ហេតុអ្វីអឺរ៉ុបមិនទុកចិត្តគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៣
ប្រធានាធិបតីចិន លោកស៊ី ជីនពីង ចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃ នៅប្រទេសបារាំង នៅថ្ងៃចន្ទទី ២៥ មីនា។ ដំណើរទស្សនកិច្ច របស់លោកស៊ី នៅ ប្រទេសបារាំង ជាឱកាសបើកឲ្យមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជិកម្ម ក៏ដូចជាការសហការទ្វេរភាគីរវាងប្រទេសទាំងពីរ ប៉ុន្តែ ប្រធានាធិបតី បារាំងលោកម៉ាក្រុងក៏នឹងឆ្លៀតពេលនេះ ដើម្បី បញ្ចុះបញ្ចូលមេដឹកនាំចិនគោរពតាមនយោបាយពហុភាគី ជាពិសេស នៅក្នុងគម្រោងសេដ្ឋកិច្ចមហាសាលរបស់ចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលកំពុងជាក្តីកង្វល់របស់សហភាពអឺរ៉ុប។
នៅក្នុងទស្សនកិច្ចមួយជុំតូចនៅ អឺរ៉ុប ប្រធានាធិបតីចិន លោកស៊ី ជីនពីង នឹងចំណាយពេល៣ថ្ងៃនៅប្រទេសបារាំង ជាទីដែលលោកនឹងជួបពិភាក្សា ជាមួយមេដឹកនាំសំខាន់ៗរបស់អឺរ៉ុប គឺ លោកប្រធានាធិបតី បារាំង អេម៉ានុយអែល ម៉ាក្រុង លោកស្រីនាយករដ្ឋមន្រ្តី អាល្លឺម៉ង់ ហើយនិងប្រធានគណៈកម្មការអឺរ៉ុប លោកហ្សុងគ័រ នៅថ្ងៃអង្គារ។ ជំនួបចតុភាគីរវាងប្រធានាធិបតីចិន ជាមួយមេដឹកនាំបារាំង អាល្លឺម៉ង់ ធ្វើឡើងដើម្បីត្រួសត្រាយ កិច្ចប្រជុំកំពូល ចិន អឺរ៉ុប ដែលត្រូវរៀបចំធ្វើឡើងនៅខែមេសាខាងមុខ។ តាមគម្រោង ភាគីចិន និងអឺរ៉ុបត្រូវចរចា ពិភាក្សាគ្នាដើម្បីលុបបំបាត់ចោលរនាំងពន្ធគយ រវាងភាគីទាំង២ ឲ្យបានមុនដាច់ឆ្នាំ ២០២០។
ទស្សនកិច្ចរបស់ប្រធានាធិបតីចិន នៅបារាំងលើកនេះ ធ្វើឡើងផងដែរ នៅចំពេលដែលចិន មិនសូវមានរូបភាពល្អប៉ុន្មាន ក្នុងក្រសែភ្នែករបស់ នៅអឺរ៉ុប ជាពិសេស ប្រទេសបារាំង និងអាល្លឺម៉ង់។ លើសពីនោះ អាមេរិកនៅបានដាក់សម្ពាធទៅលើសម្ព័ន្ធមិត្តអឺរ៉ុប ដែលចង់ប្រគល់បណ្តាញ ទូសារគមនាគមន៍របស់ខ្លួនទៅឲ្យក្រុមហ៊ុនចិនHuawei ចូលវិនិយោគ តបណ្តាញទូរស័ព្ទទំនើបជំនាន់ ទី៥ (5 G)ក្នុងទឹកដី របស់ខ្លួន។ ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ក្រុមហ៊ុនHuawei ថា លួចយកការណ៍សម្ងាត់ទៅឲ្យកងទ័ពចិន។
វិនិយោគរបស់ចិន នៅអឺរ៉ុបចាប់ថយចុះ មកវិញ
បើគិតតាំងពីឆ្នាំ ២០១០ ចិនបានវិនិយោគយ៉ាងហោច ទឹកប្រាក់ ១៤៥ពាន់លានអឺរ៉ូ នៅក្នុងទឹកដីអឺរ៉ុប។ ប៉ុន្តែ បរិមាណវិនិយោគរបស់ចិន នៅអឺរ៉ុបបានចាប់ថយចុះមកវិញ តាំងពីឆ្នាំ ២០១៧ ពី២៩ពាន់លានអឺរូ មកនៅត្រឹម១៧ពាន់លានអឺរ៉ូ នៅឆ្នាំ ២០១៨។ តាមអ្នកជំនាញ ចំនួនវិនិយោគរបស់ចិននៅអឺរ៉ុបថយចុះ នៅក្រោយពេលដែលរដ្ឋអំណាចចិន រឹតបន្តឹងក្រុមហ៊ុនចិន ដែលមានជាប់ប្រាក់បំណុលច្រើនពេក។ ៦០ភាគរយ នៃក្រុមហ៊ុនចិន ដែលវិនិយោគនៅអឺរ៉ុប គឺជាក្រុមហ៊ុនរដ្ឋចិន។ មួយវិញទៀត ក្រុមហ៊ុនរដ្ឋចិន មកវិនិយោគកាន់តែតិច នៅអឺរ៉ុប ដោយសារតែច្បាប់រឹតបន្តឹងកាន់តែខ្លាំងដែរពីខាងភាគីអឺរ៉ុប។
កាលពីខែកុម្ភៈ កន្លងទៅ សភាអឺរ៉ុបទើបតែបានបង្កើតច្បាប់ឲ្យមានការត្រួតពិនិត្យ តាមដាន ការវិនិយោគបរទេស នៅក្នុងវិស័យយុទ្ធសាស្រ្ត នៅក្នុងទឹកដីអឺរ៉ុប ជាពិសេស ក្នុងផ្នែកបច្ចេកវិទ្យា ដូចជាបណ្តាញទូរគមនាគមន៍ មនុស្សយន្តជាដើម។
អឺរ៉ុប ចាប់ផ្តើម លែងសូវជឿទុកចិត្តចិន ចាប់តាំងពីពេលដែលអឺរ៉ុបមានអារម្មណ៍ថា ចិន គ្មានចេតនាចង់ធ្វើជាភាគី ដោះដូរពាណិជ្ជកម្មស្មើភាពគ្នានោះទេ។ ចិននៅពន្យារពេល មិនព្រម រូតរះ បើកផ្លូវវិនិយោគស្មើភាព ដល់ក្រុមហ៊ុនបរទេស។ រដ្ឋចិននៅតែលូកដៃ ជួយផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុនចិន នៅក្នុងពេលដែលក្រុមហ៊ុនចិន វិញ កាន់តែ មានមុខ ដើរតួនាទីសំខាន់ ក្នុងវិស័យសេដ្ឋកិច្ចរបស់អឺរ៉ុប។
លោកប្រធានាធិបតីចិន ស៊ី ជីនពីង ទៅអឺរ៉ុបដើម្បីបញ្ចុះបញ្ចូលអឺរ៉ុប ឲ្យចូលរួម គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន
ទោះជាចិន ទាក់ទាញបានអ៊ីតាលី ដែលជាប្រទេសអឺរ៉ុបដំបូងគេ ដែលប្រកាសចូលរួមក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប៉ុន្តែ ទិសដៅរបស់ចិន គឺទាក់ទាញអឺរ៉ុបទាំងមូលឲ្យចូលរួម ជាចិន ជាពិសេសបារាំង អាល្លឺម៉ង់ និងជាពិសេសគណៈកម្មការអឺរ៉ុបតែម្តង ដែលនៅតែអរិភាព មិនទុកចិត្ត លើគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ចិន។ អាល្លឺម៉ង់ទើបតែរិះគន់ខ្លាំងប្រទេសអ៊ីតាលីដែលបានសម្រេចជាឯកតោភាគីចូលរួមក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន។
បារាំង និងអាល្លឺម៉ង់បារម្ភថា ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន នឹងផ្តល់ប្រយោជន៍តែទៅខាងចិន។ អឺរ៉ុប មិនមែនមិនចង់ស្វាគមគម្រោងរបស់ចិន ទេ ប៉ុន្តែ អឺរ៉ុបមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតែមិនចង់ធ្លាក់ខ្លួន ក្នុងអន្ទាក់ រង់ចាំតែដង្ហើមចិន។ នៅក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រធានាធិបតីបារាំង ជាដើម បានអំពាវនាវ ឲ្យប្រទេសនៅក្នុងសហភាពអឺរ៉ុបរួមគ្នា ដើម្បីចរចា បង្កើតកិច្ចព្រមព្រៀងរួមមួយ ក្នុងនាមសហភាពអឺរ៉ុប ជាមួយភាគីចិន។
ដោយធ្វើដូច្នេះ បារាំងទំនងចង់ឲ្យអឺរ៉ុបមានទម្ងន់ និងច្បាស់ជឿទុកចិត្តមិនឲ្យ ចិនដើរខ្សែលើ និង ជាពិសេស ទៅទៀត គឺដើម្បី ជួយមិនឲ្យប្រទេសនៅអឺរ៉ុប ធ្លាក់ខ្លួនជាកូនបំណុលរបស់ចិន ដូចនៅបណ្តាប្រទេសអាស៊ីដទៃទៀត ដោយសារតែគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ។
អឺរ៉ុបបែកបាក់គ្នា នៅចំពោះមុខលុយវិនិយោគរបស់ចិន
បញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួន ហើយនិងដោយសារចលនាស្អប់អឺរ៉ុប ដូចជានៅអ៊ីតាលីជាដើម ប្រទេសនៅអឺរ៉ុបហាក់កំពុងបែកបាក់គ្នា នៅចំពោះមុខទឹកលុយវិនិយោគរាប់ពាន់លានរបស់ចិន។ អ៊ីតាលី ត្រៀមខ្លួន ចូលរួមក្នុងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ចំណែកក្រិក ឬព័រទុយហ្កាល់ជាដើម ដែលបានជួបវិបត្តប្រាក់បំណុលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គឺ បានផ្តល់កំពង់ផែ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួនទៅឲ្យក្រុមហ៊ុនចិនរួចទៅហើយ។ ចង់ឬ មិនចង់ នៅក្នុងកាលៈទេសៈ ដែលសម្ព័ន្ធមិត្តអាមេរិក ដឹកនាំដោយលោកដូណាល់ ត្រាំ កំពុងធ្វើនយោបាយប្រយោជន៍អាមេរិកដំបូងគេ យ៉ាងដូច្នេះ អឺរ៉ុបត្រូវបែរទៅរកចិន។ ប៉ុន្តែ អឺរ៉ុបក៏ត្រូវ សាមគ្គី និងរួមកម្លាំងគ្នា ដែរ នៅចំពោះមុខមហាអំណាចចិន គឺមិនអាចឲ្យចិន ដើរខ្សែលើបាននោះទេ ទាំងផ្នែកសេដ្ឋកិច្ច ហើយបណ្តាញស៊ើបការណ៍សម្ងាត់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ