោះឆ្នោត​ថ្ងៃនេះ មិនអាច​កំណត់​បាន​ពេញលេញ​ថា តើ​អ្នកណា​នឹង​អាច​បង្កើត​រដ្ឋាភិបាល និងធ្វើ​ជា​នាយករដ្ឋមន្រ្តី​បាននោះទេ ពីព្រោះ​ថា យោងតាមរដ្ឋធម្មនុញ្ញ​ថ្មី​ ដែល​តាក់តែងឡើង​ដោយ​របបសឹក នាយករដ្ឋមន្រ្តី​ត្រូវ​តែងតាំងឡើង តាមរយៈការបោះឆ្នោត​ នៅ​ក្នុង​សភា​ទាំងពីរ​រួមគ្នា គឺ​រដ្ឋសភា និង​ព្រឹទ្ធសភា។ សមាជិក​រដ្ឋសភា គឺ​​​កើតចេញ​ពី​ការ​បោះឆ្នោត​នៅថ្ងៃ​នេះ​ ចំណែក​សមាជិក​​ព្រឹទ្ធសភា​វិញ ដែល​មាន​ទាំងអស់​ ២៥០រូប ​សុទ្ធតែ​ត្រូវ​តែងតាំង​ដោយ​របបសឹក។

ដោយសារ​តែ​សមាជិក​ព្រឹទ្ធសភា​​ត្រូវ​តែងតាំង​ដោយ​របបសឹក ដូច្នេះ គេ​អាច​ប្រមើល​ទុក​ជាមុន​ថា សមាជិកព្រឹទ្ធសភា​ទាំង ២៥០​រូបនេះ នឹង​បោះឆ្នោត​គាំទ្រ​លោក​ប្រាយុទ្ធ ចាន់អូចា ដែល​ជា​មេដឹកនាំ​របបសឹក​ និង​ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​មក​ពី​គណបក្ស​ផាឡាំងប្រាឆារ៉ាត់។

ដូច្នេះ បើទោះបីជា​នៅ​ក្នុងការ​បោះឆ្នោតតំណាងរាស្រ្ត​នៅ​ថ្ងៃ​​នេះ គណបក្ស​ផាឡាំងប្រាឆារ៉ាត់ មិន​ឈ្នះ​ឆ្នោត​បាន​សំឡេង​ភាគច្រើន​ ក៏​លោក​ប្រាយុទ្ធ​នៅ​តែ​​អាច​មាន​ឱកាស​ច្រើន​ដែរ ថា​នឹង​អាច​​ជាប់ឆ្នោត​​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​តទៅទៀត ព្រោះ​បើ​យើង​រាប់​សំឡេងគាំទ្រ​នៅ​ព្រឹទ្ធសភា ដែល​មាន​ស្រាប់​ទាំង ២៥០​សំឡេង លោក​ប្រាយុទ្ធ​​ត្រូវការ​​ឈ្នះ​បាន​អសនៈ​តែ ១២៦​ទៀត​​ប៉ុណ្ណោះ នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃនេះ។ ផ្ទុយ​ទៅវិញ ចំពោះ​គណបក្ស​ផ្សេង គឺ​ចាំបាច់​ត្រូវ​ឈ្នះ​ឲ្យ​បាន​អាសនៈ រហូតដល់​ទៅ ៣៧៦​អាសនៈ​ឯណោះ ទើប​អាច​មាន​ឱកាស​បង្កើត​ និង​ដឹកនាំ​រដ្ឋាភិបាល​បាន។

វាជារឿង​ពិបាក​នឹង​អាច​ទៅរួចណាស់ នៅ​ក្នុងការ​បោះឆ្នោត​នេះ ដែល​គណបក្ស​ណាមួយ អាច​យកឈ្នះ រហូត​បាន​ដល់​ទៅ ៣៧៦​តែម្នាក់ឯង

នៅក្នុង​ប្រព័ន្ធបោះឆ្នោត​បច្ចុប្បន្ន​នេះ វា​ជា​រឿង​ដែល​ពិបាក​ ឬ​សឹងតែ​មិន​អាច​ទៅរួច ដែល​គណបក្ស​ណាមួយ អាច​ឈ្នះ​ឆ្នោត​បាន​អាសនៈ ៣៧៦​តែម្នាក់ឯង នៅ​ក្នុង​ចំណោម​អាសនៈសរុប ៥០០។ សូម្បីតែ​គណបក្ស​ភឿថៃ ដែល​ស្និទ្ធ​នឹង​លោក​ថាក់ស៊ីន ហើយ​ដែល​កន្លងមក ធ្លាប់​តែ​ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី​ជា​រៀងរាល់​លើក​នោះ ក៏​ពិបាក​នឹង​អាច​យក​ឈ្នះ​រហូត​បាន​ដល់​ទៅ ៣៧៦អាសនៈដែរ។

ដូច្នេះ ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល គឺ​ចាំបាច់​ត្រូវ​រក​គណបក្ស​ផ្សេង​មក​ធ្វើ​ជា​ដៃគូ ដើម្បី​បង្កើត​ទៅ​ជា​រដ្ឋាភិបាល​ចម្រុះ ហើយ​​គណបក្ស​ភឿថៃ​អាច​រក​គណបក្ស​ជាដៃគូ ខាង​លោក​ប្រាយុទ្ធ​ក៏​អាច​ធ្វើ​បាន​ដូចគ្នា ដោយ​ខាង​លោក​ប្រាយុទ្ធ​នៅតែ​មាន​ប្រៀប ដោយ​ត្រូវការ​រក​ដៃគូ ដើម្បី​មក​បង្រ្គប់​អាសនៈ​តែ ១២៦ ចំណែក​ភឿថៃ​ត្រូវ​ប្រមូល​ឲ្យ​បាន ៣៧៦។

នៅ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​នេះ ​គេ​នាំគ្នា​សំឡឹង​មើល​ទៅ គណបក្ស​សំខាន់​ពីរ ដែល​អាច​ធ្វើ​ឲ្យ​ជញ្ជីង​ត្រូវ​ផ្អៀង​ទៅ​ខាងណាមួយ​​ គឺ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អាភិស៊ីត និង​គណបក្ស​អណាខុតម៉ៃ​របស់​លោក​ថាណាថន។ គណបក្ស​អណាខុតម៉ៃ​មិន​ចង់​ភ្ជាប់ខ្លួន​ជាមួយ​នឹង​អ្ន​កស្និទ្ធ​នឹង​លោក​ថាក់ស៊ីន ក៏ប៉ុន្តែ ជា​គណបក្ស​ដែល​ប្រឆាំង​យ៉ាង​ដាច់ខាត​នឹង​របបសឹក។ ដូច្នេះ បើ​សិន​ជា​អណាខុតម៉ៃ​ទៅ​ចូលរួម​ក្នុង​រដ្ឋាភិបាលចម្រុះ គឺ​ប្រាកដ​ជា​ទៅ​ជាមួយ​ខាង​អ្នក​ប្រឆាំង​នឹង​រ​ប​បសឹក។ ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ​វិញ ថ្វីដ្បិត​តែ​ធ្លាប់​បាន​លើកឡើង​ថា មិន​គាំទ្រ​ឲ្យ​របបសឹក​បន្ត​កាន់​អំណាច ក៏ប៉ុន្តែ យើង​ដឹង​ថា គណបក្ស​នេះ គឺ​ជា​គូប្រជែង​យ៉ាង​ធំ​ជាមួយ​ក្រុម​លោក​ថាក់ស៊ីន ហើយ​កន្លងមក ក៏​ធ្លាប់​មាន​ជំហរ​ទេ​ទៅ​ខាង​កងទ័ព​ខ្លះ​ដែរ ជាពិសេស នៅ​ក្នុង​អំឡុង​វិបត្តិ​នយោបាយ ក្រោយ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន។ ដូច្នេះ គេ​នៅតែ​គិត​ថា វា​អាច​ទៅ​រួច​​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ទៅ​ចាប់ដៃគូ​ជាមួយ​គណបក្ស​ផាឡាំង​ប្រាឆារ៉ាត់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ