អានតួអត្ថបទ

ស្វ៊ីស កូឡុំប៊ី និងស៊ុយអែត សិស្ស​ល្អ​ជាងគេ​ផ្នែក​ធ្វើ​អន្តរកាល​ថាមពល​ដើម្បី​បរិស្ថាន

បើតាម​​​ការ​សិក្សា​របស់​ក្រុមហ៊ុនហិរញ្ញវត្ថុ​អន្តរជាតិ​ ​Edmond de Rothschild ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី ២៧ មីនា ២០១៩​នេះ ​ស្វ៊ីស កូឡុំបូ និងស៊ុយអែត ជា​ប្រទេសបី​នាំ​មុន​គេ​បំផុត​ខាង​ផ្នែក​ធ្វើ​អន្តរកាល​ថាមពល​ដើម្បី​បរិស្ថាន។ ចំណែក​អ្នក​ជាប់​លេខ​ចុង​ប៉ូច​គេ​បំផុត​គឺ​កាតា បន្ទាប់​មក​គឺ​សិង្ហបុរី​និង​អេមីរ៉ាតអារ៉ាប់រួម។ បារាំង​ស្ថិត​នៅ​លំដាប់​ទី​៧ អាល្លឺម៉ង់លេខ​២៨ ចិន​លេខ​៤១​ និ​ង​អាមេរិក​ជាប់​ចំណាត់​ថ្នាក់​លេខ​៤៨។

ស្វ៊ីស កូឡុំប៊ី និងស៊ុយអែត សិស្ស​ល្អ​ជាងគេ​ផ្នែក​ធ្វើ​អន្តរកាល​ថាមពល​ដើម្បី​បរិស្ថាន
ស្វ៊ីស កូឡុំប៊ី និងស៊ុយអែត សិស្ស​ល្អ​ជាងគេ​ផ្នែក​ធ្វើ​អន្តរកាល​ថាមពល​ដើម្បី​បរិស្ថាន http://www.senat.fr
ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ​២០១៧ កាតា ​ប្រើប្រាស់​ថាមពល​ ច្រើន​ជាង​បង់ក្លាដែស​ដល់​ទៅ​១០០​ដង ។ អាមេរិក​ ប្រើថាមពល​​​បីដង​លើស​ចិន។ ហើយអ្នក​​ដែល​ថាមពល​ច្រើន​ជាង​គេ​បំផុត​ គឺ​អារ៉ាប៊ីសាអូឌីត កូវ៉ែត កាតា និង​អេមីរ៉ាតអារ៉ាប់​រួម។ នេះ​​បើ​គិត​ជា​មធ្យមភាគ​​របស់​ប្រជាជន​ម្នាក់ៗ។ ​បារាំង អាច​ឈរ​នៅ​លំដាប់​ខ្ពស់​(លេខ​៧) ក៏​ព្រោះ​តែមាន​​ប្រភព​ថាមពលច្រើន​អាច​​ប្រើ​លាយ​គ្នា​ ពោលគឺ​ប្រើ​ថាមពល​ធ្យូងថ្ម​តែ​ត្រឹម​៥២%​ទល់​នឹង​៨៥%​សម្រាប់​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក និង​មាន​ថាមពល​នុយក្លេអ៊ែរ​៣៨%។

នេះ​ជា​លទ្ធផល​នៃ​ការសិក្សា​​វិភាគ​​​ទិន្នន័យ​ នៅ​ក្នុង​ប្រទេស​ចំនួន​៦០​ តាំង​ពី​ឆ្នាំ​១៩៨០​ ដោយ​ផ្អែក​លើ​កត្តា​សំខាន់​​បួន​យ៉ាង ៖ ការ​ប្រើប្រាស់​​ថាមពល​ ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក ចំណែក​នៃ​ការ​ប្រើ​ថាមពល​ធ្យូងថ្ម របស់​មនុស្ស​ម្នាក់ៗ និ​ងប្រសិទ្ធភាព​​​ថាមពល​។

ក្រៅ​អំពី​ផ្តល់​ចំណាត់​ថ្នាក់​ឱ្យ​ប្រទេស​នីមួយៗ​ ការ​សិក្សា​របស់​Edmond de Rothschild បាន​បង្ហាញ​ឱ្យ​ឃើញ​ អំពីកំណើន​នៃ​ការ​ប្រើប្រាស់​ថាមពល​នៅ​លើ​ពិភពលោក។ ជា​កំណើន​ដ៏​​ច្រើន​ហួស​ប្រមាណ​ ប្រើ​ប្រៀប​ទៅ​នឹង​ភាព​ជឿន​លឿន​ផ្នែក​​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក។

វិធី​ដ៏​សាមញ្ញ​​នៃ​ការ​កាត់​បន្ថយ​ឧស្ម័ន​កាបូនិក គឺ​ត្រូវ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​ ប៉ុន្តែ​បើ​តាម​ភ្នាក់ងារ​ថាមពល​អន្តរជាតិ​ ពិភពលោកគ្រោងនឹង​​​មាន​តម្រូវការ​ថាមពលកើន​ឡើង​ដល់​ទៅ​ប្រមាណ​២៥%​នៅ​ឆ្នាំ​២០៤០។ ឯ​ចំណែក​ការ​ប្រើប្រាស់ថាមពល​ធ្យូងថ្ម ក៏​បាន​កើន​ឡើង​ខ្លាំង នៅ​ឆ្នាំ​២០១៧ ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច។

ដូច្នេះ​ហើយ​បាន​ជា​​​​អ្នក​ដឹកនាំ​ការ​សិក្សាដដែល​នេះយល់​ថា ​ដើម្បី​អាច​ឆ្លង​អន្តរកាល​ថាមពល​​គេ​មាន​មធ្យោបាយ​សំខាន់ៗពីរ​ ៖ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ការ​នូវ​ប្រសិទ្ធភាព​ថាមពល​ ដោយ​ត្រូវ​ជួលជុល​ថាមពល ឬ​ជ្រើសរើស​មធ្យោបាយ​​ដឹកជញ្ជូន​ដើរ​ដោយ​អគ្គិសនី​ និង​ត្រូវ​ចេះ​ជ្រើសរើស​​​​​ប្រភពថាមពល (ចែកចាយ​ថាមពល​ធ្យូងថ្ម វារីអគ្គិសនី ​ថាមពល​បាន​មក​ពីខ្យល់ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ឱ្យ​បានប្រសើរ​ឡើង)​។

ករណី​​ប្រទេស​ស្វ៊ីស កូឡុំប៊ី និង​ស៊ុយអែត ដែល​បាន​ជាប់​លំដាប់​ថ្នាក់​ដំបូង​គេ ជា​ឧទាហរណ៍​​ជាក់ស្តែង។ ប្រទេស​ទាំង​បី​នេះ មានភាព​អនុគ្រោះ​ខ្លាំង​ផ្នែក​​ប្រភព​ថាមពល​មិន​ចេះ​រីងស្ងួត​​ (​វារី​អគ្គិសនី​ ថាមពល​បាន​មក​ពីខ្យល់​ ...) និងមាន​​ចំណាត់ការ​​ច្បាស់​លាស់ផ្នែក​ថាមពល។ អាជ្ញាធរ​មិន​ត្រឹម​តែ​យក​ពន្ធខ្លាំង​​លើ​ថាមពល​ធ្យូងថ្ម និង​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ទេ តែ​ថែម​ទាំង​បាន​សម្រួល​ពន្ធដារអនុគ្រោះ​ដល់​ការ​ប្រើប្រាស់​ថាមពល​មិន​ចេះ​រីងស្ងួត​​ ផ្តល់ការគាំទ្រ​ដល់​ក្រុមហ៊ុន​និង​កម្មវិធី​ស្រាវជ្រាវ​ដើម្បី​បរិស្ថានទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ