ម៉ាឡេស៊ី ៖ តុលាការផ្តើមសវនាការកាត់ទោសអតីតនាយករដ្ឋមន្ត្រី រ៉ាហ្សាក់ ពីបទពុករលួយ
ចុះផ្សាយនៅថ្ងៃ៖
សវនាការកាត់ទោសអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានចាប់បើកនៅថ្ងៃពុធទី ៣ មេសានេះ។ អតីតនាយករដ្ឋមន្ត្រីត្រូវរងការចោទប្រកាន់ចំនួន ៤៧ករណី ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ ដែលគេឱ្យឈ្មោះថា សំណុំរឿង 1MDB។ 1MDB ជាក្រុមហ៊ុនសាធារណៈ “ធនាគារអភិវឌ្ឍន៍ម៉ាឡេស៊ីទីមួយ” ដែលត្រូវបានលោក ណាជីប រ៉ាហ្សាក់ បង្កើតឡើងនៅឆ្នាំ២០០៩ ពេលលោកឡើងកាន់អំណាចភ្លាម ប៉ុន្តែមនុស្សជំនិតព្រមរូបលោកផ្ទាល់ទំនងជាងបង្វិលមូលនិធិមកជាប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកនយោបាយម៉ាឡេស៊ី តារាហូលីវ៉ូតជាច្រើនរូប និងប្រទេសផ្សេងទៀតយ៉ាងហោច ៦ ក៏មានជាប់ពាក់ព័ន្ធនឹងសំណុំរឿង1MDBនេះដែរ។
ពុំដែលមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបណា ធ្លាប់រងការចោទប្រកាន់ពុករលួយ ក្នុងពេលកាន់អំណាច ដូចករណីលោក ណាជីប រ៉ាហ្សាក់នេះទេ ! ចាប់ពីថ្ងៃនេះទៅ តុលាការម៉ាឡេស៊ី ត្រូវបើកសវនការ វែករកអំពីតួនាទីរបស់អតីតនាយករដ្ឋមន្ត្រីណាជីប រ៉ាហ្សាក់ ក្នុងសំណុំរឿងអាស្រូវនៃការបង្កើតក្រុមហ៊ុនរដ្ឋ 1MDB និងការប៉ុនប៉ងចង់បិទខ្ទប់សំណុំរឿងអាស្រូវនេះ។ នេះបើតាមការអះអាងរបស់រដ្ឋអាជ្ញា ម៉ាឡេស៊ី។ សកម្មភាពក្រោយឆាកនយោបាយ របស់អតីតនាយករដ្ឋមន្ត្រីនិងគ្រួសារ នឹងត្រូវព្រលាត់ ត្រដាងជូនសាធារណជន ជាពិសេសគឺរបៀបបង្វិលចំណាយរាប់លានដុល្លាររបស់អ្នកទាំងពីរ។
សវនាការដ៏សំខាន់
នៅឆ្នាំ២០០៩ ពេលលោក ណាជីប រ៉ាហ្សាក់បានឡើងកាន់តំណែងជាប្រមុខរដ្ឋាភិបាល លោកបានបង្កើតធនាគាររដ្ឋមន្ត្រី ដើម្បីយកមូលនិធិ ទៅអភិវឌ្ឍន៍និងធ្វើទំនើបកម្មប្រទេស ប៉ុន្តែមួយភាគបួននៃមូលនិធិនោះ (៧៥០លានទៅជាង១ពាន់លានអាមេរិក) បែរជាធ្លាក់ចូលក្នុងគណនីបុគ្គលរបស់លោក ណាជីប រ៉ាហ្សាក់ និងភរិយា សម្រាប់ទិញសម្ភារៈផ្ទាល់ខ្លួន ជាវត្ថុសិល្បៈគំនូរដ៏ល្បីល្បាញ ជានាវាដ៏ប្រណិត គេហដ្ឋាននៅសង្កាត់ ម៉ាណាតាន់ សហរដ្ឋអាមេរិក និងក្នុងប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោក។
មុននឹងឈានដល់ការបើកសវនាការនេះ ការអង្កេតធ្វើឡើងដោយរដ្ឋាភិបាលថ្មី ទើបជាប់ឆ្នោតកាលពីខែឧសភា ២០១៨ បានធ្វើឱ្យប្រជាពលរដ្ឋម៉ាឡេស៊ីភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញអាជ្ញាធររឹបអូបវត្ថុតាងជារបស់លោកណាជីបនិងគ្រួសារ ៖ ទ្រព្យសម្បត្តិជាង២៤០លានអឺរ៉ូ ១៤០០ខ្សែក ៤២៣នាឡិកា ២២០០ជញ្ជៀន ១៦០០កន្លាស់ មកុដចំនួន១៦។ គឺជាការចាប់បានដ៏ធំ ដែលពុំធ្លាប់មានក្នុងប្រវត្តិម៉ាឡេស៊ីទេ។
1MDB ជាប់ប្រទាក់ក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក
សវនការនេះ មានតម្លៃសំខាន់ណាស់សម្រាប់ម៉ាឡេស៊ី ព្រោះសវនាការនេះមិនមែនធ្វើឡើងដើម្បីបញ្ហាតម្លាភាពមួយមុខទេ តែដើម្បីជួសបូសទម្លាយរឿងអាស្រូវអន្តរជាតិ ដែលបានធ្វើឱ្យម៉ាឡេស៊ីអាម៉ាសមុខ។ នេះបើតាមការវិភាគរបស់អ្នកស្រី Bridget Welshសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅ សាកលវិទ្យាល័យ John Cabot និងជាអ្នកជំនាញនយោបាយម៉ាឡេស៊ី។
សំណុំរឿង1MDB មានទម្រង់ដូចសម្លកំពិស តោងជាប់ជំពាក់កំរិតពិភពលោកទាំងមូល។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក ពីឆ្នាំ២០១៥-២០១៧ បានចាត់ទុកសំណុំរឿង1MDBនេះ ថាជា "សំណុំរឿងអាស្រូវនៃប្រព័ន្ធនយោបាយដ៏ធំបំផុតមួយនៅលើលោក”។ សំណុំរឿងអាស្រូវនេះ កំពុងស្ថិតក្រោមការអង្កេត នៅក្នុងប្រទេសចំនួន១២ នាពេលបច្ចុប្បន្ននេះ។
ក្នុងរយៈពេល៥ឆ្នាំមកក្រោយចាប់កំណើត ទឹកប្រាក់ប្រមាណយ៉ាងហោច ៤ពាន់លានអឺរ៉ូ ត្រូវបានលួចបង្វិលចេញពីប្រទេស និងលាងសម្អាត តាមបណ្តាញនិង ដោយធនាគារអភិវឌ្ឍន៍ម៉ាឡេស៊ី ឬ1MDB។ នេះបើតាមការអង្កេតអន្តរជាតិ។ ទីប្រឹក្សាពិសេសនិងក្រៅផ្លូវការរបស់ធនាគារ1MDB ដែលត្រូវជាមិត្តជំនិតរបស់កូនលោកណាជីប រ៉ាហ្សាក់ ដែលជាអ្នកចាត់ចែងលួចនិងចាយប្រាក់មូលនិធិនេះច្រើនជាងគេ បានគេចខ្លួនបាត់ តាំងពីលោកណាជីប រ៉ាហ្សាក់ធ្លាក់ឆ្នោតមក មិនដឹងនៅទីណាទេ។ មូលនិធិសម្រាប់អភិវឌ្ឍន៍ម៉ាឡេស៊ី បានក្លាយជាចំណាយទិញគ្រឿងអលង្ការ ទិញព្យាណូធ្វើពីកែវ ឱ្យតារាបង្ហាញម៉ូដជាតិអូស្ត្រាលី Miranda Kerr ទិញផ្ទាំងគំនូរPicasso ឱ្យតារាភាពយន្តហូលីវ៉ូត Leonardo DiCaprio ព្រមទាំងបានផ្តល់ហិរញ្ញវត្ថុសម្រាប់ផលិតភាពយន្តហូលីវ៉ូតដល់ពីររឿង ក្នុងនោះ មួយរឿងមានចំណងជើងថា Le Loup de Wall Street។ តារាអាមេរិកជាច្រើនរូបទៀត ដូចជា Paris Hilton Lindsay Lohan... ព្រមទាំងធនាគារវិនិយោគGoldman Sachs ដ៏ល្បីល្បាញក៏មានពាក់ព័ន្ធនឹងសំណុំរឿង1MDBនេះដែរ។
លោក ណាជីប រ៉ាហ្សាក់ ថាលោកស្អាតស្អំ
លោក ណាជីប រ៉ាហ្សាក់ បានបដិសេធដាច់ខាតរាល់គ្រប់បទចោទប្រកាន់ និងធ្លាប់បានអះអាងប្រាប់អ្នកកាសែត នៅពេលប៉ូលិសទៅចាប់ខ្លួនលោក កាលពីខែកញ្ញាឆ្នាំ២០១៨ថា “លោកមិនមែនជាចោរទេ ឥលូវលោកបានឱកាសសម្រាប់បង្ហាញពីភាពស្អាតស្អំរបស់លោក ក្នុងសំណុំរឿងនេះ ឱ្យបានជ្រះស្រលះ”។
សូមរំលឹកថា សំណុំរឿងអាស្រូវនេះ 1MDB ត្រូវបានទម្លាយតាំងពីឆ្នាំ ២០១៥មក ដោយអ្នកកាសែតជាតិអង់គ្លេស។ ពេលនោះ លោកណាជីប រ៉ាហ្សាក់ជានាយករដ្ឋមន្ត្រីនៅឡើយ បានចេញដីការតាមចាប់ខ្លួនអ្នកកាសែតរូបនោះ និងបានដកតំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងអ្នកទទួលខុសត្រូវភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយអស់ជាច្រើននាក់ និងបានចេញក្រិត្យដាក់សំណុំរឿង1MDB ជាការសម្ងាត់រដ្ឋទៀតផង។ លទ្ធផលនៃការអង្កេតដឹកនាំដោយរដ្ឋាភិបាលរបស់លោកពេលនោះ បានបង្ហាញថាលោកនាយករដ្ឋមន្ត្រីស្អាតស្អំក្នុងសំណុំរឿង1MDB។
ប៉ុន្តែនៅពេលម៉ាឡេស៊ីមានរដ្ឋាភិបាលថ្មី សំណុំរឿងអាស្រូវក៏ផុសឡើងវិញ។ ជាសរុបលោក ណាជីប រ៉ាហ្សាក់ ត្រូវបកស្រាយនឹងបទចោទប្រកាន់ចំនួន ៤៧ ពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើពុករលួយ មានអាទិ៍ ការលាងលុយ រំលោភអំណាចនិងទំនុកចិត្ត ឬក៏ការទទួលសំណូក ...។ ចំណែកភរិយារបស់លោកវិញ ក៏រងការចោទប្រកាន់ចំនួន ១៦ករណី។ ហេតុដូច្នេះហើយបានជាលោក ណាជីប រ៉ាហ្សាក់ ពោលថា លោកជាជនរងគ្រោះនយោបាយ ពីការសងសឹករបស់រដ្ឋាភិបាលថ្មី។
យ៉ាងណាក៏ដោយ ក៏សវនាការដែលចាប់បើកនៅថ្ងៃនេះ គ្រាន់តែជាដំណាក់កាលដំបូងនៃដំណើរការសវនាការដ៏វែងអន្លាយប៉ុណ្ណោះ។ តុលាការត្រូវផ្តោត ជាបឋម លើបីករណី ៖ ទីមួយ ការរំលោភទំនុកចិត្តនិងអំណាច ដោយបណ្តោយឱ្យធនាគារ1MDB បង្វិលលុយជាង៩លានអឺរ៉ូចូលគណនីផ្ទាល់ខ្លួនរបស់លោក។ ពីរទៀត ពាក់ព័ន្ធនឹងថវិកា ជាង៦០០លានអឺរ៉ូ ដែលលោកណាជីបថាជាកាដូរបស់រាជបុត្រអារ៉ាប៊ីសាអូឌីត ព្រមទាំងថវិកាបានមកពីការរំលោភអំណាចជាច្រើនករណីផ្សេងទៀត។ ក្រៅពីសំណុំរឿង1MDB លោកអតីតនាយករដ្ឋមន្ត្រីក៏ជាប់ចោទពីបទង្វិលថវិកាដែលជារបស់គណបក្សទៀត។
ប៉ុន្តែប្រសិនបើតុលាការវែករកឃើញកំហុសមែន នោះលោកអតីតនាយករដ្ឋមន្ត្រីទំនងជាត្រូវជាប់ទោសជាប់ពន្ធនាគារ រហូតគ្មានថ្ងៃចេញរួចទេ បើពេលនេះលោកមានអាយុ៦៥ឆ្នាំទៅហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ