ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
អាស៊ី

របាយការណ៍​​RSF៖ ចិន​លូកដៃ​ចូលគ្រប់គ្រង​​បណ្តាញផ្សព្វផ្សាយ​ពិភពលោក

media ប្រព័ន្ធផ្សព្វផ្សាយ​ចិន​នៅទីក្រុង​ប៉េកាំង​នៅខែ​មីនា ២០១៩ ©REUTERS/Thomas Peter

ប៉េកាំង​កំពុង​សាបព្រួស​ឥទ្ធិពល​របស់ខ្លួន​ទៅលើ​បណ្តាញផ្សព្វផ្សាយ ក្នុង​ពិភពលោក ក្នុងគោលដៅ​សំខាន់ គឺ បំបិទ​មិន​ឲ្យ​មាន​មតិរិះ ហើយនិង​ផ្សព្វផ្សាយ​ឃោសនា​គោល​នយោបាយ​របស់​ចិន។ នេះ​បើតាម​របាយការណ៍​ចេញផ្សាយ របស់​អង្គការ​អ្នកកាសែត​គ្មានព្រំដែន កាលពី​ថ្ងៃ​ចន្ទម្សិលមិញ។ អ្នកនាំពាក្យ​របស់​ក្រសួងការ​បរទេស​ចិន បាន​បដិសេធ​ទាត់ចោល របាយការណ៍ របស់​អង្គការ​អ្នកកាសែត​គ្មានព្រំដែន ដែល ទីក្រុង​ប៉េកាំង​ចាត់ទុកថា ធ្វើឡើង​ដោយ​គ្មាន​ការពិតជាក់ស្តែង។

 

សម្រាប់​អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​ចិន របាយការណ៍​រិះគន់​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន មិនសក្តិសម​នឹង​បាន​ទទួលការឆ្លើយតប ពី​ចិន នោះទេ ព្រោះ វាមិនមែន​ជា​រឿងពិត​ជាក់ស្តែង។

ប៉ុន្តែ សម្រាប់អង្គការ​អ្នកកាសែត​គ្មានព្រំដែន ដែល​មានទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស ​វិញ ប្រទេស​ចិន ដែល​ជាប់ចំណាត់​ជា​ប្រទេស​នៅជិត​ចុងប៉ូចគេខាង​ផ្នែក​គោរព​សេរីភាព​សារព័ត៌មាន (១៧៦ ក្នុង​ចំណោម ១៨០​ប្រទេស នៅក្នុង​របាយការណ៍​ស្តីពី​សេរីភាព​សារព័ត៌មាន) កំពុង​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី គ្រប់គ្រង​ប្រព័ន្ធផ្សព្វផ្សាយ ដាក់ខ័ណ្ឌជញ្ជាំង​ព័ត៌មាន ដើម្បី បិទខ្ទប់ វិបសៃតិ៍ ឬ​ព័ត៌មានណា​ដែល​និយាយ​មិនល្អ​ពី​ប្រទេស​ចិន។

នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចំណាយ​ថវិកា ប្រមាន ១ពាន់ ៣រយ​លាន​ដុល្លារ ក្នុង​មួយឆ្នាំ សម្រាប់ បង្កើន​វត្តមាន ប្រព័ន្ធផ្សព្វផ្សាយ​របស់​ចិន នៅ​ក្នុង​ពិភពលោក។ ជាមួយ​នឹង​ការវិនិយោគ​ដ៏សន្ធឹកសន្ធាប់ របស់​អាជ្ញាធរ​ចិន ទូរទស្សន៍​រដ្ឋ​ចិន ត្រូវ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ចំនួន ១៤០ ចំណែក​វិទ្យុរដ្ឋចិន​វិញ ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​៦៥​ភាសា។

របបកុម្មុយនិស្ត​ចិន​ថា មិនមែន​វិនិយោគ និង​ក្តោបក្តាប់​ត្រឹម​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក​តែប៉ុណ្ណោះទេ។ តាម​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ដើម្បី ផ្សព្វផ្សាយ​ឃោសនា​គោលនយោបាយ របស់​ចិន និង​ទប់ស្កាត់​ព័ត៌មាន​រិះគន់ ក៏ដូចជា​រូបភាព​ផ្សព្វផ្សាយ​មិនល្អ​របស់ខ្លួន រដ្ឋាភិបាល​បាន​ចំណាយលុយ​ដ៏សន្ធឹកសន្ធាប់ ដើម្បី​ប្រើឥទ្ធិពល​របស់ខ្លួន ទៅ​គ្រប់គ្រងប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ពិភពលោក។

របាយការណ៍​របស់​អង្គការ​ការពារ​អ្នកកាសែត​អន្តរជាតិ បាន​លើកឡើង​ពីការដាក់​ទុន​វិនិយោគ របស់​ចិន ដើម្បី​ធ្វើ​ជា​ម្ចាស់ភាគហ៊ុន​របស់​​កាសែត ឬទូរទស្សន៍​ល្បីៗ​ក្នុង​ពិភពលោក។ មួយវិញទៀត ទីក្រុង​ប៉េកាំង​មិន​ខ្លាច​នឹង​ហ៊ាន​ចំណាយ​លុយ​រាប់លាន​សែន​ដុល្លារ ដើម្បី​ទិញ កន្លែង​ផ្សាយពាណិជ្ជកម្ម នៅ​តាម​ទូរទស្សន៍ បរទេស​នោះទេ។ វត្តមាន​របស់​ចិន នៅក្នុង​នាមជា​ម្ចាស់​ភាគហ៊ុន​មួយផ្នែក ធ្វើ​ឲ្យអ្នកកាសែត ឬ​អ្នកផ្សព្វផ្សាយ ធ្វើការ​ត្រួតពីនិត្យ​ដោយ​ស្វ័យប្រវត្តិ ពោល​គឺ​មិន​ហ៊ាន​សរសេរ​អត្ថបទ​ណា​ដែល​រិះគន់​ចិន​នោះទេ។ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​បានលើក​យក​ឧទាហរណ៍​មួយ​របស់​អ្នកសរសេរ​វិចារណកថា នៅ​អាហ្វ្រិកខាងត្បូង​ម្នាក់​ដែល​បាន​បាត់បង់​ការងារ​នៅក្រោយ​ចុះ​អត្ថបទ​រិះគន់​នយោបាយ​វាតទី​របស់​ចិន ទៅលើ​ជនជាតិ​ភាគតិច។ ក្រៅតែ​ពី​ចំណាយ​លុយទិញ​កន្លែង​ផ្សាយពាណិជ្ជកម្ម ឬ​ទិញភាគហ៊ុន​របស់​ប្រព័ន្ធផ្សព្វផ្សាយ​ល្បីៗ រដ្ឋាភិបាល​ចិន​នៅបាន​ប្រើ​នយោបាយ​ទាក់ទាញ អ្នកកាសែត​បរទេស​តាមរយៈ ការចំណាយ​លុយ​រាប់ម៉ឺន សម្រាប់​ដំណើរ​ទៅយក​ព័ត៌មាន​របស់​អ្នកកាសែត​បរទេស នៅ​ប្រទេស​ចិន។

របាយការណ៍​របស់​អ្ននកាសែត​គ្មាន​ព្រំដែន​ធ្វើឡើង​នៅ​ពេល​ប្រធានាធិបតី​ចិន​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង និង​នៅ​ប៉ុន្មាន​ខែ​ក្រោយ​ដែល​ក្លឹបអ្នកកាសែត​បរទេស​នៅ​ចិន​បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៨ ស្តីពី​លក្ខខណ្ឌ​នៃ​ការ​បំពេញ​អាជីព​ជា​អ្នកកាសែត​នៅ​ក្នុង​ប្រទេស​ចិន។ របាយការណ៍​ចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ ទី២៩ មករា​ឲ្យ​ដឹង​ថា លក្ខខណ្ឌ​នៃ​ការ​បំពេញ​ការងារ​របស់​អ្នកកាសែត​បរទេស​នៅ​ចិន​សម្រាប់​ឆ្នាំ ២០១៨ ក៏​បាន​ធ្លាក់​ដុនដាប​ខ្លាំង។ ក្រុម​អ្នកកាសែតបរទេស​បាន​បរិហារ និង​ត្អូញត្អែរ​ពី​ការ​លំបាក​មួយ​ចំនួន​រួម​មាន បារម្ភ​ពី​ការ​លួច​ស្តាប់​ទូរស័ព្ទ រយៈពេល​នៃ​ការ​សុំបន្ត​ទិដ្ឋាការ​មាន​រយៈពេល​យូរ ឬ​មួយ​ក៏​មាន​ភ្នាក់ងារ​សម្ងាត់​ចុះ​តាមដាន​ក្នុង​ពេល​ធ្វើ​បទយការណ៍​ជា​ដើម៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ