ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
អាស៊ី

គណបក្ស​របស់​លោកប្រាយុទ្ធ​មាន​សំឡេង​​នាំមុខគេ​ក្នុងការ​បោះឆ្នោត​នៅថៃ

media លោកនាយករដ្ឋមន្រ្តី​ប្រាយុទ្ធ​ចាន់ អូចា​ជាមួយ​បេក្ខនារី​តំណាងរាស្រ្ត​របស់​គណបក្ស​​ផាឡាំងប្រាឆារ៉ាត់ REUTERS/Athit Perawongmetha

ការបោះឆ្នោត​ថៃ​បាន​បិទបញ្ចប់​ទៅ កាល​ពី​​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ ជាមួយ​នឹង​ការ​ភ្ញាក់​ផ្អើល​មួយ​ចំនួន ដែល​គេ​មិន​បាន​គិតដល់។ ក្រៅ​ពី​អត្រា​អ្នក​ចេញ​ទៅ​បោះឆ្នោត​ទាប ត្រឹម ៦៤% អ្វី​ដែល​កាន់តែ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ទៅទៀត​នោះ គឺ​គណបក្ស​ផាឡាំង​ប្រាឆារ៉ាត់ របស់​លោក​ប្រាយុទ្ធ ចាន់អូចា ដែល​ជា​អ្នក​ទទួល​សំឡេង​នាំមុខគេ។

គ្រប់គ្នា​ដឹង​ថា ការ​បោះឆ្នោត​ថៃ​នៅពេលនេះ គឺ​ត្រូវ​ធ្វើឡើង​ទៅតាម​ច្បាប់ ដែល​រ​បបសឹក​ជា​អ្នក​តាក់តែងឡើង​ដោយ​ខ្លួនឯង ហើយ​ធ្វើ​តម្រូវ​ប្រយោជន៍​ខ្លួនឯង។ ក៏ប៉ុន្តែ អ្នកវិភាគ​ជាទូទៅ មិនដែល​នឹកស្មាន​ដល់​ទេ​ថា គណបក្ស​ផាឡាំងប្រាឆារ៉ាត់ អាច​នឹង​មាន​សំឡេង​នាំមុខគេ​បែបនេះ។

នៅ​ប្រមាណ​ជា ម៉ោង ១០​​យប់ ថ្ងៃ​បោះឆ្នោត នៅ​ក្នុងពេល​ដែល​ការ​រាប់សន្លឹកឆ្នោត​នៅ​ទូទាំង​ប្រទេស​ត្រូវ​បានគេ​ធ្វើ​ចប់​ជាង ៩០% ហើយ​នោះ លទ្ធផល​ក្រៅផ្លូវការ ដែល​បាន​មក​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បង្ហាញ​ថា គណបក្ស​ផាឡាំង​ប្រាឆារ៉ាត់​ទទួល​បាន​សន្លឹកឆ្នោត​​គាំទ្រ​នាំមុខគេ គឺ​បាន​​​រហូតដល់​ទៅ ៧លាន៦សែន​សន្លឹក នាំមុខ​គណបក្ស​ភឿថៃ ដែល​ទទួល​បាន​តែ​ជាង ៧លាន​សន្លឹក។

ជាការពិតណាស់​ថា ដោយសារ​តែ​វិធី​គណនា​នៅ​ក្នុង​ប្រព័ន្ធ​បោះឆ្នោត ដែល​កែប្រែ​ដោយ​របបសឹក ចំនួន​អាសនៈ​ដែល​គណបក្ស​នីមួយៗ​ត្រូវ​ទទួល​បាន អាច​មិន​ស្រប​ទៅតាម​លំដាប់លំដោយ​នៃ​ទំហំ​សន្លឹកឆ្នោត​ដែល​គេ​ទទួល​បាន​នោះទេ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថៃគ្រោង​នឹង​បញ្ចប់​ការ​រាប់សន្លឹកឆ្នោត​ នៅ​ត្រឹមព្រឹកថ្ងៃ​ចន្ទ​នេះ ដើម្បី​អាច​ឈាន​ទៅ​ធ្វើការ​គណនា​កំណត់​ចំនួន​អាសនៈ​របស់​គណបក្ស​នីមួយៗ។

លទ្ធផល​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយ​ទៀត គឺ​គណបក្ស​អណាខុតម៉ៃ ដែល​ទើប​នឹង​បង្កើត​ថ្មី បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ជាងគេ​​​លំដាប់​ទី៣ (៥លាន​សន្លឹក) ពោលគឺ បាន​ច្រើន​ជាង​​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អាភិស៊ីត​ទៅទៀត ដែល​ជា​គណបក្ស​ដ៏​ចំណាស់​បំផុតនៅ​ក្នុង​ប្រទេស​ថៃ ហើយ​ដែល​ស្ថិត​នៅ​លំដាប់​ទី៤ (ជាង ៣លានសន្លឹក) ស្ទើរតែ​ស្មើគ្នា​ជាមួយ​នឹង​គណបក្សភូមិចៃថៃ (ជាង ៣លានសន្លឹក)​។

​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត គឺ​​​គណបក្ស​ប្រជាធិបតេយ្យ​ទំនង​ជា​នឹង​មិន​ទទួល​បាន​អាសនៈ​ណាមួយសោះ នៅ​ក្នុង​ចំណោម​អាសនៈ​ទាំង ៣០ នៅ​ក្នុង​​ទីក្រុង​បាងកក ដែល​ធ្លាប់​តែ​ជា​សម្បុក​នៃ​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​តាំង​ពី​ដើមមក។ ភ្លាមៗ​ក្រោយ​ពី​បាន​ឃើញ​លទ្ធផល​ដ៏​គួរ​ឲ្យ​ខកចិត្ត​នេះ លោក​អាភិស៊ីត​ក៏​បាន​ប្រកាស​លាឈប់​ពី​មុខ​តំណែង​ជា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ ដូចអ្វី​ដែល​លោក​ធ្លាប់​បានសន្យា​កាល​ពីមុន ដែល​ថា លោក​នឹងលាឈប់​ប្រសិន​បើ​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​តិចជាង ១០០អាសនៈ នៅ​ក្នុង​ការ​បោះឆ្នោត​នេះ។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ