ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT

ម៉ាឡេស៊ី ៖ តុលាការ​ផ្តើម​សវនាការ​កាត់ទោស​អតីត​នាយក​រដ្ឋមន្ត្រី រ៉ាហ្សាក់ ពី​បទ​ពុករលួយ

ម៉ាឡេស៊ី ៖ តុលាការ​ផ្តើម​សវនាការ​កាត់ទោស​អតីត​នាយក​រដ្ឋមន្ត្រី រ៉ាហ្សាក់ ពី​បទ​ពុករលួយ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak រងការ​ចោទ​ប្រកាន់​ពី​តុលាការ ​ពី​បទ​ពុក​រលួយ​ MOHD RASFAN / AFP

    សវនាការ​កាត់​ទោស​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បាន​ចាប់​បើក​នៅថ្ងៃពុធ​ទី ៣ មេសា​នេះ។ អតីត​នាយករដ្ឋមន្ត្រី​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ចំនួន ៤៧​ករណី ពាក់ព័ន្ធនឹង​​រឿង​អាស្រូវ​ពុករលួយ ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ សំណុំ​រឿង 1MDB។ ​​​1MDB ជាក្រុមហ៊ុន​សាធារណៈ​ “ធនាគារអភិវឌ្ឍន៍​ម៉ាឡេស៊ីទីមួយ” ដែល​ត្រូវ​បាន​លោក ណាជីប រ៉ាហ្សាក់ បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៩ ពេល​លោក​ឡើង​កាន់អំណាច​ភ្លាម ប៉ុន្តែ​មនុស្សជំនិត​ព្រម​រូប​លោក​ផ្ទាល់​ទំនង​ជាង​បង្វិល​មូលនិធិ​មក​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។ អ្នក​នយោបាយ​ម៉ាឡេស៊ី តារា​ហូលីវ៉ូត​ជា​ច្រើនរូប និងប្រទេស​ផ្សេង​ទៀត​យ៉ាង​ហោច ៦ ក៏​​មានជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​1MDB​នេះ​ដែរ។

    ពុំ​ដែល​មាន​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូប​ណា ធ្លាប់​រង​ការ​ចោទ​ប្រកាន់​​ពុករលួយ ក្នុង​ពេល​កាន់​អំណាច​ ដូច​ករណី​លោក ណាជីប រ៉ាហ្សាក់នេះ​ទេ ! ​ចាប់​ពីថ្ងៃ​នេះទៅ​ តុលាការ​ម៉ាឡេស៊ី ត្រូវ​បើក​សវនការ ​វែក​រក​​អំពី​តួនាទី​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ណាជីប រ៉ាហ្សាក់ ក្នុង​សំណុំ​រឿង​អាស្រូវនៃ​ការ​បង្កើត​ក្រុមហ៊ុន​រដ្ឋ​ 1MDB និងការ​ប៉ុនប៉ង​ចង់​បិទ​ខ្ទប់​សំណុំ​រឿង​អាស្រូវ​នេះ។ នេះ​បើ​តាម​ការ​អះអាងរ​បស់​រដ្ឋ​អាជ្ញា ​ម៉ាឡេស៊ី។ ​សកម្មភាពក្រោយ​ឆាក​​នយោបាយ របស់​អតីត​នាយករដ្ឋមន្ត្រី​និង​គ្រួសារ​ នឹង​ត្រូវ​ព្រលាត់​ ត្រដាង​ជូន​​សាធារណជន ជា​ពិសេស​គឺ​របៀប​បង្វិល​ចំណាយ​រាប់​លាន​ដុល្លារ​របស់​អ្នក​ទាំង​ពីរ។

    សវនាការ​ដ៏​សំខាន់​

    នៅ​ឆ្នាំ​២០០៩ ពេល​លោក ណាជីប រ៉ាហ្សាក់​បាន​ឡើង​កាន់​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល លោក​បាន​បង្កើត​ធនាគារ​រដ្ឋមន្ត្រី ដើម្បី​យក​មូលនិធិ​ ទៅ​អភិវឌ្ឍន៍​និង​ធ្វើ​ទំនើប​ក​ម្ម​ប្រទេស​ ប៉ុន្តែ​មួយភាគបួន​នៃ​មូលនិធិ​នោះ (៧៥០​លាន​ទៅជាង​១ពាន់​លានអាមេរិក​) ​បែរ​ជា​ធ្លាក់​ចូល​ក្នុង​គណនី​បុគ្គល​រ​បស់​លោក ណាជីប រ៉ាហ្សាក់ និង​ភរិយា សម្រាប់​​ទិញ​សម្ភារៈ​ផ្ទាល់​ខ្លួន​ ជា​វត្ថុ​សិល្បៈ​គំនូរ​ដ៏​ល្បីល្បាញ​ ជា​នាវា​ដ៏​ប្រណិត គេហដ្ឋាន​​នៅសង្កាត់​ ម៉ាណាតាន់ សហរដ្ឋ​អាមេរិក និង​ក្នុង​ប្រទេស​ជា​ច្រើនផ្សេង​ទៀតនៅ​លើ​ពិភពលោក។

    មុននឹង​ឈាន​ដល់​ការ​បើក​សវនាការ​នេះ ការ​អង្កេត​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ថ្មី ទើប​ជាប់​ឆ្នោត​កាលពី​ខែ​ឧសភា ២០១៨ បានធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ឃើញ​អាជ្ញាធរ​រឹបអូប​វត្ថុតាង​ជា​របស់​លោក​ណាជីប​និង​គ្រួសារ ៖ ទ្រព្យសម្បត្តិ​ជាង​២៤០​លាន​អឺរ៉ូ ១៤០០ខ្សែក ៤២៣​នាឡិកា ២២០០ជញ្ជៀន ១៦០០​កន្លាស់ មកុដ​ចំនួន​១៦។​ គឺ​ជា​ការ​ចាប់​បាន​ដ៏​ធំ ដែល​ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​ម៉ាឡេស៊ីទេ។

    1MDB ជាប់​ប្រទាក់​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​​ពិភពលោក

    សវនការ​នេះ មានតម្លៃ​សំខាន់​ណាស់​សម្រាប់​ម៉ាឡេស៊ី ព្រោះ​សវនាការ​នេះ​មិនមែន​ធ្វើ​ឡើង​ដើម្បី​បញ្ហា​តម្លាភាព​មួយ​មុខ​ទេ តែ​ដើម្បី​ជួសបូស​ទម្លាយ​រឿងអាស្រូវ​អន្តរជាតិ ដែល​បាន​ធ្វើ​ឱ្យ​ម៉ាឡេស៊ី​អាម៉ាស​មុខ។ នេះ​បើ​តាម​ការ​វិភាគ​របស់​អ្នកស្រី ​ Bridget Welsh​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយនៅ សាកលវិទ្យាល័យ​ John Cabot និង​ជា​អ្នក​ជំនាញ​នយោបាយ​ម៉ាឡេស៊ី។

    សំណុំ​រឿង​1MDB មាន​ទម្រង់​​ដូច​​សម្ល​កំពិស តោង​ជាប់​ជំពាក់កំរិត​ពិភពលោក​ទាំង​មូល។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក ពី​ឆ្នាំ​២០១៥-២០១៧ បាន​ចាត់​ទុក​សំណុំ​រឿង​1MDB​នេះ ថាជា​ "​សំណុំ​រឿង​អាស្រូវ​នៃ​ប្រព័ន្ធ​នយោបាយ​ដ៏​ធំ​បំផុត​មួយ​នៅលើ​លោក”។ សំណុំ​រឿង​អាស្រូវ​​នេះ កំពុង​ស្ថិត​ក្រោម​ការ​អង្កេត នៅ​ក្នុង​ប្រទេស​ចំនួន​១២​ នាពេល​បច្ចុប្បន្ន​នេះ។

    ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​មកក្រោយ​ចាប់​កំណើត​ ទឹក​ប្រាក់ប្រមាណយ៉ាង​ហោច ​​៤​ពាន់​លានអឺរ៉ូ ត្រូវ​បាន​លួច​បង្វិល​​ចេញ​ពី​ប្រទេស​ និង​លាង​សម្អាត​ តាម​បណ្តាញនិង​​ ដោយ​ធនាគារ​អភិវឌ្ឍន៍​ម៉ាឡេស៊ី ឬ​1MDB។ នេះ​បើ​តាម​ការ​អង្កេត​អន្តរជាតិ។ ទីប្រឹក្សា​ពិសេស​និង​ក្រៅ​ផ្លូវ​ការ​របស់​ធនាគារ1MDB ដែល​ត្រូវ​ជាមិត្ត​ជំនិត​របស់​កូន​លោកណាជីប រ៉ាហ្សាក់ ដែល​ជាអ្នកចាត់​ចែង​​លួច​និ​ង​ចាយ​ប្រាក់​មូលនិធិ​នេះ​ច្រើន​ជាង​គេ បាន​គេច​ខ្លួន​បាត់ តាំង​ពី​លោកណាជីប រ៉ាហ្សាក់​ធ្លាក់​ឆ្នោត​មក​ មិន​ដឹង​នៅ​ទីណា​ទេ។ មូលនិធិ​សម្រាប់​អភិវឌ្ឍន៍​ម៉ាឡេស៊ី បាន​ក្លាយ​ជា​ចំណាយ​ទិញ​គ្រឿង​អលង្ការ ទិញ​ព្យាណូ​ធ្វើ​ពី​កែវ ឱ្យ​តារាបង្ហាញម៉ូដ​ជាតិ​អូស្ត្រាលី Miranda Kerr ទិញ​ផ្ទាំង​គំនូរ​Picasso ឱ្យ​តារា​ភាពយន្ត​ហូលីវ៉ូត Leonardo DiCaprio ព្រម​ទាំង​បាន​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ផលិត​ភាពយន្ត​ហូលីវ៉ូត​ដល់​ពីរ​រឿង ក្នុងនោះ ​មួយ​រឿង​មាន​ចំណង​ជើង​ថា ​Le Loup de Wall Street។ តារា​​អាមេរិក​ជា​ច្រើនរូប​ទៀត ដូច​ជា Paris Hilton Lindsay Lohan​... ព្រមទាំង​ធនាគារវិនិយោគ​​Goldman Sachs ដ៏​ល្បីល្បាញ​ក៏​មាន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​1MDB​នេះ​ដែរ។

    លោក ណាជីប រ៉ាហ្សាក់​ ​ថា​លោក​ស្អាត​ស្អំ

    លោក ណាជីប រ៉ាហ្សាក់​ បាន​បដិសេធដាច់​ខាត​រាល់គ្រប់​បទ​​ចោទប្រកាន់ និង​ធ្លាប់​បានអះអាង​ប្រាប់​អ្នក​កាសែត នៅ​ពេល​ប៉ូលិស​ទៅ​ចាប់​ខ្លួន​លោក កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៨​ថា “លោក​មិនមែន​ជា​ចោរ​ទេ ឥលូវ​លោកបាន​​ឱកាស​សម្រាប់​​បង្ហាញ​ពីភាព​ស្អាតស្អំ​របស់​លោក ក្នុង​សំណុំ​រឿង​នេះ ឱ្យ​បាន​​ជ្រះ​ស្រលះ”។

    ​សូម​រំលឹក​​ថា សំណុំ​រឿង​អាស្រូវ​នេះ 1MDB ត្រូវ​បាន​ទម្លាយ​តាំង​ពី​ឆ្នាំ ២០១៥​មក ដោយ​អ្នក​កាសែត​ជាតិ​អង់គ្លេស។ ពេលនោះ លោក​ណាជីប រ៉ាហ្សាក់​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ឡើយ បាន​ចេញ​ដីការ​តាម​ចាប់​ខ្លួន​អ្នក​កាសែត​រូប​នោះ និង​បាន​ដក​តំណែង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ព្រម​ទាំង​អ្នក​ទទួល​ខុស​ត្រូវ​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​អស់​ជា​ច្រើន​នាក់ និង​បាន​​ចេញ​ក្រិត្យ​ដាក់​សំណុំ​រឿង1MDB ជា​ការ​សម្ងាត់​រដ្ឋ​ទៀត​ផង។ លទ្ធផល​នៃ​ការ​អង្កេត​ដឹកនាំ​ដោយរដ្ឋាភិបាល​របស់​​លោក​ពេលនោះ​ បាន​បង្ហាញ​ថា​លោក​នាយក​រដ្ឋមន្ត្រី​ស្អាត​ស្អំ​ក្នុងសំណុំ​​រឿង​1MDB។

    ប៉ុន្តែ​នៅ​ពេល​ម៉ាឡេស៊ី​មាន​រដ្ឋាភិបាល​ថ្មី សំណុំ​រឿង​អាស្រូវ​ក៏​ផុស​ឡើង​វិញ។ ជា​សរុប​លោក​ ណាជីប រ៉ាហ្សាក់ ត្រូវ​បក​ស្រាយ​នឹង​បទ​ចោទប្រកាន់​ចំនួន ៤៧ ពាក់​ព័ន្ធនឹង​ ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ មាន​អាទិ៍ ការ​លាង​លុយ រំលោភ​​អំណាចនិង​ទំនុក​ចិត្ត ឬ​ក៏​ការ​ទទួល​សំណូក​ ...។ ចំណែក​ភរិយា​របស់​លោក​វិញ ក៏​រង​ការ​ចោទ​ប្រកាន់​ចំនួន ១៦​ករណី។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក ណាជីប រ៉ាហ្សាក់ ពោល​​​ថា លោក​ជា​ជន​រងគ្រោះ​នយោបាយ ពីការ​​សង​សឹក​របស់​រដ្ឋាភិបាល​ថ្មី​។

    យ៉ាងណា​ក៏​ដោយ ​ក៏​សវនាការ​ដែល​ចាប់​បើក​នៅ​ថ្ងៃ​នេះ គ្រាន់​តែ​ជាដំណាក់កាល​ដំបូង​នៃ​ដំណើរការ​សវនាការ​ដ៏​វែង​អន្លាយ​ប៉ុណ្ណោះ។ តុលាការត្រូវ​​ផ្តោត ជា​បឋម លើ​បី​ករណី ៖ ទីមួយ ការ​រំលោភ​ទំនុក​ចិត្ត​និង​អំណាច​ ដោយ​បណ្តោយ​ឱ្យ​ធនាគារ​1MDB បង្វិល​លុយ​ជាង​៩​លាន​អឺរ៉ូ​ចូល​គណនី​ផ្ទាល់​ខ្លួន​របស់​លោក។ ពីរទៀត ពាក់​ព័ន្ធ​នឹង​ថវិកា ជាង​៦០០​លាន​អឺរ៉ូ ដែលលោកណាជីប​ថា​ជា​កាដូ​របស់​រាជបុត្រ​អារ៉ាប៊ីសាអូឌីត ព្រមទាំង​ថវិកាបាន​មក​ពី​ការ​រំលោភ​អំណាច​ជា​ច្រើន​ករណី​ផ្សេង​ទៀត។ ក្រៅ​ពី​សំណុំ​រឿង​1MDB លោក​អតីត​នាយក​រដ្ឋមន្ត្រី​ក៏​ជាប់​ចោទ​ពី​បទ​ង្វិល​ថវិកា​ដែល​ជា​របស់​គណបក្ស​ទៀត។

    ប៉ុន្តែ​ប្រសិនបើ​តុលាការ​វែក​រក​ឃើញ​កំហុស​មែន នោះ​លោក​អតីត​នាយករដ្ឋមន្ត្រី​ទំនង​ជា​ត្រូវ​ជាប់​ទោសជាប់​​ពន្ធនាគារ​ រហូតគ្មាន​ថ្ងៃ​ចេញ​រួច​ទេ បើ​ពេល​នេះ​លោក​មាន​អាយុ​៦៥​ឆ្នាំ​ទៅហើយ៕​


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • សវនាការ​កាត់ក្តី​ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោកណាជីប​ ត្រូវពន្យាពេល​

      ស្វែងយល់បន្ថែម

    • ម៉ាឡេស៊ី

      អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​លោក​ណាជីប រ៉ាហ្សាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​រឿងអាស្រូវ​ពុករលួយ

      ស្វែងយល់បន្ថែម

    • ទី​​ភ្នាក់​​ងារ​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​ម៉ា​ឡេ​ស៊ី​​កោះ​​ហៅ​​ អតីត​​នាយក​​រដ្ឋ​​មន្រ្តី​​ ណាជីប​​ រ៉ាហ្សាក់

      ស្វែងយល់បន្ថែម

    • ប៉ូលិស​ម៉ាឡេស៊ី​ចូល​ឆែកឆេរ​ផ្ទះ​លោក​អតីត​នាយករដ្ឋមន្រ្តី ណាជីប រ៉ាហ្សាក់

      ស្វែងយល់បន្ថែម

    • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

      ម៉ាឡេស៊ី៖ ទោះ​មិនសូវ​មាន​ប្រជាប្រិយ ​តែ​បក្ស​លោក​ណាជីប រ៉ាហ្សាក់ ​អាច​នឹង​ឈ្នះឆ្នោត​ជាថ្មី​

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ