សកម្មភាពឧស្សាហកម្មចិនបានប្រសើរ តែឧស្សាហកម្មអាស៊ីនៅបន្តផុយស្រួយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:២៤
នៅខែមីនា២០១៩នេះ វិស័យឧស្សាហកម្មចិនមានលក្ខណៈប្រសើរ និងកើនឡើង ជាងការរំពឹងទុករបស់អ្នកជំនាញទៅទៀត។ បើតាមរបាយការណ៍ឯករាជ្យរបស់ក្រុមហ៊ុនព័ត៌មាន Caixin ចេញផ្សាយនៅថ្ងៃចន្ទទី ១មេសា សកម្មភាពឧស្សាហកម្មចិន ចាប់មានចង្វាក់ល្អឡើងវិញ ជាលើកទីមួយ គិតចាប់តាំងពីខែសីហា ២០១៨មក។ លទ្ធផលនេះ បានផ្តល់ក្តីសង្ឃឹមថា ចិននឹងមានកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ក្នុងពេលឆាប់ៗ។ ប៉ុន្តែស្ថានភាពទូទៅនៃវិស័យឧស្សាហកម្មក្នុងតំបន់អាស៊ី នៅតែមានលក្ខណៈផុយស្រួយដដែល។
បន្ទាប់ពីអាប់អួរខ្លាំង អស់រយៈពេលបួនខែចុងក្រោយជាប់គ្នាមក វិស័យសកម្មភាពឧស្សាហកម្មចិន ពិតជាបានស្គាល់ភាពប្រសើរឡើងហួសពីការពីរំពឹងទុក របស់ភ្នាក់ងារហិរញ្ញវត្ថុBloombergទៅទៀត។ សន្ទទស្សន៍ផ្តល់ដោយភ្នាក់ងារឯករាជ្យCaixin នៅថ្ងៃចន្ទនេះជាការបញ្ជាក់បន្ថែមនូវតួលេខដ៏ល្អដែលផ្សព្វផ្សាយដោយរដ្ឋាភិបាលប៉េកាំងកាលពីថ្ងៃអាទិត្យម្សិលមិញ។
វិស័យឧស្សាហកម្មចិន មិនត្រឹមតែបានស្គាល់ភាពប្រសើរទេ តែថែមទាំងមានចង្វាក់ល្អ និងក្នុងល្បឿនខ្លាំងមែនទេន មិនដែលធ្លាប់កើតមានទេ គិតចាប់តាំងពីខែសីហា២០១៨មក។ នេះបើតាមភ្នាក់ងារCaixinដដែល។ មិនតែប៉ុណ្ណោះ ទីផ្សារការងារក្នុងវិស័យឧស្សាហកម្មក៏បានរីកធំ ចាប់ស្រូបទាញកម្លាំងពលកម្មបានជាថ្មីឡើងវិញ ជាលើកទីមួយ គិតតាំងពី៥ឆ្នាំមក។ ចំណែកការបញ្ជាទិញ ដើម្បីនាំចេញ ក៏ចាប់មានសន្ទុះឡើងវិញដែរ នៅខែមីនានេះ បន្ទាប់ពីការធ្លាក់ចុះខ្លាំងកាលពីខែកុម្ភៈ។
ជាសរុប ចិនមានទស្សនៈវិស័យសម្រាប់រយៈពេល១២ខែមុខ ល្អនិងខ្ពស់បំផុត ប្រកបដោយក្តីសង្ឃឹមថា កំណើនសេដ្ឋកិច្ចជាតិ អាចនឹងមានសំណាងឆាប់ស្ទុះឡើងវិញ ជាងការគិតទុកពីមុនដែរ។ កាលពីខែមុន រដ្ឋាភិបាលចិន បានប្រកាសថា កំណើនសេដ្ឋកិច្ចជាតិ មានកំរិតត្រឹមតែ ៦%ទៅ៦,%ប៉ុណ្ណោះ ទល់នឹង៦,៦%កាលពីឆ្នាំ២០១៨ ពោលគឺជាអត្រាដ៏ទាបបំផុត តាំងពី២៨ឆ្នាំ មក។
ទាំងនេះគឺ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ប៉េកាំង ក្នុងទ្រទ្រង់សេដ្ឋកិច្ច។ បន្ទាប់ពីត្រូវរងឥទ្ធិពលខ្លាំងពីមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក និងការប្រយុទ្ធប្រឆាំងទល់នឹងវិបត្តិបំណុល ប៉េកាំងបានចាត់វិធានការមួយចំនួន។ បើតាមអ្នកវិភាគ នយោបាយបន្ធូរបន្ថយការខ្ចីប្រាក់ នយោបាយប្រឹងសង្គ្រោះវិស័យឯកជន និងភាពជឿនលឿននៃការចរចាលុបបំបាត់សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន កំពុងចាប់ផ្តល់ផល តាមរយៈការធ្វើឱ្យវិស័យឧស្សាហកម្មចាប់ប្រសើរឡើងខ្លាំងនៅខែមីនានេះឯង។
ឧស្សាហកម្មចិន បានប្រសើរ តែតំបន់អាស៊ីមិនទាន់ងើប
ប៉ុន្តែកំណើនក្នុងកំរិតល្មមៗនេះ មិនអាចនាំឱ្យគេឈប់ព្រួយបារម្ភចំពោះការបន្ថយល្បឿនសេដ្ឋកិច្ចកំរិតពិភពលោកឡើយ។ ថ្វីបើចិនមានសកម្មភាពប្រសើរមែន តែផ្នែកផ្សេងទៀតនៃតំបន់អាស៊ី នៅរងសម្ពាធនៅឡើយ។ វិស័យឧស្សាហកម្ម នៅជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងតៃវ៉ាន់ កំពុងស្ថិតក្នុងស្ថានភាពក្រញាញ់ ធ្លាក់ចុះដដែល។
សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក និងការធ្លាក់ចុះនៃតម្រូវការចិន បានបង្កការខូចខាតខ្លាំង ជះចំណាយដល់ក្រុមហ៊ុនតូចៗស៊ីឈ្នួលតផង និងដល់ក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យាHigh Techផង ព្រមទាំងប៉ះពាល់ដល់ក្រុមហ៊ុនតូចធំទាំងឡាយនៅអាស៊ីនិងប៉ាស៊ីហ្វិកទាំងមូលតែម្តង។ វាមិនខុសអ្វីពីពាក្យចាស់លោកថា ដំរីកណ្តាសផ្តាសាយ ងាប់ស្រមោចរាប់លានទេ។
វិស័យឧស្សាហកម្មអឺរ៉ុបក៏បានធ្លាក់ចុះខ្លាំងដែរ ព្រោះតំបន់នេះមានពាក់ព័ន្ធខ្លាំងនឹងពាណិជ្ជកម្មជាមួយអាមេរិក ហើយមានវិបត្តិអង់គ្លេសដើរចេញពីអឺរ៉ុបទៀត។
បរិបទពិភពលោកដ៏ស្មុគស្មាញខ្លាំង ភាពប្រសើរនៃវិស័យឧស្សាហកម្មចិនតែមួយខែពិតជាមិនអាចជួយរុញច្រានសេដ្ឋកិច្ចពិភពលោកឱ្យមានកំណើនឡើងវិញបានឡើយ។ ម្យ៉ាងទៀត មីនាជាខែដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាប្រពៃណី ជារៀងរាល់ឆ្នាំ។ ដូច្នេះគេត្រូវរង់ចាំមើលនិន្នាការនៃខែបន្តបន្ទាប់ ថាស្ថិតក្នុងទិសដៅល្អនេះដដែលទៀតឬយ៉ាងណា។ អ្នកវិភាគជាច្រើនគិតថាប៉េកាំងកំពុងត្រៀមចាត់វិធានការដើម្បីពង្រឹងសកម្មភាពឧស្សាហកម្មឱ្យមានល្បឿនខ្លាំងដដែល។
សម្រាប់ពេលនេះ ដំណឹងស្តីអំពីភាពប្រសើរនៃវិស័យឧស្សាហកម្មចិន ជាសញ្ញាដ៏ល្អ និង បានធ្វើឱ្យទីផ្សារភាគហ៊ុនពិភពលោក ឡើងថ្លៃ គ្រប់ទិសទី មិនថានៅអាស៊ី ឬនៅអឺរ៉ុបទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ