ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 09/12 12h00 GMT
អាស៊ី

បោះឆ្នោត​ថៃ៖ គណបក្សប្រឆាំង ចោទ​គណបក្ស​របស់​លោក​ប្រាយុទ្ធ ចាន់អូចា​ថា បាន​ទិញសំឡេង​ឆ្នោត

media  
ក្រុមគណបក្ស​ប្រឆាំង​រួមគ្នា បង្កើត​រណសិរ្ស​ប្រជាធិបតេយ្យ​​​នៅថ្ងៃ​ទី ២៧​មីនា ២០១៩ ©REUTERS/Athit Perawongmetha

នៅក្នុង​ប្រទេសថៃ គណបក្ស​ប្រឆាំង​ បាន​ដាក់​​ពាក្យបណ្តឹងទៅ គណៈកម្មាធិការ​ រៀបចំ បោះឆ្នោត​ នៅ ថ្ងៃសុក្រនេះ ដើម្បីប្តឹងគណបក្ស​របស់​របបសឹក​ថៃ នៅក្នុង​បទ​ទិញ​សន្លឹកឆ្នោត។ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​រង​ការរិះគន់​យ៉ាងខ្លាំងក្លា នៅក្នុង​ការពន្យារ​ពេល​ ការប្រកាស​លទ្ធផល​បោះឆ្នោត​សភា កាល​ពីថ្ងៃអាទិត្យ​ទី​២៤​មីនាកន្លងទៅនេះ។​

 

នៅក្នុងប្រទេសថៃ គណបក្ស​ប្រឆាំងឈ្មោះ ”អណាខុតម៉ៃ (Future Forward)  ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត នៅថ្ងៃ​សុក្រនេះ ដើម្បី​ប្តឹង គណបក្ស​របស់​របបសឹក ថៃ ​ឈ្មោះ​​”​ ផាឡាំង​ប្រាឆារ៉ាត់ ( Palang Pracharat) ពី បទ​ទិញ​សំឡេងឆ្នោត តាមរយៈ ​ការផ្តល់ ​ជា អំណោយផ្សេងៗ ​និង ​លុយកាក់  ពី បណ្តា​​អ្នកទទួល​​ខុសត្រូវ នៅ​ក្នុងតំបន់ ​ដើម្បី​ឲ្យ​ពួកគេ  ​បោះឆ្នោត ឲ្យ បក្ស​របស់​លោក​ប្រាយុទ្ធ​ចាន់អូចា។ ទង្វើ​របស់​បក្សផាឡាំងប្រាឆារ៉ាត់នេះ  ត្រូវបាន​អ្នកនាំពាក្យរបស់​គណបក្ស​ប្រឆាំង “ អណាខុតម៉ៃ “ បរិហារ ​ថា ​ជា​ការធ្វើ​ផ្ទុយនឹង​ច្បាប់​ថៃ ពីព្រោះ ជា​ទង្វើដែល គេ​ អាចចាត់ទុក ដូច ជា ការ​ទិញសំឡេង​ឆ្នោត​ដែរ។

គណបក្ស​ប្រឆាំង អណាខុតម៉ៃ ដែលទើបនឹង​បង្កើតថ្មីៗនេះ  បានទទួលសំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ នៅ​ក្នុង​លំដាប់​ទី៣ ដោយ​បានសំឡេងឆ្នោតគាំទ្រ រហូតដល់​៥លានសន្លឹក  ពោល​​គឺ​បានច្រើន​ជាងគណបក្សដ៏ចំណាស់មួយនៅ​ក្នុងប្រទេស គឺបក្សប្រជាធិបតេយ្យ​របស់​លោក អាភិស៊ីត​ ទៅទៀត ដែលស្ថិតនៅ​ក្នុង​លំដាប់ទី៤។ បក្ស​ អណាខុតម៉ៃ ដែល​ធ្វើ​ឲ្យ​មតិសាធារណៈ​ភា្ញក់ផ្អើលខ្លាំង នៅក្នុង​ការ​​បោះឆ្នោតសភាលើកនេះ ​បាន​ទាក់ទាញ​ទឹកចិត្ត​​​អ្នកបោះឆ្នោតយុវវ័យ​​យ៉ាងច្រើនសម្បើម​​។ ប្រធានរបស់​បក្សមួយនេះ ហ៊ាន​ សំដែង​​​​ការ​​ប្រឆាំងនឹង​របបសឹក​យ៉ាងខ្លាំងក្លា ​តាមរយៈសុន្ទរកថារបស់​ខ្លួន ដែល​ឆ្លុះ​បញ្ចាំង​​​ពីការ​បំភិតបំភ័យរបស់​ពួកយោធាថៃ។​

ចំណែក​​គណបក្សប្រឆាំងថៃដ៏ធំមួយ​​ឈ្មោះ Pheu Thai វិញ ​នៅ​ក្នុងពាក្យបណ្តឹង ​ បាន​អះអាង​ថា  ក្រុមអ្នកសង្កេតការណ៍របស់ខ្លួន បានរកឃើញនូវ​កំហុសជាច្រើន នៅក្នុង​ការរើ​រាប់សន្លឹកឆ្នោត ​និង ​ភាព​មិនត្រឹមត្រូវ​នៅ​ក្នុងការប្រកាស​លទ្ធផលឆ្នោត​។

ជាសរុប ពាក្យបណ្តឹង មានចំនួន​ជាង ​១៤០​បណ្តឹង ដែល​ត្រូវបានដាក់ជូនដល់​គណៈកម្មាធិការបោះឆ្នោត។ គណៈកម្មាធិការ​មួយ​នេះ ​ បានទទួលស្គាល់​ផងដែរ​ ថា​ មាន​កំហុស​របស់​​មនុស្ស ​នៅ​ក្នុង​ការរើ​រាប់សន្លឹកឆ្នោត ​​ដែលនាំឲ្យ​មាន​ការ​ខាតបង់​​សន្លឹកឆ្នោត​ រហូតដល់​ ​២ លាន​សន្លឹក នៅ​ក្នុង​ចំណោម​​សន្លឹកឆ្នោតចំនួន ​៣៧ លានសន្លឹក។

នៅក្រោយ​ក្រុមអ្នកកាសែត រកឃើញនូវ​ភាពមិនប្រក្រតី​នៅ​ក្នុង​ការប្រកាស​លទ្ធផល- គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ក៏បាន​សម្រេចចិត្ត ដក​លទ្ធផល​នៃ​ការបោះឆ្នោត ចេញពី វិបសៃតិ៍​របស់​ខ្លួនវិញ ដោយ​ពុំមាន​ការពន្យល់អ្វី​ទាំងអស់។ ជិតមួយ​សប្តាហ៍​មក​ហើយ បន្ទាប់ពីការបោះឆ្នោតសភានេះ គេនៅតែពុំ​ទាន់ដឹង​លទ្ធផល​ពេញលេញ​នៅ​ឡើយ​ទេ។

គណបក្សប្រឆាំង​នៅក្នុងប្រទេសថៃ  បាន ​អំពាវនាវ ​ឲ្យ​ មាន​បាតុកម្ម​ នៅ​រសៀល​ថ្ងៃ​អាទិត្យ​​ខាងមុខនេះ​នៅទីក្រុងបាងកក ដើម្បីទាមទារ ឲ្យ​គណៈកម្មការធិការ​រៀបចំ​ការបោះឆ្នោត​ គោរព​ដល់​សំឡេងឆ្នោត​របស់​ពួកគេ។ ក្រុម​គណបក្ស​ប្រឆាំង ដែល​បាន​រួមគ្នា​បង្កើត រណសិរ្ស​ប្រជាធិបតេយ្យ និង​ដឹកនាំដោយ​គណបក្ស​ ភឿថៃ និង​ អណាខុតម៉ៃ បាន​​ទាមទារ សិទ្ធ​ បង្កើត​រដ្ឋាភិបាលមួយ ដូចគ្នា​នឹង​ការទាមទារ​របស់​គណបក្ស​ផាឡាំង ប្រឆារ៉ាត របស់​លោក​ប្រាយុទ្ធ ចាន់អូចា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ