ឧបទ្វីបកូរ៉េ៖ក្រុមបុគ្គលិកកូរ៉េខាងជើងបានត្រឡប់ចូលការិយាល័យទំនាក់ទំនងរវាងកូរ៉េទាំងពីរឡើងវិញ
នៅឧបទ្វីបកូរ៉េ កូរ៉េខាងត្បូងបានប្រកាសឲ្យដឹងនៅថ្ងៃចន្ទ ទី២៥ មីនាថា កូរ៉េខាងជើងបានបញ្ជូនក្រុមបុគ្គលិករបស់ខ្លួនឲ្យទៅធ្វើការនៅក្នុងការិយាល័យទំនាក់ទនងរវាងកូរ៉េទាំងពីរឡើងវិញ។ គួររម្លឹកថាកាលពីថ្ងៃព្រហស្បតិ៍ ទី២១ មីនា ក្រុងព្យុងយ៉ាងបានប្រកាសដកបុគ្គលិករបស់ខ្លួនគួរឲ្យភ្ញាក់ផ្អើលចេញពីការិយាល័យទំនាក់ទំនងដោយមិនបានបញ្ជាក់មូលហេតុអ្វីទាំងអស់។ នៅពេលប្រកាសបញ្ជូនត្រឡប់វិញពេលនេះទៀត ក៏កូរ៉េខាងជើងមិនបាននិយាយទាំងអស់ដែរ។ សូមបញ្ជាក់ថា ការិយាល័យទំនាក់ទំនងរវាងកូរ៉េទាំងពីរត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ ២០១៨ ពោលក្នុងពេលដែលបងប្អូនបង្កើតគូសត្រូវទាំងពីរកំពុងល្អូកល្អឺនដាក់គ្នាខ្លាំង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៧
ព័ត៌មាននៃការវិលត្រឡប់របស់ក្រុមបុគ្គលិកកូរ៉េខាងជើងទៅកាន់ការិយាល័យទំនាក់ទំនងរវាងកូរ៉េទាំងពីរបានប្រកាសដោយក្រសួងបង្រួបបង្រួមកូរ៉េតាមរយៈសេចក្តីប្រកាសព័ត៌មានមួយ។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ទោះបីជាគ្មានវត្តមានបុគ្គលិកទាំងអស់ពីខាងជើងក៏ដោយក៏កិច្ចប្រជុំ និងការពិគ្រោះយោបល់រវាងក្រុមបុគ្គលិកពីខាងជើង និងពីខាងត្បូងបានធ្វើឡើងជាធម្មតាដូចសព្វមួយដង។ គួររម្លឹកថា ការដកខ្លួនចេញកាលពី ៣ថ្ងៃមុន និងការវិលត្រឡប់វិញពេលនេះមិនត្រូវបានរបបក្រុងព្យុងយ៉ាងផ្តល់មូលហេតុទេ។
អ្វីដែលគេដឹង ការដែលកូរ៉េខាងជើងបានសម្រេចដកក្រុមបុគ្គលិករបស់ខ្លួនចេញពីការិយាល័យទំនាក់ទំនងរវាងកូរ៉េទាំងពីរបានធ្វើឡើង ក្រោយពីបរាជ័យនៃជំនួបកំពូលលើកទី២ រវាងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមនាដំណាច់ខែកុម្ភៈ។ ក្រុមអ្នកវិភាគបានយល់ឃើញថា ទង្វើរបស់ក្រុងព្យុងយ៉ាងមានគោលដៅចាប់បង្ខំកូរ៉េខាងត្បូងឲ្យដាក់គំនាបលើអាមេរិក ពិសេសចង់ឲ្យអាមេរិកធ្វើសម្បទានបន្ថែមទៀត។
ពិតជាយល់មិនខុសមែន ព្រោះនៅចុងសប្តាហ៍កន្លងទៅ លោកដូណាល់ ត្រាំបានប្រកាសលុបចោលទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើងដែលដាក់ដោយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិក ទោះបីជាលោកមិនបានលំអិតប្រភេទទណ្ឌកម្មណាមួយក៏ដោយ។ ដូច្នេះចង់ ឬមិនចង់ គឺសម្បទានរបស់លោកត្រាំនេះហើយដែលបានអនុញ្ញាតឲ្យក្រុងព្យុងយ៉ាងបញ្ជូនក្រុមបុគ្គលិករបស់ខ្លួនត្រឡប់ចូលការិយាល័យទំនាក់ទំនងរវាងកូរ៉េទាំងពីរឡើងវិញ។ គួរបញ្ជាក់ថា អាគារការិយាល័យទំនាក់ទំនងរវាងបងប្អូនបង្កើតគូសត្រូវទាំងពីរត្រូវបានបើកអាគារកាលពីថ្ងៃសុក្រ ទី១៤ កញ្ញា ឆ្នាំ ២០១៨។ ជាអាគារដែលមានកម្ពស់ ៤ជាន់ សង់ឡើងនៅក្នុងតំបន់កេសុងស្ថិតក្នុងទឹកដីកូរ៉េខាងជើងមានបំពាក់ដោយសាលប្រជុំរួមមួយ និងការិយាល័យជាច្រើនដែលមានការខ័ណ្ឌចែកសម្រាប់អ្នកធ្វើការមកពីខាងជើង និងខាងត្បូង។
គោលដៅនៃការបង្កើតឲ្យមានអាគារទំនាក់ទំនងនេះឡើង គឺដើម្បីជួយសម្រួលលើការងារដោះដូររវាងគ្នានៅតាមព្រំដែន បង្កើនទំនាក់ទំនងរវាងកូរ៉េខាងជើង និងអាមេរិក ហើយជួយកាត់បន្ថយភាពតានតឹងផ្នែកយោធា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ