ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អាស៊ី

ណាសា៖ មីស៊ីល​ប្រឆាំង​ផ្កាយរណប​របស់​ឥណ្ឌា បង្ក​ឲ្យ​មាន​បំណែក​ដែល​គ្រោះថ្នាក់​ដល់​ស្ថានីយ៍​អវកាស​អន្តរជាតិ

media  
មីស៊ីល​បំផ្លាញ​ផ្កាយរណប​ដែល​ឥណ្ឌា​បាញ់​សាកល្បង​ដោយ​ជោគជ័យ​ថ្ងៃទី ២៧​មីនា ២០១៩ © India's Press Information Bureau/Handout via REUTERS

ទីភ្នាក់ងារ​អវកាស​ណាសា​បាន​ដំឡើង​សំឡេង ខ្លាំងៗ​ដាក់​ឥណ្ឌា បន្ទាប់​ពី​មីស៊ីល ប្រឆាំង​ផ្កាយរណប​របស់​ឥណ្ឌា​បាន​បង្ក​ឲ្យ​មាន​បំណែក​អវកាស​រាប់រយ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​របស់​អវកាស​យាននិក ហើយ​ស្ថានីយ៍​អវកាស​អន្តរជាតិ ISS។ នៅថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី​បានលើកឡើង​ពី​មោទនភាព​ជាតិ​របស់​ឥណ្ឌា បានចូលរួម​ក្នុង​ចំណោម​ប្រទេស​មហាអំណាច​៤ ដែល​មាន​សមត្ថភាព បាញ់​មីស៊ីល​ពីដី ដើម្បី​បំផ្លាញ ផ្កាយរណប នៅក្នុង ទីអវកាស។ សម្រាប់​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា គោលដៅ​របស់​ឥណ្ឌា គឺ​សន្តិភាព ប៉ុន្តែ​មិនមែន​បង្កើត​បរិយាកាស​ធ្វើ​សង្រ្គាម​នៅទី​អវកាស​នោះ​ទេ។

 

នៅ​ក្រោយ​បាញ់​សាកល្បង​ដោយ​ជោគជ័យ មីស៊ីល​បំផ្លាញ ផ្កាយរណប នៅ​ក្នុង​ទីអវកាស រដ្ឋាភិបាល​ឥណ្ឌា​ធ្លាប់​បាន​ធានា​អះអាង​ថា បំណែក​របស់​ផ្កាយរណប នឹង​មិន​បង្ក​គ្រោះថ្នាក់ ព្រោះ​ផ្កាយរណប​ស្ថិតនៅ​កំពស់ ៣០០​គីឡូម៉ែត្រ​ពី​ផែនដី គឺ​ទាប​ជាង ស្ថានីយ៍​អវកាស​អន្តរជាតិទៅទៀត។ ហើយ​ នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ វា​នឹង​​ឆេះ​រលាយ ក្នុង​ពេល​ធ្លាក់​ចុះ​ក្នុង​បរិយាកាស។

ប៉ុន្តែ នៅ​៥​ថ្ងៃ​ក្រោយ ការបាញ់​សាកល្បង​របស់​ឥណ្ឌា ប្រធាន​ទីភ្នាក់ងារ​អវកាស​ណាសា លោក​Jim Bridenstine បាន​និយាយ​ប្រាប់​បុគ្គលិក​របស់​ណាសា ថា គេ​បាន​រកឃើញ​មាន​បំណែក​របស់​ផ្កាយរណប​ដែល​មីស៊ីល​ឥណ្ឌា​បាញ់បំផ្លាញ ដល់​ទៅ​៤០០​បំណែក នៅក្នុង​ទីអវកាស។ តាម​ប្រធាន​របស់​ណាសា គេ​តាមដាន​ជា​ពិសេស បំណែក​ដែល​មាន​ទំហំ​លើស​ពី​១០​សង់ទីម៉ែត្រ ដែល​គេ​រកឃើញ​មាន​៦០​បំណែក។ ក្នុង​ចំណោម ៦០​បំណែក​ទៀតសោត គឺ​មាន​២៤​បំណែក ដែល​ហោះ​នៅ​កំពស់​ខ្ពស់​ជាង​ស្ថានីយ៍​អវកាស​អន្តរជាតិ (៤១០​គីឡូម៉ែត្រ​ពី​ផែនដី) ដោយសារ​តែ​កម្លាំង​បាញ់បំផ្លាញ​របស់​មីស៊ីល។

“ឥណ្ឌា​បាន​ចូលរួម​ក្នុង​ក្លិប​របស់​ប្រទេស​ដែល​មាន​សមត្ថភាព បាញ់​មីស៊ីល បំផ្លាញ​ផ្កាយរណប ក្នុងទីអវកាស” នេះ​ជា​ការថ្លែង​របស់​នាយករដ្ឋមន្រ្តី​ឥណ្ឌា នៅ​មួយថ្ងៃ​ក្រោយ ការបាញ់​សាកល្បង​ដោយ​ជោគជ័យ មីស៊ីល​ប្រឆាំង​ផ្កាយរណប។ សម្រាប់​នាយករដ្ឋមន្រ្តី​ឥណ្ឌា មីស៊ីល​បំផ្លាញ​ផ្កាយរណប​របស់​ឥណ្ឌា គ្មាន​គោលដៅ​ទៅ​ប្រឆាំង​នឹង​ប្រទេស​ណាមួយនោះទេ។

ប៉ុន្តែ ទាំង​វ៉ាស៊ីនតោន ហើយនិង​អឺរ៉ុប​ដែល​មាន​ជនជាតិ​របស់ខ្លួន​បម្រើការ​នៅស្ថានីយ៍​អវកាស​អន្តរជាតិ កំពុង​បារម្ភ​ពី​បញ្ហា ដែល​អាច​បង្ក​ឡើង​ដោយ​បំណែក​សំរាម ដែល​ជា​លទ្ធផល​នៃ​ការបាញ់​មីស៊ីល​បំផ្លាញ ផ្កាយរណប។

សម្រាប់​ប្រធាន​ណាសា ទង្វើបាញ់​សាកល្បង​មីស៊ីល​ប្រឆាំង​ផ្កាយរណប​របស់​ឥណ្ឌា ជារឿង​មួយ ដែល​គេ​មិនអាច​ទទួល​យកបាន ព្រោះថា បំណែក​របស់​ផ្កាយរណប ឥណ្ឌា កំពុង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​មួយ​បន្ថែម​ទៀត សម្រាប់ អាយុជីវិត​របស់​អវកាសយានិក ដែល​ធ្វើការ​នៅ​ស្ថានីយ៍​អវកាស​អន្តរជាតិ។

សព្វថ្ងៃនេះ ណាសា​បាន​រកឃើញ​មាន​បំណែក ធំជាង ១០​សង់ម៉ែត្រ ដល់​ទៅ​ជាង ២ម៉ឺន ៣ពាន់​បំណែក​ដែលនៅក្នុង​នោះ មាន​៣ពាន់ ជា​សំរាម​ដែល​បង្ក​ដោយ​មីស៊ីល​បាញ់បំផ្លាញ​ផ្កាយរណប​របស់​ចិន កាលពី​ឆ្នាំ ២០០៧។ ដោយសារ​តែ​ការបាញ់​សាកល្បង​មីស៊ីល​ប្រឆាំង​ផ្កាយរណប​របស់​ឥណ្ឌា​លើកនេះ គ្រោះថ្នាក់ បុកជល់​ក្នុង​ទីអវកាស រវាង​បំណែកសំរាម ហើយ​នឹង​ស្ថានីយ៍​អវកាស​បាន​កើនឡើង​ដល់​៤០ភាគរយ។ នេះ​បើតាម​ប្រធាន​របស់​ណាសា។ ប៉ុន្តែ អត្រា គ្រោះថ្នាក់​នេះ​នឹង​អាច​ថយចុះ​មក​វិញ នៅពេល​ដែល​បំណែក ដែល​ស្ថិតនៅ​ក្នុង​កំពស់​ទាប ហោះធ្លាក់​ចុះ​ក្នុង​បរិយាកាស​របស់​ផែនដី។

សម្រាប់​នាយករដ្ឋមន្រ្តី​ឥណ្ឌា វា​ជា​មោទនភាព​ជាតិ ដែលឥណ្ឌា​បានចូលរួម​ជាមួយ សហរដ្ឋអាមេរិក ចិន និង​រុស្ស៊ី ដែល​មាន​សមត្ថភាព​បាញ់​មីស៊ីល​បំផ្លាញ​ផ្កាយរណប។ ប៉ុន្តែ​ជាមួយគ្នានោះ វា​ជា​សារ​បញ្ជាក់​ទៅ​ប៉ាគីស្ថាន​ដែល​ជា​គូប្រជែង​របស់​ឥណ្ឌា។ បើសិន​ឥណ្ឌា​មាន​សមត្ថភាព​បាញ់​មីស៊ីល បំផ្លាញ​ផ្កាយរណប​ដែល​ស្ថិត​ក្នុងកំពស់​ដ៏ខ្ពស់ នោះ ឥណ្ឌា​គឺ​មាន​សមត្ថភាព​ជាពិសេស នៅក្នុង​ប្រព័ន្ធ​ការពារជាតិ ដើម្បី​បាញ់​ទម្លាក់​មីស៊ីល​បាលីស្ទិក ដែល​អាច​មាន​ផ្ទុកក្បាល​គ្រាប់​នុយក្លេអ៊ែរ។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ