អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

ឧបទ្វីបកូរ៉េ៖​ក្រុម​បុគ្គលិក​កូរ៉េខាងជើង​បាន​ត្រឡប់​ចូល​ការិយាល័យ​ទំនាក់ទំនង​​រវាង​កូរ៉េទាំងពីរ​​ឡើង​វិញ

នៅ​ឧបទ្វីប​កូរ៉េ កូរ៉េខាងត្បូង​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី២៥ មីនា​ថា កូរ៉េខាងជើង​បាន​បញ្ជូន​ក្រុម​បុគ្គលិក​របស់​ខ្លួន​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យទំនាក់ទនង​រវាង​កូរ៉េទាំង​ពីរ​ឡើង​វិញ។ គួរ​រម្លឹក​ថា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២១ មីនា ក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​ដក​បុគ្គលិក​របស់​ខ្លួន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចេញ​ពី​ការិយាល័យទំនាក់ទំនង​ដោយ​មិន​បាន​បញ្ជាក់​មូលហេតុ​អ្វី​ទាំង​អស់។ នៅ​ពេល​ប្រកាស​បញ្ជូន​ត្រឡប់​វិញ​ពេល​នេះ​ទៀត ក៏​កូរ៉េខាងជើង​មិន​បាន​និយាយ​ទាំង​អស់​ដែរ។ សូម​បញ្ជាក់​ថា ការិយាល័យទំនាក់ទំនង​រវាង​កូរ៉េទាំងពីរ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៨ ពោល​ក្នុង​ពេល​ដែល​បងប្អូនបង្កើត​គូសត្រូវ​ទាំង​ពីរ​កំពុង​ល្អូកល្អឺន​ដាក់​គ្នា​ខ្លាំង។

ក្រុម​បុគ្គលិក​កូរ៉េ​ខាងជើង និង​ខាងត្បូង​នៅ​ពី​មុខ​អាគារ​ទំនាក់ទំនង​រវាង​កូរ៉េទាំងពីរ
ក្រុម​បុគ្គលិក​កូរ៉េ​ខាងជើង និង​ខាងត្បូង​នៅ​ពី​មុខ​អាគារ​ទំនាក់ទំនង​រវាង​កូរ៉េទាំងពីរ AFP
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​នៃ​ការ​វិលត្រឡប់​របស់​ក្រុម​បុគ្គលិក​កូរ៉េខាងជើង​ទៅ​កាន់​ការិយាល័យ​ទំនាក់ទំនង​រវាង​កូរ៉េទាំង​ពីរ​បាន​ប្រកាស​ដោយ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ទោះ​បី​ជា​គ្មាន​វត្តមាន​បុគ្គលិក​ទាំង​អស់​ពី​ខាង​ជើង​ក៏​ដោយ​ក៏​កិច្ចប្រជុំ និង​ការ​ពិគ្រោះយោបល់​រវាង​ក្រុម​បុគ្គលិក​ពី​ខាង​ជើង និង​ពី​ខាង​ត្បូង​បាន​ធ្វើ​ឡើង​ជា​ធម្មតា​ដូច​សព្វ​មួយ​ដង។ គួរ​រម្លឹក​ថា ការ​ដក​ខ្លួន​ចេញ​កាល​ពី ៣ថ្ងៃ​មុន និង​ការ​វិល​ត្រឡប់​វិញ​ពេល​នេះ​មិន​ត្រូវ​បាន​របប​ក្រុង​ព្យុងយ៉ាង​ផ្តល់​មូលហេតុ​ទេ។

អ្វី​ដែល​គេ​ដឹង ការ​ដែល​កូរ៉េខាងជើង​បាន​សម្រេច​ដក​ក្រុម​បុគ្គលិក​របស់​ខ្លួន​ចេញ​ពី​ការិយាល័យទំនាក់ទំនង​រវាង​កូរ៉េទាំង​ពីរ​បាន​ធ្វើ​ឡើង ក្រោយ​ពី​បរាជ័យ​នៃ​ជំនួបកំពូល​លើកទី២ រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នា​ដំណាច់​ខែ​កុម្ភៈ។ ក្រុម​អ្នក​វិភាគ​បាន​យល់​​ឃើញ​ថា ទង្វើ​របស់​ក្រុង​ព្យុងយ៉ាង​មាន​គោលដៅ​ចាប់​បង្ខំ​កូរ៉េខាងត្បូង​ឲ្យ​ដាក់​គំនាប​លើ​អាមេរិក ពិសេស​ចង់​ឲ្យ​អាមេរិក​ធ្វើ​សម្បទាន​បន្ថែម​ទៀត។

ពិត​ជា​យល់​មិន​ខុស​មែន ព្រោះ​នៅ​ចុង​សប្តាហ៍​កន្លង​ទៅ លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​លុបចោល​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង​ដែល​ដាក់​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ទោះ​បី​ជា​លោក​មិន​បាន​លំអិត​ប្រភេទ​ទណ្ឌកម្ម​ណា​មួយ​ក៏​ដោយ។ ដូច្នេះ​ចង់ ឬ​មិន​ចង់ គឺ​សម្បទាន​របស់​លោក​ត្រាំ​នេះ​ហើយ​ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុង​ព្យុងយ៉ាង​បញ្ជូន​ក្រុម​បុគ្គលិក​របស់​ខ្លួន​ត្រឡប់​ចូល​ការិយាល័យ​ទំនាក់ទំនង​រវាង​កូរ៉េទាំងពីរ​ឡើង​វិញ។ គួរ​បញ្ជាក់​ថា អាគារ​ការិយាល័យទំនាក់ទំនង​រវាង​បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ​ត្រូវ​បាន​បើក​អាគារ​កាល​ពី​ថ្ងៃ​សុក្រ ទី១៤ កញ្ញា ឆ្នាំ ២០១៨។ ជា​អាគារ​ដែល​មាន​កម្ពស់ ៤ជាន់ សង់​ឡើង​នៅ​ក្នុង​តំបន់​កេសុង​ស្ថិត​ក្នុង​ទឹកដី​កូរ៉េខាងជើងមាន​បំពាក់​ដោយ​សាលប្រជុំ​រួម​មួយ និង​ការិយាល័យ​ជា​ច្រើន​ដែល​មាន​ការ​ខ័ណ្ឌចែក​សម្រាប់​អ្នក​ធ្វើ​ការ​មក​ពី​ខាង​ជើង និង​ខាងត្បូង។

គោលដៅ​នៃ​ការ​បង្កើត​ឲ្យ​មាន​អាគារទំនាក់ទំនង​នេះ​ឡើង គឺ​ដើម្បី​ជួយ​សម្រួល​លើ​ការងារ​ដោះដូរ​រវាង​គ្នា​នៅ​តាម​ព្រំដែន បង្កើន​ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង​អាមេរិក ហើយ​ជួយ​កាត់បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ