ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT
អាស៊ី

ប្រជាជន​ថៃ​ចេញ​ទៅ​បោះឆ្នោតជ្រើសរើស​តំណាងរាស្រ្ត​ជាលើកទី១​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ

media  
នៅក្រោយ​រដ្ឋប្រហារឆ្នាំ ២០១៤ ប្រជាជន​ថៃ​ចេញ​ទៅ​បោះឆ្នោត​ជា​លើកទី១ នៅថ្ងៃអាទិត្យ​ទី ២៤ មីនា ២០១៩​ ©Dyna Seng

ថ្ងៃអាទិត្យ​ទី ២៤​មីនា គឺ​ជា​ថ្ងៃ​ដែល​ប្រជាជន​ថៃ​ជាច្រើន​បាន​រង់ចាំ​អស់រយៈពេល​ជា​យូរ​មក​ហើយ... ជា​ថ្ងៃ​ដែល​ពួកគេ​ត្រូវ​ចេញ​ទៅ​បោះឆ្នោត​ជា​លើកទី១ ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​ កាល​ពី​ឆ្នាំ២០១៤​កន្លងទៅ។ ការិយាល័យ​បោះឆ្នោត បាន​ចាប់ផ្តើម​បើក​ទ្វារ តាំង​ពី​ម៉ោង ៨ព្រឹក។ សេង ឌីណា កំពុង​ស្ថិត​នៅ​ឯ​ការិយាល័យ​បោះឆ្នោត​​មួយ​កន្លែង នៅ​ក្នុង​ទីក្រុ​ង​បាងកក។

ការិយាល័យបោះឆ្នោត ដែល​​មក​យកការណ៍​​នេះ គឺ​ស្ថិត​ក្នុង​សាលារៀន​មួយ ​នៅ​ជាប់​នឹង​ “សួនលំភីនី”។ កាល​ពី​ដំបូង នៅ​ពេល​ការិយាល័យ​ទើប​នឹង​ចាប់ផ្តើម​បើក​ទ្វារ គឺ​ដូចជា​ស្ងាត់ ទាល់តែ​ចាប់​ពី​ម៉ោង ៩​ ឬ​ ៩កន្លះ​ទៅ​ចាប់ផ្តើម​មាន​មនុស្ស​មក​បោះឆ្នោត​ច្រើន តែ​យ៉ាងណា​ក៏​ហាក់​ដូចជា​មិនសូវជា​មាន​មនុស្ស​ច្រើន​មក​ឈរ​តម្រង់​ជួរចាំបោះឆ្នោត ដូចអ្វី​ដែល​គេ​បាន​ឃើញ កាល​ពី​ពេល​បោះឆ្នោត​មុនថ្ងៃកំណត់ កាល​ពី​ថ្ងៃ​អាទិត្យ​មុនទេ។

នៅ​ខាង​ក្នុង និង​ខាង​មុខ​ការិយាល័យ​ ​មាន​ប៉ូលិស​ជាច្រើន​នាក់ នៅ​រក្សា​សន្តិសុខ នៅ​ខាង​ក្នុង និង​មុខ​ការិយាល័យ ហើយ​ក្រៅ​ពីខ្ញុំ​ គឺ​​មាន​​អ្នក​កាសែត​ទូរទស្សន៍​ថៃ​ពីរនាក់​ផ្សេងទៀត​​​មក​ចាំ​យក​ព័ត៌មាន​ដែរ។ ក្រៅពីនេះ​ខ្ញុំ​ឃើញ​មាន​អ្នក​សង្កេតការណ៍​បោះឆ្នោត​ជា​ជនជាតិ​ថៃ និង​មាន​មន្រ្តី​ស្ថានទូត​បរទេស ៣នាក់ ក៏​បាន​មក​សង្កេតការណ៍​មួយ​ភ្លែត​ដែរ មុន​នឹង​ចេញ​ទៅ​ការិយាល័យ​ផ្សេង។

ជារួម​ទៅ តាម​អ្វី​ដែល​ខ្ញុំ​បាន​សួរនាំ អ្នក​ដែល​ចេញ​ពី​បោះឆ្នោត គ្រប់គ្នា​សុទ្ធតែ​បាន​លើកឡើង​ថា ការ​បោះឆ្នោត​តាំង​ពី​ព្រឹកមកនេះ គឺ​មាន​ដំណើរការ​ល្អ​ជា​ធម្មតា ហើយ​បងស្រី​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​សង្ឃឹម​ថា ការ​បោះឆ្នោត​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ប្រជាជន​ថៃ​កាន់តែ​ប្រសើរ​ឡើង​ជាង​សព្វថ្ងៃ។

“ជារឿងល្អ​ដែលមាន​ការ​បោះឆ្នោត​នេះ ហើយ​ចង់​ឲ្យ​ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ​និង​យុត្តិធម៌ សម្រាប់​ប្រជាជន​ថៃ​គ្រប់​គ្នា។ ហើយ​ខ្ញុំ​ចង់​ឲ្យ​ការ​បោះឆ្នោត​លើកនេះ​ធ្វើ​ឲ្យ​ជីវិត​របស់​ប្រជាជន​ថៃ​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរជាង​សព្វថ្ងៃ។ ម្យ៉ាងទៀត ខ្ញុំ​ចង់​ឃើញ​ការផ្លាស់ប្តូរ ទៅ​ជា​ការ​គ្រប់គ្រង​ដោយ​របបប្រជាធិបតេយ្យ... ការ​ផ្លាស់ប្តូរ​​ពិតៗ មិនមែនចេះតែ​ដូរ​ទៅដូរមកទេឥតឈប់ទេ តែ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ទៅ​រក​ផ្លូវ​ល្អ... ទៅតាម​ស្តង់ដាមួយ​ ដែល​ពិភពលោក​អាច​ទទួល​យក​បាន។”

យុវនារី​វ័យក្មេង​ម្នាក់ ដែល​ទើប​នឹង​ចេញ​ពី​បោះឆ្នោត​ដែរ​ បាន​សង្ខេប​ជា​រួម​ថា ចំណុច​សំខាន់​នៃ​ការ​បោះឆ្នោត​ថ្ងៃនេះ គឺ​ជា​ការ​ជ្រើសរើស​ រវាង​របបផ្តាច់ការ និង​របបប្រជាធិបតេយ្យ។

“ការបោះឆ្នោតនេះ​សំខាន់ណាស់ សម្រាប់​ប្រជាជនថៃ... សំខាន់​ខ្លាំងណាស់ ពីព្រោះ​ថា ថៃ​ស្ថិត​ក្រោម​របបផ្តាច់ការ​អស់រយៈពេល​យូរ​មកហើយ ជិត ៥ឆ្នាំ​ហើយ។ ឥឡូវនេះ វា​គឺ​ជា​ពេលវេលា ដែល​យើង​ត្រូវ​ជ្រើសរើស​ថា តើ​យើង​ចង់​បន្ត​ស្ថិត​ក្រោម​រ​បបផ្តាច់ការ​នេះ​ជាច្រើន​ឆ្នាំ​តទៅមុខ​ទៀត ឬ​ក៏​យើង​ចង់​ជ្រើសរើស​ប្រជាធិបតេយ្យ?

ខ្ញុំ​សង្ឃឹម​ថា វា​អាច​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌ ហើយ​នៅ​ក្រោយ​ពេល​ដែល​ការិយាល័យ​បោះឆ្នោត​បិទទ្វារ ខ្ញុំ​នឹង​ត្រឡប់​មក​ទីនេះ​ម្តងទៀត ដើម្បី​តាមដាន​មើល​ការ​រាប់​សន្លឹកឆ្នោត។”

ការបោះឆ្នោត​នៅការិយាល័យ​នេះ ក៏​ដូចជា​នៅ​តាម​ការិយាល័យ​ផ្សេងទៀត នឹង​មាន​ដំណោះរការ​ទៅ​ពេញ​មួយថ្ងៃ រហូត​ដល់​ម៉ោង ៥ល្ងាច​ទើប​បិទការិយាល័យ។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ