អានតួអត្ថបទ

កូរ៉េខាងត្បូង មាន​បណ្តាញ​​5G ថ្នាក់​ជាតិ មុន​គេ​បង្អស់​លើ​ពិភពលោក

កូរ៉េខាងត្បូង​រត់​លឿន​ជាង​គេ​ ខាង​ផ្នែក​បច្ចេកវិទ្យាទូរគមនាគមន៍ ! ចាប់​ពី​ថ្ងៃ​សុក្រ​ទី ៥​មេសានេះទៅ​ កូរ៉េខា​ងត្បូង​នឹងក្លាយ​ជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​លើ​ពិភពលោក ដែល​មាន​ប្រព័ន្ធ​អ៊ីនធ័រនែត និង​ទូរស័ព្ទ​ចល័តជំនាន់ទី​​៥​ (5G) ប្រើ​ពេញ​ផ្ទៃ​ប្រទេស​។ ទូរស័ព្ទ​Samsung Galaxy S10 ​នឹងចាប់​ដំណើរការ​​សេវា​5G ​​មុនគេ ហើយទូរស័ព្ទ​LG ​មាន​បំពាក់​ប្រព័ន្ធ​5G នឹង​ចាប់​ធ្វើ​ចរាចរណ៍នៅ​ពីរ​សប្តាហ៍​ក្រោយ។

កូរ៉េខាង​ត្បូង​មាន​បណ្តាញ​៥G ពេញ​ផ្ទៃ​ប្រទេស​មុន​គេ​បង្អស់​នៅលើ​ពិភពលោក
កូរ៉េខាង​ត្បូង​មាន​បណ្តាញ​៥G ពេញ​ផ្ទៃ​ប្រទេស​មុន​គេ​បង្អស់​នៅលើ​ពិភពលោក Getty Images
ផ្សាយពាណិជ្ជកម្ម

មាន​​ប្រព័ន្ធ​ចល័ត​ ជំនាន់​ទី​៥​ ទី​ក្រុងឆ្លាត រថយន្តស្វ័យប្រវត្តិ មធ្យោបាយ​ធ្វើ​ដំណើរ​ សន្តិសុខប្រចាំ​ថ្ងៃ​ សូម្បី​តែ​សុខភាពក៏​មានភ្ជាប់​បណ្តាញ​ ... អ្វីៗក៏​ឆ្លាត អ្វីៗ​ក៏​​មាន​ភ្ជាប់​អ៊ីនធ័រនែត​ ​មិន​ថាទីណា ឬ​ម៉ោង​ណា​ទេ។ នេះ​ជា​កម្មវត្ថុ​របស់​​​ក្រុមហ៊ុន​ទូរគមនាគមន៍ និង​​រដ្ឋាភិបាលកូរ៉េខាង​ត្បូង។ សម្រាប់សេអ៊ូល ​ប្រព័ន្ធ​អ៊ីនធ័រនែត​ជំនាន់​ទី ៥ ថា​ជា​អាទិភាព​​ចំបង​នៃ​​ផ្តល់​សន្ទុះ​ដល់​សេដ្ឋកិច្ច​ជាតិ។ បើ​តាម​អង្គការ​ Global System for Mobile communication ប្រព័ន្ធ​5G នឹង​អាច​ផ្តល់​ផលចំណេញ​ដល់​សេដ្ឋកិច្ចពិភពលោក ប្រមាណ​ ៥៦៥​ពាន់​លានដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០៣៤។

ជា​មួយ​នឹង​បច្ចេកវិទ្យាជំនាន់​​ថ្មី​នេះ ​អ៊ីនធ័រនែត​នឹង​មាន​ល្បឿនខ្លាំង​ជា​ជំនាន់​ទី​៤ 4G ដល់​ទៅ​២០​ដង ដោយ​អាច​ទាញ​យក​ភាព​យន្ត​មួយ​រឿង​បាន​ក្នុង​មិន​ដល់​មួយ​វិនាទី​ ជា​ឧទាហរណ៍ និង​​អាច​ភ្ជាប់​ទូរស័ព្ទ​ កុំ​ព្យូទ័រ​ ម៉ាស៊ីន​ប្រើ​អ៊ីនធ័រនែត ក្នុង​ពេល​ជាមួយ​ម្តង​បាន​១​លាន​គ្រឿង​ ក្នុង​រង្វង់​មួយ​គីឡូម៉ែត្រ​ការ៉េ។

​ជា​ប្រទេសមហាទំនើប ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មាន​ប្រព័ន្ធ​អ៊ីនធ័រនែត​ជំនាន់​ទី៥ ​​ប្រើ​ដំបូង​គេ​បំផុត កូរ៉េខាង​ត្បូង​បានប្រគល់​ទំនួល​ខុស​ត្រូវ​ឱ្យ​​ក្រុមហ៊ុន​ទូរគមនាគមន៍ជាតិ​ចំនួន​​បី​ គឺ KT SK Telecom និង​ LG Uplus ចែកចាយ​និង​បង្អួត​ស្នាដៃ​ផ្នែក​បច្ចេកវិទ្យា​អ៊ីនធ័រនែត​៥G។ ក្រុមហ៊ុន បាន​បញ្ជាក់​ជា​ស្រេច​ថា​នឹង​មិន​ប្រើ​បច្ចេកវិទ្យា​របស់​Huawei​ទេ។ ប៉ុន្តែក្រុមហ៊ុន​ចិន​នេះ​ជា​អ្នក​ផ្គត់ផ្គង់​បណ្តាញ​LG Uplus​។​ នេះ​បើ​តាមការ​គូស​បញ្ជាក់​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​កូរ៉េខាង​ត្បូង។

សូម​បញ្ជាក់​ថា​គឺ​បច្ចេកវិទ្យា​5G នេះ​ហើយ​ដែល​ជា​សមរភូមិ​សង្គ្រាមរវាង​ចិន​និង​អាមេរិក។ វ៉ាស៊ីនតោន​បាន​ជំរុញ​ឱ្យ​​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ទាំង​អស់​ កុំ​ប្រើ​បច្ចេកវិទ្យា​5G​របស់​Huawei ដោយ​ចោទ​ថា​ក្រុមហ៊ុន​ចិន​នេះ​ជាភ្នាក់ងារ​ចារកិច្ច​​របស់​រដ្ឋាភិបាល​ប៉េកាំង​ នៅ​ក្នុង​បស្ចឹម​លោក។

Huawei និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​ តំណាង​ឱ្យ​មួយ​ភាគ​បី​នៃ​ទីផ្សារ​5G របស់​ពិភពលោក។ កូរ៉េខាង​ត្បូង ស្ថិត​ក្នុង​លំដាប់​ទីពីរ​។ ចំណែក​អាមេរិក​វិញ ស្ថិត​នៅ​លំដាប់​ក្រោយ​ឆ្ងាយ​ណាស់ ក្រោយ​ទាំង​ក្រុមហ៊ុន​Nokia របស់​ក្រុមហ៊ុន​ហ្វាំងឡង់​ទៅ​ទៀត។

គ្មាន​ប្រទេស​ណា​មួយ​នៅ​លើ​ពិភពលោក​ផ្តល់​បណ្តាញ​៥G ថ្នាក់​ជាតិ​ទេ គិត​មក​ទល់​នឹង​ពេល​នេះ។ អាមេរិក​មាន​ប្រើ​ខ្លះ​ជា​ការ​ដក​ពិសោធន៍។ កាតា​មាន​ប្រព័ន្ធ​អ៊ីនធ័រនែត​៥G​នៅ​ក្រុង​ដូហា​ដែរ តែ​ពុំ​ទាន់​អាច​ប្រើ​លើ​ទូរស័ព្ទ​ចល័ត​បាន​ទេ។ ជប៉ុនគ្រោង​​នឹង​មាន​ប្រព័ន្ធ​អ៊ីនធ័រនែត​ជំនាន់​ទី​៥ ដែរ​នៅ​ឆ្នាំ​នេះ និង​ក្នុង​កំរិត​ថ្នាក់​ជាតិ​ ចាប់​ពី​ឆ្នាំ​២០២០​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ