អានតួអត្ថបទ
ចិន-បារាំង

ហេតុអ្វី​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន នៅបារាំងជា វិញ្ញាសា​ដ៏លំបាក​សម្រាប់​លោកម៉ាក្រុង?

នៅក្នុង​ដំណើរទស្សនកិច្ច​មួយជុំតូច​នៅ​អឺរ៉ុប ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​ត្រូវ​ផ្តើម​ទស្សនកិច្ច ផ្លូវរដ្ឋ នៅ​ថ្ងៃ​ចន្ទ នេះ នៅ​ប្រទេស​បារាំង។ នៅថ្ងៃ​អាទិត្យម្សិលមិញ នៅ​មុន​ផ្តើម​ទស្សនកិច្ច​ជាផ្លូវការ នៅ​បារាំង ប្រមុខរដ្ឋចិន បាន​ចូល​ជួប​ព្រះមហាក្សត្រ​របស់​ប្រទេស​ម៉ូណាកូ មុន​នឹង​ចូល​ទទួល​ទានអាហារ ពេលល្ងាច ជាមួយ គ្រួសារ​របស់​លោក​ប្រធានាធិបតី បារាំង អេម៉ានុយអែល​ម៉ាក្រុង នៅ​ទីក្រុង​នីស ភាគខាងត្បូង​បារាំង។ 

ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង​ត្រូវ​បានទទួល​យ៉ាង​រាក់ទាក់ នៅទឹកដី​អ៊ីតាលី
ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង​ត្រូវ​បានទទួល​យ៉ាង​រាក់ទាក់ នៅទឹកដី​អ៊ីតាលី ©REUTERS/Guglielmo Mangiapane
ផ្សាយពាណិជ្ជកម្ម

នៅ​ទីក្រុង​នីស ជាទី​ដែល​លោក​ទទួល​ប្រធានាធិបតី​ចិន ជាលក្ខណៈ​ឯកជន លោកប្រធានាធិបតី​បារាំង អេម៉ានុអែល ម៉ាក្រុង​នឹង​និយាយ​ពីការពង្រឹង​ទំនាក់ទំនង ចិន បារាំង ទំនាក់ទំនង​ចិន អឺរ៉ុប សំណុំរឿង​អន្តរជាតិ ហើយ​និង​សំណុំរឿង​ផ្សេងទៀត ដែល​ប្រទេស​ទាំងពីរ​មានជាប់​ផលប្រយោជន៍​រួម។ បារាំង​ចង់​បាន​ការវិនិយោគ​របស់​ចិន ក្នុង​វិស័យ​ទេសចរណ៍ និង​ការចូលរួម​របស់​ចិន ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមអ៊ីស្លាមជ្រុលនិយម នៅ​ទឹកដី​អាហ្រ្វិក ជាដើម។

ប៉ុន្តែ នៅពេល​ដែល​ទស្សនកិច្ច​ផ្លូវរដ្ឋ ​របស់​ប្រធានាធិបតី​ចិន នៅ​ប្រទេស​បារាំង ​ចាប់ផ្តើម ជាផ្លូវការ នៅ​ថ្ងៃចន្ទ នៅ​ចំ គម្រប់​ខួប​៥៥​ឆ្នាំ នៃ​ទំនាក់ទំនង​បារាំង និង​ចិន គឺ​នៅពេល​នោះហើយ ដែល​លោកម៉ាក្រុង​ត្រូវ​បង្ហាញ​ជំហរ​ពិតប្រាកដ​របស់​បារាំង ជាពិសេស​ចំពោះ គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ​របស់​លោកប្រធានាធិបតី​ ស៊ី ជីនពីង។ ក្នុង​ពេល​អ៊ីតាលី ​សមាជិក​មួយ​របស់​សហភាពអឺរ៉ុប ចុះ​ហត្ថលេខា ចូលរួម​ក្នុង​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ ជាមួយ​ចិន ប្រធានាធិបតី បារាំង លោកម៉ាក្រុង ឯណោះវិញ ធ្លាប់​ចង់ឲ្យ​កិច្ចព្រមព្រៀង​ស្តីពី​គម្រោង ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ គួរ​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ ចិន និង​អឺរ៉ុប​ទាំងមូល គឺ​មិនមែន​ទ្វេភាគី រវាង​ចិន និង​ប្រទេស​សមាជិក​អឺរ៉ុប​ណាមួយ​នោះទេ។

ប្រធានាធិបតី បារាំង លោកម៉ាក្រុង ចង់ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ពង្រឹង​ទំនាក់ទំនង​ជាមួយ ចិន ប៉ុន្តែ ជាមួយ​គ្នានោះ លោក​ក៏​រិះគន់​ផងដែរ នយោបាយ​អនុត្តរភាព​របស់​ប្រទេស​មហាអំណាចចិន។ អាល្លឺម៉ង់​វិញ បាន​បញ្ចេញ​សំលេង​រិះគន់​ចិន បន្ថែមទៀត នៅក្រោយ ចិន ទាក់ទាញ​បាន​ប្រទេស​អឺរ៉ុប​ដំបូងគេ គឺ​អ៊ីតាលី​ឲ្យ​ចូលរួម​ក្នុង​គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។ សម្រាប់​រដ្ឋមន្រ្តី​ការបរទេស ប្រទេស​មួយចំនួន​ដែលជឿថា កំពុង​ធ្វើ​ជំនួញ​ជោគជ័យ​ជាមួយ​ចិន នឹង​ភ្ញាក់ដឹងខ្លួន នៅថ្ងៃ​មួយថា ពួកគេ​បាន​ក្លាយ​ជា​ប្រទេស​ពឹងផ្អែក​លើ​ចិន​ទាំងស្រុង។

ឆ្លើយតប​ទៅ​នឹង​កង្វល់​របស់​របស់​អឺរ៉ុប ដែល​ថា គម្រោង​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ​នឹង​ផ្តល់​ប្រយោជន៍​តែ​ទៅខាង​ចិន លោកប្រធានាធិបតី​ ស៊ី ជីនពីង បាន​អះអាង សា ជាថ្មីនៅ​ប្រទេស​អ៊ីតាលី​ ថា ផលប្រយោជន៍​នឹង​មាន សម្រាប់​ទាំងសងខាង។

នៅក្នុងរបាយការណ៍​របស់​ខ្លួន សហភាព​អឺរ៉ុប ធ្លាប់​បាន​សរសេរ​រួចហើយថា ចិន​ជា​ប្រទេស​ដៃគូ ប៉ុន្តែ ជាមួយគ្នានោះ​ក៏ជាប្រទេស​គូប្រជែង​របស់​អឺរ៉ុបដែរ។ ប្រទេស​អឺរ៉ុប​ជាច្រើន មិន​ជឿទុកចិត្ត​ចិន ជាពិសេស នៅក្នុង​គម្រោង​ដំឡើង​បណ្តាញ​ទូរស័ព្ទ​ទំនើប​ជំនាន់​ទី​៥ របស់​ក្រុមហ៊ុន​Huawei ដែល​អាមេរិកចោទ​ថា ជា​ភ្នាក់ងារ​លួច​យក​ព័ត៌មាន​សម្ងាត់​ទៅ​ឲ្យ​កងទ័ពចិន។

នៅ​ថ្ងៃ​អង្គារ លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ និង​ប្រធាន​គណៈកម្មការអឺរ៉ុប លោក​ហ្សុងគ័រ នឹង​ជួប​ពិភាក្សា​ចតុភាគី ជាមួយ លោកស៊ី ជីនពីង និង​លោក​ម៉ាក្រុង ដើម្បី ដោះស្រាយ​រាល់​ចំណុច​ខ្វែងគំនិត​គ្នា​រវាង​អឺរុប ហើយ​និង​មហាអំណាច​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ